Wednesday, August 03, 2022

លទ្ធផលនៃជំនួបរវាងសម្តេចតេជោ និងលោក វ៉ាង យី បង្ហាញការគាំទ្រគ្នាឥតងាករ៉េ ទោះនយោបាយពិភពលោកវិវឌ្ឍន៍ខ្លាំង


(ភ្នំពេញ)៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក វ៉ាង យី ប្រធានប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា និងឥតងាករ៉េ បើទោះបីនយោបាយតំបន់ និងពិភពលោក កំពុងវិវឌ្ឍន៍យ៉ាងស្រួចស្រាវក៏ដោយនោះ។


ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបរសៀលថ្ងៃទី០៣ ខែសីហានេះ លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី បានជជែកច្រើនទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងលើពិភពលោកផងដែរ។


ពាក់ព័ន្ធបញ្ហាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយ ដែលបានជួបលោក វ៉ាង យី ជាថ្មីម្តងទៀត បន្ទាប់ពីខកខាតជួបគ្នាអស់មួយរយៈដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ សម្តេចតេជោ បានគូសរំលេចថា ទំនាក់ទំនងរវាងកម្ពុជា និងចិន បានចាក់គ្រឹះយ៉ាងរឹងមាំ មានភាពស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។


លោក វ៉ាង យី បានថ្លែងសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានជួបពិភាក្សាការងារ។ លោក វ៉ាង យី ក៏បានពាំនាំនូវការសុខទុក្ខ និងជូនពរពីសំណាក់ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំចិន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន។ លោក វ៉ាង យី ក៏បានជូនពរសម្តេចតេជោ ហ៊ុន សែន សម្រាប់ថ្ងៃកំណើតគម្រប់ជន្មាយុ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ នាថ្ងៃទី០៥ ខែសីហា ខាងមុខនេះ។


លោក វ៉ាង យី បានលើកឡើងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រើប្រាស់ជីវិតជួយកសាងប្រទេសកម្ពុជា ស្តារប្រទេសពីសង្គ្រាម និងកសាងជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ជាពិសេសនោះ គឺបានលើកកម្ពស់តួនាទីរបស់កម្ពុជា នៅក្នុងតំបន់ និងលើពិភពលោក។


នៅក្នុងជំនួបនេះ លោក វ៉ាង យី បានគូសបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលចិន ចំពោះកម្ពុជាផងដែរ។ ក្នុងនោះ ចិនបន្តគាំទ្រយ៉ាងរឹងមាំចំពោះនយោបាយផ្ទៃក្នុង និងបន្ទាត់នយោបាយការបរទេសរបស់កម្ពុជា។ ទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានអបអរសាទរចំពោះលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងលើសលុប ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញពីការដឹកនាំយ៉ាងត្រឹមត្រូវរបស់សម្តេចតេជោ។


ចិន នឹងបន្តគាំទ្រយ៉ាងរឹងមាំចំពោះចក្ខុវិស័យដ៏យូរអង្វែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ជាពិសេសការការពារអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។ ចិន នឹងបន្តគាំទ្រយ៉ាងរឹងមាំចំពោះអ្នកដឹកនាំបន្តវេណមកពីគណបក្សប្រជាជនកម្ពុជា ដែលជាកូនសោដ៏សំខាន់សម្រាប់កម្ពុជា និងសម្រាប់មិត្តភាពរវាងកម្ពុជា-ចិន។


លោក វ៉ាង យី បានគូសបញ្ជាក់ថា ដោយសារតែកម្ពុជាមានទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមាននយោបាយជោគវាសនារួមគ្នា បានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នៅតែរឹងមាំ ទោះបីប្រឈមនឹងភាពមិនច្បាស់លាស់ និងការវិវឌ្ឍន៍យ៉ាងស្រួចស្រាវចំពោះស្ថានការតំបន់ និងពិភពលោកក៏ដោយនោះ។


ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក វ៉ាង យី ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរចំពោះសម្តេចពីសំណាក់ដឹកនាំចិន ក៏ដូចជាការជូនពរផ្ទាល់ពីសំណាក់លោក វ៉ាង យី។


សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះការគាំទ្ររបស់ចិន ចំពោះគោលនយោបាយរបស់កម្ពុជា ទាំងនយោបាយផ្ទៃក្នុង និងបន្ទាត់នយោបាយការបរទេស។ សម្តេចតេជោ បានលើកឡើងទៀតថា កម្ពុជា បានរៀបចំរួចហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងកម្ពុជា និងចិន នៅតែបន្តរឹងមាំជាមួយការដឹកនាំរបស់អ្នកបន្តវេណ ដោយមិនមានការប្រែប្រួលនោះឡើយ។


សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា កម្ពុជា និងចិន នៅតែបន្តកិច្ចសហប្រតិបត្តិការគ្រប់វិស័យទាំងអស់ដែលប្រទេសទាំងមានរួចហើយនោះ មានជាអាទិ៍ដូចជាវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។


សម្តេចតេជោ ក៏បានអបអរសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ជាការរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។


សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចិនដែលបានចូលរួមវិភាគទានក្នុងការដោះមីននៅកម្ពុជា គ្រាដែលកម្ពុជាបានកំណត់ឱ្យក្លាយជាប្រទេសគ្មានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឆ្នាំ២០៣០។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើចិនបន្តគាំទ្រដល់នយោបាយបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាបន្តទៅទៀត។


សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើរដ្ឋាភិបាលចិន បន្តជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាជាបន្តទៅទៀត ធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យ។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីការទទួលបាននូវផលប្រយោជន៍ជាច្រើនចំពោះការវិនិយោគរបស់អ្នកវិនិយោគចិននៅកម្ពុជា ក៏ដូចជាជំនួយរបស់ចិនសម្រាប់ការអភិវឌ្ឍដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ។


សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណប្រទេសចិន ដែលបានជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ជាពិសេសការផ្តល់វ៉ាក់សាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិន ដែលជាបង្អែកមួយដ៏រឹងមាំ។ ជោគជ័យនេះ បានធ្វើឱ្យកម្ពុជាឈរនៅកំពូលតារាងនៃការវាយតម្លៃពីការស្តារប្រទេសឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ពីសំណាក់ក្រុមហ៊ុននីកេរបស់ជប៉ុន។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា បើទោះបីកម្ពុជាទទួលបានជោគជ័យបែបនេះក្តី តែការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅតែជាការងារអាទិភាពរបស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កិច្ចសហការលើការងារថែរក្សាសុខភាពសាធារណៈនៅតែជារឿងសំខាន់ ជាពិសេសធ្វើយ៉ាងណាឱ្យកម្ពុជាមានលទ្ធភាពអាចផលិតវ៉ាក់សាំង។


សម្តេចតេជោ បានគូសបញ្ជាក់ថា ដោយសារតែការចាក់ស្រោចវ៉ាក់សាំង បានធ្វើឱ្យកម្ពុជាបើកសេដ្ឋកិច្ចបានពេញលេញឡើងវិញ។ ការបើកសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញនេះ ធ្វើឱ្យកម្ពុជាមានលទ្ធភាពនាំចេញកាន់តែច្រើន ហើយក៏បានបង្កើនចំណូលបានកាន់តែច្រើនផងដែរ។


សម្តេចតេជោ បានសង្កត់ធ្ងន់ថា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចតេជោ បានគូសបញ្ជាក់ថា ជាយុទ្ធសាស្ត្រទៅមុខទៀត នៅឆ្នាំ២០២៤ និង២០២៥ កម្ពុជា បានត្រៀមទិញវ៉ាក់សាំង ១០០លានដូសបន្ថែមទៀត ដើម្បីធានាថា កម្ពុជាចៀសផុតពីការរាតត្បាតជំងឺកូវីដ១៩។


នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការចង់ឃើញនូវកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងចិន ឱ្យកាន់តែខ្ពស់បន្ថែមទៀត បើទោះបីបច្ចុប្បន្នសម្រេចបានខ្ពស់ហើយក្តី។ សម្តេចចង់ឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចឱ្យបានដល់ ១៥ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំកន្លងទៅសម្រេចបានប្រមាណ ១១ពាន់លានដុល្លារ។


សម្តេចតេជោ បានមើលឃើញថា ទំហំពាណិជ្ជកម្មនេះអាចសម្រេចទៅបានដោយសារកម្ពុជា និងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ RCEP។


ពាក់ព័ន្ធនឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ RCEP នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីសំណើរបស់សម្តេចពេលបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងការបង្កើតអគ្គលេខាធិការដ្ឋាន RCEP នៅរាជធានីភ្នំពេញ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើចិន ឱ្យគាំទ្រលើសំណើនេះ ដោយសារតែចិន សមាជិកនៅក្នុងកិច្ចព្រមព្រៀងនេះផងដែរ។


តាមរយៈលោក វ៉ាង យី, សម្តេចតេជោ ហ៊ុន សែន បានស្នើរដ្ឋាភិបាលចិន បន្តជួយកម្ពុជា ជាពិសេសបើកទីផ្សារឱ្យកាន់តែធំសម្រាប់កសិផលរបស់កម្ពុជា។ សម្តេចតេជោ ក៏បានស្នើចិនឱ្យបន្តបង្កើនការវិនិយោគនៅកម្ពុជា និងបង្កើនជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។


សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើចិន បន្តជួយអភិវឌ្ឍន៍លើវិស័យថាមពលនៅកម្ពុជា ដែលជាវិស័យដ៏មានសារៈសំខាន់មួយ ដើម្បីគាំទ្រដល់វិស័យសេដ្ឋកិច្ច ក្នុងគ្រារងផលប៉ះពាល់ពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។


ក្នុងជំនួបនេះលោក វ៉ាង យី ក៏បានគូសរំលេចពីការដើរតួនាទីយ៉ាងសំខាន់របស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានបន្តវេណនាឆ្នាំនេះ។


លោក វ៉ាង យី បានបញ្ជាក់ថា ចិន នឹងបន្តគាំទ្រយ៉ាងខ្លាំងក្លា ក្នុងការជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ និងការអភិវឌ្ឍរបស់កម្ពុជា។ លោក វ៉ាង យី ក៏បានថ្លែងអំណរគុណសម្តេចតេជោ ចំពោះការបន្តគាំទ្រយ៉ាងរឹងមាំចំពោះគោលនយោបាយចិនតែមួយ។


លោក វ៉ាង យី ក៏បានសន្យាជំរុញការវិនិយោគនៅកម្ពុជា ហើយជំរុញសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅកម្ពុជាផងដែរ។ ដោយឡែកវ៉ាក់សាំងវិញ លោក វ៉ាង យី សន្យាថា ផ្តល់ជូនកម្ពុជារាល់ពេលមានតម្រូវ។


ពាក់ព័ន្ធកសិកផលវិញ លោក វ៉ាង យី ក៏បានសន្យា ក្នុងការនាំចូលពីកម្ពុជាបន្ថែមទៀត ព្រោះចិន មានទីផ្សារធំ។ ពាក់ព័ន្ធនឹងវិស័យថាមពល ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ។


កិច្ចពិភាក្សារវាងសម្ដេចតេជោ និងឯកឧត្តម វ៉ាង យី គឺមានភាពស៊ីជម្រៅក្នុងការពង្រីកទំនាក់ទំនងទ្វេភាគី ជាពិសេសទៀតគឺការបង្កើនទាំងវិស័យសេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍផងដែរ។


ជាចុងក្រោយ លោក វ៉ាង យី បានមានប្រសាសន៍ថា សម្ដេចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ មានការប្រឈមជាច្រើន ដូចដែលសម្តេចមានប្រសាសន៍ថា បញ្ហានេះមិនមែនជាដំឡូងក្ដៅទេ គឺជាថ្មក្ដៅ ដែលបន្ថែមម្ដងបន្តិចម្ដងបន្តិច។ តែទោះជាយ៉ាងណាសម្តេច បានប្រែក្លាយថ្មក្តៅ ឱ្យទៅជាមាស ដោយសារការប៉ិនប្រសព្វ និងបទពិសោធន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។ លោក វ៉ាង យី ជឿជាក់ថា កម្ពុជា មានគោលជំហរមួយដ៏អស្ចារ្យនៅក្នុងពិភពលោកនេះ តាមរយៈការងារជាប្រធានអាស៊ាននេះផងដែរ។


សម្ដេចតេជោ បានស្នើតាមរយៈលោក វ៉ាង យី គោរពជូនពរ ផ្ដាំសួរសុខទុក្ខដល់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺឈាង ហើយក៏បានជូនពរឲ្យមហាសន្និបាតរបស់គណបក្សកុម្មុយនីសចិនលើកទី២០នេះ ទទួលបានជោគជ័យផងដែរ ៕


No comments:

Post a Comment