Wednesday, September 21, 2022

វិភាគអន្តរជាតិ៖ តើគេអាចរំពឹងអ្វីបានខ្លះពីមហាសន្និបាត UN ក្នុងសប្ដាហ៍នេះ?


(ញូវយ៉ក)៖ សម័យប្រជុំលើកទី៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលជាការជួបជុំដ៏ធំបំផុតប្រចាំឆ្នាំរបស់មេដឹកនាំមកពីជុំវិញ ពិភពលោក បានចាប់ផ្ដើមហើយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ និងជាលើកដំបូងបំផុតដែលមេដឹកនាំនានាត្រូវចូលរួមដោយផ្ទាល់ក្នុងរយៈពេលជាង ២ឆ្នាំ មកនេះ ចាប់តាំងពីផ្ទុះនូវជំងឺឆ្លងរាតត្បាតកូវីដ១៩មក។


ប្រមុខរដ្ឋ និងអ្នកតំណាងរដ្ឋាភិបាលជាង ១៥៧រូប នឹងត្រូវថ្លែងសុន្ទរកថាចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងត្រូវថ្លែងសុន្ទរកថាជាវីដេអួថតទុកទៅកាន់មហាសន្និបាត។ ក៏ប៉ុន្តែ ខុសប្លែកខ្លាំងពីសព្វដង មហាសន្និបាត UN នៅពេលនេះ ធ្វើឡើងចំពេលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិធំៗស្ទើរជុំទិសរាប់ចាប់ពីវិបត្តិសេដ្ឋកិច្ច វិបត្តិមីយ៉ាន់ម៉ា ការប្រែប្រួលអាកាសធាតុ និងជាពិសេសនោះគឺសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែនតែម្ដងដែលអាចនឹងគ្របដណ្ដប់លើរបៀបវារៈដទៃទៀត។


ភាពតានតឹងត្រូវបានគេរំពឹងថានឹងកើនឡើងខ្លាំងរវាងរុស្ស៉ី សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែន រវាងចិន និងអាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ និងពាណិជ្ជកម្ម ព្រមទាំងរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងលោកខាងលិចស្ដីពីការផ្ដល់ជំនួយអភិវឌ្ឍន៍ និងជំនួយផ្សេងៗទៀត។ នៅមុនមហាសន្និបាត UN ចាប់ផ្ដើម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស (Antanio Guterres) បានលើកឡើងថា មហាសន្និបាតធ្វើឡើង ក្នុងបរិបទដែលពិភលោកកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលហ៊ុមព័ទ្ធដោយសង្រ្គាម គ្រោះមហន្តរាយធម្មជាតិ នៃការប្រែប្រួលអាកាសធាតុ ការភ័យខ្លាចបង្កឡើងដោយការស្អប់ខ្ពើម ភាពក្រីក្រ គ្រោះទុរភិក្ស និងវិសមភាព។ ដូច្នេះតើគេអាចរំពឹងអ្វីខ្លះពីមហាសន្និបាត UN នៅក្នុងសប្ដាហ៍នេះ?


* មេដឹកនាំរុស្ស៉ី ចិន ឥណ្ឌា និងអេត្យូពី មិនបានមកចូលរួមដោយផ្ទាល

មេដឹកនាំមកពីប្រទេសចំនួន៤ ក្នុងនោះរួមមាន រុស្ស៉ី ចិន ឥណ្ឌា និងអេត្យូពី នឹងមិនមកចូលរួមដោយផ្ទាល់នៅក្នុងមហាសន្និបាត UN នោះទេ ហើយបើតាម ក្រុមមន្ត្រី UN មេដឹកនាំទាំងនេះនឹងត្រូវតំណាងដោយរដ្ឋមន្ត្រីរបស់ខ្លួន ដែលនឹងថ្លែងសុន្ទរកថាម្ដងម្នាក់ៗ បន្ទាប់ពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំងអស់ បានថ្លែងសាររួចរាល់នៅក្នុងសាលមហាសន្និបាត។


ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនមានវត្តមានក្នុងមហាសន្និបាត UN នោះទេ បើទោះជាសង្រ្គាមរបស់លោកនៅអ៊ុយក្រែននឹងគ្របដណ្ដប់លើ បញ្ហាទាំងឡាយក៏ដោយ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលជាអ្នកចូលរួមវិភាគទានដ៏សំខាន់សម្រាប់ UN និងជាគូប្រជែងភូមិសាស្ត្រនយោបាយ ដ៏ធំរបស់សហរដ្ឋអាមេរិក រួមទាំងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក៏នឹងអវត្តមានដូចគ្នាដែរ។ លោក ស៊ី ជិនពីង និងលោក ពូទីន កាលពីប៉ុន្មាន ឆ្នាំមុនៗក៏ធ្លាប់អវត្តមានដែរ តែអវត្តមានរបស់មេដឹកនាំទាំង២ នៅក្នុងឆ្នាំនេះគឺជារឿងគួរឱ្យកត់សម្គាល់ ពីព្រោះថារុស្ស៉ី និងចិនគឺជាតួអង្គដ៏សំខាន់ដែល ជាប់ទាក់ទិននឹងបញ្ហាធំៗជាច្រើន ក្នុងនោះរួមមានទាំងសង្រ្គាមអ៊ុយក្រែន ជាដើម។


ទាំងលោក ស៊ី ជិនពីង លោក ពូទីន និងលោក ម៉ូឌី សុទ្ធតែបានចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងប្រទេសអ៊ូសបេគីស្ថាន កាលពីសប្ដាហ៍មុន និងដែលជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសដំបូងបំផុតរបស់លោក ស៊ី ជិនពីង ចាប់តាំងពីកូវីដ១៩ផ្ទុះឡើងមក។ ចំណែកឯ នាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អះម៉ាត់ (Abiy Ahmed) ធ្លាប់បានប្រកាសលោកនឹងចូលរួមក្នុងមហាសន្និបាត UN តែក្រោយមកលោកស្រាប់តែ លុបចោលវិញ នៅនាទីចុងក្រោយ។


* សហរដ្ឋអាមេរិក និងអឺរ៉ុបនឹងដាក់សម្ពាធឱ្យអ៉ីរ៉ង់ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

មេដឹកនាំអាមេរិក អ៉ីរ៉ង់ និងប្រទេសអឺរ៉ុបដែលជាភាគីពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញ នឹងមានវត្តមាន ក្នុងមហាសន្និបាត UN នៅក្នុងសប្ដាហ៍នេះ។ ប៉ុន្តែ បើតាមក្រុមមន្ត្រីអាមេរិក អ៉ីរ៉ង់ និងអឺរ៉ុប វាមានឱកាសតិចតួចបំផុតដែលមេដឹកនាំនៃប្រទេសទាំងនេះ នឹងជួបប្រជុំគ្នាជាលក្ខណៈទ្វេភាគី ឬក៏ប្រើប្រាស់មហាសន្និបាតដើម្បីអង្គុយចរចាគ្នា។ ទាំងអ៉ីរ៉ង់ និងលោកខាងលិចត្រូវបានគេរំពឹងថានឹងចោទប្រកាន់ ក៏ដូចជាទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមកជុំវិញបរាជ័យ ក្នុងកិច្ចចរចានាពេលកន្លងមក ហើយដាក់សម្ពាធឱ្យភាគីម្ខាងៗធ្វើសម្បទានរៀងៗខ្លួន។


ទីក្រុងវ៉ាស៊ីនតោន និងបណ្ដាប្រទេសអឺរ៉ុបបានចាប់កិច្ចចរចាជាមួយទីក្រុងតេហេរ៉ង់ចាប់តាំងពីខែមេសា កាលពីឆ្នាំ២០២១មក ក្នុងគោលបំណងស្ដារ ឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ដែលបានដាក់កំហិតលើសកម្មភាពនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែ លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះកាលពីឆ្នាំ២០១៨ ហើយចាប់តាំងពីពេលនោះមកដែរអ៉ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតដែលក្រុមអ្នកជំនាញយល់ថាគ្រប់គ្រាន់សម្រាប់ការផលិតគ្រាប់បែកនុយក្លេអ៊ែរ។


* លោកខាងលិចនឹងព្យាយាមបញ្ចុះបញ្ចូលប្រទេសកំពុងអភិវឌ្ឍន៍

សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងក្លាយជាប្រធានបទសំខាន់ដែលនឹងគ្របដណ្ដប់លើប្រធានបទដទៃទៀត នៅឯមហាសន្និបាត UN ហើយក៏នឹងបង្កឱ្យ មានភាពតានតឹងរវាងលោកខាងលិច និងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ បណ្ដាប្រទេសលោកខាងលិចរំពឹងថាអាចនឹងប្រើមហាសន្និបាតក្នុងសប្ដាហ៍នេះ ដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសទាំងអស់ថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលពួកគេចាត់ទុកថាជាទង្វើបំផ្លាញសណ្ដាប់ធ្នាប់ពិភពលោក ច្បាប់អន្តរជាតិ និងគោលការណ៍ធម្មនុញ្ញរបស់ UN ដែលហាមឃាត់ការឈ្លានពានប្រឆាំងនឹងរដ្ឋអធិបតេយ្យ និងឯករាជ្យ។


ក៏ប៉ុន្តែ លោកខាងលិចនឹងត្រូវប្រឈមមុខនឹងប្រតិកម្មឆ្លើយតបជាអវិជ្ជមានពីសំណាក់មេដឹកនាំនៃប្រទេសកំពុងអភិវឌ្ឍន៍មកពីតំបន់អាហ្វ្រិក អាស៊ី និងតំបន់មជ្ឈិមបូព៌ា ដែលកំពុងមើលឃើញថាលោកខាងលិចមានភាពអាត្មានិយមដោយគិតតែពីវិបត្តិនៅអឺរ៉ុប ហើយប្រងើយកន្ដើយចំពោះវិបត្តិធ្ងន់ធ្ងរដែល កំពុងកើតមាននៅក្នុងតំបន់របស់ពួកគេ រាប់ចាប់ពីគ្រោះទឹកជំនន់ រហូតដល់អសន្តិសុខស្បៀងអាហារ និងវិបត្តិមនុស្សធម៌នានា។ សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យលោកខាងលិចរួមសាមគ្គីគ្នា តែវាបានបង្កឱ្យមានការបែកបាក់គ្នារវាងលោកខាងលិច និងប្រទេសកំពុងអភិវឌ្ឍន៍។ ដូច្នេះលោកខាងលិចនឹងប្រើ មហាសន្និបាត UN ដើម្បីបង្ហាញពីតុល្យភាពនៃការផ្ដោតរបស់ខ្លួនលើសង្គ្រាមអ៊ុយក្រែន និងវិបត្តិដទៃ ពោលគឺបង្ហាញថាខ្លួនមិនបានបោះបង់ចោល ការយកចិត្តទុកដាក់លើតំបន់ណាមួយឡើយ។


គួរបញ្ជាក់ថា អ៊ុយក្រែននឹងត្រូវតំណាងដោយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន នៅឯមហាសន្និបាត UN។ រីឯ លោក ហ្សេលេនស្គី ត្រូវបាន អនុញ្ញាតជាពិសេសឱ្យថ្លែងសុន្ទរកថាតាមរយៈវីដេអូដែលបានថតទុកមុន នៅថ្ងៃពុធសប្ដាហ៍នេះ ហើយក្រុមប្រឹក្សាសន្តិសុខ UN ក៏គ្រោងនឹងបើកិច្ចប្រជុំ មួយស្ដីពីអ៊ុយក្រែន និងប្រធានបទស្ដីពីនិទណ្ឌភាពផងដែរ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕ ដោយៈ Fresh News


No comments:

Post a Comment