Saturday, July 16, 2022

វិភាគអន្តរជាតិ៖ មជ្ឈិមបូព៌ា, នំដែលអាមេរិកបោះចោល ហើយចង់រើសយកមកវិញ



(វ៉ាស៊ីនតោន)៖ ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅថ្ងៃទី១៣ ខែកក្កដានេះបានទទួល​រងការរិះគន់​យ៉ាងខ្លាំង ជាពិសេស នៅពេលនិយាយដល់អារ៉ាប៊ីសាអូឌីត។ បើគេចាំមិនភ្លេចទេ លោក បៃដិនផ្ទាល់ធ្លាប់បានហៅអារ៉ាប៊ីសាអូឌីតថាជា «រដ្ឋឥតបានការ» ដោយសារតែ​សំណុំរឿងឃាតកម្ម លើអតីតអ្នកកាសែត លោក ចាម៉ាល់ ខាសសូកជី (Jamal Khashoggi) ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីឆ្នាំ២០១៨ ដែលចារកម្មអាមេរិក​សន្មត់​ថាមានជាប់ពាក់ព័ន្ធ នឹងព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ិន សាល់ម៉ាន។


នៅកំលុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ ក្រុមមន្ត្រីទីប្រឹក្សាលោក ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថាគុណតម្លៃរបស់អាមេរិកគឺជាស្នូលនៃ នយោបាយបរទេសរបស់លោក ហើយរដ្ឋបាលរបស់លោកនឹងងាកចេញពីការផ្ដោតលើតំបន់មជ្ឈិមបូព៌ា ដើម្បីងាកទៅផ្តោតលើចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកវិញ។ យុទ្ធសាស្ត្រ នេះបានលេចចេញជារូបរាងបន្តិចម្ដងៗ ក្រោយសហរដ្ឋអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន។


ក៏ប៉ុន្តែ នៅទីបំផុតទៅ លោក ចូ បៃដិនខ្លួនឯងបែរជាលេបសម្ដីនេះទៅវិញ ដោយសុខចិត្តទ្រាំធ្វើមុខក្រាស់បំពេញទស្សនកិច្ចទៅកាន់ «រដ្ឋឥតបានការមួយនេះ» ហើយហេតុផល មួយដ៏ចម្បងនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ នោះគឺមានគោលបំណងបញ្ចុះបញ្ចូលឱ្យមេដឹកនាំអារ៉ាប៊ីសាអូឌីតបង្កើនការផលិតប្រេង ដើម្បីបញ្ចុះតម្លៃប្រេងនៅលើទីផ្សារ ពិភពលោក ដែលកំពុងឡើងថ្លៃដោយសារតែសង្រ្គាមនៅអ៊ុយក្រែន។ មែនទែនទៅ ការជជែកវែកញែក និងការរិះគន់លើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់ តំបន់មជ្ឈិមបូព៌ា វាបានក្លាយជាប្រពៃណីមួយទៅហើយ ដោយជារឿយៗតែងតែមានការចោទសួររវាង «គុណតម្លៃសិទ្ធិមនុស្ស» និងផលប្រយោជន៍នៃនយោបាយអាមេរិកចំពោះ មជ្ឈិមបូព៌ា។ ដ្បិតសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់នេះ តួយ៉ាងដូចជាអារ៉ាប៊ីសាអូឌីត ទទួលបាន «អភ័យឯកសិទ្ធពិសេស» ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដែលក្រុមអ្នកប្រជាធិបតេយ្យ នាំគ្នារិះគន់ឥតសម្ចៃមាត់។


បើតាមអ្នកជំនាញ ដូចជាលោក ដានីញែល បាយមែន (Daniel L. Byman) ជាអ្នកជំនាញជាន់ខ្ពស់ខាងនយោបាយការបរទេស មកពីមជ្ឈមណ្ឌលសម្រាប់តំបន់មជ្ឈិមបូព៌ា (Center for Middle East Policy) គេមិនអាចរំពឹងលទ្ធផលធំដុំពីដំណើរទស្សនកិច្ចរបស់លោក បៃដិនឡើយ។ រីឯការស្ដារភាពជាដៃគូរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា នឹងត្រូវប្រឈមមុខជាមួយឧបសគ្គរារាំងស្ទះជាច្រើន ស្របពេលសហរដ្ឋអាមេរិកកំពុងផ្ដោតលើតំបន់អាស៊ី និងអឺរ៉ុបដែលការណ៍នេះចៀសមិនរួចឡើយនឹងធ្វើឱ្យរដ្ឋក្នុងតំបន់ មើលឃើញថាទីក្រុងវ៉ាស៊ីនតោន លែងជាដៃគូសន្តិសុខដ៏សំខាន់សម្រាប់ពួកគេ នៅក្នុងបរិបទនៃពិភលោកដែលមានប៉ូលច្រើន។


សម្រាប់តំបន់មជ្ឈិមបូព៌ា អ៉ីរ៉ង់ គឺជាគោលនយោបាយការបរទេសជាអាទិភាពរបស់អ៉ីស្រាអែល អារ៉ាប៊ីសាអូឌីត និងរដ្ឋអារ៉ាប់មួយចំនួនធំដទៃទៀត តែវាក៏ជាឧបសគ្គរបស់អាមេរិក ផងដែរ។ សម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ភាគច្រើន រួមទាំងអ៉ីស្រាអែល សុទ្ធតែប្រឆាំងនឹងការព្យាយាមរបស់រដ្ឋបាលលោក បៃដិន ដែលចង់ស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឡើងវិញ ដោយសារតែពួកគេយល់ថាវាជាការធ្វើសម្បទានខ្លាំងពេកដល់អ៉ីរ៉ង់ និងធ្វើឱ្យពួកគេភ័យខ្លាចថាសហរដ្ឋអាមេរិកមិនមានឆន្ទៈប្រឆាំងនឹងទង្វើឈ្លានពាន និងសកម្មភាព វិទ្ធង្សនារបស់អ៉ីរ៉ង់នៅក្នុងតំបន់។ ជាក់ស្ដែង ការវាយប្រហារដោយមីស៊ីលពីសំណាក់អ៉ីរ៉ង់នៅក្នុងប្រទេសអ៉ីរ៉ាក់ និងការវាយប្រហារដោយមីស៊ីលពីសំណាក់ក្រុមជីវពលស៊ីអ៉ីត គាំទ្រដោយអ៉ីរ៉ង់ លើអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម វាកាន់តែធ្វើឱ្យការភ័យខ្លាចនេះរីកកាន់តែធំ។


និយាយពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់វិញ រដ្ឋបាលលោក ចូ បៃដិន កំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក ដោយនឹងត្រូវធ្វើការសម្រេចចិត្តថាតើគួរតែស្ដារកិច្ចព្រមព្រៀងនេះ ឡើងវិញ ទាំងដែលធ្វើឱ្យសម្ព័ន្ធមិត្តអារ៉ាប់ខឹងសម្បារ ឬក៏បោះបង់ចោលកិច្ចព្រមព្រៀងនេះ ហើយត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាប្រឈមដែលអាចនឹងកើតឡើង ក្នុងនោះរួមមាន ទាំងការប្រើជម្រើសការទូត និងយោធា ដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់ផលិតបានអាវុធនុយក្លេអ៊ែរ?


ឧបសគ្គរាំងស្ទះមួយទៀត នោះគឺរុស្ស៉ី។ បច្ចុប្បន្ន សហរដ្ឋអាមេរិកកំពុងព្យាយាមបង្កើតក្រុមចម្រុះអន្តរជាតិមួយ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ក៏ប៉ុន្តែ ប្រទេសភាគច្រើនក្នុងតំបន់មជ្ឈិមបូព៌ាបានចាត់ទុករុស្ស៉ីជា «ប្រភពគ្រាប់ធញ្ញជាតិ» ដែលពួកគេត្រូវការជាចាំបាច់ ខណៈប្រជាជនក្នុងតំបន់កំពុងចោទសួរថាតើហេតុអ្វីអ៊ុយក្រែន ក្លាយជា «កម្មវត្ថុនៃសាមគ្គីភាពជាសកល» តែស៊ីរី ឬយ៉េមែន បែរជាមិនមែនទៅវិញ? ម្យាងវិញទៀត ទោះជាមិនពាក់ព័ន្ធនឹងអ៊ុយក្រែនក៏ដោយ ក៏រុស្ស៉ីបានដើរតួនាទីយោធាយ៉ាង សំខាន់រួចទៅហើយនៅក្នុងប្រទេសស៊ីរី។ ជាឧទារហណ៍ គេអាចយល់បានតាមរយៈគោលជំហររបស់អ៉ីស្រាអែល។ អ៉ីស្រាអែល គឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក តែទោះជាមានការជំរុញពីអាមេរិក និងការស្នើសុំជំនួយជាអាវុធពីអ៊ុយក្រែនក៏ដោយ ក៏អ៉ីស្រាអែលនៅតែប្រកាន់ជំហរអព្យាក្រឹត ដើម្បីអាចបន្តធ្វើការជាមួយរុស្ស៉ី ក្នុងការធានាឱ្យ បានថាអ៉ីស្រាអែលអាចបន្តវាយប្រហារលើមូលដ្ឋានយោធាអ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី ដោយមិនមានការធ្វើអន្តរាគមន៍យោធាពីកងទ័ពរុស្ស៉ីដែលឈរជើងនៅស៊ីរី។


ចំណែកឯ ឧបសគ្គធំបំផុត នោះគឺសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា សុទ្ធតែពេញចិត្តលើប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ ព្រោះពួកគេជឿជាក់ថា ប្រធានាធិបតីសាធារណរដ្ឋ មានគោលជំហរតឹងរ៉ឹងចំពោះអ៉ីរ៉ង់ និងមិនសូវឈឺឆ្អាលច្រើនពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់ពួកគេ ដូចជាប្រធានាធិបតីមកពីគណបក្ស ប្រជាធិបតេយ្យនោះទេ។ រឿងបែបនេះសូម្បីតែ អ៉ីស្រាអែល ក៏ចូលចិត្តប្រធានាធិបតីសាធារណរដ្ឋដែរ ដូចជាលោក ដូណាល់ ត្រាំជាដើមដែលគាំទ្រអ៉ីស្រាអែលយ៉ាងពេញទី និងប្រឆាំងអ៉ីរ៉ង់យ៉ាងពេញទំហឹង។


នៅក្រោយដកខ្លួនចេញពីអាហ្វហ្កានីស្ថាន រដ្ឋអារ៉ាប់នៅក្នុងតំបន់មជ្ឈិមបូព៌ាបានចាប់ផ្ដើមយល់ថាសហរដ្ឋអាមេរិក មិនមែនជាដៃគូសន្តិសុខគួរឱ្យទុកចិត្តបានដូចមុន ទៀតឡើយ ទោះជាអាមេរិកមិនមែនបោះបង់ចោលពួកគេទាំងស្រុងក៏ដោយ ហើយពួកគេរឹតតែដឹងទៅទៀតថាសហរដ្ឋអាមេរិកសព្វថ្ងៃកំពុងផ្ដោតលើអឺរ៉ុប និងអាស៊ី។ ម្លោះហើយ ដំណើរ ទស្សនកិច្ចរបស់លោក បៃដិន នឹងមិនអាចកែប្រែការយល់ឃើញបែបនេះឡើយ។ តែអ្វីដែលវ៉ាស៊ីនតោនអាចនឹងរំពឹងបាន នោះគឺធ្វើយ៉ាងណាឱ្យប្រទេសក្នុងតំបន់មើលឃើញថា សហរដ្ឋអាមេរិកនៅតែរក្សាការចូលរួមទាំងការទូត និងយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា ទាំងដើម្បីកម្ចាត់ពួក ISIS និងកំញើញអ៉ីរ៉ង់ ហើយដំណើរទស្សនកិច្ចរបស់លោក បៃដិន គឺជាសញ្ញានៃការបញ្ជាក់ពីសារទាំងនេះ។


នេះគា្រន់តែជាការចាប់ផ្ដើមឡើងវិញនៃការចូលរួមរបស់សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់មជ្ឈិមបូព៌ាតែប៉ុណ្ណោះ។ រីឯការសន្យាណាមួយរបស់លោក បៃដិន មិនអាច ទទួលបានជោគជ័យធំដុំនោះទេ ឬអាចនិយាយបានថាវាប្រហែលជាអាចមានការធ្វើសម្បទានពីអារ៉ាប៊ីសាអូឌីត ក្នុងការបង្កើនការផលិតប្រេងក្នុងចំនួនតិចតួច ដើម្បីបង្គ្រប់កិច្ច តែប៉ុណ្ណោះ ក្នុងបរិបទដែលទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់បានក្លាយជា «ការរកស៊ីមួយ» ដែលមិនទុកចិត្តគ្នាទៅវិញទៅមក គួបផ្សំដែលពិភពលោកបច្ចុប្បន្ន ជាពិភពមានប៉ូលច្រើន ដោយសហរដ្ឋអាមេរិកមិនអាចកាច់ចង្កូតពិភពលោកតែម្នាក់ឯង ទៀតនោះទេ។


បានន័យថាទោះជាប្រទេសអារ៉ាប់ក្នុងតំបន់មជ្ឈិមបូព៌ាចង់ជួយអាមេរិក ក៏ដោយ ក៏ពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើបាននោះដែរ ក្រោមហេតុផលនយោបាយជាក់ស្ដែង និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន និងរុស្ស៉ី៕ ដោយៈ Fresh News

No comments:

Post a Comment