Saturday, September 24, 2022

វិភាគអន្តរជាតិ៖ តើនរណាទទួលផល ពីការផ្ទុះបំពង់ឧស្ម័ន Nord Stream?



(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមានហេតុការណ៍ផ្ទុះបំពង់ឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅក្រោមបាតសមុទ្របាល់ទិក ដែលផ្គត់ផ្គង់ឧស្ម័នចេញពីរុស្ស៉ីឆ្ពោះទៅកាន់ អាល្លឺម៉ង់ កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ក្រុមមន្ត្រីអឺរ៉ុប និងណាតូបានយល់ស្របដូចគ្នាថា «ការផ្ទុះនេះជាទង្វើបំផ្លិចបំផ្លាញដោយចេតនា» ពោលគឺមិនមែនកើតឡើងដោយ ចៃដន្យនោះទេ។ ការផ្ទុះដែលធ្វើឱ្យលេចធ្លាយឧស្ម័ននេះបានកើតឡើងនៅក្បែរកោះ ប៊នហូម (Bornholm) របស់ដាណឺម៉ាក នៅក្នុងតំបន់សមុទ្របាល់ទិក។

ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ទាំងសហរដ្ឋអាមេរិក រួមទាំងបណ្ដាសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មិនបាននិយាយចំឈ្មោះជនសង្ស័យណាមួយទេ ហើយថែមទាំងបញ្ជាក់ទៀត ផងថាវាហាក់ដូចជាលឿនពេកដែលទម្លាក់ការសង្ស័យលើរុស្ស៉ីថាជាអ្នកនៅពីក្រោយទង្វើបំផ្លិចបំផ្លាញនេះ បើទោះជាក្រុមមន្ត្រីអឺរ៉ុប និងអ្នកជំនាញលោកខាងលិចភាគច្រើន ដាក់ការសង្ស័យខ្ពស់ជាងគេលើរុស្ស៉ីក៏ដោយ។ បើតាមក្រុមអ្នកជំនាញ គេត្រូវការពេលវេលារាប់ខែ ដើម្បីវាយតម្លៃ និងជួសជុលការខូចខាតនៃបំពង់ឧស្ម័នទាំង២នេះ ហើយ វាជារឿងដ៏ស្មុគស្មាញបំផុត ក្នុងការឆ្លើយនឹងសំណួរថាតើនរណាជាអ្នកនៅពីក្រោយការបំផ្ទុះបំពង់ឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅក្នុងបរិបទដែលភាគី ពាក់ព័ន្ធកំពុងការចោទប្រកាន់ និងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។

ថាតើនរណានៅពីក្រោយការផ្ទុះនេះ គឺពិបាកឆ្លើយខ្លាំងណាស់ តែព្រមពេលជាមួយគ្នា ពិតណាស់វាប្រាកដជាមានអ្នកទទួលបានផលចំណេញពីទង្វើបំផ្លិចបំផ្លាញនេះ? ពិតមែនទៅ មានតួអង្គជាច្រើនអាចជាប់សង្ស័យ ដោយមិនមែនមានត្រឹមតែរុស្ស៉ីម្នាក់ឯងនោះទេ ទាស់នៅត្រង់ថារុស្ស៉ីត្រូវបានគេសង្ស័យខ្ពស់ជាងគេ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ ក្រុមមន្ត្រីអ៊ុយក្រែនបានចោទត្រង់ៗ តែម្ដងថា «ទង្វើវិច្ឆេទកម្ម ឬការបំផ្លិចបំផ្លាញដោយចេតនា» លើបំពង់ឧស្ម័ន Nord Stream 1 និង Nord Stream 2 គឺជាយុទ្ធសាស្ត្រមួយរបស់រុស្ស៉ី ក្នុងការប្រើប្រាស់ឧស្ម័នជា អាវុធបំផ្លាញសាមគ្គីភាព និងការគាំទ្ររបស់អឺរ៉ុបចំពោះអ៊ុយក្រែន នៅមុនរដូវទឹកកកចូលមកដល់។ «ការលេចធ្លាយឧស្ម័នទ្រង់ទ្រាយធំបែបនេះច្បាស់ណាស់ថាជាផែនការ វាយប្រហារភេរវកម្មបង្កឡើងដោយរុស្ស៉ី និងជាសកម្មភាពឈ្លានពានប្រឆាំងនឹងសហភាពអឺរ៉ុប»។ នេះជាការលើកឡើងរបស់ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mikhaylo Podolyak)។

ក៏ប៉ុន្តែ មានចំណុចគួរឱ្យសង្ស័យចំពោះការអះអាងបែបនេះ នោះគឺនៅត្រង់ថារុស្ស៉ីទំនងជានឹងទទួលផលតិចតួចប៉ុណ្ណោះ ហើយអាចនឹងបាត់បង់ឥទ្ធិពលទាំងស្រុងលើអឺរ៉ុបតែម្ដង ប្រសិនបើមូស្គូបំផ្លាញបំពង់បង្ហូរឧស្ម័នរបស់ខ្លួនឯងចោល។ បានន័យថាជាយុទ្ធសាស្ត្រល្អ លោក ពូទីន មានតែត្រូវទុកបំពង់ឧស្ម័នទាំងនេះដោយចង់បិទ ឬបើកតាមតែចិត្តរបស់ លោកដើម្បីដាក់សម្ពាធ ឬមានឥទ្ធិពលលើការសម្រេចចិត្តរបស់អឺរ៉ុប។ បំពង់ឧស្ម័ន Nord Stream 1 និង Nord Stream 2 ត្រូវបានកាន់កាប់ក្រោមគម្រោងរួមគ្នារវាងក្រុមហ៊ុន រុស្ស៉ី Gazprom និងក្រុមហ៊ុនអឺរ៉ុបជាដៃគូចំនួន៤ ដោយក្នុងនោះ Gazprom ក្ដាប់ភាគហ៊ុន ៥១ភាគរយ។

ក្រៅតែពីរុស្ស៉ី អ៊ុយក្រែន ប៉ូឡូញ ហ្វាំងឡង់ និងប្រទេសក្នុងតំបន់បាល់ទិកទាំង៣ ដូចជាអេស្ដូនី ឡេតូនី និងលីទុយអានី ក៏អាចជាជនសង្ស័យដែរ ដ្បិតពួកគេសុទ្ធតែមាន ទំនាក់ទំនងល្អក់កករជាមួយរុស្ស៉ី និងតែងតែបង្ហាញជំហរប្រឆាំងនឹងការពឹងផ្អែកលើបំពង់បង្ហូរឧស្ម័នរុស្ស៉ី។ តែយ៉ាងណាក៏ដោយ ប្រទេសទាំងនេះតួយ៉ាងដូចជាអ៊ុយក្រែនមាន ភាគរយតិចតួចណាស់ ដែលមានជាប់ពាក់ព័ន្ធ ពីព្រោះថាវាអាចនឹងខាតបង់ប្រយោជន៍ធំ ដ្បិតបើរកឃើញថាជាអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញ នោះទីក្រុងកៀវ អាចនឹងបាត់បង់ការគាំទ្រពីសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។

ដូច្នេះចុះសហរដ្ឋអាមេរិកវិញ? សហរដ្ឋអាមេរិកបានបង្ហាញជំហរប្រឆាំង និងអំពាវនាវជារឿយៗឱ្យប្រទេសអឺរ៉ុប ជាពិសេសគឺអាល្លឺម៉ង់បញ្ឈប់ការពឹងផ្អែកលើការនាំចូលឧស្ម័នពី រុស្ស៉ី។ កាលពីឆ្នាំ២០១៨ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានបណ្ដាប្រទេសអឺរ៉ុបនៅឯមហាសន្និបាតអង្គការសហប្រជាជាតិពីលទ្ធភាពដែលរុស្ស៉ីនឹង ប្រើឧស្ម័នជាអាវុធ។ តែនៅពេលនោះ ក្រុមមន្ត្រីប្រតិភូអាល្លឺម៉ង់បែរជាត្រូវបានគេថតជាប់បង្ហាញកាយវិការចំអកដាក់លោក ត្រាំទៅវិញ ហើយនៅក្រោយសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើង ទើបការព្រមានរបស់លោក ត្រាំបានក្លាយជាការពិត បន្ទាប់ពីរុស្ស៉ីកាត់ផ្ដាច់ការផ្គង់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានចោទប្រកាន់ថាសហរដ្ឋអាមេរិក គឺជានៅពីក្រោយការបំផិ្លចបំផ្លាញ ដោយលោកសំអាងថាអាមេរិកដែលជាអ្នកផ្គត់ផ្គង់ ឧស្ម័នធម្មជាតិដ៏ធំមួយដែរនោះ អាចនឹងទទួលបានផលចំណេញជាច្រើនពីការបង្កើនការលក់ឧស្ម័នឱ្យអឺរ៉ុប។ បន្ថែមពីលើនេះ សារព័ត៌មានរុស្ស៉ីក៏បានបង្ហាញពីការគាំទ្រចំពោះ ការលើកឡើងរបស់លោក ប៉េសកូវដែរ តាមរយៈការចេញផ្សាយវីដេអូមួយរបស់លោក បៃដិន ដែលបានថ្លែងកាលពីថ្ងៃទី៧ ខែកុម្ភៈដូច្នេះថា «ប្រសិនបើរុស្ស៉ីឈ្លានពាន អ៊ុយក្រែន នោះវានឹងលែងមានទៀតហើយបំពង់ឧស្ម័ន Nord Stream 2....»។

សហរដ្ឋអាមេរិក បានក្លាយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នូវឧស្ម័ន LNG ទៅកាន់អឺរ៉ុបដែលកំពុងស្ដុកទុកឧស្ម័នប្រភេទនេះ ដើម្បីប្រើប្រាស់នៅរដូវទឹកកក។ ឧស្ម័ន LNG របស់អាមេរិក ភាគច្រើនត្រូវបានផ្គត់ផ្គង់តាមរយៈប្រទេសបារាំង អេស្ប៉ាញ និងហូឡង់ ហើយក៏មានសេចក្ដីរាយការណ៍ដែរថាសហរដ្ឋអាមេរិកមានសមត្ថភាពគ្រប់គ្រាន់ ក្នុងនាំចេញឧស្ម័ន LNG ទៅកាន់ទ្វីបអឺរ៉ុប និងអាស៊ី។ នេះមានន័យថា បើបំពង់ឧស្ម័នរុស្ស៊ីទាំង២ គាំងដំណើរការ នោះអាមេរិកអាចនឹងក្លាយជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំមួយឲ្យអឺរ៉ុបផង ហើយក៏អាចបន្សាបឥទ្ធិពលឧស្ម័នរបស់រុស្ស៊ីនៅអឺរ៉ុបផង៕ (Fresh News)

No comments:

Post a Comment