Wednesday, December 14, 2022

វិភាគអន្តរជាតិ៖ សង្រ្គាមអ៊ុយក្រែន, តើនរណានឹងអស់មីស៊ីលមុន?


(វ៉ាស៊ីនតោន)៖ «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»។ សុភាសិតនេះមានន័យថាក្នុងការធ្វើស្រែ ទឹកគឺជាកត្តាសំខាន់ជាងគេ រីឯក្នុងការធ្វើសង្រ្គាម ស្បៀងគឺជាកត្តាសំខាន់ជាងគេ ប៉ុន្តែក្នុងន័យសង្រ្គាម ក្រៅតែស្បៀង កងទ័ពក៏ត្រូវការជាចាំបាច់ផងដែរនូវការផ្គត់ផ្គង់អាវុធគ្រប់គ្រាន់ ហើយនេះជាករណីសង្រ្គាមនៅអ៊ុយក្រែន ដោយទីក្រុងកៀវ កំពុងដង្ហើយ ហៅឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបញ្ជូនអាវុធមកបន្ថែម ជាពិសេសគឺប្រព័ន្ធអាវុធការពារដែនអាកាសតែម្ដង នៅចំពោះមុខការបាញ់ផ្លោងមីស៊ីល កាំភ្លើងធំ និងការវាយប្រហារដោយយន្ដហោះដ្រូនពីសំណាក់រុស្ស៉ី បំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន។

ក្នុងរយៈពេលជិត១០ខែមកនេះ អ៊ុយក្រែន បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងភាពប៉ិនប្រសប់ និងក្លាហានដែលអាចតស៊ូប្រយុទ្ធជាមួយរុស្ស៉ី ជាមហាអំណាចយោធាលេខ២ នៅលើពិភពលោក មកទល់នឹងសព្វថ្ងៃ។ តែសង្រ្គាមមិនទាន់បញ្ចប់ទេ ហើយរឿងពិតមួយដែលគេពិបាកនឹងប្រកែក នោះគឺបើគ្មានជំនួយគាំទ្រពី លោកខាងលិច តួយ៉ាងដូចជាសហរដ្ឋអាមេរិកទេនោះ ម្ល៉េះពេលនេះអ៊ុយក្រែនប្រហែលក្លាយជាប្រទេសចំណុះរបស់រុស្ស៉ីទៅហើយ។ បើតាមនាយសេនាធិការចម្រុះកងទ័ព អាមេរិក លោក Mark Milley ក្នុងរយៈពេល ៦ខែដំបូងនៃសង្រ្គាម លោកខាងលិចបានបញ្ជូនអាវុធប្រឆាំងរថក្រោះ ៦០,០០០គ្រឿង និងអាវុធប្រឆាំងយន្ដហោះចម្បាំង ២៥,០០០គ្រឿងដល់អ៊ុយក្រែន ហើយគិតត្រឹមកាលពីខែឧសភាកន្លងទៅ មួយភាគបួននៃ «អាវុធពាក់លើស្មាប្រឆាំងយន្ដហោះចម្បាំងប្រភេទ Stinger» ត្រូវបានដកចេញពី ឃ្លាំងស្ដុកអាវុធនៃមន្ទីរបញ្ចកោណ។

តួលេខពិតប្រាកដនៃការថយចុះចំនួនអាវុធនៅក្នុងឃ្លាំងស្ដុកអាវុធអាមេរិក មិនត្រូវបានបង្ហាញឱ្យដឹងឡើយ ខណៈក្រុមសមាជិកសភាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋស្នើឱ្យ មានការធ្វើសវនកម្មថ្មីមួយ។ មួយវិញទៀត បើទោះជាសម្ព័ន្ធមិត្តអឺរ៉ុប បានបង្កើនការផ្ដល់ជំនួយយោធាឱ្យអ៊ុយក្រែនក៏ពិតមែន តែល្បឿនសព្វថ្ងៃមិនមាននិរន្តរភាពសម្រាប់ កំពូលមហាអំណាចដូចជាសហរដ្ឋអាមេរិក ដែលកំពុងផ្ដោតលើការខ្ទប់ឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងនោះទេ។ ដោយឡែក ទាំងអ៊ុយក្រែន និងរុស្ស៉ីវិញ ក៏កំពុង ប្រឈមមុខនឹងការថយចុះចំនួនអាវុធ ជាពិសេសមីស៊ីល នៅក្នុងឃ្លាំងអាវុធរបស់ខ្លួនដែរ។ ដូច្នេះថាតើនរណាអាចនឹងអស់មីស៊ីលមុន?

លោក Michael Kofman ជានាយកកម្មវិធីសិក្សាពីរុស្ស៉ី មកពីវិទ្យាស្ថាន Center for Naval Analyses បាននិយាយថាមិនមានភស្ដុតាង ឬសញ្ញាណាមួយបង្ហាញថា ការវាយប្រយុទ្ធគ្នាមានការថមថយទេ ផ្ទុយទៅវិញទាំងអ៊ុយក្រែន និងរុស្ស៉ី កាន់តែពឹងផ្អែកខ្លាំងលើការបាញ់ផ្លោងកាំភ្លើងធំ និងមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងសង្រ្គាមរដូវ រងានេះ។ លោក Kofman បន្ថែមថាអ៊ុយក្រែនត្រូវការជាចំាបាច់នូវប្រព័ន្ធមីស៊ីលការពារដែនអាកាសពីលោកខាងលិច និងការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពនូវគ្រាប់រំសេវ សម្រាប់កាំភ្លើងធំ។ ប៉ុន្តែ ចំនួនអាវុធដែលទាហានអ៊ុយក្រែនបានប្រើ បានកើនឡើងលើសចំនួនផលិតរបស់លោកខាងលិចទៅទៀត ហើយចំពោះមុខការបង្កើនយុទ្ធនាការ វាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ទីក្រុងកៀវប្រឈមមុខនឹងការខ្វះខាតមីស៊ីល ឬគ្រាប់រំសេវសម្រាប់ ប្រព័ន្ធការពារដែនអាកាសដែលកំពុងបង្ខំឱ្យអ៊ុយក្រែន ធ្វើការជ្រើសរើសរវាង «ការការពារទីក្រុងជាច្រើនរបស់ខ្លួន និងនៅសមរភូមិមុខ»។

នៅក្រោមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស រុស្ស៉ីអាចនឹងព្យាយាមឆក់យកឱកាសប្រមូលផ្ដុំកម្លាំងទ័ពឡើងវិញ ខណៈអ៊ុយក្រែននឹងបន្តរក្សាការដាក់សម្ពាធ និងព្យាយាម រារាំងមិនឱ្យរុស្ស៉ីបើកប្រតិបត្តិការវាយលុកសាជាថ្មីឡើយ។ ដើម្បីអាចដឹកនាំយុទ្ធនាការនេះ រុស្ស៉ីបានប្រើប្រាស់មីស៊ីលអស់លឿនជាងការផលិតរបស់ខ្លួន និងកំពុងបង្កើន ការនាំចូលយន្ដហោះដ្រូនពីអ៉ីរ៉ង់ ហើយប្រសិនបើទីក្រុងមូស្គូ អាចនាំចូលមីស៊ីលបាលិស្ទីគពីអ៉ីរ៉ង់ថែមទៀត នោះរុស្ស៉ីនឹងអាចបន្តការវាយប្រហារតាមផ្លូវ អាកាសក្នុងរដូវរងានេះ៕ Fresh News



No comments:

Post a Comment