Friday, January 20, 2023

វិភាគអន្តរជាតិ៖ ហេតុអ្វីប្រធានាធិបតីកូរ៉េខាងត្បូង និយាយពី «អាវុធនុយក្លេអ៊ែរ»?



(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កាលពីពេលថ្មីៗកន្លងទៅនេះ បាននិយាយថាប្រសិនបើការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង រឹតតែអាក្រក់ឡើង នោះ កូរ៉េខាងត្បូងអាចនឹងពិចារណាផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ឬក៏ស្នើឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយឡើងវិញនូវអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន។ នេះគឺជាលើកដំបូងហើយដែល ប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់បង្ហើបពីគោលបំណងចង់ផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង គិតចាប់តាំងពីសហរដ្ឋអាមេរិកដកអាវុធនុយក្លេអ៊ែរចេញពីកូរ៉េខាងត្បូង ក្នុងឆ្នាំ១៩៩១។

សហរដ្ឋអាមេរិកបានសម្រេចចិត្តដកអាវុធនុយក្លេអ៊ែរចេញពីកូរ៉េខាងត្បូង ក្រោមក្របខណ្ឌនៃកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការរីកសាយអាវុធនុយក្លេអ៊ែរសកលលោក។ តាមពិតទៅ ការចិញ្ចឹមចិត្ត ចង់កាប់កាន់អាវុធនុយក្លេអ៊ែរនេះមានតាំងតែពីយូរណាស់មកហើយ។ ក្រោមអតីតរបបយោធាផ្ដាច់ការរបស់មេដឹកនាំលោក ផាក ជុងហ៊ី (Park Chung-hee) ទីក្រុងសេអ៊ូល ធ្លាប់បានលួចលាក់សម្ងំ អភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ជាពេលដែលសហរដ្ឋអាមេរិកចាប់ផ្ដើមកាត់បន្ថយវត្តមានយោធានៅក្នុងប្រទេសកូរ៉េខាងត្បូង។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន នៅពេលនោះ បានបង្ខំឱ្យលោក ផាក ជុងហ៊ី បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដោយសន្យាធានាផ្ដល់ការការពារផ្នែកសន្តិសុខ ដែលជាទូទៅគេហៅថា «ឆត្រនុយក្លេអ៊ែរ» ព្រមទាំងបានដាក់ពង្រាយ កងទ័ពអាមេរិកជាង ២៨,៥០០នាក់ឱ្យឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង។

ការកត់សម្គាល់ពីលទ្ធភាពផលិតអាវុធនុយក្លេអ៊ែររបស់លោក យូន ស៊ុកយុល កើតមានឡើងនៅក្នុងបរិបទដែលប្រជាជនកូរ៉េខាងត្បូង កាន់តែច្រើនឡើងនាំគ្នាចោទសួរថាតើអាមេរិក អាចនឹងបញ្ឈប់ ឬទប់ស្កាត់ការវាយប្រហារពីសំណាក់កូរ៉េខាងជើងលើប្រទេសរបស់ពួកគេបានដែរឬក៏យ៉ាងណា ខណៈកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរនៃរបបដឹកនាំលោក គីម ជុងអ៊ុន កាន់តែរីកចម្រើនទៅមុខ។ តែទោះជាបែបនេះក្ដី ក្រុមអ្នកវិភាគភាគច្រើនយល់ស្របដូចគ្នាថាក្នុងរយៈពេលខ្លី ឬមធ្យម កូរ៉េខាងត្បូងនឹងមិនជ្រើសរើសយកផ្លូវអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ ដោយសារតែអាចប្រឈមមុខនឹង ហានិភ័យសេដ្ឋកិច្ច និងសន្តិសុខធ្ងន់ធ្ងរ ហើយណាមួយលោក យូន ផ្ទាល់មិនមែនមិនដឹងនោះទេថាសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឱ្យទីក្រុងសេអ៊ូល បំពាក់អាវុធនុយក្លេអ៊ែរដោយងាយៗឡើយ។

មួយវិញទៀត ប្រសិនបើកូរ៉េខាងត្បូងពិតជាជ្រើសរើសផ្លូវនុយក្លេអ៊ែរមែន នោះវានឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាខាងយោធាកាន់តែខ្លាំង រីឯការអំពាវនាវទាំងឡាយឱ្យកូរ៉េខាងជើង រំសាយអាវុធនុយក្លេអ៊ែរនឹងក្លាយជារឿងឥតប្រយោជន៍ ហើយកូរ៉េខាងជើងនឹងបានលេសប្រាប់ពិភពលោកថា កម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនគឺជារឿងត្រឹមត្រូវ ដោយកូរ៉េខាងត្បូងទៅវិញទេ ដែលមិនចង់បានសន្តិភាព និងចង់រំសាយអាវុធនុយក្លេអ៊ែរឯតោភាគី ដោយមិនបានផ្ដល់ការធានាសន្តិសុខ ដែលគ្រប់ភាគីអាចទទួលយកបាននោះទេ។

ចុះបើដូច្នេះ ហេតុអ្វីបានជាលោក យូន លើកឡើងពីអាវុធនុយក្លេអ៊ែរនៅពេលនេះ? ថាតើលោកចង់បានអ្វីឱ្យប្រាកដ? នៅក្នុងកិច្ចប្រជុំរួមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្រសួងការបរទេស កូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី១១ ខែមករានេះ លោក យូន បានសង្កត់ធ្ងន់ថាការអភិវឌ្ឍអាវុធនុយក្លេអ៊ែរមិនទាន់ត្រូវដាក់បញ្ចូល ឬក្លាយជាគោលនយោបាយមួយនៅឡើយទេ ហើយថានឹងបន្ត ដោះស្រាយការគំរាមកំហែងនុយក្លេអ៊ែរកូរ៉េខាងជើង តាមរយៈការពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក។

នៅក្រោមរដ្ឋបាលលោក ចូ បៃដិន គួបផ្សំនឹងសង្រ្គាមនៅអ៊ុយក្រែនផងនោះ សហរដ្ឋអាមេរិកហាក់ដូចជាមិនសូវជាផ្ដោតខ្លាំងឡើយពីសំណុំរឿងកូរ៉េខាងជើង។ ការណ៍នេះតាមរយៈ ការលើកឡើងពី អាវុធនុយក្លេអ៊ែរ លោក យូន ស៊ុកយុល អាចនឹងចង់ប្រើវោហាសាស្ត្រនេះដើម្បីទាញចំណាប់អារម្មណ៍របស់សហរដ្ឋអាមេរិកឱ្យដឹងថាតើលោកមើលឃើញការគំរាមកំហែងពីនុយក្លេអ៊ែរកូរ៉េខាងជើង មានសភាពធ្ងន់ធ្ងរបែបណា ទើបដល់ថ្នាក់ជំរុញឱ្យលោកលើកពីបំណងចង់កាន់កាប់អាវុធនុយក្លេអ៊ែរ។ នៅត្រង់នេះ លោក យូន ចង់ដាក់សម្ពាធឱ្យសហរដ្ឋអាមេរិកបង្កើនការផ្ដល់ជំនួយយោធា ឬបង្កើន ការប្ដេជា្ញចិត្តបន្ថែមចំពោះសន្តិសុខជាតិកូរ៉េខាងត្បូង ក៏ដូចជាឆ្លៀតចង់ផ្ញើសារមួយឱ្យកូរ៉េខាងជើងគិតពិចារណាឡើងវិញ ឬប្រុងប្រយ័ត្នជាងមុនចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ។ លើសពីនេះទៅទៀត វាក៏អាចជាការដាក់សម្ពាធមួយឱ្យចិន ដាក់សម្ពាធបន្តលើកូរ៉េខាងជើង ដ្បិតចិនក៏តែងតែព្រួយបារម្ភផងដែរពីការរត់ប្រណាំងអាវុធនុយក្លេអ៊ែរក្នុងតំបន់អាស៊ីខាងកើត នោះគឺខ្លាចជប៉ុន និងតៃវ៉ាន់ ចង់បានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដែរ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាប្រទេសហត្ថលេខីនៃសនិ្ធសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ ឬ NPT ដែលហាមឃាត់មិនអាចទីក្រុងសេអ៊ូលអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ។ ដូច្នេះបើ កូរ៉េខាងត្បូង ចង់បំពាក់អាវុធនុយក្លេអ៊ែរ ទាល់តែដកខ្លួនចេញពីសន្ធិសញ្ញានេះជាមុនសិន។ តែបើតាមក្រុមអ្នកវិភាគ ការដកខ្លួនចេញពីសន្ធិសញ្ញា NPT អាចនឹងមានហានិភ័យខ្ពស់ សម្រាប់កូរ៉េខាងត្បូង ដោយអាចនឹងជាប់ទណ្ឌកម្មអន្តរជាតិ៕ (FRESH NEWS)


No comments:

Post a Comment