Saturday, July 09, 2022

សម្តេចតេជោ ហ៊ុន សែន ប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេស និងប្រកាសចូលរួមកាន់ទុក្ខទូទាំងប្រទេស នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន, នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ នៅម៉ោង ៣៖៣៥នាទីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។


ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។


សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងស្និទ្ធស្នាលបំផុតជាមួយលោក អាបេ បានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើក លោក អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ លោក អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។


សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា លោក អាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ។


ដើម្បីសម្តែងនូវការដឹងគុណចំពោះមនោសញ្ចេតនាការស្រឡាញ់ដ៏ស្មោះត្រង់របស់លោក អាបេ ស៊ិនហ្សូ, សម្តេចតេជោ បានសម្រេចឱ្យមានការកាន់មរណទុក្ខនៅទូទាំងប្រទេសមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា។ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ។


សូមបញ្ជាក់ថា លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។


លោក អាបេ មានអាយុ ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនចំនួនពីរលើក។ លើកទីមួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងលើកទីពីរពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០។ លោក អាបេ បានលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីមុនអាណត្តិនៅខែសីហា ឆ្នាំ២០២០ ក្រោមហេតុផលបញ្ហាសុខភាព។ លោក គឺជាមេដឹកនាំម្នាក់ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានយូរជាងគេ។


ទោះជាបានលាលែងចេញពីតំណែងក៏ពិតមែន តែលោក អាបេ នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយជប៉ុន ដោយសារតែភាពជោគជ័យនៃនយោបាយសេដ្ឋកិច្ច «Abenomics» របស់លោក។ លោកជាមនុស្សម្នាក់ដែលដឹកនាំយុទ្ធនាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ដែលបានអនុញ្ញាតឱ្យជប៉ុនអាចធ្វើសកម្មភាពយោធាជួយដល់សម្ព័ន្ធមិត្ត ជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិជប៉ុន។


សម្រាប់ទំនាក់ទំនងជាមួយកម្ពុជា លោក អាបេ បានឈានលើសពីទំនាក់ទំនងរវាងប្រទេស និងប្រទេស ពោលគឺបានឈានដល់ទំនាក់ទំនងរវាងបុគ្គលរបស់លោក ជាមួយមេដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះគេចាំបានថា កាលពីខែសីហា ឆ្នាំ២០១៧ ពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ទទួលបានការធ្វើឱ្យភ្ញាក់ផ្អើលដោយនំខួបកំណើតរៀបចំដោយលោក អាបេ ថែមទៀតផង។ កាយវិការនោះ បង្ហាញឱ្យឃើញនូវចំណងទំនាក់ទំនងជ្រាលជ្រៅ និងស្និទ្ធស្នាលមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាបេ។


តាមរយៈទំនាក់ទំនងផ្សារភ្ជាប់ដោយមនោសញ្ចេតនាផ្ទាល់ខ្លួន បានធ្វើឱ្យលោក អាបេ ក្លាយទៅជាមេដឹកនាំជប៉ុនមួយរូប ដែលបានដាក់ចេញនូវគោលនយោបាយការទូតជាច្រើនជំរុញនូវទំនាក់ទំនងជាមួយប្រទេសកម្ពុជា រួមចំណែកជួយកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមពីលើមរតកនៃទំនាក់ទំនងប្រទេសទាំងពីរពីអតីតកាល។


ក្នុងតំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០១៣។ តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាពេលនោះ លោកបានសម្រេចផ្តល់ជំនួយជួយកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងជំនួយអភិវឌ្ឍន៍មួយចំនួនផ្សេងទៀត។


ក្នុងកំលុងពេលនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសការកាន់តំណែងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ លោក អាបេ បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។ ក្នុងនោះលោកបានធ្វើឱ្យទំនាក់ទំនងកម្ពុជា ក្លាយពីទំនាក់ទំនងធម្មតាទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៣។ បន្ថែមពីលើនោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងជប៉ុន បានរីកធំធាត់ជាបន្តបន្ទាប់ផងដែរ៕



No comments:

Post a Comment