Saturday, October 22, 2022

វិភាគអន្តរជាតិ៖ តើចិន មានសមត្ថភាពធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិក ហើយឬ?


(វ៉ាស៊ីនតោន)៖ យោធាចិន បាន និងកំពុងលេចត្រដែតឡើងក្នុងនាមជាគូប្រជែងដ៏ពិតបា្រដកមួយរបស់សហរដ្ឋអាមេរិក នៅក្រោមការដឹកនាំនៃប្រធានាធិបតីចិន លោក ស៊ី ជិនពីង ហើយនេះគឺជាការពិត ដោយរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានចាត់ទុកចិនជាគូប្រជែងភូមិសាស្ត្រនយោបាយយូរអង្វែងដែលអាចប្រជែងជាមួយអាមេរិកស្ទើរតែគ្រប់វិស័យ រាប់ចាប់ពីបច្ចេកវិទ្យា រហូតដល់យោធា។

កងទ័ពរំដោះប្រជាជនចិន PLA មានមីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic missiles) អាចទម្លុះប្រព័ន្ធការពារដែនអាកាសទំនើបៗនាពេលសព្វថ្ងៃ ជាបច្ចេកវិទ្យាមួយ ដែលយោធាអាមេរិក កំពុងស្ថិតនៅក្នុងការអភិវឌ្ឍនៅឡើយ។ PLA ក៏មានផងដែរនូវយន្ដហោះដ្រូនអាចបំផ្លាញបណ្ដាញទូរគមនាគមន៍, មានកងទ័ពជើងទឹកធំជាងគេបំផុតនៅលើ ពិភពលោក ដោយមាននាវាចម្បាំងច្រើនវ៉ាដាច់សហរដ្ឋអាមេរិក ហើយកាលពីពេលថ្មីៗនេះទើបតែបានដាក់ឱ្យប្រើប្រាស់នាវាផ្ទុកយន្ដហោះចម្បាំងទី៣ ជានាវាផ្ទុកយន្ដហោះចម្បាំង ដំបូងត្រូវបានរចនាឡើង និងផលិតនៅក្នុងស្រុក។ ចិនមានកញ្ចប់ថវិកាយោធាប្រចាំឆ្នាំច្រើនជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ព្រមទាំងមានកងទ័ពសកម្មប្រមាណ ២លាននាក់ ធៀបទៅនឹងសហរដ្ឋអាមេរិកមាន ១.៤លាននាក់។

ថ្លែងនៅក្នុងសុន្ទរកថានៅឯសមាជបក្សកុម្មុយនិស្ដចិនលើកទី២០ កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលាកន្លងទៅ លោក ស៊ី ជិនពីង បានលើកឡើងដូច្នេះថា «យើងត្រូវតែពង្រឹង ការត្រៀមលក្ខណៈ និងការបណ្ដុះបណ្ដាលយោធាឱ្យគ្រប់គ្រងជ្រុងជ្រោយ ព្រមទាំងកែលម្អសមត្ថភាពកងទ័ពដើម្បីអាចយកជ័យជម្នះ»។ លោកបន្ថែមទៀតថាការបង្រួបបង្រួម ជាមួយតៃវ៉ាន់ ត្រូវតែសម្រេចឱ្យខានតែបានជាមួយការសង្កត់ធ្ងន់ដែរថាចិននឹងមិនបោះបង់ចោលសិទ្ធិប្រើកម្លាំងយោធានោះឡើយ ដែលជាពាក្យសន្យាមួយទទួលបានការទះដៃ អបអរសារទរយ៉ាងកងរំពង។ ប៉ុន្មានថ្ងៃក្រោយការប្ដេជ្ញាចិត្តរបស់លោក ស៊ី ជិនពីង ប្រមុខកងទ័ពជើងទឹកអាមេរិក លោកឧត្ដមនាវី ម៉ៃក៍ ហ្ស៉ីលដេ (Mike Gilday) បានព្រមានថា យោធាអាមេរិកត្រូវតែត្រៀមខ្លួនលក្ខណៈចំពោះលទ្ធភាពដែលចិនអាចនឹងវាយប្រហារលើតៃវ៉ាន់ នៅមុនឆ្នាំ២០២៤។

ក្រុមអ្នកជំនាញយុទ្ធសាស្ត្រសង្រ្គាមជាច្រើន យល់ស្របដូចគ្នាថាមីស៊ីលរយៈចម្ងាយខ្លីរបស់កងទ័ពចិន PLA អាចកម្ទេចសត្រូវដែលចូលមកក្បែរតំបន់ឆ្នេររបស់ខ្លួន និងបានចំណាយ លុបរាប់ពាន់លានដុល្លារលើការផលិត និងអភិវឌ្ឍមីស៊ីលបាលិស្ទីគ ដែលអាចវាយប្រហារលើមូលទ័ពអាមេរិកទាំងអស់នៅក្នុងតំបន់អាស៊ី គួបផ្សំនឹងការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ជាមធ្យោបាយកំញើញសត្រូវ។។ រីឯសមត្ថភាពវាយប្រហារព័ត៌មានរបស់ប៉េកាំងវិញ គឺសឹងតែអាចវាយប្រហារបង្កការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានបំពង់ប្រេង ឧស្ម័ន និងប្រព័ន្ធផ្លូវដែក។ នេះបើតាមការិយាល័យនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិសហរដ្ឋអាមេរិក។ ជាការពិតណាស់ យោធាចិនប៉ុន្មានឆ្នាំ ចុងក្រោយនេះ ពិតជារីកចម្រើនទៅមុខយ៉ាងលឿនរហ័សពិតមែន ក៏ប៉ុន្តចិនត្រូវបានគេមើលឃើញថាមិនទាន់មានកងទ័ពជើងទឹកដ៏ទំនើប និងរឹងមាំ ហើយក៏មិនទាន់អាចក្លាយជា កំពូលមហាអំណាចកងទ័ពជើងទឹកបាននៅឡើយនោះដែរ។ ដូច្នេះថាតើកងទ័ពចិនពិតជាសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើសង្រ្គាមជាមួយសហរដ្ឋអាមេរិកដែរ ឬក៏យ៉ាងណា?

លោក ស៊ី ជិនពីង ធ្លាប់បានលើកឡើងថាដើម្បីការពារផលប្រយោជន៍ចិន នៅក្នុងដែនសមុទ្រដែលលោកចង់សំដៅលើកោះតៃវ៉ាន់ផងនោះ ចិនដាច់ខាតត្រូវតែមានកងទ័ពជើងទឹក ដ៏ទំនើប និងខ្លាំងក្លាមួយ ដែលមិនមែនត្រឹមតែអាចធ្វើបេសកកម្មក្នុងតំបន់ជិតៗ នៅក្បែររបងផ្ទះរបស់ខ្លួននោះទេ។ ក្នុងរយៈពេលជាង១៧ឆ្នាំមកនេះ នាវាចម្បាំងរបស់កងទ័ព ជើងទឹក PLA បានកើនឡើងដល់ទៅ ១៣២គ្រឿង ឬកើនឡើង ៦៥ភាគរយ ហើយនៅត្រឹមចន្លោះឆ្នាំ២០១៧ និងឆ្នាំ២០១៩ ចិនត្រូវបានគេរាយការណ៍ថាផលិតបាននាវាចម្បាំងថ្មីៗ បន្ថែម ច្រើនជាងឥណ្ឌា ជប៉ុន អូស្ត្រាលី បារាំង និងចក្រភពអង់គ្លេសរួមបញ្ចូលគ្នាទៅទៀត។ ក្នុងរបាយការណ៍ស្ដីពីអំណាចយោធាចិន (China Military Power) ​ចេញផ្សាយកាលពី ឆ្នាំ២០២១ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកផ្ទាល់បានឱ្យដឹងថាចិនមាននាវាចម្បាំងគ្រប់​ប្រភេទសរុប ៣៥៥គ្រឿង បើធៀបទៅនឹងកងទ័ពជើងទឹកអាមេរិក មាននាវាចម្បាំងគ្រប់ប្រភេទតែ ២៩៦គ្រឿងប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ កាលពីឆ្នាំ២០២១នោះដែរ ចិនបានដាក់ឱ្យប្រើនាវាចម្បាំងថ្មីៗដល់ទៅ ២៨គ្រឿងឯណោះ ស្របពេលដែលអាមេរិកបានដាក់ឱ្យប្រើប្រាស់នាវាចម្បំាងថ្មីត្រឹមតែ ៧គ្រឿង ហើយបើតាមមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បើនៅតែអាចរក្សាកំណើនផលិតបែបនេះ នោះចិន អាចនឹងមាននាវាចម្បាំងសរុបកើនដល់ ៤២៥គ្រឿងនៅត្រឹមឆ្នាំ២០៣០។

តែទោះជាមាននាវាចម្បាំងច្រើនជាងគេ និងជាប់ឈ្មោះជាកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោកក៏ពិតមែន តែមិនមានន័យថាកងទ័ពជើងទឹកចិនខ្លាំងក្លាដាច់គេ ឬអាច ធៀបទៅនឹងសហរដ្ឋអាមេរិកដែលកំពូលមហាអំណាចកងទ័ពជើងទឹកបានទេ។ ពោលគឺបច្ចុប្បន្ន វាគ្រាន់តែជាបរិមាណប៉ុណ្ណោះ ហើយបើនិយាយពីគុណភាពវិញ ជារឿងមួយផ្សេង ទៀត។ នាវាចម្បាំងដែលចិនមានសព្វថ្ងៃ មានមួយភាគធំគឺជានាវាល្បាតធម្មតា ដោយអាមេរិកមាននាវាពិឃាតទំនើបៗ ៩២គ្រឿង ខណៈចិនមានតែ៤១គ្រឿង។ ចិនមាននាវាមុជទឹក ជាង ៧៩គ្រឿង ហើយអាមេរិកមាន ៦៨គ្រឿង។ ប៉ុន្តែ នាវាមុជទឹកអាមេរិកសុទ្ធតែដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងពេលដែលនាវាមុជទឹកភាគច្រើនលើសលុបរបស់ចិន ដើរដោយ ថាមពលអគ្គិសនី និងប្រេង។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកមាននាវាផ្ទុកយន្ដហោះចម្បាំង ១១គ្រឿងដើរថាមពលនុយក្លេអ៊ែរ រីឯចិនមានតែបីគ្រឿងប៉ុណ្ណោះដែលសុទ្ធសឹងតែ ដើរដោយថាមពលធម្មតា។

គួរបញ្ជាក់ថា ចិនមិនដែលធ្វើសង្រ្គាមឡើយ ចាប់តាំងពីបានធ្វើសង្រ្គាមរយៈពេលខ្លីចុងក្រោយបំផុតជាមួយវៀតណាម ក្នុងឆ្នាំ១៩៧៩មក។ ផ្ទុយពីសហរដ្ឋអាមេរិក ដែលបានដើរធ្វើ សង្រ្គាមជាច្រើនក្នុងនោះរួមមានទាំងសង្រ្គាមចាយពេលជាង ២ទសវត្សរ៍នៅអ៉ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ដែលនេះធ្វើឱ្យកងទ័ពចិនខ្វះបទពិសោធន៍នៅលើសមរភូមិសង្រ្គាមជាក់ស្ដែង រហូតដល់ថ្នាក់ដឹកនាំចិនខ្លះចាត់ទុកថា «ចិនដូចជាដេកលង់លក់នៅក្នុងសន្តិភាពយូរពេកហើយ»។ តែនេះក៏មិនប្រាកដថាសហរដ្ឋអាមេរិកអាចយកឈ្នះចិនបានដោយងាយៗ នោះទេ។ បើតាមសៀវភៅសស្ដីពីវិស័យការពារជាតិចិន លោក ស៊ី ជិនពីង មានមហិច្ឆតា ធ្វើទំនើបកម្មយោធាចិនទាំងស្រុងនៅឆ្នាំ២០៣៥ ហើយចង់ឱ្យយោធាចិនក្លាយជាយោធា លំដាប់ពិភពលោកនៅឆ្នាំ២០៤៩ ចំនឹងថ្ងៃខួប១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន៕ ដោយៈ Fresh News

No comments:

Post a Comment