Wednesday, December 21, 2022

 វិភាគអន្តរជាតិ៖ តើកូរ៉េខាងត្បូង នឹងធ្វើបែបណា បើមានសង្រ្គាមអាមេរិក និងចិន?


(សេអ៊ូល)៖ សព្វថ្ងៃ ចំណាប់អារម្មណ៍របស់ពិភពលោកកំពុងផ្ដោតលើការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាង NATO​ និងរុស្ស៉ី ដោយសារសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ​ សំណុំរឿងក្ដៅមួយទៀត ដែលគេមិនអាចមើលរំលងបាន នោះគឺតំបន់ច្រកសមុទ្រតៃវ៉ាន់។ បើតាមក្រុមអ្នកជំនាញ ផ្ទុយពីសង្រ្គាមនៅអ៊ុយក្រែន ជម្លោះប្រដាប់អាវុធ ឬសង្រ្គាមនៅក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់អាចនឹងរាលដាលទៅជាសង្រ្គាមទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លី។ ក្នុងន័យនេះ សហរដ្ឋអាមេរិកត្រូវបានគេរំពឹងខ្ពស់ថានឹងធ្វើអន្តរាគមន៍យោធាដើម្បីជួយតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន ហើយដែលនេះអាចនឹងបង្កទៅជាជម្លោះដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងចិន។

មិនតែប៉ុណ្ណោះ ទំហំ ឬទ្រង់ទ្រាយនៃជម្លោះតៃវ៉ាន់ អាចនឹងមានឥទ្ធិពលលើការសម្រេចចិត្តរបស់បណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិក​ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តួយ៉ាងដូចជា កូរ៉េខាងត្បូង និងជប៉ុន។ តែថ្វីបើជាសម្ព័ន្ធមិត្តនឹងគ្នាក៏ដោយ ក៏ផលប្រយោជន៍ជាតិ និងការខាតបង់ត្រូវតែបែងចែកឱ្យបានច្បាស់លាស់ នៅពេលធ្វើការសម្រេចចិត្តចូលរួម ឬពាក់ព័ន្ធនឹងជម្លោះ ឬសង្រ្គាម។ តាំងតែពីដើមរៀងមក កូរ៉េខាងត្បូងបានប្រកាន់យកគោលជំហរពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកផង និងរក្សាទំនាក់ទំនងសេដ្ឋកិច្ចជាមួយ ចិនផង ព្រមទាំងពង្រឹងសមត្ថភាពការពារជាតិដើម្បីដោះស្រាយការគំរាមកំហែងពីកូរ៉េខាងជើង។ តែបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់កូរ៉េខាងត្បូង នោះគឺថាតើធ្វើយ៉ាងណាអាចរក្សា តុល្យភាពនៃផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងករណីសង្រ្គាមដើម្បីកោះតៃវ៉ាន់ ផ្ទុះឡើងនៅថ្ងៃណាមួយ?

* ផលប្រយោជន៍ជាតិរបស់កូរ៉េខាងត្បូង ក្នុងតំបន់ចក្រសមុទ្រតៃវ៉ាន់

ប្រសិនបើវិបត្តិតៃវ៉ាន់ ផ្ទុះទៅជាសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិន នោះច្បាស់ណាស់ សម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់មិនអាចរួចខ្លួនទេ ដោយពួកគេនឹងត្រូវចូលរួមទាំង ដោយប្រយោល និងដោយផ្ទាល់។ នៅក្នុងចំណោមសម្ព័ន្ធមិត្តអាស៊ីរបស់សហរដ្ឋអាមេរិក ជប៉ុនត្រូវបានគេរំពឹងខ្ពស់ជាងគេថានឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងយ៉ាង សកម្មជាមួយយោធាអាមេរិក ដើម្បីប្រឆាំងនឹងចិន។ នៅក្រោមទស្សនវិស័យរបស់ជប៉ុន ការប្រែប្រួលនៃបរិយាកាសសន្តិសុខ និងដែនឥទ្ធិពលនៅក្នុងតំបន់អាស៊ីខាងកើត ដោយសារ ការគ្រប់គ្រងរបស់ចិនលើតៃវ៉ាន់ ជាបញ្ហាធ្ងន់ធ្ងរមួយសម្រាប់ជប៉ុនដូចគ្នាដែរ។ នេះមិនមែនដោយសារតែជប៉ុន ជំទាស់នឹងការប្រើប្រាស់កម្លាំងយោធាគ្រប់គ្រងទឹកដីណាមួយ ប៉ុណ្ណោះទេ តែគឺមកពីជប៉ុនខ្លួនឯងក៏កំពុងមានជម្លោះទឹកដីជាមួយចិននៅក្នុងតំបន់សមុទ្រចិនខាងកើត ជុំវិញទីប្រជុំកោះស៉ិនកាគូ (Senkaku) ផងដែរ។

គោលជំហររបស់កូរ៉េខាងត្បូង មានលក្ខណៈស្មុគស្មាញជាងជប៉ុនឆ្ងាយណាស់។ ជាគោលការណ៍ កូរ៉េខាងត្បូងត្រូវតែផ្ដល់ការគាំទ្រដល់សហរដ្ឋអាមេរិក ក្នុងនាមជាសម្ព័ន្ធមិត្ត។ ប៉ុន្តែ ក្នុងពេលជាមួយគ្នា អំណាចសេដ្ឋកិច្ច និងការសងសឹកដោយយោធាពីសំណាក់ចិន អាចនឹងធ្វើឱ្យកូរ៉េខាងត្បូងប្រឈមមុខនឹងការខាតបង់ធ្ងន់ បើហ៊ានចូលរួមក្នុងសកម្មភាពយោធា ប្រឆាំងនឹងចិន ហើយនេះក៏ដោយសារតែទីតាំងភូមិសាស្ត្រនៅកៀកគ្នា និងការពឹងផ្អែកខ្លាំងនៃសេដ្ឋកិច្ចកូរ៉េខាងត្បូងលើចិន។ មុននឹងនិយាយពីជម្រើស ឬការសម្រេចចិត្តរបស់ កូរ៉េខាងត្បូងនៅក្នុងជម្លោះតៃវ៉ាន់ វាចាំបាច់ត្រូវដឹង «ថាតើអ្វីទៅជាផលប្រយោជន៍ជាតិរបស់កូរ៉េខាងត្បូង»?

* ផលប្រយោជន៍ជាតិរបស់កូរ៉េខាងត្បូង ត្រូវបានបែងចែកជា៣ធំៗ៖ 

ទី១៖ ការរក្សាឱ្យបាននូវសម្ព័ន្ធភាពកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក។ សម្ព័ន្ធភាពនេះមិនត្រឹមតែដើម្បីកំញើញ កូរ៉េខាងជើងប៉ុណ្ណោះទេ តែវាជាយុទ្ធសាស្រ្តតែមួយគត់ដែលកូរ៉េខាងត្បូងអាចជឿជាក់ និងពឹងផ្អែកបាន នៅចំពោះមុខការប្រែប្រួលភូមិសាស្រ្តនយោបាយសកល។ នៅក្នុងករណី សង្រ្គាម ឬជម្លោះតៃវ៉ាន់ផ្ទុះឡើង កូរ៉េខាងត្បូងអាចនឹងព្យាយាមកាត់បន្ថយការចូលរួមក្នុងជម្លោះរវាងចិន និងអាមេរិក ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែ ទីក្រុងសេអ៊ូល នឹងមិនធ្វើការសម្រេចចិត្តណាមួយដែលនាំឱ្យសម្ព័ន្ធភាពជាមួយអាមេរិកប្រេះឆាជាដាច់ខាត។

ទី២៖ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងប្រឹងប្រែងបញ្ចៀសការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំដោយផ្ទាល់ជាមួយចិន តាមដែលអាចធ្វើទៅបាន។ ព្រោះនេះជាប្រយោជន៍ជាតិដ៏សំខាន់មួយសម្រាប់ កូរ៉េខាងត្បូង ក្នុងការកាត់បន្ថយការបំផ្លិចបំផ្លាញភ្លាមៗ ដែលបង្កឡើងដោយជម្លោះយោធាណាមួយជាមួយចិន និងដើម្បីបញ្ចៀសកុំឱ្យមានការបែកបាក់ទំនាក់ទំនងទាំងស្រុងជាមួយ ទីក្រុងប៉េកាំង។ បានន័យថាប្រសិនបើជម្លោះប្រដាប់អាវុធរវាងកងទ័ពកូរ៉េខាងត្បូង និងកងទ័ពចិន កើតមានឡើងកំលុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ នោះវាមានលទ្ធភាពខ្ពស់ណាស់ថា ទំនាក់ទំនងរវាងប្រទេសទាំង២ នឹងក្លាយជាសត្រូវយូរអង្វែង ទោះជាជម្លោះបញ្ចប់ក៏ដោយ ហើយណាមួយ វាមិនមែនជាប្រយោជន៍យូរអង្វែងរបស់កូរ៉េខាងត្បូងនោះទេ ដែលត្រូវមាន សត្រូវជាមហាអំណាចនៅក្បែររបងផ្ទះដូចជាចិននោះទេ។

ទី៣៖ វាជារឿងដ៏សំខាន់បំផុតក្នុងការរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ ក្នុងបរិបទដែលវិបត្តិច្រកសមុទ្រតៃវ៉ាន់ផ្ទុះឡើង។ កាលពីពេលថ្មីៗនេះ កូរ៉េខាងជើង បានអនុម័តច្បាប់ថ្មីមួយដោយអនុញ្ញាតឱ្យកងទ័ពប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពាររបបដឹកនាំលោក គីម ជុងអ៊ុន។ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកមានប្រៀបលើសលប់លើ កងទ័ពកូរ៉េខាងជើង ខាងអាវុធទូទៅមិនមែននុយក្លេអ៊ែរ។ តែនៅពេលនិយាយដល់អាវុធនុយក្លេអ៊ែរ ការព្រួយបារម្ភរបស់កូរ៉េខាងត្បូងកើនឡើងជាលំដាប់។ ម្លោះហើយ ប្រសិនបើ សហរដ្ឋអាមេរិកធ្វើអន្តរាគមន៍នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ កូរ៉េខាងត្បូងចាំបាច់ត្រូវតែប្រកាន់ភ្ជាប់ជំហរត្រៀមលក្ខណៈជាមួយសហរដ្ឋអាមេរិក ដើម្បីរារាំងកុំឱ្យចិន ឬកូរ៉េខាងជើង ទាញប្រយោជន៍បាន ដូចកាលពីសម័យដែលកូរ៉េខាងជើងបើកការឈ្លានពានកូរ៉េខាងត្បូងនៅខែមិថុនា ឆ្នាំ១៩៥០ បានបង្កផលិបាកដល់ច្រកសមុទ្រតៃវ៉ាន់ដូចគ្នា។ ដូច្នេះ បច្ចុប្បន្ន វិបត្តិច្រកសមុទ្រតៃវ៉ាន់ក៏អាចកែប្រែស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េដូចគ្នាដែរ។

ត្រឡប់មកវិញ វាពិតជាពិបាកណាស់សម្រាប់កូរ៉េខាងត្បូង ធ្វើការជ្រើសរើសរវាង «អព្យាក្រឹតភាពទាំងស្រុង» និងការធ្វើអន្តរាគមន៍យោធានៅក្នុងវិបត្តិតៃវ៉ាន់។ បើកូរ៉េខាងត្បូង រើស យកជំហរអព្យាក្រឹតទាំងស្រុង នោះហានិភ័យអាចនឹងត្រូវបានកាត់បន្ថយ ប៉ុន្តែវាចៀសមិនរួចឡើយនឹងធ្វើឱ្យសម្ព័ន្ធភាពអាមេរិក និងកូរ៉េខាងត្បូងចុះទន់ខ្សោយ។ នៅម្ខាងទៀត បើកូរ៉េខាងត្បូងចូលរួមជាមួយសហរដ្ឋអាមេរិកទាំងស្រុង ដើម្បីប្រឆាំងចិនវិញ នោះកូរ៉េខាងត្បូងមិនត្រឹមតែរងការខូចខាតដោយផ្ទាល់ពីសង្រ្គាមប៉ុណ្ណោះទេ តែក៏បង្កើតសត្រូវយូរអង្វែង និងជាមហាអំណាចដូចជាចិន។

មួយវិញទៀត ការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក៏វាអាស្រ័យផងដែរទៅលើទំហំនៃសង្រ្គាម។ បើតូចធ្វើតាមតូច នោះគឺអំពាវឱ្យមានដំណោះស្រាយការទូត ហើយសង្រ្គាមរវាងចិន និងអាមេរិក ផ្ទុះឡើងទ្រង់ទ្រាយធំ កូរ៉េខាងត្បូងអាចនឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើការស៊ើបការណ៍សម្ងាត់ជាមួយសហរដ្ឋអាមេរិក និងផ្ដល់បរិក្ខារយោធាគាំទ្រដល់ ទីក្រុងវ៉ាស៊ីនតោន។ ក៏ប៉ុន្តែ កូរ៉េខាងត្បូងនឹងព្យាយាមរារាំងមិនឱ្យកងទ័ពថ្មើរជើងអាមេរិកដកចេញពីកូរ៉េខាងត្បូងនោះទេ ដោយអនុញ្ញាតឱ្យកងទ័ពអាមេរិកចាកចេញធ្វើ ប្រតិបត្តិការជំនួសវិញ។ ពីព្រោះថាការដកសព្វាវុធ ឬការដកកងទ័ពអាមេរិកបញ្ជូនទៅកាន់ចក្រសមុទ្រតៃវ៉ាន់ អាចនឹងកាត់បន្ថយយុទ្ធសាស្ត្រកំញើញកូរ៉េខាងជើង និងធ្វើឱ្យប៉ះពាល់ ដល់ស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ ហើយទីក្រុងសេអ៊ូលអាចនឹងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកថាការធ្វើសង្រ្គាមពីរទិសក្នុងពេលជាមួយគ្នា ទាំងច្រកសមុទ្រតៃវ៉ាន់ផង និងតំបន់ឧបទ្វីបកូរ៉េផង គឺជាសេណារីយ៉ូដ៏អាក្រក់។

ដូច្នេះអ្វីដែលកូរ៉េខាងត្បូងអាចនឹងធ្វើ គឺមិនអាចអព្យាក្រឹតទាំងស្រុង ឬចូលរួមក្នុងជម្លោះយោធាដោយផ្ទាល់នោះទេ តែត្រូវរក្សាឱ្យបាននូវតុល្យភាពគិតគូពីសំណើ និងការគាំទ្រដល់ សហរដ្ឋអាមេរិក ការសងសឹករបស់ចិន និងការគំរាមកំហែងពីកូរ៉េខាងជើង៕ (Fresh News)









No comments:

Post a Comment