Monday, September 26, 2022

ការពិតពីមាតុភូមិ៖ សាលដីកាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត លើអតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ គឺជាប្រវត្តិសាស្ត្រនៃយុត្តិធម៌មនុស្សជាតិ


(ភ្នំពេញ)៖ ការប្រកាសសាលដីការបស់តុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លើសំណុំរឿងលេខ ០០២/០០២ ដែលបានសម្រេចជាស្ថាពរ តម្កល់ការសម្រេចផ្តន្ទាទោសលើអតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ ខៀវ សំផន ដោយដាក់ទោសក្នុងកម្រិតអតិបរមានៃច្បាប់ព្រហ្មទណ្ឌកម្ពុជា គឺការដាក់ពន្ធនាគារអស់មួយជីវិត ដោយត្រូវអនុវត្តត្រួតគ្នាជាមួយនឹងទោស ដាក់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿងលេខ ០០២/០១ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ពីបទឧក្រិដ្ឋអមនុស្សធម៌ដ៏ព្រៃផ្សៃជាច្រើនទម្រង់ ក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងបទរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ។


ឆ្លងកាត់ដំណើរការនីតិវិធីអស់រយៈពេលជាង១៦ឆ្នាំ តុលាការបានរកឃើញនូវអត្ថិភាពនៃបទល្មើស និងដាក់ទោសទៅលើអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានប្រព្រឹត្តនិងបញ្ជាឱ្យប្រព្រឹត្តបទឧក្រិដ្ឋកម្មដ៏មហាឃោរឃៅ នាអតីតកាលដ៏ខ្មៅងងឹតនៅកម្ពុជា និងបញ្ចប់ស្ថានភាពនិទណ្ឌភាពរបស់មេដឹកនាំរបបប្រល័យពូជសាសន៍ ។


សាលដីកាដែលជាសេចក្តីសម្រេចចុងក្រោយរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះ ជាការឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ធនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងបានផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលនៅរស់រានមានជីវិត និងក្រុមគ្រួសាររបស់ជនរងគ្រោះដែលបានបាត់បង់ជីវិត ឱ្យបានស្ងប់ចិត្ត សម្រាលនូវរបួសផ្លូវចិត្ត ព្រមទាំងជួយពង្រឹងដំណើរការផ្សះផ្សាជាតិ ។


សេចក្តីសម្រេចដែលធ្វើឡើងដោយអង្គជំនុំជម្រះវិសាមញ្ញ គឺជាការប្រសូត្រឡើង និងដំណើរការយ៉ាងជោគជ័យក្រោមកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អប្រសើររវាងកម្ពុជា និងអង្គការសហប្រជាជាតិ រួមនឹងកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសផ្តល់ជំនួយ ។ លទ្ធផលដែលកើតចេញពីការវិនិច្ឆ័យនេះ គឺជាការប្រកាសប្រាប់ពិភពលោកអំពីការពិតដែលបានរកឃើញ និងយុត្តិធម៌ដែលត្រូវបានការពារ ហើយក៏បញ្ជាក់ជាសាកលថា ឧក្រិដ្ឋកម្មយង់ឃ្នងបែបនេះ ពិតជាពុំអាចកើតមានឡើយ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។


សាលដីកានេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញរឹតតែច្បាស់ថែមទៀតថា ខ្មែរគ្រប់រូបពិតជាត្រូវការសន្តិភាព ដែលកំពុងមាននៅពេលបច្ចុប្បន្ន និងដែលជាគ្រឹះនៃការកសាង និងអភិវឌ្ឍន៍សង្គមជាតិ ព្រមទាំងជៀសវាងមិនឱ្យរបបអន្ធការជួជាតិនេះ វិលត្រឡប់មកវិញជាដាច់ខាត ។


ដោយ៖ ការពិតពីមាតុភូមិ

No comments:

Post a Comment