Friday, November 11, 2022

វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង អាចវាយប្រហារសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរ ហើយឬនៅ?

(សេអ៊ូល)៖ កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២នេះបានធ្វើតេស្ដបាញ់មីស៊ីល ក្នុងចំនួនដ៏ច្រើនបំផុតបំបែកកំណត់ត្រាថ្មីមួយ ហើយក្នុងចំណោមមីស៊ីលទាំងនេះក្នុងនោះរួមមាន មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មីស៊ីលល្បឿនលឿនជាងសំឡេងដែលអាចទម្លុះខែលការពារមីស៊ីលក្នុងពេលបច្ចុប្បន្ន ព្រមទាំងមីស៊ីលបាញ់ចេញពីទូររថភ្លើង វានាវាមុជទឹក និងបាញ់ចេញពីប្រព័ន្ធបាញ់មីស៊ីលចល័ត។ មិនតែប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាង ក៏ត្រូវបានគេជឿជាក់ដែរថាកំពុងត្រៀមធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ និងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧មក។

សម្រាប់លោក គីម ជុងអ៊ុន អាវុធទាំងនេះដែលលោក បាន និងកំពុងបន្តអភិវឌ្ឍ ដោយមិនខ្វល់ពីទណ្ឌកម្ម គឺពិតជាមានសារៈសំខាន់បំផុតក្នុង​ការការពាររបបដឹកនាំរបស់លោក ប្រឆាំងនឹងការប៉ុនប៉ងវាយប្រហារណាមួយពីសំណាក់ប្រទេស​ដែលលោកចាត់ទុកថាជាសត្រូវដូចជា «សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង»។ ក្រុមអ្នកវិភាគមួយចំនួនយល់ថា មហិច្ឆតាធំបំផុតរបស់លោក គីម ជុងអ៊ុន នោះគឺឈ្លានពានកូរ៉េខាងត្បូង ដោយយកគំរូតាមជីតារបស់លោក (លោក គីម អ៉ីលស៊ុង) ដែលធ្លាប់បានធ្វើកាលពីឆ្នាំ១៩៥០ តែមិនបានសម្រេច និងមានសមត្ថភាពកំញើញសហរដ្ឋអាមេរិកកុំឱ្យចូលជួយទីក្រុងសេអ៊ូល ក្នុងករណីសង្រ្គាមផ្ទុះឡើង។

កន្លងមក លោក គីម ជុងអ៊ុន មានអាយុ ៣៨ឆ្នាំ បានបង្ហាញពីចេតនាចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ តែក្រុមអ្នកវិភាគជាច្រើននៅតែជឿថាលោក គីម នឹង មិនអាចបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត។ នេះជាការពិត នៅក្រោយលោក គីមផ្ទាល់កាលពីខែកញ្ញាកន្លងទៅនេះ បានប្រកាសថាកូរ៉េខាងជើងគឺជារដ្ឋអាវុធនុយក្លេអ៊ែរ និងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថានឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរឡើយ ហើយថែមទាំងអនុម័តច្បាប់ថ្មីដែលបើកភ្លើងបៃតងឱ្យប្រើអាវុធនុយក្លេអ៊ែរវាយប្រហារបង្ការទុកជាមុន ទៀតផង។

កូរ៉េខាងជើង បានធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៦លើករួចមកហើយ ដោយក្នុងនោះមាន ៤លើកត្រូវបានធ្វើឡើងនៅក្នុងរបបដឹកនាំលោក គីម ជុងអ៊ុន ដែលបានឡើងកាន់ អំណាចចាប់តាំងពីឆ្នាំ២០១១មក។ ការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរទាំងនេះសុទ្ធតែត្រូវបានធ្វើឡើង នៅឯទីតាំងធ្វើតេស្តអាវុធនុយក្លេអ៊ែរ ភុងហ្គេរី (Punggye-ri) ជាតំបន់ភ្នំមួយស្ថិតនៅក្នុងខេត្ត ហាំយ៉ុង ខាងជើង (North Hamgyong)។ កូរ៉េខាងជើងបានធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកដំបូងក្នុងខែតុលា ឆ្នាំ២០០៦ ដោយមាន កម្លាំងផ្ទុះ ១គីឡូតោន ខណៈការធ្វើតេស្ដលើកចុងក្រោយបំផុតក្នុងឆ្នាំ២០១៧ មានកម្លាំងផ្ទុះដល់ ២៥០គីឡូតោន ពោលគឺកម្លាំងផ្ទុះនេះខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរដែល សហរដ្ឋអាមេរិកទម្លាក់លើទីក្រុង Hiroshima និងទីក្រុង Nagasaki ប្រទេសជប៉ុន នៅឆ្នាំ១៩៤៥ ចំនួន១៦ដង ឬមានកម្លាំងផ្ទុះពី ១៥ ដល់២០គីឡូតោន។

បើតាមទស្សនាវដ្ដី Bulletin of the Atomic Scientists កូរ៉េខាងជើងមានសម្ភារៈនុយក្លេអ៊ែរ និងបរិក្ខារស្នូលសំខាន់ៗ គ្រប់គ្រាន់ដែលអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរពី ៤៥ ដល់ ៥៥គ្រាប់ ហើយសព្វថ្ងៃរបបដឹកនាំលោក គីម ប្រហែលជាកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរពី ២០ ទៅ៣០គ្រាប់។ ប៉ុន្តែ វិទ្យាស្ថាន Carnegie Endowment for International Peace មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានវាយតម្លៃថាកូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងនេះ ដោយមានចាប់ពី ៤០គ្រាប់ ដល់៧០គ្រាប់។ ក្រុមអ្នកជំនាញ ភាគច្រើនដូចជាលោក វ៉ាន់ វ៉ាន់ ឌីភិន (Vann Van Diepen) ជាអ្នកជំនាញខាងអាវុធនុយក្លេអ៊ែរមកពីវិទ្យាស្ថាន Stimson Center បាននិយាយថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដ អាវុធនុយក្លេអ៊ែរលើកទី៧ ក្នុងពេលអនាគតដ៏ខ្លី ដោយសំអាងលើរូបភាពផ្កាយរណបដែលបង្ហាញពីសកម្មភាពជីករូងក្រោមដី និងការដ្ឋានសាងសង់នានា នៅឯតំបន់ Punggye-ri។ លោក ឌីភិន បន្ថែមថាការធ្វើតេស្ដលើកទី៧នេះ អាចជាការធ្វើតេស្ដក្បាលគ្រាប់នុយក្លេអ៊ែរដែលមានកម្លាំងផ្ទុះខ្លាំងជាងការធ្វើតេស្ដកាលពីឆ្នាំ២០១៧ ឬអាចជាការធ្វើតេស្ដក្បាល គ្រាប់នុយក្លេអ៊ែរខ្នាតតូចសម្រាប់បំពាក់លើមីស៊ីលរយៈចម្ងាយខ្លី ឬគេស្គាល់ថា «អាវុធនុយក្លេអ៊ែរតាក់ទិក» ហើយដែលសមត្ថភាពបែបនេះក៏អាចនឹងអនុញ្ញាតឱ្យកូរ៉េខាងជើង អភិវឌ្ឍការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់នៅលើមីស៊ីល ICBM ដែលមានន័យថាមីស៊ីលតែមួយគ្រាប់អាចវាយប្រហារលើគោលដៅច្រើន ក្នុងពេលតែមួយ។ ប៉ុន្តែ សំណួរ សំខាន់មួយនៅត្រង់នេះ នោះគឺថាក្រោយការធ្វើតេស្ដអាវុធអស់រយៈពេលជាច្រើនខែមកនេះ តើមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មានសមត្ថភាពខ្លាំង ដល់កម្រិតណា?

ខណៈមានក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់ក៏ពិតមែន តែគេមិនទាន់អាចដឹងឱ្យប្រាកដថាតើកូរ៉េខាងជើង មានសមត្ថភាពវាយប្រហារដោយអាវុធនុយក្លេអ៊ែរ លើកូរ៉េខាងត្បូង ជប៉ុន ឬក៏សហរដ្ឋអាមេរិក ដែរឬក៏យ៉ាងណានោះទេ? ក្រុមអ្នកជំនាញ បាននិយាយថាសមត្ថភាពបែបនេះគឺអាស្រ័យលើកត្តាសំខាន់ៗមួយចំនួន ដោយដំបូងបំផុត កូរ៉េខាងជើង ចាំបាច់ត្រូវអភិវឌ្ឍមីស៊ីលដែលអាចហោះ ឬបាញ់បានក្នុងរយៈចម្ងាយដល់ប្រទេសទាំង៣ និងទី២ ត្រូវមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលរយៈចម្ងាយខ្លី រយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ។

បើតាមក្រុមអ្នកជំនាញ កូរ៉េខាងជើងមានសមត្ថភាពខាងរយៈចម្ងាយបាញ់មីស៊ីល។ ពិតមែនទៅ កូរ៉េខាងជើងត្រូវបានគេរាយការណ៍​ថាមានសមត្ថភាពវាយ​ប្រហារលើគោលដៅ នៅលើទឹកដីកូរ៉េខាងត្បូង និងជប៉ុន អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ហើយកាលពីឆ្នាំ២០១៧ ព្យុងយ៉ាងបានបង្ហាញឱ្យពិភពលោកបានឃើញ​ពីសមត្ថភាពបាញ់បង្ហោះមីស៊ីល បាលិស្ទីគអន្តរទ្វីប អាចបាញ់ដល់សហរដ្ឋអាមេរិក ជាមួយការធ្វើតេស្ដដោយជោគជ័យនូវមីស៊ីលប្រភេទ វ៉ាសុង- ១៥ (Hwasong-15) ដែលអាចបាញ់បានក្នុងរយៈចម្ងាយ ១២,៨៧៤គីឡូម៉ែត្រ និងនៅខែមីនា ឆ្នាំ២០២២នេះ កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប Hwasong-17 ឬគេស្គាល់ថា «មីស៊ីលបិសាច» ដែលអាចបាញ់បានឆ្ងាយ ជាង Hwasong-15 ទៅទៀត។

តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញនៅតែសង្ស័យថាតើកូរ៉េខាងជើង មានសមត្ថភាពបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរឱ្យតូចល្មម សម្រាប់បំពាក់លើមីស៊ីលរបស់ខ្លួនហើយ ឬនៅ? អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងកាលពីឆ្នាំ២០២១ ថាកូរ៉េខាងជើងពិតជាមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី មធ្យម និងរយៈចម្ងាយឆ្ងាយ។ ប្រសិនបើនេះជាការពិត នោះមានន័យថាទីក្រុងព្យុងយ៉ាងអាចវាយប្រហារលើកូរ៉េខាងត្បូង និងជប៉ុន។ ប៉ុន្តែ សំណួរនៅតែមានគឺថាតើកូរ៉េខាងជើង មានសមត្ថភាពវាយប្រហារ​លើសហរដ្ឋអាមេរិក ឬទេ? នៅត្រង់នេះចំណុចសំខាន់ នោះគឺ «បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM» តែម្ដង។ មីស៊ីល ICBM ផ្តោតលើការបាញ់ បង្ហោះមីស៊ីលចូលទៅក្នុងទីអវកាស ហើយត្រឡប់ចូលមកក្នុងបរិយាកាសផែនដីវិញ មុននឹងធ្វើធ្លាក់យ៉ាងលឿនសំដៅ​ទៅរកគោលដៅដែលបានកំណត់។

ក្រុមអ្នកជំនាញភាគច្រើនបានអះអាងថា កូរ៉េខាងជើងមិនទាន់បង្ហាញថាតើខ្លួនមានសមត្ថភាពផលិតខែលការពារកម្ដៅ ដែលមានសមត្ថភាពការពារក្បាល​គ្រាប់នុយ​ក្លេអ៊ែរ ពីការ ប៉ះទង្គិច នៅពេលហោះត្រឡប់ចូលបរិយាកាសផែនដី នោះទេ។ នៅត្រង់បច្ចេកវិទ្យានេះ មានការយល់ឃើញផ្សេងៗពីគ្នា នៅក្នុងចំណោម​ក្រុមអ្នកជំនាញ ដោយអ្នកខ្លះថាសព្វថ្ងៃ កូរ៉េខាងជើងមិនទាន់មានសមត្ថភាពគ្រប់គ្រង និងបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរបំពាក់លើមីស៊ីល ICBM ក៏ដូចជាសមត្ថភាព​របស់មីស៊ីលទប់ទល់នឹងល្បឿន និងសីតុណ្ហភាព បាននៅឡើយទេ ហើយការធ្វើតេស្ដមីស៊ីល ICBM កាលពីពេលថ្មីៗនេះដែលកូរ៉េខាង​ត្បូងបញ្ជាក់ថាបរាជ័យ​គឺជាឧទាហរណ៍ស្រាប់។

តែយ៉ាងណាក៏ដោយ គំនិតមួយដែលគ្មាននរណាអាចប្រកែកបាន នោះគឺ កូរ៉េខាងជើងនឹងបន្តធ្វើតេស្ដ ដើម្បីកែលម្អសមត្ថភាពបែបនេះ។ ចំណែកឯ សមត្ថភាពផ្សេង​ទៀត​ដែល កូរ៉េខាងជើង កំពុងប្រឹងប្រែងអភិវឌ្ឍនៅក្នុងឆ្នាំ២០២២នេះ ក្នុងនោះរួមមានសមត្ថភាពគ្រប់គ្រង និងបញ្ជាមីស៊ីល រួមទាំងសមត្ថភាពទម្លុះប្រព័ន្ធខែល​ការពារមីស៊ីល និងការបាញ់ មីស៊ីលចេញពីទីតាំងផ្សេងៗគ្នា ដូចជាចេញពីទូររថភ្លើង និងនាវាមុជទឹកដែលសមត្ថភាពទាំងនេះ​អាចបង្កការលំបាកដល់​សត្រូវក្នុងការចាប់​សញ្ញា និងស្ទាក់បំផ្លាញអាវុធទាំងនេះ។ លើសពីនេះទៅទៀត កូរ៉េខាងជើងក៏បានធ្វើតេស្ដមីស៊ីលដែលប្រើឥន្ធនៈរឹង ជាបច្ចេកវិទ្យាមួយដែលជួយឱ្យមីស៊ីល​បាញ់បានលឿនជាងមីស៊ីលប្រើឥន្ធនៈរាវ។

ទោះបីជាកូរ៉េខាងជើង មានការរីកចម្រើនក្នុងការអភិវឌ្ឍមីស៊ីលក៏ពិតមែន ក៏សហរដ្ឋអាមេរិកដែលមូលដ្ឋានទ័ព និងកងទ័ពនៅកូរ៉េខាងត្បូង និងជប៉ុន នៅតែបន្តមានសមត្ថភាព យោធាខ្ពស់ជាងកូរ៉េខាងជើងឆ្ងាយ ទាំងអាវុធនុយក្លេអ៊ែរ និងអាវុធទូទៅធម្មតា។​ ជាឧទាហរណ៍ សហរដ្ឋអាមេរិកអាចវាយប្រហារលើកូរ៉េខាងជើង ដោយប្រើមីស៊ីលបាញ់ចេញពី នាវាមុជទឹកក្នុងតំបន់ប៉ាស៊ីហ្វិក និងបាញ់ចេញពីយន្ដហោះទម្លាក់គ្រាប់បែក B-52 ឬក៏អាចប្រើមីស៊ីលរយៈចម្ងាយមធ្យមបាញ់ចេញពីកោះហ្កាំ និងមីស៊ីល ICBM បាញ់ចេញពីតំបន់ ឆ្នេរភាគខាងលិចនៃរដ្ឋកាលីហ្វ័ញ៉ា។ ប៉ុន្តែ បើតាមក្រុមអ្នកជំនាញ ខណៈបច្ចេកវិទ្យាអាវុធកូរ៉េខាងជើងកាន់តែរីកចម្រើនទៅមុខ វាអាចនឹងធ្វើឱ្យភាគីទាំងសងខាងញញើតគ្នា ទៅវិញទៅទៅមក ដោយកូរ៉េខាងជើងអាចនឹងកំញើញសហរដ្ឋអាមេរិក មិនឱ្យបង្កសង្រ្គាមមុន ហើយសហរដ្ឋអាមេរិកនឹងកំញើញកុំឱ្យកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរ៕ ដោយ៖ Fresh News









No comments:

Post a Comment