Thursday, September 01, 2022

វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ នឹងត្រឡប់មកវិញ ឬ?


(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បាន និងកំពុងក្លាយជាប្រធានបទជជែកដេញដោលដ៏ក្ដៅគគុកមួយសាជាថ្មី នៅចំពោះមុខការចោទសួរកាន់តែច្រើនឡើង ទាំងនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច។ នោះគឺថាតើបុរសម្នាក់ដែលបានព្យាយាមលុបចោលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពី ឆ្នាំ២០២០ គំរាមរំលាយបក្សសម្ព័ន្ធយោធាណាតូ និងចូលចិត្តរាប់អានមេដឹកនាំផ្ដាច់ការដូចជាលោក ពូទីន និងលោក គីម ជុងអ៊ុន អាចនឹងសម្រេចចិត្តឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីម្ដងទៀតដែរ ឬក៏យ៉ាងណា? ហើយប្រសិនបើរឿងបែបនេះឡើងពិតមែន តើមានអ្វីអាចបញ្ឈប់លោក ត្រាំ បានដែរឬទេ?


មកទល់នឹងពេលនេះ លោក ដូណាល់ ត្រាំ នៅតែមិនទាន់ប្រកាសជាផ្លូវការពីបំណងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤ នៅឡើយទេ។ តែលោក ចូ បៃដិនឯណេះវិញដែលមានវ័យ ៧៩ឆ្នាំទៅហើយនោះ ត្រូវបានគេរាយការណ៍ថាបានចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ជាផ្លូវការហើយ បើទោះជាសេតវិមាន មានការព្រួយបារម្ភពីបញ្ហាអាយុរបស់លោកក៏ដោយ។


ជាការពិតណាស់ ទោះបីជាស្ថិតនៅក្រោមការស៊ើបអង្កេតពីសកម្មភាពលើ្មសច្បាប់ស្ទើរជុំទិសក៏ពិតមែន ក៏ប្រជាប្រិយភាពរបស់លោក ដូណាល់ ត្រាំ នៅក្នុង គណបក្សសាធារណរដ្ឋនៅតែមានភាពរឹងមាំដោយមិនរង្គោះរង្គើរគួរឱ្យកត់សម្គាល់នោះទេ។ ផ្ទុយទៅវិញវាមានតែស្ទុះឡើងថែមទៀត។ បើតាមការស្ទង់មតិចេញ ផ្សាយដោយសារព័ត៌មាន Politico កាលពីពាក់កណ្ដាល់ខែសីហានេះ លោក ដូណាល់ ត្រាំ នឹងទទួលបានការគាំទ្រ ៥៧ភាគរយ ពីអ្នកសាធារណរដ្ឋ ក្នុងករណីដែល ការប្រជែងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋធ្វើឡើងភ្លាមៗ។ កាលពីខែកក្កដាកន្លងទៅ នៅមុន FBI ចុះឆែកឆេរផ្ទះរបស់លោកក្នុង រដ្ឋផ្ល័ររីដា អត្រាគំាទ្រលោក ត្រាំ មានត្រឹម ៥៣ភាគរយ។


ជាងនេះទៅទៀត ឥទ្ធិពលដ៏ខ្លាំងក្លារបស់លោក ត្រាំ ក្នុងបក្ស ក៏បានបង្ហាញឱ្យឃើញផងដែរតាមរយៈជ័យជម្នះរបស់លោកស្រី ហារៀត ហាហ្កេមែន (Harriet Hageman) ដែលជាបេក្ខជនសភាតំណាងរាស្ត្រអាមេរិក ប្រចាំរដ្ឋ វាយអូមីង (Wyoming) ជារដ្ឋដែលលោក ត្រាំ ទទួលបានការគំាទ្រ៧០ភាគរយ ក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីឆ្នាំ២០២០។ លោកស្រី ហាហ្កេមែន ដែលជាបេក្ខជនទទួលបានការគំាទ្រពីលោក ដូណាល់ ត្រាំ បានផ្ដួលលោកស្រី លីស ឆេនី (Liz Cheney) ក្នុងការបោះឆ្នោតនៅក្នុងបក្សកាលពីពាក់កណ្ដាលខែសីហានេះ។ លោកស្រី លីហ្ស ឆេនី គឺជាសមាជិកសភាតំណាងរាស្ត្រម្នាក់ក្នុងចំណោមសមាជិក សភាតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋទំាង១០នាក់ ដែលបានបោះឆ្នោតគាំទ្រការចោទប្រកាន់ប្រឆាំងនឹងលោក ត្រាំ ពាក់ព័ន្ធនឹងភាពចលាចលដ៏ហិង្សានៅឯ វិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។


លោកស្រី លីស ឆេនី ប្រមូលមូលនិធិបានជាង ៦លានដុល្លារ នៅក្នុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រ ប៉ុន្តែនៅតែមិនអាចយកឈ្នះលើលោកស្រី ហាហ្កេមែន ដែលទទួលបានការគំាទ្រពីលោក ត្រាំ។ នេះឯងជាភស្តុតាងមួយធ្វើឱ្យគេជឿជាក់លោក ត្រាំ នៅតែមានលទ្ធភាពទទួលបានជ័យជម្នះក្នុងការប្រកួតប្រជែងឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីតំណាងឱ្យបក្សសាធារណរដ្ឋ ទាស់នៅត្រង់តើថាលោកសម្រេចចិត្តឈរ ឬមិនឈរឈ្មោះជាថ្មីតែប៉ុណ្ណោះ។


បច្ចុប្បន្ន លោក ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្គេត និងការចោទប្រកាន់តាមផ្លូវច្បាប់ជាច្រើន ក្នុងនោះរាប់ចាប់តាំងពីគេចពន្ធ ការញុះញង់ឱ្យក្រុមអ្នកគាំទ្រចូល អុកឡុកវិមានសភា ការព្យាយាមលុបចោលលទ្ធផលបោះឆ្នោត និងចុងក្រោយបំផុតនោះគឺការលាក់ទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់ ក្រោយ FBI ចុះឆែកឆេរ ផ្ទះរបស់លោកក្នុងរដ្ឋផ្លររីដា កាលពីដើមខែសីហានេះ។


នៅក្រោយការស៊ើបអង្កេតបិទបញ្ចប់ ការសម្រេចចិត្តផ្ដន្ទាទោសណាមួយអាចនឹងត្រូវធ្វើឡើង ដោយអាស្រ័យថាតើឯកសារដែលគេចោទថាលោក ត្រាំ កាន់កាប់ដោយ ខុសច្បាប់នោះ វាជាឯកសារសំខាន់កម្រិតណា? ក៏ប៉ុន្តែ ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយអាមេរិកយល់ថាប្រឈមមុខនឹងរឿងក្ដីក្ដាំតាមផ្លូវច្បាប់ស្ទើរជុំទិស បែបនេះឯង វាអាចនឹងជំរុញឱ្យលោក ដូណាល់ ត្រាំ សម្រេចចិត្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក ហើយការសម្រេចចិត្តណាមួយអាចនឹងធ្វើឡើង នៅមុន ពេលដែលការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ចូលមកដល់នៅខែវិច្ឆិកាខាងមុខនេះ។ ពីព្រោះថាការស្ថិតនៅក្រៅឆាកនយោបាយ លោក ត្រាំ គ្រាន់តែជាពលរដ្ឋ អាមេរិកសាមញ្ញម្នាក់ប៉ុណ្ណោះដែលអាចប្រឈមមុខនឹងការកាត់ទោសគ្រប់ពេលវេលា។ ដូច្នេះប្រសិនបើលោកចង់គេចឱ្យផុតពីទោសទណ្ឌទាំងឡាយ ជម្រើសល្អ គឺមានតែឈរឈ្មោះជាប្រធានាធិបតីតែប៉ុណ្ណោះ ស្របពេលដែលលោកនៅតែជាបេក្ខជនដ៏មានសក្ដានុពលម្នាក់ ដែលទទួលបានការគាំទ្រពីប្រជាជនអាមេរិកជាង ៧៤លាននាក់ឯណោះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។


ក្នុងន័យនេះដែរ ក្រុមអ្នកស៊ើបអង្កេតអាចនឹងប្រឈមមុខនឹងជម្រើសមិនអាចចៀសផុត នោះគឺនាំខ្លួនបេក្ខជនប្រធានាធិបតីម្នាក់ឡើងតុលាការ ឬក៏ជ្រើសរើស មិនអនុវត្តនីតិរដ្ឋ ដូចដែលធ្លាប់បានកើតឡើងលើអតីតបេក្ខជនប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីឡារី គ្លីនតុន កាលពីឆ្នាំ២០១៦។ ពោលគឺនៅកាលណោះ ក្រសួងយុត្តិធម៌អាមេរិកបានច្រានចោលការចោទប្រកាន់ ឬការកាត់ទោសលោកស្រី គ្លីនតុន ជុំវិញរឿងអាស្រូវទាក់ទងនឹងឯកសារសម្ងាត់ជាតិ។


គួរបញ្ជាក់ថា រឿងអាស្រូវរបស់លោកស្រី គ្លីនតុន កំពុងត្រូវបានក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ យកមកធ្វើជាសំអាងថាការស៊ើបអង្កេត ឬការចោទប្រកាន់ប្រឆាំង លោក ត្រាំ គឺជាការអនុវត្តស្ដង់ដារពីរ ខណៈទាំងលោក ត្រាំ និងគាំទ្រអ្នកគាំទ្ររបស់លោកកំពុងប្រើប្រាស់ការឆ្មក់ឆេររបស់ FBI ដើម្បីបង្ហាញថាវាជាការប៉ុនប៉ងខាង នយោបាយរារាំងមិនឱ្យលោក ត្រាំ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នា២០២៤ ឬអាចនិយាយពួកគេកំពុងព្យាយាមធ្វើឱ្យលោក ត្រាំ ក្លាយជាជនរងគ្រោះ នៃការធ្វើបាបខាងនយោបាយ៕ ដោយៈ Fresh News

No comments:

Post a Comment