Sunday, September 04, 2022

វិភាគអន្តរជាតិ៖ «យុទ្ធសាស្ត្រព្រនង់ធំ» របស់ចិន ទម្លាក់អាមេរិកពីមហាអំណាចផុតលេខ


(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិនបានចាត់ទុកចិនជា «គូសត្រូវភូមិសាស្ត្រនយោបាយដ៏ធំបំផុត» របស់សហរដ្ឋអាមេរិកនៅក្នុងស.វទី២១នេះ ហើយតាមរយៈ ការយល់ឃើញបែបនេះឯង ក្រុមមន្ត្រីអាមេរិកតែងតែលើកឡើងជារឿយៗថាចិនកំពុងព្យាយាមទម្លាក់អាមេរិកពីតំណែងជាមហាអំណាចផុតលេខ និងកែប្រែសណ្ដាប់ធ្នាប់ ពិភពលោកសព្វថ្ងៃ។


ក្នុងរយៈពេលជាង ១ស.វមកនេះ គ្មានគូសត្រូវណាមួយដែលមានផលិតផលនៅក្នុងស្រុកសរុប ឬ GDP ស្មើនឹង៦០ភាគរយនៃ GDP របស់សហរដ្ឋអាមេរិកដូចជាចិននោះទេដោយ សូម្បីតែ GDP របស់អាល្លឺម៉ង់នៅសម័យសង្រ្គាមលោកលើកទី១ រួមបញ្ចូលគ្នាជាមួយអតីតចក្រពត្តិជប៉ុន របបណាហ្ស៉ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២ ព្រមទាំងសូវៀត អំឡុង សម័យសង្រ្គាមត្រជាក់ក៏មិនអាចឈានដល់ GDP កម្រិតនេះដែរ។ នៅកម្រិតតំបន់ GDP របស់ចិនស្មើនឹងជាងពាក់កណ្ដាលនៃ GDP តំបន់អាស៊ីទាំងមូល ហើយនិយាយពីយោធា ចិនក៏ចំណាយខ្ពស់ដាច់គេនៅក្នុងតំបន់ដែរ។ នេះហើយជាមូលហេតុដែលរដ្ឋបាលលោក បៃដិន ចាត់ទុកចិនជាគូសត្រូវភូមិសាស្ត្រនយោបាយធំបំផុត។


ខណៈសហរដ្ឋអាមេរិកកំពុងប្រឹងខ្ទប់ឥទ្ធិពលចិន ក្រុមអ្នកបង្កើតគោលនយោបាយអាមេរិកក៏កំពុងព្យាយាមឆ្លើយសំណួរជាមូលដ្ឋានដ៏សំខាន់ដែរ នោះគឺថាតើចិនមាន «យុទ្ធសាស្ត្រព្រនង់ធំ» ឬ «Grand Strategy» ដែរឬទេ? ហើយបើមាន ថាតើអ្វីទៅជា «យុទ្ធសាស្ត្រព្រនង់ធំ» របស់ចិន? យុទ្ធសាស្ត្រព្រនង់ធំ ឬ Grand strategy គឺជា ពាក្យបច្ចេកទេសមួយដែលគេចង់សំដៅទៅលើការកំណត់គោលដៅរបស់រដ្ឋ ដោយប្រើប្រាស់ឧបករណ៍ណាមួយនៅក្នុងចំណោមឧបករណ៍នយោបាយ សេដ្ឋកិច្ច ការទូត ឬយោធា ឬក៏ការច្របាច់បញ្ចូលគ្នានៃយុទ្ធសាស្ត្រទាំងនេះដើម្បីសម្រេចគោលដៅ និងស្វែងរកផលប្រយោជន៍ជូនជាតិ។ ចម្លើយនៃសំណួរទាំងនេះ វាពិតជាសំខាន់ពីព្រោះថាទាល់តែដឹងពី យុទ្ធសាស្ត្ររបស់សត្រូវ ទើបអាចរកវិធីសាស្ត្រទប់ទល់។ ចាប់តាំងពីឆ្នាំ២០១៧មក ចិននៅក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង បានចាប់ផ្ដើមកែប្រែការយល់ឃើញរបស់ខ្លួន ចំពោះសហរដ្ឋអាមេរិក ហើយក៏មើលឃើញដែរពីឱកាសប្រជែងដណ្ដើមតំណែងជាមហាអំណាចផុតលេខ។


សម្រាប់លោក ស៊ី ជិនពីង អំណាចរបស់សហរដ្ឋអាមេរិកកំពុងថយចុះ រីឯប្រព័ន្ធប្រជាធិបតេយ្យលោកខាងលិចក៏កំពុងរង្គោះរង្គើរ។ ទឡ្ហី ករណ៍នៅពីក្រោយការយល់ឃើញនេះ គឺដោយសារការប្រែប្រួលស្ថានការណ៍នយោបាយពិភពលោក ក្នុងនោះរួមមានចក្រភពអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប និងជាពិសេស នោះគឺនៅក្រោយក្រុមកុបករជ្រុលនិយម ដែលជាអ្នកគាំទ្រលោក ដូណាល់ ត្រាំ ចូលអុកឡុកវិមានសភាអាមេរិក កាលពីខែមករា ឆ្នាំ២០២១ ដែលបានក្លាយជាទឡ្ហី ករណ៍ដែលធ្វើឱ្យលោក ស៊ី ជិនពីងកាន់តែជឿជាក់ថា អំណាចរបស់អាមេរិកពិតជាកំពុងថយចុះ និងជាពេលដែលចិនត្រូវពង្រីកមហិច្ឆតា ក៏ដូចជាយុទ្ធសាស្ត្រដោយប្ដូរពីការផ្ដោតតែទៅលើតំបន់អាស៊ី តម្រង់ទៅរកពិភពលោកទាំងមូល តែម្ដង។


លោក ស៊ី ជិនពីង បានដាក់គោលដៅចង់ឱ្យចិនក្លាយជាមហាអំណាចយ៉ាងពេញទីនៅឆ្នាំ២០៤៩ ដែលជាខួប១០០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ បើតាម ក្រុមអ្នកជំនាញ ដើម្បីសម្រេចគោលដៅនេះ ច្បាស់ណាស់ចិនត្រូវតែមានមហិច្ឆតា និងយុទ្ធសាស្ត្រព្រនង់ធំ។ «យុទ្ធសាស្ត្រព្រនង់ធំ» របស់ចិនចង់ទាញទម្លាក់សហរដ្ឋអាមេរិក ពីតំណែងមហាអំណាចផុតលេខនៅក្នុងតំបន់ និងនៅលើពិភពលោកទាំងផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ហើយយុទ្ធសាស្រ្តនេះទៀតសោត គឺបែងចែកជា៣ ដំណាក់កាលគឺ៖ ទី១ វាយបំបាក់ឥទ្ធិពលរបស់អាមេរិកនៅកម្រិតថ្នាក់តំបន់ ទី២៖ កសាងសណ្ដាប់ធ្នាប់របស់ចិននៅកម្រិតថ្នាក់តំបន់ និងទី៣៖ គឺពង្រីកឥទ្ធិពលរបស់ចិនទាំងនៅ កម្រិតតំបន់ និងពិភពលោក។


នៅក្នុង «យុទ្ធសាស្ត្រព្រនង់ធំ» ដំបូងបំផុតរបស់ចិន នៅចន្លោះពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០៨ ទីក្រុងប៉េកាំងបានសំងំស្ងាត់ៗវាយបំបាក់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកមកលើចិន និង ក្នុងតំបន់អាស៊ី។ យុទ្ធសាស្ត្រដំបូងនេះបានលេចចេញជារូបរាងឡើង នៅបន្ទាប់ពីព្រឹត្តិការណ៍នៅឯទីលានធៀនអានមិន (Tiananmen) សង្រ្គាមឈូងសមុទ្រពែក្ស និងក្រោយ ការដួលរលំរបស់អតីតសហសូវៀត ដោយព្រឹត្តិការណ៍ទាំងនេះបានកែប្រែការយល់ឃើញរបស់ចិនចំពោះការគំរាមកំហែងពីអាមេរិក។ «យុទ្ធសាស្ត្រព្រនង់ធំ» លើកទី២របស់ចិន នៅចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ នោះគឺព្យាយាមកសាងមូលដ្ឋានគ្រឹះនៃ «អនុត្តរភាព» របស់ខ្លួននៅក្នុងតំបន់អាស៊ី។ យុទ្ធសាស្ត្រនេះត្រូវបានដាក់ចេញនៅក្រោយ វិបត្តិហិរញ្ញវត្ថុសកល ដែលធ្វើឱ្យចិនមើលឃើញពីការថយចុះនៃឥទ្ធិពលរបស់អាមេរិក។ ដោយឡែក នៅក្រោយ Brexit ការឡើងកាន់អំណាចរបស់លោក ដូណាល់ ត្រាំ គួបផ្សំនឹង កូវីដ១៩ ចិនបានដាក់ចេញ «យុទ្ធសាស្ត្រព្រនង់ធំ» លើកទី៣ នោះគឺពង្រីកអំណាចរបស់ខ្លួនទាំងនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងបង្កើតសណ្ដាប់ធ្នាប់របស់ចិន។


ដើម្បីអាចបង្កើតសណ្ដាប់ធ្នាប់របស់ចិនទាំងស្រុង ច្បាស់ណាស់ចិនត្រូវតែធ្វើយ៉ាងណាឱ្យកងទ័ពអាមេរិកដកចេញពីជប៉ុន និងកូរ៉េខាងត្បូង បំបែកបំបាក់សម្ព័ន្ធភាពអាមេរិកនៅក្នុង តំបន់ ឱ្យកងទ័ពជើងទឹកអាមេរិកដកចេញពីតំបន់ប៉ាស៊ីហ្វិកខាងលិច ធ្វើឱ្យប្រទេសក្បែរខាងគោរពកោតខ្លាច បង្រួបបង្រួមជាមួយតៃវ៉ាន់ និងដោះស្រាយបញ្ហាជម្លោះដែនទឹកក្នុង តំបន់សមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ ជាធម្មតា ដើម្បីក្លាយជាមហាអំណាចផុតលេខនៅក្នុងតំបន់ និងពិភពលោក ត្រូវតែមានទម្រង់គ្រប់គ្រងចំនួន៣ ដែលអាចមាន ឥទ្ធិពល និងគ្រប់គ្រងឥរិយាបថនៃប្រទេសដទៃ នោះគឺមានសមត្ថភាពសម្លុតគំរាមបង្ខំឱ្យគេធ្វើតាម មានសមត្ថភាពបញ្ចុះបញ្ចូលឱ្យគេធ្វើតាម និងមានភាពត្រឹមត្រូវក្នុងការបញ្ជា ឱ្យគេធ្វើតាម។


លោក ស៊ី ជិនពីង ក៏ធ្លាប់បានលើកឡើងពីយុទ្ធសាស្ត្រមួយចំនួន ដើម្បីសម្រេចគោលដៅទាំងនេះដែរ។ ជាលក្ខណៈនយោបាយ ទីក្រុងប៉េកាំង បាន និងកំពុងបាចសាចភាព ជាមេដឹកនាំលើអភិបាលកិច្ចសកល និងស្ថាប័នអន្តរជាតិនានា បំបែកបំបាក់សម្ព័ន្ធភាពលោកខាងលិច។ ជាលក្ខណៈសេដ្ឋកិច្ច ចិនកំពុងព្យាយាមធ្វើឱ្យស្ថាប័នហិញ្ញវត្ថុដែលជា មូលដ្ឋាននៃអនុត្តរភាពអាមេរិកចុះទន់ខ្សោយ និង ប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារាប់ពីបញ្ញាសម្បនិម្មិត រហូតដល់កុំព្យូទ័រកង់ទុំ (quantum)។ ចំណែកឯ ជាលក្ខណៈយោធាចិនត្រូវ ប្រែក្លាយកងទ័ពរំដោះប្រជាជនចិន PLA ឱ្យក្លាយទៅជាកងទ័ពលំដាប់ពិភពលោក និងមានមូលដ្ឋានទ័ពនៅជុំវិញពិភពលោកដែលការពារផលប្រយោជន៍ចិន នៅតាមតំបន់នានា មិនថានៅទីអវកាស តំបន់ប៉ូល ឬក៏តំបន់សមុទ្រនោះទេ។


ផ្អែកលើចក្ខុវិស័យទាំងនេះ អាចជាភស្តុតាងមួយដ៏រឹងមាំបង្ហាញថាមហិច្ឆតារបស់ចិនមិនមែនកំណត់ត្រឹមតែបង្រួបបង្រួមជាមួយតៃវ៉ាន់ ឬក៏ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះទេ។ ពោលគឺ ចិនបានងាកចេញពីការផ្ដោតតែទៅលើតំបន់អាស៊ី ហើយតម្រង់ទៅរកការបង្កើតអនុត្តរភាពទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។ កាលពីជាងមួយទសវត្សរ៍មុន អតីតមេដឹកនាំ សិង្ហបុរី លោក លី ក្វាន់យូ (Lee Kuan Yew) បាននិយាយចិនអាចនឹងក្លាយជាកំពូលមហាអំណាចលេខ១ នៅលើពិភពលោក ហើយការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹង អ្នកសម្ភាសន៍ម្នាក់ដែលចោទសួរថាតើមេដឹកនាំចិនមានភាពប្រាកដប្រជាដែរឬទេ ថាអាចបណ្ដេញអាមេរិកចេញពីតំណែងជាមហាអំណាចលេខ១ នៅអាស៊ី និងនៅលើពិភពលោក បាន? លោក លូ ក្វាន់យូ បានគូបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ ចិនអាចធ្វើបាន។ ពួកគេបានផ្លាស់ប្ដូរខ្លួនឯងពីប្រទេសក្រក្រី មកក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើ ពិភពលោក និងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកតំណែងជាមហាអំណាចសេដ្ឋកិច្ចលេខ១...ចិនមានអរិយ្យធម៌ជាង ៤០០០ឆ្នាំ ហើយមានប្រជាជនជាង ១.៣ពាន់លាននាក់ ដែល សម្បូរទៅមនុស្សមានទេពកោសល្យ។ ដូច្នេះថាតើមានចំណុចណាដែលចិនមិនអាចក្លាយជាលេខ១ នៅអាស៊ី និងលេខ១ នៅលើពិភពលោកនៅពេលអនាគត»។ បើតាមលោក លី ក្វាន់យូ ចិនបានអភិវឌ្ឍខ្លួនឯងដោយគ្មាននរណានឹកស្មានដល់ រហូតដល់មានសមត្ថភាពប្រជែងជាមួយសហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន ស្ទើរគ្រប់វិស័យ។


គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចយល់ថាចិនកំពុងព្យាយាមកែប្រែសណ្ដាប់ធ្នាប់អន្តរជាតិសព្វថ្ងៃ ដោយចង់ឱ្យពិភពលោកប្រែក្លាយជាកុម្មុយនិស្ដ ផ្ដាច់ការ។ ការពិតទៅ ទាំងសហរដ្ឋអាមេរិក និងចិនគ្មានសមត្ថភាពធំដល់ម្លឹងដើម្បីបង្ខំឱ្យប្រទេសទាំងអស់នៅលើលោកក្លាយជាកុម្មុយនិស្ដ ឬប្រជាធិបតេយ្យទាំងអស់គ្នានោះទេ។ ជាឧទាហរណ៍ ទោះជាចិនអាចវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាមហាអំណាចលេខ១ក៏ដោយ ក៏ចិនមិនអាចបង្ខំឱ្យបណ្ដាប្រទេសអឺរ៉ុបដូចជាបារាំង អង់គ្លេស ឬក៏អាល្លឺម៉ង់កា្លយជា ប្រទេសកុម្មុយនិស្ដបានដែរ។ ក៏ប៉ុន្តែ អ្វីដែលគេត្រូវព្រួយបារម្ភនោះ គឺនៅពេលដែលមហាអំណាចមាន «យុទ្ធសាស្ត្រព្រនង់ធំ» នោះពួកគេតែងតែអាចកែប្រែប្រវត្តិសាស្ត្រ ពិភពលោក តួយ៉ាងដោយសារតែអាល្លឺម៉ង់របស់ហ៊ីត្លែរចង់ក្លាយជាមេដឹកនាំពិភពលោកលេខ១ ទើបនាំឱ្យផ្ទុះសង្រ្គាមលោកលើកទី២។ បានន័យថាសហរដ្ឋអាមេរិក ប្រាកដជានឹង មិនព្រមឱ្យចិនដណ្ដើមតំណែងជាមេដឹកនាំពិភលោកពីខ្លួនដោយងាយៗឡើយ ហើយនឹងរិះរកគ្រប់មធ្យោបាយរួមទាំងការប្រើកម្លាំងយោធាដើម្បីការពារតំណែងរបស់ខ្លួន។ នេះឯង ទើបជារឿងដែលត្រូវព្រួយបារម្ភ ព្រោះថាជម្លោះយោធារវាងចិន និងសហរដ្ឋអាមេរិក ច្បាស់ណាស់នឹងបង្កឱ្យផ្ទុះសង្រ្គាមលោក៕ ដោយៈ Fresh News


No comments:

Post a Comment