Friday, September 23, 2022

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញការនាំចេញអង្ករពីកម្ពុជាទៅកាន់បង់ក្លាដេស មានស្ថេរភាព តាមរយៈការវិនិយោគផ្ទាល់ពីក្រុមហ៊ុនវិនិយោគបង់ក្លាដេស


នៅរសៀលថ្ងៃទី២២កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដេស ខណៈដែលសម្តេចនិងលោកជំទាវនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ 


ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវ ដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លង។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដែស ដែលបានផ្ដលវ៉ាក់សាំង covid ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន ១លានដូសកន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណលោកជំទាវ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយដែលដាក់ព្រះនាមព្រះករុណា សម្ដេចឪ នរោត្តម សីហនុ នៅប្រទេសបង់ក្លាដែស ហើយព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះផ្លូវការផ្ដល់កិត្តិយសដល់ឪពុករបស់លោកជំទាវ ដែលចាត់ទុកជាបិតាស្ថាបនិករបស់ប្រទេសបង់ក្លាដែស ជាប្រធានាធិបតីទី១ និងក្រោយមកក្លាយជានាយករដ្ឋមន្ត្រី ។

សម្ដេចតេជោ ហ៊ុន សែ នក៏បានអបអរសាទរដែលបង់ក្លាដែសមានការសាងសង់ស្ពានមួយយ៉ាងវែងក្រោមការដឹកនាំរបស់លោកជំទាវផ្ទាល់ដែលឈ្មោះស្ពាន ផាត់ម៉ា ដែលមានប្រវែងជាង ៦គីឡូម៉ែត្រ អាចប្រើបានទាំងរថយន្ត និងរថភ្លើង ហើយប្រើថវិការបស់ប្រទេសបង់ក្លាដែសសុទ្ធសាធ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅ ក៏មានការចរចាក្នុងការទិញប្រមាណជា ២០ម៉ឺនតោន ពីប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសម្ដេចចង់បានក្នុងកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណាដើម្បីឲ្យមានការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដែសឲ្យមានស្ថេរភាព ជាពិសេសសម្ដេចក៏បានអញ្ជើញក្រុមហ៊ុនរបស់បង់ មកកាន់កម្ពុជាដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។

ជាការឆ្លើយតប លោកជំទាវ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកជំទាវ បានស្នើឲ្យវិស័យឯកជនទៅវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។

លោកជំទាវ បានជម្រាបសម្តេចតេជោថា បង់ក្លាដែសមានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។ តាមរយៈនេះ លោកជំទាវ មានប្រសាសន៍ថា យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឲ្យកាន់តែច្រើន។

លោកជំទាវ ក៏មានបំណងចង់ជំរុញឲ្យកិច្ចព្រមព្រៀងទីផ្សារសេរី ប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើនឱកាសបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាការចាំបាច់ដែលយើងអាចចាប់ផ្ដើមការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន ជាមួយនឹងកូរ៉េផងដែរ។

សម្តេចតេជោបន្តថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺយើងអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីររបស់យើង ដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕


No comments:

Post a Comment