Thursday, September 15, 2022

វិភាគអន្តរជាតិ៖ ចិន រុស្ស៉ី និងកូរ៉េខាងជើង, បក្សសម្ព័ន្ធត្រីភាគី?


(វ៉ាស៊ីនតោន)៖ នៅក្នុងសប្ដាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីងនឹងត្រូវជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាសដែលមេដឹកនាំ នៃប្រទេសទាំង២ ចូលរួមក្នុងកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) រៀបចំឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន។ ដំណើរទស្សនកិច្ច នៅអ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាននឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុតរបស់លោក ស៊ី ជិនពីង ក្នុងរយៈពេលជាង ២ឆ្នាំកន្លះមកនេះ ចាប់តាំងពីការឆ្លងរាតត្បាតជំងឺកូវីដ១៩មក។


មិនតែប៉ុណ្ណោះ វាក៏នឹងក្លាយជាឱកាសមួយផងដែរដើម្បីឱ្យលោក ស៊ី ជិនពីង ជួបមុខលោក ពូទីន ដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីមេដឹកនាំទាំង២ បាន ប្រកាសពី «ទំនាក់ទំនងគ្មានព្រំដែន» រវាងរុស្ស៉ី និងចិន តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងរុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែន។ ក៏ប៉ុន្តែ ខណៈការផ្តោតបង្វែរទៅលើ ប្រតិកម្មរបស់ចិនចំពោះសង្រ្គាមនៅអ៊ុយក្រែន និងទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ កូរ៉េខាងជើងឯណេះវិញបានចា ប់យកឱកាសពង្រឹងទំនាក់ទំនង កាន់ស្អិតល្មួតជាមួយចិន និងរុស្ស៉ី ខណៈទីក្រុងព្យុងយ៉ាងបានផាត់ចោលកិច្ចចរចាជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។


កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារមួយទៅកាន់លោក ពូទីន នាឱកាសនានៃការប្រារព្ធខួបចុះចាញ់របស់ ជប៉ុនក្នុងសង្រ្គាមលោកលើកទី២ ហើយដែលនៅក្នុងសារនេះ លោក គីម បានគូសបញ្ជាក់ពីការរីកចម្រើននៃ «កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងតាក់ទិក ការគាំទ្រ និងសាមគ្គីភាពរវាងប្រទេសទាំង២»។ ២សប្ដាហ៍មុននេះ ពោលគឺកាលពីថ្ងៃទី១ ខែសីហា នាពេលដែលចិនប្រារព្ធខួបបង្កើតកងទ័ពរំដោះប្រជាជនចិន PLA រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក រី យ៉ុង ហ្គីល (Ri Yong Gil) ក៏បានផ្ញើសារមួយទៅកាន់សមភាគីចិនរបស់លោក គឺលោក វ៉ី ហ្វឹងហេ (Wei Fenghe) ដែរ។


បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង សាររបស់លោក រី យ៉ុង ហ្គីល បានបញ្ជាក់ថាកងទ័ពប្រជាជនកូរ៉េខាងជើងនឹងបន្តធ្វើកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធនូវ ប្រតិបត្តិការជាយុទ្ធសាស្ត្រ និងតាក់ទិកជាមួយយោធាចិន។ ពាក្យពេចន៍នៅក្នុងសារទាំង ២ខាងលើ បានបង្ហាញពីចំណុចរបត់ថ្មីមួយនៃទំនាក់ទំនងរវាង កូរ៉េខាងជើង ជាមួយចិន និងរុស្ស៉ី។ ពីព្រោះថានេះគឺជាលើកដំបូងបំផុតដែលកូរ៉េខាងជើងបានប្រើពាក្យ «យុទ្ធសាស្ត្រ និងតាក់ទិក» ដើម្បីពិព៌ណនាពីទំនាក់ទំនង ជាមួយមូស្គូផង និងប៉េកាំងផង។ ក្រុមមន្ត្រីលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកបានបង្ហាញក្ដីបារម្ភជាខ្លាំង នៅក្រោយលោក ស៊ី ជិនពីង កាលពីខែកុម្ភៈ កន្លងទៅ បានប្រកាសពី «ទំនាក់ទំនងគ្មានព្រំដែន» រវាងចិន និងរុស្ស៉ី។ ព្រួយបារម្ភ គឺដោយសារតែការប្រកាសបែបនេះវាជាសញ្ញាបញ្ជាក់ពីការផ្លាស់ប្ដូរទិដ្ឋភាព ភូមិសាស្ត្រនយោបាយមួយដែលបង្ហាញថាចិន និងរុស្ស៉ីកាន់តែមានបំណងរួមដៃគ្នា «បង្កើតសម្ព័ន្ធភាពផ្លូវការ» ប្រឆាំងសហរដ្ឋអាមេរិកដែលចិនមើលឃើញថា កំពុងថមថយឥទ្ធិពលក្នុងតំបន់អាស៊ី។


ឃើញចិន និងរុស្ស៉ីកាន់ខិតជិតគ្នា លោក គីម ជុងអ៊ុន ក៏មិនអាចនៅស្ងៀមបានដែរ ដោយលោកបានចាប់យកឱកាសពង្រឹងទំនាក់ទំនងជាមួយចិន និងរុស្ស៉ីដែល មានទំនាក់ទំនងល្អជាមួយកូរ៉េខាងជើងស្រាប់ទៅហើយនោះ តាមរយៈការចេញមុខថ្កោលទោស និងបង្កើនវោហាសាស្ត្រប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជា បង្ហាញការគាំទ្រចិន រួមទាំងរុស្ស៉ីត្រង់ៗតែម្ដង។ តាំងតែពីដើមមក កូរ៉េខាងជើងមិនដែលនិយាយឱ្យច្បាស់ៗជុំវិញលទ្ធភាពនៃការរំសាយអាវុធនុយក្លេអ៊ែរ នោះទេ។ ប៉ុន្តែ កាលពីថ្ងៃទី៨ ខែកញ្ញាកន្លងទៅនេះ លោក គីម ជុងអ៊ុន បានប្រកាសជាសាធារណៈថាកូរ៉េខាងជើងនឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ជាដាច់ខាត ហើយក៏លែងមានទៀតដែរកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ។ បន្ថែមពីលើនេះ លោក គីម បានដាក់ចេញច្បាប់ថ្មីមួយដែលនឹងអនុញ្ញាតឱ្យ កូរ៉េខាងជើងបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរបង្ការជាមុន ប្រសិនបើរបបដឹកនាំលោក គីម មានអារម្មណ៍ថារងការគំរាមកំហែង។


តាមរយៈច្បាប់ថ្មីនេះ គេអាចឃើញយ៉ាងច្បាស់ថាកូរ៉េខាងជើងបានបោះបង់ចោលក្ដីសង្ឃឹមដែលនៅសេសសល់បន្តិចបន្តួច ក្នុងការស្ដារទំនាក់ទំនងឡើងវិញ ជាមួយសហរដ្ឋអាមេរិក។ ការវិវត្តន៍ថ្មីនេះកើតមានឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានបង្ហាញការគំាទ្រដល់ចិន និងរុស្ស៉ី ក្នុងពេលដែលប្រទេស ទាំង២នេះមានភាពតានតឹងខ្លាំងជាមួយសហរដ្ឋអាមេរិក។ កូរ៉េខាងជើង គឺជាប្រទេសមួយក្នុងចំណោម៥ ដែលបានបោះឆ្នោតជំទាស់ទៅនឹងការថ្កោលទោស ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន នៅឯអង្គការសហប្រជាជាតិ ហើយខណៈប្រទេសជាច្រើនជ្រើសរើសបោះឆ្នោតអនុបវាទ កូរ៉េខាងជើងវិញកាន់តែបង្ហាញ ជំហរឈរនៅខាងរុស្ស៉ី រហូតដល់ប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួន ២នៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ កាលពីខែកក្កដាកន្លងទៅនេះ។


ដោយឡែក នៅពេលចិន និងសហរដ្ឋអាមេរិកមានភាពតានតឹងនឹងគ្នាយ៉ាងខ្លាំង ដោយសារដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់កាលពីខែសីហាកន្លងទៅ កូរ៉េខាងជើង បានចេញមុខគាំទ្រចិន និងថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង។ ជាការឆ្លើយតបទៅ វិញ ចិន និងរុស្ស៉ី បានបោះឆ្នោតបិទខ្ទប់ដំណោះស្រាយដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញ ការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាងកាលពីប៉ុន្មានខែមុននេះ ព្រមទាំងអំពាវនាវឱ្យដកទណ្ឌកម្មមួយចំនួនពីទីក្រុងព្យុងយ៉ាង និងសន្យាពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ ជាមួយកូរ៉េខាងជើងទៀតផង។ សម្រាប់ភាគីចិន លោក ស៊ី ជិនពីងបានសន្យាថាទីក្រុងប៉េកាំងនឹងអភិវឌ្ឍ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិន និងកូរ៉េខាងជើង នៅក្រោម «ស្ថានភាពថ្មីមួយ»។ រីឯលោក ពូទីនវិញ បានឆ្លើយតបនៅក្នុងសារមួយផ្ញើ ទៅកាន់លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៥ ខែសីហាថាលោកបានត្រៀមខ្លួនជាស្រេច ក្នុងការពង្រីកទំនាក់ទំនងគ្រប់ជ្រុងជោយ និងទ្វេភាគីប្រកបដោយ លក្ខណៈស្ថាបនា។


សម្រាប់ទីក្រុងព្យុងយ៉ាង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន និងរុស្ស៉ី គឺអាចនឹងទទួលបានមកវិញនូវការតបស្នងភ្លាមៗ និងផលប្រយោជន៍ដែលខ្លួន ត្រូវការជាចាំបាច់ពីប្រទេសទាំង២ ក្នុងនោះរួមមានការផ្គត់ផ្គង់ចំណីអាហារ ឥន្ធនៈ ឬក៏វ៉ាក់សាំងបង្ការកូវីដ១៩ និងខ្នងបង្អែកដែលអាចជួយព្យុងយ៉ាងប្រឈមមុខ ដោយពើងទ្រូងជាមួយសហរដ្ឋអាមេរិក។


នៅក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនក្នុងតំបន់អាស៊ី ចំពោះមុខការធ្លាក់ចុះដុនដាប នៃទំនាក់ទំនងជាមួយចិន និងរុស្ស៉ី វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេដែលចិន និងរុស្ស៉ី ចង់បញ្ចូលកូរ៉េខាងជើងនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន ឬបង្កើត បក្សសម្ព័ន្ធមួយដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិកដែលជាសត្រូវរួមរបស់ពួកគេ។ អ្វីដែលគេប៉ាន់ស្មានបាននៅពេលនេះ នោះគឺបក្សសម្ព័ន្ធត្រីភាគីណាមួយ រវាងចិន រុស្ស៉ី និងកូរ៉េខាងជើង វានឹងធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងដល់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ អាស៊ី ព្រមទាំងបង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់ សហរដ្ឋអាមេរិក៕ ដោយៈ Fresh News


No comments:

Post a Comment