Monday, December 12, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងព្រុចសែល ដោយសុវត្ថិភាព បន្ទាប់ពីប្រើពេលហោះហើរ ១៧ម៉ោង


(ព្រុចសែល, បែលហ្ស៉ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៉ិកហើយ បន្ទាប់ពីចំណាយពេលធ្វើដំណើរលើ យន្តហោះរយៈពេលប្រមាណជា១៧ម៉ោង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដល់ទីក្រុងព្រុចសែលវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ ៣៖៣០នាទីរសៀល (ម៉ោងនៅកម្ពុជា)។

វត្តមានអញ្ជើញដល់របស់សម្តេចតេជោ ហ៊ុន សែន នៅឯអាកាសយានដ្ឋានព្រុចសែល មានការអញ្ជើញទទួលពីឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបែលហ្ស៉ិក, ពិធីការក្រសួងការបរទេសបែលហ្ស៉ិក និងពិធីការមន្ទីការបរទេសសហភាពអឺរ៉ុបផងដែរ។

ដោយឡែកនៅឯសណ្ឋាគារដែលសម្តេចតេជោស្នាក់នៅវិញ គេក៏បានឃើញប្រជាពលរដ្ឋខ្មែររស់នៅតាមប្រទេសនានាក្នុងតំបន់អឺរ៉ុប បានអញ្ជើញមកទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចប្រកបដោយក្តីគោរព និងការនឹករលឹកពន់ពេកក្រៃ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញហោះចេញពីកម្ពុជាកាលពីវេលាម៉ោង១០យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ដំណើរអញ្ជើញចេញទីក្រុងព្រុចសែល ប្រទេសហែលហ្ស៉ិក របស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ ដើម្បីធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ជាមួយលោក ឆាល មីសែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការបរទេស បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះរួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀតផងដែរ។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរំលឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។

ថ្នាក់ដឹកនាំរំពឹងថា នឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។

ក្រសួងបានឱ្យដឹងទៀតថា កំលុងពេលនៃកិច្ចប្រជុំកំពូលរំលឹកខួបនេះ ព្រឹត្តិការណ៍អមជាច្រើននឹងត្រូវបានរៀបចំឡើង រួមមានអាហារថ្ងៃត្រង់តុមូល កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជន អាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុប ស្តីពីឧត្តមសិក្សា។

សូមបញ្ជាក់ថា វត្តមាននៅអឺរ៉ុបនាពេលនេះ មុនពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង។ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងទទួលស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្ត្រី នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយសជូន សម្តេចតេជោ។

សម្តេចតេជោ ក៏នឹងអញ្ជើញចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន ជួបប្រជុំជាមួយក្រុមប្រឹក្សាសហគ្រាសកម្ពុជា-បារាំង និងជំនួបជាមួយតំណាងក្រុមហ៊ុន Vinci Airport។

អំឡុងពេលស្នាក់នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី រំពឹងថា នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំអឺរ៉ុបមួយចំនួន។

សម្តេចតេជោ ក៏នឹងមានកម្មវិធីពិសាអាហារការងាពេលព្រឹកជាមួយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម និង លោក ផនខាំ វិផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកបុណ្យសមុទ្រនៅខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងអឺរ៉ុបនៅពេលនេះ នឹងមានការជជែកគ្នាជាចាំបាច់ពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងសន្តិភាពក្នុងតំបន់អឺរ៉ុប។ សម្តេចតេជោ បានបញ្ជាក់ដែរថា វត្តមានសម្តេចនៅអឺរ៉ុប មិនមែនយកប្រេងទៅចាក់លើភ្លើងសង្គ្រាមនោះទេ តែជាកិច្ចប្រឹងប្រែងមួយ ដើម្បីស្វែងរកសុខសន្តិភាពនៅតំបន់អឺរ៉ុប៕



No comments:

Post a Comment