Friday, November 25, 2022

ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ លើកឡើងថា ប្រទេសទាំងពីរគួរតែខិតខំបន្តការផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ

លោកស្រី Sahiba Gafarova ប្រធានរដ្ឋសភានៃសធារណរដ្ឋអាស៊ែបៃហ្សង់ បានលើកឡើងថា ប្រទេសទាំងពីរគួរតែខិតខំបន្តការផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងជួបពិភាក្សាការងាររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា និងលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភានៃសធារណរដ្ឋអាស៊ែបៃហ្សង់ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

នាឱកាសនេះដែរ លោកស្រី Sahiba Gafarova បានថ្លែងយ៉ាងដូច្នេះថា «ប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាព រវាងសភានៃប្រទេសទាំងពីរផងដែរ។ ទំនាក់ទំនងសភានៃប្រទេសទាំងពីរ ពិតជាបានដើរតួនាទីយ៉ាងសំខាន់។ ដូចនេះសភានៃប្រទេសទាំងពីរគួរតែខិតខំបន្តការផ្លាស់ប្តូរទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែរឹងមាំថែមទៀត»

ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានបញ្ជាក់ថា ប្រទេសទាំងពីរមានឯកសារសំខាន់ចំនួន០៣ កំពុងពិភាក្សា ហើយឯកសារ ចំនួន២ត្រូវបានចុះហត្ថលេខារួចហើយ។ សភានៃប្រទេសទាំងពីរត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីជួយដល់ រដ្ឋាភិបាល នៃប្រទេសទាំងពីរក្នុងការពង្រឹងពង្រីកទំនាក់ទំន និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើន ឡើងថែមទៀត។

បន្ថែមពីនេះ ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានថ្លែងអំណរគុណចំពោះសភាកម្ពុជា ដែលបានគាំទ្រសភាអាសាបៃហ្សង់ ជាអ្នកសង្កេតការណ៍ពេញសិទ្ធិនៃមហាសន្និបាតអន្តរសភាអាស៊ាន។ ជាមួយគ្នានេះ លោកស្រី បានគោរពអញ្ជើញសម្តេច ប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអាស៊ៃបៃហ្សង់ក្នុងពេលវេលាសមស្របណាមួយ។

ជាមួយគ្នានេះដែរ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្តដោយមើលឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្តរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើននេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក រវាងមន្រ្តីជាន់ខ្ពស់ នៃប្រទេសទាំងពីរ សមាជិកសភាកម្ពុជាចូលរួមបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ ជាពិសេសការអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ៃបៃហ្សង់ជាផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ កន្លងទៅ។

ជាថ្មីម្ដងទៀត សម្តេចប្រធាព្រឹទ្ធសភា បានគូសបញ្ជាក់ថា «ព្រឹទ្ធសភាសូមគាំទ្ររាល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងសំណូមពរឲ្យបន្តពិភាក្សាគ្នាដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ហើយចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពចេញជាលទ្ធផលជាក់ស្តែង ដើម្បីជាគុណប្រយោជន៍ ក្នុងការអភិវឌ្ឍប្រទេសទាំងពីរប្រកបដោយវឌ្ឍនភាព»







No comments:

Post a Comment