Thursday, January 19, 2023

វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយការលាលែងពីតំណែង របស់ប្រធានាធិបតីវៀតណាម?


(ហាណូយ)៖ នៅថ្ងៃអង្គារ ទី១៧ ខែមករានេះ គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្តវៀតណាម បានសម្រេចយល់ព្រមឱ្យលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) លាលែងពីតំណែងជាប្រធានាធិបតីនៃប្រទេសវៀតណាម ព្រមទាំងពីតំណែងជាសមាជិកនៅក្នុង​ការិយាល័យនយោបាយ ក៏ដូចជានៅក្នុងគណៈកម្មាធិការមជ្ឈិម ដោយស្របទៅតាម ការស្នើរបស់លោកផ្ទាល់។

ក្រោយការកោះប្រជុំវិសាមញ្ញមួយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានចេញសេចក្តីថ្លែងការណ៍ថា ក្នុងនាមជាមេដឹកនាំ លោក ហ៊្វុក បានបណ្តោយឱ្យមន្រ្តីរដ្ឋាភិបាល មួយចំនួន ក្នុងនោះរួមមានទាំងឧបនាយករដ្ឋមន្រ្តី២រូប ហើយនិងរដ្ឋមន្រ្តី២រូប ប្រព្រឹត្តទង្វើខុសឆ្គងផ្សេងៗ ដែលបានបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍ខាងលើបានបន្តថា ឧបនាយករដ្ឋមន្រ្តីវៀតណាមទាំង២រូប ត្រូវបានដកហូតតំណែង ខណៈរដ្ឋមន្រ្តី២រូប និងមន្រ្តីមួយចំនួនផ្សេងទៀត កំពុងប្រឈមការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ។ ដូច្នេះហើយ ដោយដឹងច្បាស់អំពីការទទួលខុសត្រូវរបស់ខ្លួន លោក ហ៊្វុក បានសម្រេចចិត្តដាក់ពាក្យលាលែងពីតួនាទីទាំងអស់ ហើយចូលនិវត្តន៍ពីនយោបាយតែម្តង។ មូលហេតុពិតប្រាកដនៃការលាលែង ពីតំណែងមិនត្រូវបានបញ្ជាក់ឱ្យច្បាស់ឡើយ។

បើពិនិត្យមើលឱ្យស៊ីជម្រៅលើសេចក្ដីថ្លែងការណ៍ដដែល លោក ង្វៀន សួនហ៊្វុក ហាក់ដូចជាត្រូវបានបង្ខំឱ្យលាលែងចេញពីតំណែង ហើយបើនិយាយមិនពិរោះស្ដាប់ជាងនេះទៅទៀត គឺលោក ត្រូវបានគេបណ្ដេញចេញពីតំណែងតែម្ដង។ នៅក្នុងប្រទេសវៀតណាម មិនមានមេដឹកនាំដែលមានអំណាចធំជាងគេផ្ដាច់មុខនោះទេ ផ្អែកលើការអនុវត្តប្រព័ន្ធនយោបាយសរសរស្ដុម្ភទាំង៤ នោះគឺអគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានសភា។ តែទោះជាបែបនេះក្ដី តំណែងជាអគ្គលេខាធិការបក្ស ជាពិសេសនៅក្រោមអាណត្តិទី៣របស់លោក ង្វៀន ហ្វូទ្រុង (Nguyen Phu Trong) ត្រូវបានគេមើលឃើញថាមានអំណាចខ្លាំងជាងគេ។ លោក ង្វៀន សួនហ៊្វុក ដែលមានវ័យ៦៩ឆ្នាំ គឺជាសមាជិកនៅក្នុងគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្ត នៅក្នុងការិយាល័យនយោបាយ និងនៅក្នុងរដ្ឋសភាជាច្រើនអាណត្តិមកហើយ។ ចាប់តាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៦ លោក គឺជាប្រធានគណៈកម្មាធិការប្រជាជនប្រចាំខេត្តក្វាងណាំ (Quang Nam)។ លោក ហ៊្វុក ត្រូវបានតែងតាំងជាប្រធាន​ការិយាល័យរដ្ឋាភិបាល នៅឆ្នាំ២០០៦ និងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ២០១១ មុនក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ២០១៦ ព្រមទាំងត្រូវបាន បោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីវៀតណាម កាលពីខែមេសា ឆ្នាំ២០២១។

ជុំវិញការចាកចេញរបស់លោក ហ្វ៊ុក ក្រុមអ្នកវិភាគមើលឃើញថាមានមូលហេតុសំខាន់ ២ម្យ៉ាង នោះគឺម្យ៉ាង ការបង្កើត «វប្បធម៌លាលែងចេញពីតំណែងដោយស្ម័គ្រចិត្ត» និងម្យ៉ាងគឺលោក ហ្វ៊ុក ត្រូវបណ្ដេញចេញពីអំណាចដោយគូប្រជែងរបស់លោកនៅក្នុងបក្ស។

លោក ឡេ ហុង ហៀប (Le Hong Hiep) មកពីវិទ្យាស្ថានសិក្សាស្រាវជ្រាវ ISEAS–Yusof Ishak មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បាននិយាយថាសំណុំរឿងពុករលួយ គឺជាហេតុផល មួយដែលលោក ហ្វ៊ុក ត្រូវអស់តំណែង។ ការកត់សម្គាប់បែបនេះរបស់លោក ហុង ហៀប គឺចង់សំដៅទៅលើពាក្យចចាមអារ៉ាមថាប្រពន្ធរបស់លោក ហ្វ៊ុក មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា «Viet A» កាលពីខែធ្នូ ឆ្នាំ២០២២។ អំពើពុករលួយនេះឯងបានធ្វើឱ្យលោក ង្វៀន ថាញ់ឡុង (Nguyen Thanh Long) អតីតរដ្ឋមន្ត្រីសុខាភិបាល និងលោក ជូ ងុក អាញ់ (Chu Ngoc Anh) អតីតរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានបណ្ដេញចេញពីគណបក្សកុម្មុយនិស្ដវៀតណាម (CPV) ខណៈឧបនាយករដ្ឋមន្ត្រី២រូប ក៏ត្រូវបានដកតំណែង ផងដែរ។

លោក ហុង ហៀប យល់ថានៅក្រោមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលបានដាក់ចេញកាលពីឆ្នាំ២០១៦មក ដោយលោក ង្វៀន ហ្វូទ្រុង គណបក្សកុម្មុយនិស្ដវៀតណាម កំពុងព្យាយាមបង្កើត «វប្បធម៌លាលែងចេញពីតំណែងដោយស្ម័គ្រចិត្ត»។ «បច្ចុប្បន្ន គណបក្សកុម្មុយនិស្ដវៀតណាម កំពុងព្យាយាមបង្កើត «វប្បធម៌លាលែងចេញពីតំណែងដោយស្ម័គ្រចិត្ត»។ មានន័យថា «នៅពេលដែលអ្នកត្រូវបានគេរកឃើញថាបានប្រព្រឹត្តទោសកំហុស ឬជាអ្នកទទួលខុសត្រូវលើរឿងអាស្រូវមួយដែលកើតឡើងនៅក្រោមការទទួលខុសត្រូវរបស់អ្នក នោះអ្នកត្រូវ លាលែងចេញពីតំណែង ដោយមិនចាំបាច់រង់ចាំឱ្យបក្សចាត់វិធានការប្រឆាំងនឹងអ្នកនោះទេ»។ នេះជាការពន្យល់របស់លោក ហុងហៀប ដែលស្របគ្នាទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោក ង្វៀន ហ្វូទ្រុង។ នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ លោក ហ្វូទ្រុង បានគូសបញ្ជាក់ដូច្នេះថា «គណៈកម្មាធិការមជ្ឈិមបក្ស ត្រូវតែមានគោលនយោបាយមួយ ដែលលើកទឹកចិត្តដល់មន្ត្រីដែលប្រព្រឹត្តកំហុសដោយប្រសិនបើពួកគេយល់ព្រមលាលែងចេញពីតំណែងដោយស្ម័គ្រចិត្ត និងប្រគល់លុយពុករលួយ (ជូនរដ្ឋ) នោះពួកគេនឹងទទួលបាន ការបន្ធូរបន្ថយទោស ឬក៏ត្រូវបានលើកលែងពីការដាក់ទោសទណ្ឌ»។

ក៏ប៉ុន្តែអ្នកជំនាញផ្សេងទៀត ដូចជាលោក Carlyle Thayer ជាសាស្ត្រាចារ្យផ្នែកនយោបាយមកពី University of New South Wales Canberra យល់ថាលោក ង្វៀន ហ្វូទ្រុង កំពុងប្រើ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដើម្បីពង្រឹងអំណាចរបស់លោក។ បើតាមលោក Thayer លោក ហ្វ៊ូទ្រុង ធ្លាប់បានបរាជ័យក្នុងការត្រួសត្រាយផ្លូវឱ្យលោក Tran Quoc Vuong ដែលត្រូវបានគេស្គាល់ថាជាកូនសិស្សម្នាក់របស់លោក ទទួលបានការគាំទ្រឱ្យក្លាយជាអនាគតមេដឹកនាំបក្សកុម្មុយនិស្ដវៀតណាម នៅឯសមាជបក្សលើកទី១៣ កាលពីឆ្នាំ២០២១ ជាពេលដែល លោក ហ្វ៊ូទ្រុង ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជាអគ្គលេខាធិការសម្រាប់អាណត្តិទី៣ ក្នុងបរិបទដែលលោក ង្វៀន សួនហ៊្វុក ត្រូវបានគេរំពឹងខ្ពស់ថាអាចនឹងក្លាយជាអនាគតមេដឹកនាំបក្ស ទៅថ្ងៃមុខ។

លោក Thayer បន្តទៀតថា លោក ហ្វ៊ូទ្រុង នឹងបន្តប្រមូលការគាំទ្រដោយស្ងៀមស្ងាត់ពីសមាជិកការិយាល័យនយោបាយ លេខាធិការដ្ឋានបក្ស និងពីក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងបក្សសម្រាប់ អ្នកដែលលោកចង់ឱ្យបន្តវេនពីរូបលោក។ ព្រមពេលជាមួយគ្នា លោកនឹងបន្តដឹកនាំយុទ្ធនាការប្រឆាំងអំពើពុករលួយ ពីព្រោះលោកដឹងយ៉ាងច្បាស់ថាអំពើពុករលួយនៅក្នុងបក្ស គឺជាការគំរាមកំហែងមួយដ៏ធំដល់ «ធម្មនុញ្ញភាព» របស់បក្សក្នុងការកាច់ចង្កូតដឹកនាំប្រទេសវៀតណាម។ មួយវិញទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍ អ្នកដែលត្រូវបានបោសសម្អាតនៅក្នុង យុទ្ធនាការកម្ចាត់អំពើពុករលួយ មានដូចជាលោក ង្វៀន សួនហ៊្វុក លោក ផាំ ប៊ិញ មិញ (Pham Binh Minh) ជាអតីតរដ្ឋមន្ត្រីការបរទេស និងជាឧបនាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងឧបនាយករដ្ឋមន្ត្រីម្នាក់ទៀត ដែលទទួលបានការអប់រំក្នុងប្រទេសលោកខាងលិច គឺលោក វូ ឌុក ដាំ (Vu Duc Dam) ហើយដែលអ្នកទាំងនេះសុទ្ធតែមានគោលនយោបាយ ងាកទៅរកសហរដ្ឋអាមេរិក និងលោកខាងលិច។

ត្រង់ចំណុចនេះដែរ លោក Hunter Marston ជាអ្នកសា្រវជ្រាវម្នាក់ពីតំបន់អាស៊ីអាគ្នេយ៍ មកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) យល់ថាលោក ហ្វ៊ូទ្រុង និងក្រសួងសន្តិសុខសាធារណៈរបស់លោក ហាក់ដូចជាមានគោលដៅបោសសម្អាតក្រុមមន្ត្រី ឬថ្នាក់ដឹកនាំដែលមានគំនិតច្រើននិយម និងងាកទៅរកលោកខាងលិច និងដែលកំពុងធ្វើឱ្យ ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក ឈានទៅរកភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ ទោះបីជាមានជម្លោះដែនទឹកជាមួយចិនក៏ពិតមែន ក៏ទីក្រុងហាណូយ មិនបានលើកកម្ពស់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឱ្យក្លាយទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ទេ ដោយសុខចិត្តប្រកាន់យកនយោបាយមិនចូលបក្សសម្ព័ន្ធ រក្សាទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសទាំងអស់ ខណៈព្យាយាមរក្សាតុល្យភាព និងទាញយកប្រយោជន៍ពីទំនាក់ទំនងជាមួយពួកកំពូលមហាអំណាចដូចជាចិន និងសហរដ្ឋអាមេរិក ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា បេក្ខជនដែលត្រូវបានគេរំពឹងថាអាចនឹងត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជំនួសលោក ង្វៀន សួនហ៊្វុក មានដូចជារដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក To Lam រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក Phan Van Giang រួមទាំងអគ្គលេខាធិការបក្ស លោក ង្វៀន ហ្វូទ្រុង នៅក្នុងសេណារីយ៉ូមួយដែលលោកកាន់តំណែងជាអគ្គលេខាធិការបក្សផង និងប្រធានាធិបតីផងជាបណ្ដោះអាសន្ន។ តែរឿងមួយដែលមិនអាចប្រែប្រួល នោះគឺមិនថាបេក្ខជនណាមួយក្នុងចំណោមអ្នកទាំងនេះ ឬបេក្ខជនដទៃ ត្រូវបានជ្រើសតាំងជាប្រធានាធិបតីថ្មី នោះទេ ក៏វៀតណាមនៅតែប្រកាន់យកគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធ។ ប៉ុន្តែទាស់នៅត្រង់ថាអវត្តមាននៃទំនោរងាកទៅរកលោកខាងលិចរបស់លោក ហ្វ៊ុក នឹងមិនអាចឱ្យ វៀតណាមលើកកម្ពស់ទំនាក់ទំនងសន្តិសុខទ្វេភាគីជាមួយសហរដ្ឋអាមេរិកទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ឡើយក្នុងរយៈពេលខ្លី ឬមធ្យម៕ (FRESH NEWS)







No comments:

Post a Comment