Sunday, November 13, 2022

វិភាគអន្តរជាតិ៖ តើលោក ចូ បៃដិន និងលោក ស៊ី ជិនពីង អាចសម្រេចបានអ្វីខ្លះ នៅ G20?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងត្រូវជួបមុខគ្នាដោយផ្ទាល់នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា នាឱកាសដែល មេដឹកនាំទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ នេះនឹងក្លាយជាជំនួបទល់មុខលើកដំបូងបំផុតរវាងលោក បៃដិន និងលោក ស៊ី ជិនពីង គិតចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករា ឆ្នាំ២០២១ ហើយវាក៏នឹងក្លាយជាឱកាសមួយផងដែរឱ្យមេដឹកនាំទាំង២ ស្ដារទំនាក់ទំនងទ្វេភាគីឱ្យស្ថិតនៅក្នុងស្ថានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរកាំរកូសនឹងគ្នាយ៉ាងខ្លាំងលើបញ្ហាជាច្រើនរាប់ចាប់ពីសង្រ្គាមអ៊ុយក្រែន តៃវ៉ាន់ រហូតដល់ ការប្រជែងគ្នាខាងបច្ចេកវិទ្យា។

ជាការពិតណាស់ ការជជែកពិភាក្សាគ្នាតែមួយមុខ នឹងមិនអាចដោះស្រាយបញ្ហាប្រឈមធំៗ ដែលមានរវាងប្រទេសទាំង២បានឡើយ តែយ៉ាងហោចណាស់វាអាចត្រូវបាន ប្រើជាបណ្ដាញទំនាក់ទំនងកម្រិតខ្ពស់មួយ នៅចំពេលដែលប្រទេសទាំង២ កំពុងមានភាពតានតឹងនឹងគ្នា។ ខាងក្រោមនេះគឺជាកត្តាសំខាន់ៗមួយចំនួន ខណៈមេដឹកនាំ កំពុងត្រៀមលក្ខណៈជួបមុខគ្នាដោយផ្ទាល់៖

*តើសមាជបក្សកុម្មុយនិស្ដចិនលើកទី២០ និងការបោះឆ្នោតពាក់កណ្ដាលអាណត្តិអាមេរិក ជះឥទ្ធិពលអ្វីខ្លះដល់ទំនាក់ទំនងប្រទេសទាំង ២?

លទ្ធផលនៃព្រឹត្តិការណ៍ធំៗទាំង២នេះ នឹងមានតែពង្រឹងការព្រួយបារម្ភទាំងក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងស្ដីពីចេតនារបស់ភាគីម្ខាងៗ។ ក្រុមអ្នកតាមដាន ស្ថានការណ៍ជាច្រើននៅក្នុងសហរដ្ឋអាមេរិកយល់ថាចិនកាន់តែផ្ដាច់ការ កាន់តែបាចសាចមនោគមន៍វិជ្ជា និងជាបញ្ហាប្រឈមកាន់តែធំសម្រាប់សណ្ដាប់ធ្នាប់អន្តរជាតិ។ នៅក្នុងសុន្ទរកថានៅឯសមាជបក្សកុម្មុយនិស្ដចិន កាលពីតុលាកន្លងទៅ លោក ស៊ី ជិនពីង បានផ្ដោតសំខាន់លើសន្តិសុខជាតិ មនោគមន៍វិជ្ជា និងការពឹងផ្អែកលើខ្លួនឯង ផ្នែកបច្ចេកវិទ្យា ហើយដែលវិស័យទាំង៣នេះសុទ្ធតែមានភាពប្រទាំងប្រទិសគ្នាជាមួយសហរដ្ឋអាមេរិក។ មន្ត្រីបក្សជាច្រើននាក់ ដែលមានបទសោធន៍ខាងកិច្ចការ សន្តិសុខជាតិ ត្រូវបានតែងតាំងជាសមាជិកថ្មីនៃការិយាល័យនយោបាយគណបក្សកុម្មុយនិស្ដចិន ដែលនេះបញ្ជាក់ថាបក្សកុម្មុយនិស្ដចិនប្រហែលជាកំពុងបង្កើនការត្រៀម លក្ខណៈចំពោះភាពតានតឹងកាន់តែខ្លាំងនៅក្នុង «កិច្ចការការបរទេស»។

ដូចគ្នាដែរ ឥទ្ធិពលកាន់តែធំរបស់គណបក្សសាធារណរដ្ឋ នៅក្នុងសភាទាំង២ របស់សហរដ្ឋអាមេរិកអាចនឹងបង្កការព្រួយបារម្ភសម្រាប់ចិន ដែលខ្លាចថាទីក្រុងវ៉ាស៊ីនតោន នឹងកាន់តែប្រកាន់ជំហរកាន់តែតឹងរ៉ឹងលើបញ្ហាតៃ​វ៉ាន់ និងសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះ​ វាក៏នឹងកបង្កការព្រួយបារម្ភដែរថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឬបេក្ខជនប្រធានាធិបតីដែលមានទំនោរដូចលោក ត្រាំ អាចនឹងឡើងមកដឹកនាំសេតវិមានសាជាថ្មីនៅឆ្នាំ២០២៥ ដែលនឹងកាន់តែបង្កភាពតានតឹងនៅក្នុងទំនាក់ទំនងរវាង អាមេរិក និងចិន។ ម្លោះហើយ ទំនោររបស់ភាគីទាំង២ ក្នុងការវាយតម្លៃពីសេណារ៉ូអាក្រក់ទៅវិញទៅមក អាចនឹងបង្កឧបសគ្គដល់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងការស្វែងរកមធ្យោបាយធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ មានស្ថិរភាព។

*តើអ្វីទៅដែលលោក បៃដិន និងលោក ស៊ី ជិនពីង រំពឹងនឹងសម្រេចបានក្នុងជំនួបទ្វេភាគី?

លោក ចូ បៃដិន និងលោក ស៊ី ជិនពីង នឹងមិនអាចចៀសរួចឡើយពីការមានបញ្ហាអាទិភាពផ្ទុយគ្នា។ ប៉ុន្តែ មេដឹកនាំទាំង២ អាចនឹងព្យាយាមស្វែងរកចំណុចរួមមួយ ព្រមទាំងមធ្យោបាយទំនាក់ទំនងយូរអង្វែង ដែលកាន់តែមានប្រសិទ្ធភាព។ សម្រាប់លោក បៃដិន បញ្ហាប្រែប្រួលអាកាសធាតុ និងសង្រ្គាមអ៊ុយក្រែនអាចនឹងក្លាយជា របៀបវារៈជួរមុខ ហើយលោកអាចនឹងប្រើឱកាសនេះដើម្បីបញ្ជាក់ជាថ្មីឡើងវិញថាការផ្ដល់ហិរញ្ញវត្ថុ និងជំនួយយោធាដែលបំពានលើទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ីមានន័យថា ចិនអាចនឹងជួបផលវិបាកធ្ងន់ធ្ងរ។

តែព្រមពេលជាមួយគ្នា លោក បៃដិន ក៏ទំនងជានឹងព្យាយាមបើកដំណើរការឡើងវិញនូវបណ្ដាញទំនាក់ទំនង ក្នុងនោះរួមមានកិច្ចសន្ទនាកម្រិតការងារស្ដីពី កិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ ដែលទីក្រុងប៉េកាំងបានបិទ ក្រោយប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ច នៅតៃវ៉ាន់កាលពីខែសីហា។ លោក បៃដិន អាចនឹងព្យាយាមដែរក្នុងការបើកដំណើរការឡើងវិញនូវកិច្ចសន្ទនាយោធាជាមួយទីក្រុងប៉េកាំង ឬព្យាយាមបង្កើត «យន្ដការ បញ្ចៀស និងគ្រប់គ្រងជម្លោះថ្មីមួយ» សំដៅបង្ការកុំឱ្យការប្រកួតប្រជែងគ្នារវាងប្រទេសទាំង២ ផ្ទុះទៅជាជម្លោះប្រដាប់អាវុធ ឬសង្រ្គាម។

ចំណែកឯ សម្រាប់លោក ស៊ី ជិនពីងវិញ ទំនងជាអាចនឹងបញ្ជូនសារជាថ្មីថាលោក និងក្រុមការងារផ្នែកការទូតរបស់លោកតែងតែបញ្ជាក់ជារឿយៗនៅក្នុងទំនាក់ទំនង ជាមួយសមភាគីអាមេរិក ចាប់តាំងលោក បៃដិនឡើងកាន់អំណាច មកថា ទីក្រុងវ៉ាស៊ីនតោនគួរតែទម្លាក់ចោលការដាក់សម្ពាធសេដ្ឋកិច្ច និងបច្ចេកវិទ្យាប្រឆាំងនឹងចិន ហើយ គោរពផលប្រយោជន៍ស្នូលរបស់ទីក្រុងប៉េកាំង ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់តែម្ដង។ រីឯ នៅក្នុងលក្ខខណ្ឌនៃជំហររួម លោក បៃដិន និងលោក ស៊ី ជិនពីង អាចនឹងកំណត់ពីវិស័យចំនួន ២ ឬ៣ ដែលប្រទេសទាំង២ អាចធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាបាន ដូចជាការបង្កើតមធ្យោបាយធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហា ប្រែប្រួលអាកាសធាតុ ឬពង្រីការការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

*តើមេដឹកនាំទាំង២ អាចបន្ថយភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដោយរបៀបណា?

សំណុំរឿងតៃវ៉ាន់ ច្បាស់ណាស់នឹងក្លាយជាប្រធានបទកំពូល នៅក្នុងជំនួបរវាងលោក បៃដិន និងលោក ស៊ី ជិនពីង ក្នុងបរិបទដែលភាពតានតឹងរវាងអាមេរិក និងចិន ឡើង ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្រុមមន្ត្រីអាមេរិក បានបង្ហាញក្ដីបារម្ភជាបន្តបន្ទាប់ថាទីក្រុងប៉េកាំងអាចនឹងពន្លឿនពេលវេលា ដោះស្រាយ បញ្ហាតៃវ៉ាន់ ដោយសារមើលឃើញថាចិនបានបង្កើនការធ្វើសកម្មភាពយោធា និងដាក់សម្ពាធយ៉ាងខ្លាំងលើទីក្រុងតៃប៉ិ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

មួយវិញទៀត បើទោះជាលោក ស៊ី ជិនពីង អះអាងថាជាថ្មីថាចិនចង់ដោះស្រាយបញ្ហាតៃវ៉ាន់ដោយសន្តិវិធីនៅអំឡុងសមាជបក្សលើកទី២០ក៏ដោយ តែលោក បៃដិនអាចនឹង ស្វែងរកការធានាដោយផ្ទាល់មួយពីលោកប្រធានាធិបតីចិនថាការប្រើប្រាស់កម្លាំងយោធា គឺជាជម្រើសចុងក្រោយ ហើយនឹងបញ្ជាក់ឱ្យច្បាស់ថាតើសកម្មភាពបែបណារបស់ សហរដ្ឋអាមេរិក ដែលអាចនឹងឆ្លងកាត់ «បន្ទាត់ក្រហមរបស់ចិន»។ សម្រាប់លោក ស៊ី ជិនពីង លោកប្រហែលជាមានសំណួរជាច្រើនជុំវិញការអះអាងម្ដងហើយម្ដងទៀត របស់លោក បៃដិន កន្លងមកដែលថានឹងសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាការពារតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិន។

មេដឹកនាំទាំង២ អាចចាប់ផ្ដើមកាត់បន្ថយគម្លាតនៃទស្សនៈយល់ឃើញតាមរយៈការឯកភាពគ្នាថាជម្លោះ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់មិនមែនជាប្រយោជន៍សម្រាប់ ប្រទេសទាំង២ឡើយ ហើយដើម្បីកាត់បន្ថយ ឬបញ្ចៀសការគណនាខុសណាមួយ លោក បៃដិន និងលោក ស៊ី ជិនពីង គួរតែប្រាស្រ័យទាក់ទងគ្នាពីទស្សនៈយល់ឃើញលើ សកម្មភាពរបស់ខ្លួនដែលកំពុងត្រូវបានគេមើលឃើញថាបាន និងកំពុងបំផ្លាញស្ថានភាពដើមនៃតំបន់ច្រកសមុទ្រតៃវ៉ាន់។ អាចធ្វើបែបនេះបាន នោះវាអាចនឹងជួយ ស្ដារឡើងវិញនូវយន្ដការទំនាក់ទំនងយោធា ដែលត្រូវបានកាត់ផ្ដាច់ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់។

តែទោះជាប្រធានាធិបតីទាំង២ អាចស្វែងរកភាពរីកចម្រើននៅលើកោះបាលី ក៏ដោយ ក៏លទ្ធផលបោះឆ្នោតពាក់កណ្ដាលអាណត្តិអាមេរិក អាចនឹងបន្ថែមភាពស្មុគស្មាញលើ ស្ថានការណ៍ស្មុគស្មាញបច្ចុប្បន្ន។ បានន័យថាប្រសិនបើគណបក្សសាធារណរដ្ឋ ពិតជាអាចគ្រប់គ្រងសភាតំណាងរាស្ត្រមែន នោះពួកគេអាចនឹងជំរុញឱ្យមានកំណែប្រែនៃ «ច្បាប់គោលនយោបាយតៃវ៉ាន់» ឬ Taiwan Policy Act ឱ្យកាន់តែរឹងមាំ។ ច្បាប់ Taiwan Policy Act នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចាត់ទុកតៃវ៉ាន់ជាសម្ព័ន្ធមិត្ត មិនមែនជាសមាជិកណាតូដ៏សំខាន់មួយ។ លើសពីនេះទៅទៀត សភាតំណាងរាស្ត្រក្រោមការគ្រប់គ្រងដោយបក្សសាធារណរដ្ឋ អាចនឹងចាប់ផ្ដើមការជជែកដេញដោលថា «តើសហរដ្ឋអាមេរិក គួរតែបោះបង់ចោលយុទ្ធសាស្ត្រមិនច្បាស់លាស់ចំពោះតៃវ៉ាន់ ហើយថាតើការអនុវត្តគោលនយោបាយចិនតែមួយគឺជាប្រយោជន៍របស់សហរដ្ឋអាមេរិក ដែរឬក៏យ៉ាងណា»? នៅក្នុងបរិបទបែបនេះ ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោននឹងចាំបាច់ត្រូវតែរក្សាបណ្ដាញទំនាក់ទំនងកម្រិតខ្ពស់ ដើម្បីធានាឱ្យគ្នាទៅវិញទៅមកថា «គោលនយោបាយផ្លូវការ» របស់ពួកគេមិនមានការប្រែប្រួល។

គួរបញ្ជាក់ថា ក្រៅតែពីសំណុំរឿងនយោបាយ លោក បៃដិន និងលោក ស៊ី ជិនពីង ក៏នឹងពិភាក្សាគ្នាផងដែរពី «ការរឹតត្បិត» លើការនាំចេញពីបន្ទះឈីបទៅកាន់ប្រទេសចិន ពីសំណាក់រដ្ឋបាលលោក បៃដិន ដែលបាន និងកំពុងបង្កការព្រួយបារម្ភដល់បណ្ដាប្រទេសក្នុងតំបន់ជុំវិញផលប៉ះពាល់លើខ្សែចង្វាក់ផ្គត់ផ្គត់ និងពាណិជ្ជកម្មរបស់ពួកគេ នៅចំពោះមុខការប្រជែងគ្នាកាន់តែខ្លាំងរវាងអាមេរិក និងចិន៕ Fresh News





No comments:

Post a Comment