Friday, August 05, 2022

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា


នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសអូស្រ្តាលីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា ។ 


ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឥណ្ឌាបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ជូនចំពោះសម្ដេចតេជោ និងបានជម្រាបជូនសម្ដេចតេជោថា ការចូលរួមប្រជុំរបស់ឯកឧត្តមនៅកម្ពុជា គឺទទួលបានជោគជ័យបានទ្វេភាគី និងក្របខណ្ឌពហុភាគី  ក្នុងន័យនេះ ឯកឧត្តមសូមគោរពនូវការអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងភាពជាប្រធានអាស៊ាន។ 


ឯកឧត្តមមានប្រសាសន៍ជំរាបជូនសម្តេចតេជោ ពីគោលបំណងនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវ ពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសមីយ៉ាន់មារ ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា និងសហប្រតិបតិការក្នុងក្របខណ្ឌអាស៊ាន មេគង្គ គង្គា លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និងអភិវឌ្ឍសហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទ។ 


ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណចំពោះគោលបំណង នៃការពង្រីកកិច្ចសហប្រតិបត្តិការដែលបានលើកឡើងដោយ ឯកឧត្តមរដ្ឋមន្រ្តី។ សម្តេចតេជោបានលើកទឹកចិត្តឲ្យមានការសិក្សាបញ្ចប់លើផ្នែកបច្ចេកទេស ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរផង និងកិច្ចសន្យាគាំពារវិនិយោគផង ។ 


សម្តេចតេជោក៏បានស្នើដល់ភាគីឥណ្ឌា ជំរុញឲ្យមានការហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញលើកស្ទួយវិស័យទេសចរណ៍ និងស្នើឲ្យមានការពិចារណាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ គង្គា ឲ្យដល់កំរិតកំពូល៕

No comments:

Post a Comment