Tuesday, August 02, 2022

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយសមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម ចូលជួបសំដែងការគួរសម


នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកជំទាវ ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តវៀតណាម សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា ចូលជួបសំដែងការគួរសម។ 



លោកជំទាវ ង្វៀន ធីថាញ់ មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញា្យរូមលោកជំទាវ និងគណៈប្រតិភូទាំងអស់ អញ្ជើញចូលជួបសំដែងការគួរសម។ លោកជំទាវមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់ប្រទេសកម្ពុជា ហើយអ្វីដែលជាការចាប់អារម្មណ៍របស់លោកជំទាវ គឺការអភិវឌ្ឍដ៏ជឿនលឿនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនោះអ្វីដែលជាកត្តាសំខាន់បំផុត គឺការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជា។

លោកជំទាវមានប្រសាសន៍ អបអរសាទរចំពោះទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ដោយ សារឆ្នាំ២០២២នេះ គឺជាខួបលើកទី៥៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងខួបលើកទី៤៥ ដែលការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលនឹងឈានចូលមកដល់នៅឆ្នាំ២០២៣។ 

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកជំទាវ ង្វៀន ធីថាញ់ និងគណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ សម្តេចតេជោបន្តថា ប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការជាមួយគ្នាលើក្របខណ្ឌជាច្រើន រួមទាំងក្នុងក្របខណ្ឌរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល សភានិងសភា រហូតដល់អង្គការមហាជន។ សម្តេចតេជោបានគូសបញ្ជាក់ពីតួនាទីសំខាន់ របស់អង្គការមហាជន ក្នុងការពង្រីកពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចតេជោមានប្រសាសន៍ អបអរសាទរជូនចំពោះ លោកជំទាវ ង្វៀន ធីថាញ់ ដែលត្រូវបានតែងតាំងជាប្រធានសមាគមមិត្តភាពវៀតណាម កម្ពុជា។ សម្តេចតេជោបន្តថា សម្តេចបានធ្វើការជាមួយសមាគមមិត្តភាពវៀតណាម កម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយអ្វីដែលសំខាន់ថែមទៀតនោះ គឺយើងត្រូវបន្តថែរក្សាតួនាទី និងទំនាក់ទំនងល្អលើនយោបាយការបរទេស ដែលមិត្តភាព សាមគ្គីភាពរបស់ប្រទេសទាំងពីរ គឺមិនអាចបំបែកបំបាក់បានឡើយ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ 

សម្តេចតេជោបានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះការរីកចំរើនរបស់ប្រទេសវៀតណាម ហើយដែលការរីកចំរើនរបស់វៀតណាម គឺពិតជាមានរួមចំណែកជួយដល់ការរីកចំរើនរបស់កម្ពុជាផងដែរ។ ដោយសារទំនាក់ទំនងល្អនៃប្រទេសទាំងពីរ កម្ពុជាបានទទួលអ្នកវិនិយោគវៀតណាមដ៏ច្រើន រួមទាំងកិច្ចសហប្រតិ បត្តិការលើវិស័យផ្សេងៗទៀត រួមទាំងវិស័យថាមពល។ វៀតណាមជាទីផ្សារដ៏សំខាន់ ក្នុងការទទួលកសផលនាំចេញពីកម្ពុជា។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឈានដល់ជាង១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។ សម្តេចតេជោបានស្នើដល់សមាគមមិត្តភាពវៀតណាម កម្ពុជា បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋកម្ពុជាក្រីក្រ ដែលចូលទៅសំរាកព្យាបាលជំងឺក្នុងប្រទេសវៀតណាម។  សម្តេចតេជោបានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងកូវីដ-១៩របស់ប្រទេសវៀតណាម យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការប្រែក្លាយតំបន់ព្រំដែនដែលធ្លាប់តែជាតំបន់អសន្តិសុខ ក្លាយទៅជាតំបន់ព្រំដែន សន្តិភាព មានកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរីកចំរើន ទេស ចរណ៍ អប់រំ វប្បធម៌  ពិសេសការធ្វើដំណើរចេញចូលរកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។ 

ទាក់ទិនទៅនិងកិច្ចសហប្រតិបត្តិការរវាង សមាគមមិត្តភាពនៃប្រទេសទាំងពីរ លោកជំទាវ ង្វៀន ធីថាញ់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា សមាគមទាំងពីរបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ដើម្បីពង្រីសកម្មភាពដើម្បីឲ្យសមាគមនេះ បន្ត សកម្មភាពច្រើនជាមុន និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពិសេសរវាងប្រជាជន និងប្រជាជន ពិសេសលោកជំទាវមានការសប្បាយរីករាយ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ លោកជំទាវ ម៉ែន សំអន ក្នុងការជំរុញដំណើរការរបស់សមាគមទាំងពីរ ឲ្យកាន់តែបោះជំហានទៅមុខ។ 

លោកជំទាវក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចដឹកនាំរបស់ប្រទេសកម្ពុជា ពិសេសឆ្នាំ២០២២នេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ដែលនិងចូលរួមលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក៕











No comments:

Post a Comment