Saturday, July 23, 2022

BREAKING: កម្លាំងសមត្ថកិច្ច អំពាវនាវបុគ្គល២នាក់ ដែលដឹកជនជាតិនីហ្សេរីយ៉ាមកផ្ទះសំណាក់ ចូលខ្លួនជាបន្ទាន់ដើម្បីពិនិត្យសុខភាព ។


អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល២រូប ដែលបានដឹកជនជាតិនីហ្សេរីយ៉ាផ្ទុកជំងឺអុតស្វា ទៅកាន់ផ្ទះសំណាក់ស្លឹកមាស ត្រូវចូលខ្លួនជាបន្ទាន់ដើម្បីធ្វើការពិនិត្យសុខភាព ក្រោយប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។


នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានបន្ដទៀតថា បន្ទាប់ពីធ្វើការសួរនាំជនជាតិនីហ្សេរីយ៉ា បាននិយាយថា រូបគេបានមកដល់ផ្ទះសំណាក់ស្លឹកមាសនេះ នៅវេលាម៉ោង០៥៖២០នាទី ដោយជិះកង់បីឥណ្ឌាមួយគ្រឿង មានបុរសម្នាក់ជាម្ចាស់អ្នកឌុប និងស្ដ្រីម្នាក់ទៀតជាអ្នករួមដំណើរជាមួយ។ ពេលមកដល់បានមួយសន្ទុះ ពោលនៅវេលាម៉ោង០៥៖៤០នាទី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។


យោងតាមនាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ ដោយសារសមត្ថកិច្ចមិនអាចទៅធ្វើការសួរនាំក្បែរអ្នកជំងឺអុតស្វានេះបាន ដូច្នេះអត្តសញ្ញាណ ឬប្រព័ន្ធទំនាក់ទំនងជាមួយបុគ្គលទាំង២នាក់ខាងលើ មិនទាន់កំណត់បាននោះឡើយទេ ដូច្នេះហើយនាយឧត្តមសេនីយ៍ ក៏សូមធ្វើការអំពាវនាវឲ្យសាម៉ីខ្លួន ត្រូវចូលខ្លួនដើម្បីពិនិត្យសុខភាពបន្ទាន់។


សូមជម្រាបថា បុរសជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា រត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានោះ ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅព្រលបថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ នៅម្ដុំផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយពីពេលឃាត់ខ្លួន ជនជាតិនីហ្សេរីយ៉ារូបនេះ ត្រូវបានប្រគល់ជូនមន្ដ្រីជំនាញរបស់ក្រសួងសុខាភិបាល ដើម្បីអនុវត្តវិធានការបន្ដ៕


No comments:

Post a Comment