Monday, January 02, 2023

វិភាគអន្តរជាតិ៖ តើទំនាក់ទំនងចិន និងរុស្ស៊ី គ្មានព្រំដែន មែនឬ?


(វ៉ាស៊ីនតោន)៖ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចិន និងរុស្ស៉ី (អតីតសហភាពសូវៀត) ធ្លាប់បានខកខានឱកាសម្ដងរួចមកហើយ ដើម្បីរួមដៃគ្នាបំបាក់ប្លុកលោកខាងលិច នៅពេលដែល ប្រទេសទាំង២ ក្លាយជាគូសត្រូវដណ្ដើមគ្នាធ្វើជាមេដឹកនាំប្លុកកុម្មុយនិស្ដពិភពលោក អំឡុងសម័យសង្រ្គាមត្រជាក់។ សព្វថ្ងៃ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាន និងកំពុងព្យាយាមទប់ស្កាត់កុំឱ្យកំហុសអតីតកាលបែបនេះកើតឡើងសាជាថ្មី។

នៅក្នុងប្រវត្តិសាស្រ្ត តាមពិតទៅ​ ទំនាក់ទំនងរវាងចិន និងរុស្ស៉ី គឺពោរពេញដោយការមិនទុកចិត្តគ្នា និងការប្រឈមមុខដាក់គ្នា ក្នុងនោះរួមមានទាំងការផ្ទុះជម្លោះប្រដាប់អាវុធ នៅតាម តំបន់ព្រំដែនដែលបានធ្វើឱ្យពិភពលោកមានការភ័យខ្លាចយ៉ាងខ្លាំងពីហានិភ័យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ កាលពីអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០។ តែប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានរកឃើញផលប្រយោជន៍ និងបុព្វហេតុរួម។ នៅក្នុងវិស័យសេដ្ឋកិច្ច ប្រទេសទាំង២ ជាដៃគូពាណិជ្ជកម្មផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយចិនបង្កើន ការនាំចូលឧស្ម័ន ប្រេង ធ្យូថ្ម និងរ៉ែកម្រ ដើម្បីបំប៉នសេដ្ឋកិច្ចរបស់ខ្លួន រីឯរុស្ស៉ីទទួលបានផលិតផលបច្ចេកវិទ្យាខ្ពស់ពីចិន។​

លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាន និងកំពុងពង្រឹងទំនាក់ទំនងផ្ទាល់ខ្លួនកាន់តែជិតស្និទ្ធ។ កាលពីឆ្នាំ២០១៩ លោក ស៊ី ជិនពីង បានហៅ លោក ពូទីនថា «best friend» ហើយទំនាក់ទំនងមិត្តភាពនេះមានមូលដ្ឋានគ្រឹះចម្បងបន្សាបឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ ដ្បិត មេដឹកនាំទាំង២ មើលឃើញដូចគ្នាថាសហរដ្ឋអាមេរិក «ជាថ្មដ៏ធំមួយ» ពាំងចំកណ្ដាលផ្លូវមិនអាចឱ្យពួកគេសម្រេចមហិច្ឆតាពិភពលោករបស់ខ្លួន។ សម្រាប់បណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ការបង្កើតសម្ព័ន្ធភាពណាមួយ រវាងចិន និងរុស្ស៉ី អាចកែប្រែសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃដឹកនាំដោយលោកខាងលិច។ ការព្រួយបារម្ភបែបនេះបានកើនឡើងទាំងក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច នៅពេលលោក ពូទីន បំពេញទស្សនកិច្ចទៅសួរសុខទុក្ខលោក ស៊ី ជិនពីង ដល់ទីក្រុងប៉េកាំងកាលពីខែកុម្ភៈ ឆ្នាំ២០២២ និងបានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមដោយប្រកាសថា «ទំនាក់ទំនងចិន និងរុស្ស៉ីជាទំនាក់ទំនងគ្មានព្រំដែន និងគ្មានអ្វីអាចមករារាំងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២បានឡើយ»។

ការណ៍នេះឯង បានធ្វើឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បារម្ភថាចិន និងរុស្ស៉ីអាចនឹងរួមដៃគ្នាប្រឆាំងនឹងឥទ្ធិពលលោកខាងលិចនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី។ ការបារម្ភនេះហាក់ដូចជា បានក្លាយជាការពិត នៅបន្ទាប់ពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមស្លាកប្រតិបត្តិការយោធាពិសេស។ បើតាម ក្រុមអ្នកវិភាគ សង្រ្គាមអ៊ុយក្រែនបានផ្ដល់ផលចំណេញភ្លាមៗដល់ទំនាក់ទំនងមិត្តភាពរវាងចិន និងរុស្ស៉ី។ ពោលគឺ នៅក្រោមទស្សនវិស័យរបស់លោក ស៊ី ជិនពីង ការឈ្លានពានរបស់លោក ពូទីន អាចនឹងធ្វើឱ្យឥទ្ធិពលលោកខាងលិចចុះខ្សោយ និងយ៉ាងហោចណាស់ធ្វើឱ្យអាមេរិករវល់ជាប់ដៃនៅអឺរ៉ុប ជាជាងផ្ដោតលើចិនក្នុងតំបន់អាស៊ី។ សម្រាប់ទីក្រុងមូស្គូវិញ ការទទួលបាន ការគាំទ្រខាងនយោបាយពីចិន មានសារៈសំខាន់បំផុត ក្នុងពេលដែលសហរដ្ឋអាមេរិកមានបំណងធ្វើ «ចត្តាឡីស័ក» រុស្ស៉ីឱ្យឯកោនៅលើឆាកអន្តរជាតិ។ ចិនបានបន្ទោស NATO​ ថាជា អ្នកបង្កឱ្យសង្រ្គាមផ្ទុះឡើង ហើយគាំទ្រឱ្យមានការធានាសន្តិសុខដល់រុស្ស៉ីនៅក្នុងតំបន់អឺរ៉ុប ដែលប្រមុខការទូតចិនចាត់ទុកថា «ស្របច្បាប់»។

មិនតែប៉ុណ្ណោះ លោក ស៊ី ជិងពីង ថែមទាំងបានច្រានចោលទៀតផង នូវការអំពាវនាវឱ្យលោកប្រើឥទ្ធិពលលើលោក ពូទីន ដើម្បីជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឬធ្វើជាអ្នកសម្របសម្រួល កិច្ចចរចារវាងលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ ក្រៅតែពីសង្រ្គាមនៅអ៊ុយក្រែន ទំនាក់ទំនងរវាងចិន និងរុស្ស៉ី ក៏កាន់តែស៊ីជម្រៅឡើងផងដែរ ដោយ ទំហំពាណិជ្ជកម្មជាមួយចិនបាន និងកំពុងប៉ះប៉ូវការខាតបង់មួយចំនួនរបស់រុស្ស៉ីដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិច ហើយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនដល់ ១៧២ពាន់លានដុល្លារ។ នៅក្នុងអត្ថបទមួយមានចំណងជើង Naval War College Review អ្នកវិភាគ២រូប គឺលោក Andrew Erickson និងលោក Gabriel Collins បានលើកឡើងពីអនាគតនៃកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៉ី។ នៅក្រោមកិច្ចសហប្រតិបត្តិការយោធានេះ រុស្ស៉ីអាចនឹងជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹកចិន ដោយអនុញ្ញាត ឱ្យពួកគេប្រើកំពង់ផែរុស្ស៉ីនៅក្នុងតំបន់ចុងបូព៌ាបំផុត និងចែករំលែកបច្ចេកវិទ្យា ជាពិសេសសមត្ថភាពធ្វើសង្រ្គាមនៅក្រោមបាតសមុទ្រ។ អ្នកជំនាញទាំង២រូបនេះ បានបន្ថែមថាបច្ចេកវិទ្យា យោធារុស្ស៉ីអាចនឹងត្រូវបានគួបផ្សំចូលគ្នាជាមួយប្រភពធនធានហិរញ្ញវត្ថុរបស់ចិន ដើម្បីបង្កើនតុល្យភាពអំណាចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កុំឱ្យសហរដ្ឋអាមេរិកមានអំណាចលើសលុបពេក។

បើពិនិត្យមើលការរៀបរាប់ខាងលើ ទំនាក់ទំនងរវាងចិន និងរុស្ស៉ីពិតជាផ្អែមល្ហែមនឹងគ្នា តែសង្រ្គាមនៅអ៊ុយក្រែន ក៏បានបង្ហាញដែរថាទំនាក់ទំនងនេះ «មិនមែនគ្មានព្រំដែន» នោះដែរ។ មកទល់នឹងពេលនេះ ចិនមិនបានផ្ដល់ការគាំទ្រដល់សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនឡើយ ហើយក៏មិនបានជួយឱ្យរដ្ឋាភិបាលលោក ពូទីន និងធនាគាររុស្ស៉ីជាច្រើន ឱ្យរួចផុតពី ទណ្ឌកម្មលោកខាងលិចនោះដែរ។ នេះគឺដោយសារតែ «កត្តាតម្កល់ផលប្រយោជន៍ជាតិជាធំ»។ កាន់តែច្បាស់ជាងនេះទៅទៀត នៅក្នុងជំនួបមួយនៅកោះបាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ី ជិនពីង បានចូលរួមជាមួយលោក ចូ បៃដិន ក្នុងការរិះគន់ការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែររបស់លោក ពូទីន នៅក្នុងសង្រ្គាមអ៊ុយក្រែន។

ក្រុមអ្នកវិភាគខ្លះបានបកស្រាយថា ការវិវត្តចុងក្រោយបំផុតនេះគឺដោយសារតែលោក ស៊ី ជិនពីង នៅតែទុកផ្លូវក្រោយដើម្បីការពារផលប្រយោជន៍ចិន ហើយវាមិនមែនមានន័យថាចិនកំពុង លែងដៃរុស្ស៉ីនោះទេ។ តួយ៉ាង ក្នុងថ្ងៃតែមួយដែលលោក ហ្សេលេនស្គី បំពេញទស្សនកិច្ចទៅកាន់ទីក្រងវ៉ាស៊ីនតោន លោក ស៊ី ជិនពីង ឯណេះវិញបានទទួលស្វាគមន៍ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវ៉េដេវ ក្នុងទីក្រុងប៉េកាំង ដែលនេះបង្ហាញថាចិនកំពុងព្យាយាមទាញប្រយោជន៍ពីគ្រប់ភាគីទាំងអស់។ នេះក៏មិនមែនជារឿងថ្មីអ្វីនោះដែរ ព្រោះវា ជាគោលនយោបាយការទូតរបស់ចិនទៅហើយ។ ចិនមិនចង់ធ្វើការសន្យា ឬបង្ហាញការប្ដេជ្ញាចិត្តដូចដែលសហរដ្ឋអាមេរិកធ្វើចំពោះសម្ព័ន្ធមិត្តរបស់ខ្លួនោះទេ។ ធ្វើបែបនេះចិនចង់រក្សាឱ្យបាន នូវសេរីភាពនៃការធ្វើសកម្មភាព និងសម្រេចចិត្តទាំងកិច្ចការនៅក្នុងស្រុក និងក្រៅស្រុក ក្រោមគោលនយោបាយ «Global Security Initiative» ដែលដាក់ចេញដោយលោក ស៊ី ជិនពីង។

ផ្អែកលើគោលនយោបាយ «Global Security Initiative» លោក ស៊ី ជិនពីង បានប្រកាសថា «បណ្ដាប្រទេសទាំងឡាយគួរតែនិយាយថាទេចំពោះប្លុកនយោបាយ និងការប្រឈមមុខដាក់គ្នា»។ ក្នុងន័យនេះចិនចង់បញ្ចៀសនូវការបង្កើតប្លុកថ្មីមួយជាមួយរុស្ស៉ី ឬបណ្ដាប្រទេសដទៃ ឬក៏ដូចគ្នាទៅនឹងប្លុកកុម្មុយនិស្ដដែលសូវៀត ធ្លាប់បានបង្កើតឡើងនោះទេ ហើយនេះអាចបញ្ជាក់បានដែរថា ទីក្រុងប៉េកាំងទំនងជានឹងមិនបង្កើតសម្ព័ន្ធភាពពិតប្រាកដជាមួយរុស្ស៉ី ដែលតម្រូវ ឬដាក់កាតព្វកិច្ចឱ្យចិនត្រូវតែជួយរុស្ស៉ីដាច់ខាតឡើយ។ ចំណែកឯ រុស្ស៉ីវិញ ទោះបីជាកំពុងជួបវិបត្តិស្ទើរគ្រប់ទិស ក៏ពិតមែន ក៏ទីក្រុងមូស្គូនៅតែពេញចិត្តនឹងគំនិតនេះដែរ ខណៈរុស្ស៉ីបារម្ភផងដែរខ្លាចថាខ្លួនត្រូវពឹងផ្អែកហួសហេតុពេកលើចិន ដែលក្រុមអ្នកជំនាញភាគច្រើនយល់ថានឹងផ្ដល់ប្រយោជន៍ដល់ចិន ច្រើនជាងរុស្ស៉ី។

ដោយសារតែរុស្ស៉ីជាប់ទណ្ឌកម្មសេដ្ឋកិច្ច ចិនអាចឆ្លៀតទិញប្រេងក្រោមការបញ្ចុះតម្លៃពី រុស្ស៉ី ហើយខណៈមិនអាចប្រើប្រព័ន្ធប្រាក់ដុល្លារ ក្រុមហ៊ុនរុស្ស៉ីជាច្រើនបានចាយប្រាក់យ័ន ជំនួសនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយចិនដែលនេះនឹងជួយពង្រឹងគោលដៅរយៈពេលវែងរបស់ទីក្រុងប៉េកាំង ក្នុងការលើកម្ពស់ប្រាក់យ័ន ប្រជែងជាមួយប្រាក់ដុល្លារ។ យ៉ាងណាក៏ដោយ ដរាបណា ចិន និងរុស្ស៉ី នៅតែមើលឃើញសហរដ្ឋអាមេរិកជា «សត្រូវរួម» នោះពួកគេនឹងនៅតែត្រូវការគ្នាទៅវិញទៅមកជាចាំបាច់៕

No comments:

Post a Comment