Tuesday, July 19, 2022

ក្រសួងការងារនឹងចុះធ្វើជំរឿន និងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះធ្វើជំរឿន និងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត និងបច្ចុប្បន្នភាពព័ត៌មានរោងចក្រ សហគ្រាស និងចំនួនកម្មករនិយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ សហគ្រាស។ 

ជាមួយគ្នានេះដែរ ក្រសួងការងារ បានក្រើនរំឮក ដល់ម្ចាស់រោងចក្រសហគ្រាស ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្ត និងណែនាំកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ព្រមទាំងត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំង ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារតាមរយៈគេហទំព័រ https://lacms.mlvt.gov.kh (https://lacms.mlvt.gov.kh/)។

ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានរោងចក្រ សហគ្រាស ចំនួនកម្មករនិយោជិតតាមរយៈគេហទំព័រខាងលើ និងរៀបចំបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ សហគ្រាសឱ្យបានត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស អាចសាកសួរព័ត៌មានក្នុងក្រុម «សម្រាប់និយោជក» តាមរយៈតេឡេក្រាម https://t.me/EmployerChat។

អធិការការងារនឹងចុះត្រួតពិនិត្យទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត បច្ចុប្បន្ន ភាពព័ត៌មានរោងចក្រ សហគ្រាស និងចំនួនកម្មករនិយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ សហគ្រាស។ ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសមិនបានអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ត្រូវចាត់ទុកថាល្មើសនឹងមាត្រា ៣៨២ នៃច្បាប់ស្តីពីការងារ ដែលត្រូវទទួលរងការពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ពីអធិការការងារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់អនុវត្តបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕



No comments:

Post a Comment