Monday, August 22, 2022

សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាដែលចប់អណត្តិ



នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ធីណា រ៉េដស “Tina Redshaw” ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាក្នុងឱកាសនោះលោកជំទាវបានចប់អាណត្តិការទូតនៅកម្ពុជា។ 


លោកជំទាវ ធីណា រ៉េដស បានថ្លែងអំណរគុណសម្តេចតេជោ មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ធ្វើឱ្យបេសកកម្មការទូតរបស់លោកទទួលបាននូវលទ្ធផលល្អប្រសើរ។


លោកជំទាវ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អនេះ បានធ្វើឱ្យលោកជំទាវសម្រេចនូវការងារជាច្រើន ក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យមួយចំនួនដូចជា អប់រំ បរិស្ថាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងដោះមីនជាដើម។


បន្ទាប់ពីការបំពេញបេសកកម្មការទូតនៅកម្ពុជា រយៈពេលប្រមាណជា ៤ឆ្នាំកន្លងមកនេះ លោក ជំទាវ ធីណា រ៉េដស បានជម្រាបសម្តេចតេជោថា លោកជំទាវមានសុទិដ្ឋិនិយមថា កម្ពុជា នឹងទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព។


ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវ ធីណា រ៉េដស ដែលបានប្រឹងប្រែងបំពេញបេសកកម្មការទូតអស់ពីកម្លាំងកាយចិត្តដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអង់គ្លេស។ សម្តេចតេជោ បានឆ្លៀតថ្លែងអំណរគុណផងដែរ ដល់រដ្ឋាភិបាល និងចក្រភពអង់គ្លេស ដែលតែងតែផ្តល់ជំនួយជួយកម្ពុជា ចូលរួមចំណែកក្នុងការរកសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ បានជូនពរឱ្យលោកជំទាវ ធីណា រ៉េដស ទទួលបានជោគជ័យក្នុងបេសកកម្មដទៃទៀតរបស់លោកជំទាវ ក្រោយចាកចេញពីកម្ពុជា។


សូមបញ្ជាក់ថា លោកជំទាវ ធីណា រ៉េដស បានចូលមកបំពេញការងារនៅកម្ពុជាកាលពីឆ្នាំ២០១៨។ ក្នុងអាណត្តិការងាររយៈពេលប្រមាណ ៤ឆ្នាំនេះ លោកជំទាវ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស។ លោកជំទាវ បានពិនិត្យ និងជំរុញនូវកម្មវិធីអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា៕

No comments:

Post a Comment