Wednesday, January 18, 2023

ក្រសួងការងារ ជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដោយបញ្ជាក់ថា​ ក្រសួងបន្តសម្របសម្រួលវិវាទការងាររួម នៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទី ដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាង ភាគីកម្មករនិយោជិតដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាន បញ្ជាក់ទៀតថា នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយ ជាលើកទី២៣ ដោយមានលោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ជាអ្នកសម្របសម្រួល និងជាប្រធានអង្គប្រជុំ, តំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី រី សុវណ្ណឌី, លោកស្រី ហៃ សុភាព និងលោកស្រី សុន ស្រីពេជ្រ និងតំណាងភាគីនិយោជក រួមមានលោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង។

ឆ្លងតាមរយៈកិច្ចពិភាក្សាយ៉ាងផុសផុល ភាគីទាំងពីរនៅតែមិនទាន់រកឃើញដំណោះស្រាយ ដែលភាគីទាំងពីរអាចទទួលយកបាន ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកចូលធ្វើការវិញ រីឯភាគីតំណាងនិយោជកមិនអាចទទួលឱ្យចូលធ្វើការវិញបានឡើយ។ ដូច្នេះ ភាគីទាំងពីរឯកភាពកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤៖៣០នាទី ដើម្បីមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមក ដែលអាចឈានទៅបញ្ចប់វិវាទនេះ។

ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ យោងតាមនីតិវិធី ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

No comments:

Post a Comment