Friday, September 30, 2022

អ្នកវិភាគចៅចាក់ស្មុក៖ ក្រុមចលនាមាតាធម្មជាតិនិងគូកនកំពុងបន្តអនុវត្តផែនការបដិវត្តន៍ពណ៌នៅកម្ពុជាជ្រកក្រោមស្លាកបរិស្ថាននិងធនធានធម្មជាតិ

ជាថ្មីម្តងទៀត ជនបរទេសឈ្មោះ អាឡិច ហ្គន់ហ្សើលេស ដាវីតសុន មេចលនាមាតាធម្មជាតិក្រៅច្បាប់ បាននិងកំពុងបញ្ជាសមាជិករបស់ខ្លួននៅក្នុងប្រទេស ឱ្យធ្វើសកម្មភាពក្រោមរូបភាពផ្សេងៗជ្រកក្រោមស្លាកអ្នកស្រឡាញ់ធនធានធម្មជាតិ បានបង្ហាញក្រយ៉ៅ«មេបដិវត្តន៍ពណ៌របស់ខ្លួន»យ៉ាងច្បាស់ក្នុងការយកបញ្ហាបរិស្ថាននិងធនធានធម្មជាតិជាឈ្នួនញុះញង់ដុតកំហឹងប្រជាពលរដ្ឋដើម្បីបំផ្ទុះបដិវត្តន៍ពណ៌តាមផែនការទុច្ចរិតរបស់ពួកគេដែលបានរៀបចំជាយូរឆ្នាំមកហើយ។ តាមរយៈវិទ្យុអាស៊ីសេរីដែលជាឧបករណ៍ បំពងសំឡេងឃោសនាដាច់ថ្លៃរបស់ក្រុមប្រឆាំងនិងចៅហ្វាយនាយបរទេសរបស់ពួកគេផ្សាយនៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានញុះញង់សាជាថ្មីឱ្យប្រជាពលរដ្ឋកម្ពុជាផ្លាស់ប្តូរ ប្រព័ន្ធនយោបាយកម្ពុជាបច្ចុប្បន្នដែលជាការញុះញង់បដិវត្តន៍ពណ៌មិនអាចប្រកែកបាន។ 

អាឡិចបានថ្លែងថា៖«វិធីដោះស្រាយបញ្ហាបទល្មើសព្រៃឈើគឺត្រូុវតែផ្លាស់ប្តូរប្រព័ន្ធនយោបាយបច្ចុប្បន្ន។ ដរាបណាមានប្រព័ន្ធនយោបាយដូចសព្វថ្ងៃ គ្មានសង្ឃឹមទេសម្រាប់ព្រៃឈើ»។ ការនិយាយប្រកបដោយកំហឹងនិងការញុះញង់របស់ជនបរទេសរូបនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចេតនាអាក្រក់ដែលជនរូបនេះជាមួយបក្ខពួករបស់ខ្លួនជាយុវជនមួយ ចំនួនតូចទទួលបានការបង្វឹកស្ម័គ្រស្លាប់និងធ្វើសកម្មភាពប្រទូស្តរ៉ាយនឹងច្បាប់ មានចំពោះកម្ពុជា។ ពួកគេមិនមែនជាះ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិពិតប្រាកដដូចដែលពួកគេតែងតែស្រែកក្តែងៗនោះទេ តែធាតុពិត ពួកគេកំពុងធ្វើអាជីវកម្មនយោបាយលើធនធានធម្មជាតិ។ សកម្មភាពរបស់ពួកគេពិតជាបង្កប់ដោយរបៀបវារៈទុច្ចរិត និងបានធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា យ៉ាងពិតប្រាកដ។ លើសពីនេះ សកម្មភាពបែបអនាធិបតេយ្យរបស់ក្រុមនេះបាននិងកំពុងឆ្ពោះទៅរកការប្រើប្រាស់កម្លាំងពលរដ្ឋក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ និងផ្តួលរំលំប្រព័ន្ធនយោបាយដែលកម្ពុជាអនុវត្តបច្ចុប្បន្ន។ កម្ពុជាជាព្រះរាជាណាចក្រដែល ព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ហើយរបបនយោបាយកម្ពុជាដែល កំពុងអនុវត្តគឺប្រជាធិបតេយ្យសេរីពហុបក្ស។ 

អាឡិច ហ្គន់ហ្សើលេស ដាវីតសុន ជាជនជាតិអេស្បាញត្រូវបានគេដឹងថាជាជាអ្នកសមគំនិតក្នុងអំពើញុះញង់ និងបានធ្វើសកម្មភាពបង្កជាបទល្មើស និងបំផ្លាញប្រទេសកម្ពុជា និងកាលពីខែឧសភា ឆ្នាំ២០២២ ត្រូវបានតុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ រាជធានីភ្នំពេញដោយសម្រេចឱ្យមេចលនាមាតាធម្មជាតិក្រៅច្បាប់នេះជាប់ពន្ធនាគារ ២០ ខែ ក្រោមការចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាមួយ ក្រុមសកម្មជនមាតាធម្មជាតិរបស់ខ្លួនប៉ុន្មាននាក់។ ដោយមកសម្ងំនៅកម្ពុជាជាច្រើនឆ្នាំក្រោមឆ័ត្រនៃអង្គការមាតាធម្មជាតិ ដែលក្រោយមកបានប្រកាសរំលាយខ្លួនឯង បន្ទាប់ពីត្រូវបានអាឡិច យកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន អាឡិច មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមគណបក្សប្រឆាំង និងតែងតែធ្វើសកម្មភាពបម្រើឱ្យនយោបាយរបស់ក្រុមប្រឆាំងដើម្បីសម្រេចមហិច្ឆតាអំណាច។ ដោយសារតែទង្វើទុច្ចរិតរបស់ជននេះហើយ បានជាអាជ្ញាធរកម្ពុជាបានបណ្តេញ អាឡិច ហ្គន់ហ្សើលេស ដាវីតសុន នេះចេញពីប្រទេសកម្ពុជានៅឆ្នាំ ២០១៥ និងត្រូវបានចោទប្រកាន់នៅចំពោះមុខតុលាការពីទង្វើបំពានច្បាប់របស់ខ្លួន។ 

ខណៈដែលក្រុមប្រឆាំងបានអនុវត្តផែនការបដិវត្តន៍ពណ៌ពេញបន្ទុកក្រោមអង្គការចាត់តាំងនយោបាយ «ខ្មោចបក្សសង្គ្រោះជាតិ» ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ អាឡិច ដែលបានបណ្តុះបណ្តាលយុវជនមួយចំនួនតូចឱ្យវង្វេងវង្វាន់ជាតិសាសន៍ខ្លួននិងស្ម័គ្រស្លាប់ដើម្បីខ្លួន បានបើកសមរភូមិញុះញង់លើផ្នែកធនធានធម្មជាតិនិងបរិស្ថាន ដោយបានដុតកំហឹងប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំផ្លើស បំប៉ោងនិងបំភ័ន្តទាក់ទងនឹងតំបន់អារ៉ែង កោះកុង ព្រៃឡង់ ទំនប់វារីអគ្គិសនីសេសាន ស្ករអំពៅជាដើម។ សកម្មភាពទាំងនេះបានគាំទ្រឱ្យផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង និងដែលត្រូវបានចូលរួមសហការពីសមាគមនិងអង្គការក្រៅ រដ្ឋាភិបាលមួយចំនួនដែលទទួលជំនួយដើម្បីជំរុញលើផែនការបដិវត្តន៍ពណ៌រួមមានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) របស់ វន ពៅ សមាគមសម្ព័ន្ធកសិករកម្ពុជា (CFCC) របស់ ថេង សាវឿន សមាគមយុវជនកម្ពុជា (CYN) ដែលអង្គការនេះមានសមាជិកភាគច្រើនជាអតីតអ្នកដែលត្រូវបានបង្វឹកដោយផ្ទាល់របស់អាឡិច អង្គការស្ពានសន្តិភាព ចលនាផ្សេងៗទៀតនិងម្ចាស់ជំនួយរបស់ពួកគេមួយចំនួនផងដែរ។  

ដូច្នេះ វាមិនមែនជារឿងចំឡែកឡើយ! សកម្មភាពទាំងឡាយរបស់អាឡិច និងសមាជិកនៃចលនាមាតាធម្មជាតិក្រៅច្បាប់របស់ពួកគេដែលបាននិងកំពុងបន្តធ្វើនេះ គឺជាសកម្មភាពញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងបំផ្លាញទំនុកចិត្តប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយដែលគោលដៅសំខាន់របស់ពួកគេគឺបម្រើឱ្យមហិច្ឆតានយោបាយរបស់ក្រុមប្រឆាំង ជាពិសេស ទណ្ឌិត សម រង្ស៊ី និងគូកនដែលតែងតែអំពាវនាវឱ្យមានការផ្លាស់ប្តូររបបដឹកនាំតាមរយៈការងើបបះបោររបស់ប្រជាពលរដ្ឋ ខណៈផែនការឧបឃាតផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួនជាច្រើនត្រូវបានបរាជ័យជាបន្តបន្ទាប់។ ទោះបីបរាជ័យជាច្រើនដង ក៏ក្រុមប្រតិបត្តិករបដិវត្តន៍ពណ៌មិនបោះបង់ផែនការឡើយ។ ពួកគេខិតខំស្វះស្វែងរកវិធីសាស្ត្រផ្សេងៗដើម្បីអនុវត្តផែនការរបស់ពួកគេ ដោយមិនខ្លាចញញើតអ្វីបន្តិចឡើយ។ ពួកគេតែងតែប្រើប្រាស់វិធីសាស្ត្របំពាន និងធ្វើជាជនរងគ្រោះតូបនីយ កម្មដើម្បីទាញសមានចិត្តពលរដ្ឋខ្មែរ តែតាមពិតជាការសម្តែង និងជាការអនុវត្តនូវផែនការបដិវត្តន៍ពណ៌របស់ខ្លួនប៉ុណ្ណោះ។ 

ទម្រង់ដែលពួកគេបានប្រើប្រាស់ក្នុងការតវ៉ាដូចជាការប្រើប្រាស់ផ្កា ក្តារមឈូស ស្លៀកពាក់សម្គាល់ពណ៌ ស ឬខ្មៅ និងការប្រើប្រាស់ឧបករណ៍ផ្សេងៗ គឺសុទ្ធសឹងតែបានដកស្រង់ចេញពីឧបសម្ព័ន្ធនៃសៀវភៅ «ពីរបបផ្តាច់ការទៅប្រជាធិបតេយ្យ»សរសេរឡើងដោយ ជីន សាប ដែលជាសៀវភៅទ្រឹស្តីបដិវត្តន៍ពណ៌ដែលគេបានយកទៅប្រើប្រាស់ក្នុងការផ្លាស់ប្តូររបបនៅអឺរ៉ុបខាងកើត មជ្ឈឹមបូព៌ា និងអាស៊ី។ ក្រុមខ្មោចគណបក្សសង្គ្រោះជាតិ និងសមាគម អង្គការក្រៅរដ្ឋាភិបាលជាគូកនរបស់ខ្លួនក៏បានយកទ្រឹស្តីនេះមកអនុវត្តនៅកម្ពុជាផងដែរ ប៉ុន្តែត្រូវបានទប់ស្កាត់បានទាន់ពេលវេលាធ្វើឱ្យក្រុមជនក្បត់ជាតិខ្លះត្រូវបានចាប់ខ្លួនចោទប្រកាន់និងជំនុំជម្រះក្តី និងក្រុមប្រតិបត្តិករបដិវត្តន៍ពណ៌ខ្លះបានរត់គេចខ្លួនទៅក្រៅប្រទេស។ ដូច្នេះ អ្វីៗដែលក្រុមអង្គការ សមាគម រួមនឹងក្រុមប្រឆាំងខ្លះបាននិងកំពុងធ្វើជាការបន្តអនុវត្តផែនការបដិវត្តន៍ពណ៌ ផ្លាស់ប្តូររបបដឹកនាំតាមបែបមិនប្រជាធិបតេយ្យដូចដែលពួកគេបានធ្វើម្តងរួចមកហើយនៅឆ្នាំ ២០១៣ និងដើមឆ្នាំ២០១៤ និថបន្តបន្ទាប់មកទៀត។ បដិវត្តន៍ពណ៌ដែលមិនអាចលើកលែង ឱ្យបានឡើយ និងដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍ របស់កម្ពុជា ពលរដ្ឋទាំងអស់បាននិងកំពុងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបផែនការបដិវត្តន៍ពណ៌។ ប្រមុខរាជរដ្ឋាភិបាលបានប្រកាស ជាច្រើនលើកច្រើនសារួចមកហើយថា នឹងមិនអនុញ្ញាតឱ្យក្រុមជនមួយក្តាប់តូចបំផ្លិចបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍរបស់ជាតិកម្ពុជាដែលរកបានមកដោយពិបាកនេះបានទេ៕ 

ដោយចៅចាក់ស្មុក 

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

#ចលនាមាតាធម្មជាតិ #ក្បត់ជាតិ #អាឡិច #បដិវត្តន៍ពណ៌

No comments:

Post a Comment