Wednesday, November 09, 2022

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម


នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ដឹមីត្រូ គូលេបា (Dmytro Kuleba) បានផ្ដាំផ្ញើនៅសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីអ៊ុយក្រែនជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរខួបទី ៦៩ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ 

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអគុណសម្តេចតេជោ​ផងដែរ ដែលកម្ពុជាបានចេញ​សេចក្តីថ្លែងការណ៍តាមរយ:​រដ្ឋមន្ត្រីការបរទេស​អាស៊ានការ​គាំទ្របង្ហាញ​ពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។ ដែលបង្ហាញអំពីកង្វល់ចំពោះស្ថានការណ៍ដែលបាន និងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ដោយបានទាមទាឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ និងធ្វើជាសហស្ថាបនិកគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែន។ ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមពិតជាមានក្តីរំភើប និងអបអរសាទរកម្ពុជាដែលកម្ពុជាកន្លងទៅបានឆ្លងកាត់សង្គ្រាមដរាំរៃជាច្រើន តែមកដល់ពេលនេះ កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលទាំងទាំងអស់នេះ ជាសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ុយក្រែនចង់បាន។ 

ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូនចំពោះ​ឯកឧត្តមរដ្ឋមន្ត្រីការបរទេស​អ៊ុយក្រែន​ ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តមប្រធានាធិបតី និងការសាទរ​ថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា។សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ធ្លាប់ទទួលរងការឈ្លានពាន។ ដូច្នេះកម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន។ សម្តេចបន្តថា ជំហររបស់កម្ពុជា​ចំពោះសង្គ្រាមនៅអ៊ុយក្រែន​ គឺការប្រកាន់​ភ្ជាប់ និង​គោរព​គោលការណ៍​ដែលបានចែកក្នុងធម្មនុញ្ញអង្គការ​សហប្រជាជាតិ​និងច្បាប់អន្តរជាតិ។ កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង​ ឬការប្រើប្រាស់​ហិង្សាមកលើអធិបតេយ្យ​ និងមរណភាព​ដែនដី​របស់រដ្ឋឯករាជ្យនិង​មិនគាំទ្រដល់​ការបំបែករដ្ឋ ឬការ​ទន្ទ្រានយកទឹកដី​ពីប្រទេសដ​ទៃឡើយ។

ឆ្លៀតឱកាសនោះ សម្ដេចបានផ្ដាំផ្ញើនូវការសួរសុខទុក្ខ​ដល់ពលរដ្ឋ​អ៊ុយក្រែនទាំងអស់ និងជូនពរឲ្យប្រជាជនអ៊ុយក្រែន​ទាំងអស់បានទទួលនូវ​សុខសន្តិភាព​ និងការអភិវឌ្ឍក្នុង​ពេលឆាប់ៗខាង​មុខកុំបីខានឡើយ៕

No comments:

Post a Comment