Wednesday, August 24, 2022

វិភាគអន្តរជាតិ៖ តើ «រដូវរងា» នឹងធ្វើឲ្យអឺរ៉ុបអស់ខ្យល់ជួយអ៊ុយក្រែន ឬ?



(វ៉ាស៊ីនតោន)៖ រយៈពេលជាង ៦ខែមកហើយ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមកទល់នឹងពេលនេះ ជំហររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកខាងលិចរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីនៅតែមានភាពរឹងមាំ។ សង្រ្គាមរបស់លោក ពូទីន ត្រូវបាន ក្រុមអ្នកវិភាគលោកខាងលិចយល់ស្របដូចគ្នាៗថាជាកត្តាមួយធ្វើឱ្យសម្ព័ន្ធភាពអន្តរអាត្លង់ទិក ត្រឡប់មករកសាមគ្ដីភាពគ្នាឡើងវិញ ក្រោយប្រេះឆាអស់ ជាច្រើនឆ្នាំនៅក្រោមអាណត្តិដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។


មិនតែប៉ុណ្ណោះ សង្រ្គាមនេះក៏បានជំរុញផងដែរឱ្យសហភាពអឺរ៉ុបឈានដល់កិច្ចព្រមព្រៀងជាច្រើនក្នុងការផ្ដល់ហិរញ្ញវត្ថុ និងអាវុធឱ្យអ៊ុយក្រែន ព្រមទាំង យល់ព្រមបញ្ឈប់ការពឹងផ្អែកលើឧស្ម័ន និងប្រេងរបស់រុស្ស៉ី ក៏ដូចជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចមិនធ្លាប់មានប្រឆាំងនឹងទីក្រុងមូស្គូ។ តែទោះជាបែបនេះក្ដី ខណៈសង្រ្គាមអ៊ុយក្រែនបានអូសបន្លាយពេលដល់កន្លះឆ្នាំទៅហើយនោះ ក្រុមមន្ត្រីនៅទូទាំងតំបន់អឺរ៉ុបបានបង្ហាញក្ដីព្រួយបារម្ភថាការគំាទ្រ និងជំហរ របស់អឺរ៉ុបចំពោះអ៊ុយក្រែនអាចនឹងមានការប្រែប្រួល មិនដូចកាលពីសង្រ្គាមផ្ទុះឡើងដំបូងនោះឡើយ។ ពោលគឺពួកគេចង់សំដៅទៅលើ «រដូវរងា» នៅប៉ុន្មានខែខាងមុខទៀតនេះដែលអាចនឹងក្លាយជាការធ្វើតេស្ដមួយដ៏ធំលើ «សាមគ្គីភាព និងជំហរគាំទ្រអ៊ុយក្រែនរបស់អឺរ៉ុប»។


នៅមុនខែរងាចូលមកដល់ បណ្ដាប្រទេសអឺរ៉ុបមួយចំនួន តួយ៉ាងដូចជាអាល្លឺម៉ង់ ដែលពឹងផ្អែកខ្លាំងជាងគេលើឧស្ម័នរបស់រុស្ស៉ី បានសម្រេចដាក់ចេញវិធានការជាបណ្ដើរៗក្នុងការសន្សំសម្ចៃថាមពល និងបម្រុងទុកឧស្ម័នសម្រាប់ខែរងា ក្នុងបរិបទដែលលោក ពូទីន ត្រូវបានគេមើលឃើញថាកំពុងប្រើឧស្ម័ន ជាអាវុធដើម្បីបង្កជាជម្លោះនយោបាយផ្ទៃក្នុង និងវិបត្តិសង្គមនៅអឺរ៉ុប ស្របពេលគំនិតអ្នកស្ដាំនិយមជ្រុលកំពុងកើនឡើងស្រាប់។ នេះហើយគឺជាហេតុផលមួយដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ឱ្យសង្រ្គាមសព្វថ្ងៃបញ្ចប់ឱ្យបានមុន «រដូវកាលបុណ្យណូអែល» ចូលមកដល់ ពីព្រោះ លោកដឹងថាអឺរ៉ុបមិនអាចរក្សាពាក្យសន្យាគាំទ្រអ៊ុយក្រែនបានយូរអង្វែងឡើយ បើខ្លួនឯងក៏ស្ថិតនៅក្នុងវិបត្តិដែរនោះ។


ជាការពិតណាស់ វិបត្តិថាមពលនៅក្នុងរដូវរងា ជាបញ្ហាដែលក្រុមមន្ត្រីអឺរ៉ុបបារម្ភបំផុត ដ្បិតក្នុងរយៈពេលខ្លី ឬមធ្យម បណ្ដាប្រទេសអឺរ៉ុបមិនអាចស្វែងរកអ្នកផ្គត់ផ្គង់ឧស្ម័នជំនួសរុស្ស៉ីបាននោះទេ ហើយរឿងបែបនេះលោក ពូទីនផ្ទាល់ក៏ដឹងច្បាស់ជាងនរណាៗទាំងអស់ដែរ។ កាលពីឆ្នាំ២០២១ ឧស្ម័នសរុប ដែលអឺរ៉ុបបាននាំចូល គឺមានឧស្ម័នរុស្ស៉ីដល់ទៅ ៥៥ភាគរយឯណោះ។ ម្យ៉ាងវិញទៀត ទោះជាសហភាពអឺរ៉ុបយល់ព្រមកាត់បន្ថយការប្រើប្រាស់ឧស្ម័នរុស្ស៉ី ជាដំណាក់កាលក៏ពិតមែន តែក្រុមមន្ត្រីអឺរ៉ុបខ្លះបានរិះគន់ថាវាគ្រាន់តែជាការស្ម័គ្រចិត្តប៉ុណ្ណោះ ហើយនៅពេលតម្រូវឱ្យអនុវត្តជាក់ស្ដែង ពួកគេខ្លាចថា ប្រទេសជាសមាជិកមួយចំនួន ដូចជាហុងគ្រីជាដើមប្រហែលជានឹងមិនអនុវត្តតាមឡើយ។


នៅត្រង់ចំណុចនេះដែរ លោក ខៃ ហ្ស៉ីល (Keir Giles) ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Chatham House ក៏យល់ស្របដូចគ្នានេះដែរជាមួយការបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុបមួយចំនួន មិនងាយត្រូវបានបញ្ចុះបញ្ចូលឱ្យពួកគេយល់ថាការពឹងផ្អែកលើឧស្ម័នរុស្ស៉ីនឹងបង្កគ្រោះថ្នាក់លើខ្លួនឯងនោះទេ ហើយផ្ទុយទៅវិញ ពួកគេថែមទាំងរំពឹងថាអាចនឹងត្រឡប់ទៅមានទំនាក់ទំនងជាប្រក្រតីជាមួយរុស្ស៉ីទៀតផង។ លើសពីនេះទៅទៀត ក្រៅតែពីបារម្ភថាផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច អាចនឹងជះឥទ្ធិពលដល់ការប្ដេជ្ញាចិត្តរបស់លោកខាងលិចចំពោះអ៊ុយក្រែន វាក៏មានដែរនូវការបារម្ភខ្លាចថាសង្រ្គាមសព្វថ្ងៃដែលអ្នកជំនាញភាគច្រើនយល់ថា បានក្លាយជាសង្រ្គាមរុំារ៉ៃទៅហើយនោះ អាចនឹងធ្វើឱ្យអឺរ៉ុបហត់នឿយក្នុងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។


ជាក់ស្ដែង សារព័ត៌មានអាមេរិក POLITICO តាមរយៈការស្រង់ទិន្នន័យពីវិទ្យាស្ថាន គៀល សម្រាប់សេដ្ឋកិច្ចសកល (Kiel Institute for the World Economy) បានរាយការណ៍កាលពីសប្ដាហ៍មុនថា បណ្ដាប្រទេសមហាអំណាចធំៗនៅអឺរ៉ុប មិនបានរក្សាការបន្តការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ដូចជាសហរដ្ឋអាមេរិក នោះទេ ដោយជំនួយយោធារបស់ពួកគេសម្រាប់ទីក្រុងកៀវ មានការថយចុះចាប់តាំងតែពីខែមេសាមកម្ល៉េះ។ បណ្ដាប្រទេសអឺរ៉ុបធំៗទាំងនោះមានដូចជា អង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ បារាំង អ៉ីតាលី និងអេស្ប៉ាញ មិនបានផ្ដល់ការប្ដេជ្ញាចិត្តផ្ដល់ជំនួយយោធាថ្មីៗឡើយ ពេញមួយខែកក្កដាកន្លងទៅនេះ ខណៈតំបន់ចាយប្រាក់អឺរ៉ូ កំពុងប្រឈមមុខនឹងអតិផរណាកើនឡើងដល់ទៅ ៨.៩ភាគរយឯណោះ។


បើត្រឡប់ទៅកាន់កាលពីចុងខែកុម្ភៈ គេបានឃើញយ៉ាងច្បាស់ថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមានជំហរប្រឆាំងនឹងលោក ពូទីនខ្លាំងប៉ុនណា ហើយពួកគេ បានផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនដល់កម្រិតណា។ ប៉ុន្តែវាពិបាកនឹងប្រកែកណាស់ ខណៈបណ្ដាប្រទេសអឺរ៉ុបខ្លះកំពុងជួបបញ្ហានៅក្នុងស្រុក គួបផ្សំនឹងសង្រ្គាម បច្ចុប្បន្នក្លាយជាសង្រ្គាមរុំារ៉ៃផងនោះ ពួកគេក៏បានដកការគាំទ្រមួយចំនួន ហើយខ្លះទៀតបានផ្លាស់ប្ដូរយុទ្ធសាស្ត្រដោយចាប់ផ្ដើមសម្លឹងលើលទ្ធផលនៃសង្រ្គាម ដែលពួកគេចង់បាន ឬអាចទទួលយកបាន។


គួរបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុបមានចំនួន ក្នុងនោះជាពិសេសគឺអាល្លឺម៉ង់ និងបារាំង ធ្លាប់បានលើកឡើងជាសាធារណៈថាកិច្ចសន្ទនានឹងនៅតែមានជានិច្ចរវាង លោកខាងលិច និងទីក្រុងមូស្គូ។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយម្ដងហើយម្ដងទៀតថាលោកជឿជាក់ថានៅក្នុងកាលៈទេសខ្លះ កិច្ចចរចាចាំបាច់ត្រូវតែធ្វើឡើងរវាងរុស្ស៉ី និងអ៊ុយក្រែន ខណៈអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ កំពុងស្ថិតនៅក្រោមសម្ពាធពាក់ព័ន្ធនឹងការលើកឡើង ចម្រុះពីឧស្ម័នរុស្ស៉ី និងចុងក្រោយបំផុតជុំវិញថាតើអឺរ៉ុបគួរ ឬមិនគួរដាក់បម្រាមទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៉ី។


ក្រុមអ្នកជំនាញភាគច្រើនសុទ្ធតែយល់ថា លោក ពូទីន បាន និងកំពុងប្រើឧស្ម័នជាអាវុធ និងអូសបន្លាយសង្រ្គាមឱ្យដល់ខែរងា ដើម្បីអាចបង្កើតវិបត្តិសម្រាប់អឺរ៉ុប ក្នុងគោលដៅបង្ខំឱ្យពួកគេដាក់សម្ពាធលើអ៊ុយក្រែនឱ្យធ្វើសម្បទានទឹកដី ឬចុះកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមដែលបម្រើប្រយោជន៍ដល់រុស្ស៉ី។ ដូច្នេះមានតែ ពេលវេលាទេដែលនឹងប្រាប់ពីអ្វីៗគ្រប់យ៉ាង៕ ដោយៈ Fresh News




No comments:

Post a Comment