Saturday, October 08, 2022

វិភាគអន្តរជាតិ៖ ហេតុអ្វី ចិនមិនអាច ហើយនឹងមិនបោះបង់ចោលរុស្ស៉ី?



(តូក្យូ)៖ ខណៈរុស្ស៉ីបង្កើនការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្រោយបរាជ័យជាបន្តបន្ទាប់នៅអ៊ុយក្រែននាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានការលើកឡើងជាច្រើនថា ចិនកំពុងព្យាយាមនៅឆ្ងាយពីរុស្ស៉ី។ ការយល់ឃើញបែបនេះត្រូវបានមជ្ឈដ្ឋានខ្លះ សំអាងទៅលើការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯជំនួប ជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងប្រទេសអ៊ូសបេគីស្ថាន កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ។ នៅពេលចាប់ផ្ដើមកិច្ចប្រជុំ លោក ពូទីន បាននិយាយថា ចិនបានចោទសួរ និងបង្ហាញក្ដីបារម្ភចំពោះសង្រ្គាមនៅអ៊ុយក្រែន ជាសញ្ញានៃភាពតានតឹងដ៏កម្រនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំង២។


លោក ពូទីន ទំនងជាត្រូវបង្ខំចិត្តធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីទីក្រុងប៉េកាំងសម្ដែងការជំទាស់ទៅនឹងរុស្ស៉ី ដែលបានចេញផ្សាយការអត្ថាប្បាយមួយរបស់ មន្ត្រីជាន់ខ្ពស់ចិនម្នាក់ដោយឯកតោភាគី ជុំវិញសង្រ្គាមអ៊ុយក្រែន។ កាលពីដើមខែកញ្ញា លោក លី សានស៊ូ (Li Zhanshu) ជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ សភាជាតិប្រជាជនចិន បានបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ជាទីដែលលោកបានពិភាក្សាការងារជាមួយក្រុមមន្ត្រីរុស្ស៉ី។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី លោក លី សានស៊ូ បានប្រាប់សមាជិកសភារុស្ស៉ីមួយក្រុមថា «ចិនគាំទ្ររុស្ស៉ីនៅក្នុងសង្រ្គាមអ៊ុយក្រែន» ដោយការលើកឡើងនេះបានបង្កការក្ដៅក្រហាយយ៉ាងខ្លាំងនៅក្នុងចំណោមបណ្ដា ប្រទេសលោកខាងលិច។


ទីក្រុងប៉េកាំង នៅមិនទាន់ធ្វើអត្ថាធិ​ប្បាយណាមួយពាក់ព័ន្ធនឹងការកត់សម្គាល់របស់លោក លី នៅឡើយទេ តែផ្អែកលើភាពស្ងៀមស្ងាត់របស់ចិន វាមើលទៅហាក់ដូចជា រុស្ស៉ីបានចេញផ្សាយការអត្ថាធិប្បាយរបស់លោក លី ដោយមិនមានការយល់ព្រមពីចិនទេ។ តួយ៉ាង ប្រភពស្និទ្ធនឹងមន្ត្រីការទូតចិនបានឱ្យដឹងថាដោយសារតែការអន់ចិត្ត នឹងទង្វើវិមានក្រឹមឡាំង ទីក្រុងប៉េកាំងបានបង្ហាញការមិនពេញចិត្តរបស់ខ្លួនចំពោះទីក្រុងមូស្គូ។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ចិន បានប្រកាន់យកជាផ្លូវការនូវ «ជំហរអព្យាក្រឹត» ដោយមិនបានថ្កោលទោស ឬគាំទ្រសង្រ្គាមនេះនោះទេ ដូច្នេះច្បាស់ណាស់ថាចិនមុខជាបារម្ភខ្លាចថាការទម្លាយពី ការលើកឡើងរបស់លោក លី អាចឱ្យសហរដ្ឋអាមេរិក ឬលោកខាងលិច យកទៅធ្វើជាការសន្និដ្ឋានថាចិនបានផ្លាស់ប្ដូរគោលជំហរដោយងាកមកគាំទ្រសង្រ្គាមរបស់ លោក ពូទីន វិញ។


យ៉ាងណាក៏ដោយ ការលើកឡើងរបស់លោក ពូទីន ពីការចោទសួរ និងការព្រួយបារម្ភរបស់ចិន កំឡុងជំនួបជាមួយលោក ស៊ី ជិនពីង នៅអ៊ូសបេគីស្ថាន អាចជាការ ព្យាយាមបន្ទន់ចិត្តទីក្រុងប៉េកាំង ដោយទទួលស្គាល់ថាចិនមិនបានផ្ដល់ការគាំទ្រពេញទំហឹងដល់សង្រ្គាមរបស់លោកឡើយ។ បើមើលត្រឡប់ទៅក្រោយវិញ ទំនាក់ទំនង រវាងចិន និងរុស្ស៉ី កាលពីថ្ងៃទី៤ ខែកុម្ភៈ បានឡើងដល់ចំណុចដ៏ខ្ពស់មួយ នៅពេលលោក ពូទីន និងលោក ស៊ី ជិនពីងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមប្រកាសពី «ទំនាក់ទំនងមិត្តភាពគ្មានព្រំដែន» នៃប្រទេសទាំង២។ ប៉ុន្តែ នៅម្ខាង លោក ស៊ី ជិនពីង បានដាក់ការរឹតត្បិតលើកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយរុស្ស៉ី ក្រោយលោក ពូទីន បញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែន។ ចិន មកទល់នឹងបច្ចុប្បន្ន នៅតែប្រឹងប្រែងបញ្ចៀសរាល់ការផ្ដល់ជំនួយ ឬការធ្វើកិច្ចសហប្រតិបត្តិការទាំងឡាយណាដែល អាចនឹងបំពានទណ្ឌកម្មសេដ្ឋកិច្ចលោកខាងលិចប្រឆាំងនឹងរុស្ស៉ី រីឯក្រុមមន្ត្រីអាមេរិកក៏មើលឃើញដូចគ្នានេះដែរ។ ពោលគឺទោះបីជាបន្តទិញប្រេងពីរុស្ស៉ីក៏ពិតមែន តែ ចិននៅតែបន្តស្ទាក់ស្ទើរក្នុងការផ្ដល់អាវុធ ឬបរិក្ខារយោធាទំនើបៗឱ្យរុស្ស៉ី ហើយក៏មានសេចក្ដីរាយការណ៍ដែរថាវិមានក្រឹមឡាំងមានការខកចិត្តជាខ្លាំងចំពោះ ការស្ទាក់ស្ទើររបស់ចិន។


សំណួរដ៏សំខាន់នៅត្រង់នេះ នោះគឺថាតើចិនពិតជាកំពុង ឬនឹងព្យាយាមនៅឱ្យឆ្ងាយពីរុស្ស៉ីដែរឬក៏យ៉ាងណា? ហើយបើដូច្នេះមែនតើឆ្ងាយដល់កម្រិតណា? អនាគតនៃ ទំនាក់ទំនងរវាងចិន និងរុស្ស៉ី ធ្លាប់បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងសន្និសីទអន្តរជាតិមួយកាលពីដើមខែកញ្ញាកន្លងទៅនេះ ក្នុងទីក្រុងប៊ីលីស៊ី (Tbilisi) នៃប្រទេស ហ្ស៊កហ្ស៉ី។ ក្រុមអ្នកជំនាញដែលបានចូលរួមក្នុងសន្និសីទនេះត្រូវបានបែងចែកជា ២ក្រុម។ ក្រុមទី១ បានព្យាករថាសម្ព័ន្ធភាពជិតស្និទ្ធរវាងចិន និងរុស្ស៉ី នឹងមិនអាចគង់វង្ស យូរអង្វែងទេ ដោយសារតែភាពផ្ទុយគ្នានៅក្នុង «ផលប្រយោជន៍យុទ្ធសាស្ត្ររយៈពេលវែង» របស់ប្រទេសទាំង២។ រុស្ស៉ីកំពុងព្យាយាមស្វែងរកអនាគតថ្មីរបស់ខ្លួន ដោយ ការកែប្រែសណ្ដាប់ធ្នាប់ពិភពលោកសព្វថ្ងៃ រីឯចិនវិញកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនលើបណ្ដាប្រទេសដទៃ និងអង្គការអន្តរជាតិដែលស្ថិតនៅក្រោមប្រព័ន្ធសណ្ដាប់ធ្នាប់ ពិភពលោកដែលមានស្រាប់ ឬអាចនិយាយឱ្យខ្លីទាំងរុស្ស៉ី និងចិន «មានទំនាស់ផលប្រយោជន៍»។


ចំណែកឯ ក្រុមទី២ យល់ថារុស្ស៉ី និងចិននឹងបន្តរក្សាទំនាក់ទំនងជិតស្និទ្ធនឹងគ្នា ដ្បិតពួកគេមានផលប្រយោជន៍រួម ក្នុងការបន្សាបឥទ្ធិពលសហរដ្ឋអាមេរិកនៅលើឆាក អន្តជាតិ ហើយការយល់ឃើញនេះគឺមានភាពប្រាកដប្រជាជាងក្រុមទី១។ «ចិនមិនអាច ហើយក៏នឹងមិនបោះបង់ចោលរុស្ស៉ីនោះដែរ ក្នុងរយៈពេលខ្លី ឬមធ្យម»។ វាមាន ហេតុផលសំខាន់ ២យ៉ាង៖ ម្យ៉ាង នោះគឺមកពីកត្តាទីតាំងភូមិសាស្ត្រប្រទេសទាំង២ ដែលមានព្រំដែនជាប់គ្នា។ កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចិន និងសូវៀតធ្លាប់មាន វិវាទនឹងគ្នាជាញឹកញាប់នៅតាមតំបន់ព្រំដែន រហូតដល់ថ្នាក់ប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងឆ្នាំ១៩៦៩។ ក្នុងករណីនេះប្រសិនបើបោះបង់ចោលរុស្ស៉ីព្រោះតែសង្រ្គាម នៅអ៊ុយក្រែន នោះចិនខ្លួនឯងអាចនឹងបង្កើត «សត្រូវមួយដ៏ធំ» នៅក្បែររបងផ្ទះរបស់ខ្លួន ហើយនេះជាសុបិនអាក្រក់មួយដែលចិនមិនហ៊ាននឹកស្រមៃដល់។ បានន័យថា ចិនអាចនឹងត្រូវប្រឈមមុខជាមួយសហរដ្ឋអាមេរិក នៅឥណ្ឌូប៉ាស៊ីហ្វិកផង ហើយជាមួយរុស្ស៉ីនៅប៉ែកខាងជើងនៃរបងផ្ទះរបស់ខ្លួនផង។ នៅពាក់កណ្ដាលទសវត្សរ៍ ឆ្នាំ១៩៩០ នៅពេលដែលចិន និងរុស្ស៉ីចាប់ផ្ដើមពង្រឹងទំនាក់ទំនងមិត្តភាពឡើងវិញ ក៏ក្រុមមន្ត្រីចិនមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយពេលនោះមន្ត្រីជាន់ខ្ពស់ចិនម្នាក់ បានគូសបញ្ជាក់ដូច្នេះថា «ផ្ទុយពីសហរដ្ឋអាមេរិកដែលនៅដាច់ឆ្ងាយពីចិន ខណ្ឌចែកដោយមហាសមុទ្រប៉ាស៊ីហ្វិក រុស្ស៉ីនៅជិតបង្កើយជាមួយចិន ...រុស្ស៉ីអាចនឹងព្យាយាម ពង្រីកដែនឥទ្ធិពលរបស់ខ្លួននៅពេលអនាគតដែលអាចនឹងបង្កភាពតានតឹងជាមួយចិន...ដូច្នេះរុស្ស៉ីនៅតែជាប្រភពនៃការព្រួយបារម្ភដ៏ធំបំផុតសម្រាប់ចិន»។


ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍មួយ នៅពេលលោក បូរីស យែលស៊ីន (Boris Yeltsin) កាន់តំណែងជាប្រធានាធិបតីរុស្ស៉ី។ រីឯ ហេតុផលទី២ ដែលអាចរំពឹងថាសម្ព័ន្ធភាពរវាងចិន និងរុស្ស៉ីនឹងមានភាពយូរអង្វែង នោះគឺវត្តមានរបស់សហរដ្ឋអាមេរិកដែលជា «សត្រូវរួម» របស់ពួកគេ។ ចិនមាន គោលដៅក្លាយជាកំពូលមហាអំណាចក្នុងកម្រិតស្មើគ្នា ឬលើសជាមួយសហរដ្ឋអាមេរិក នៅមុនឆ្នាំ២០៥០ ហើយសម្រាប់ចិន រុស្ស៉ីគឺជាសម្ព័ន្ធមិត្តដែលជាមហាអំណាច តែមួយគត់ដែលអាចនឹងគាំទ្រទីក្រុងប៉េកាំងប្រឆាំងនឹងអាមេរិក។


ម្លោះហើយបើរុស្ស៉ី ដួលរលំដោយចាញ់សង្រ្គាមនៅអ៊ុយក្រែន នោះចិនអាចនឹងត្រូវប្រឈមមុខជាមួយសហរដ្ឋអាមេរិក និងលោកខាងលិចតែម្នាក់ឯង។ ដើម្បីទប់ស្កាត់ សេណារីយ៉ូអាក្រក់បែបនេះ ចិននឹងបន្តផ្ដល់ការគាំទ្រការទូត និងសេដ្ឋកិច្ចដល់រុស្ស៉ី បើទោះជានៅតែស្ទាក់ស្ទើរក្នុងការផ្ដល់ជំនួយយោធាលក៏ដោយ។ ជាថ្នូរមកវិញ នៅក្នុងតំបន់អាស៊ីខាងកើត រុស្ស៉ីអាចនឹងធ្វើសកម្មភាពលើកកម្ពស់ផលប្រយោជន៍ចិន ទាំងក្នុងសំណុំរឿងកោះតៃវ៉ាន់ និងជម្លោះនៅតំបន់សមុទ្រចិនខាងកើត រួមទាំង សមុទ្រចិនខាងត្បូងផងដែរ៕ Fresh News

No comments:

Post a Comment