Thursday, July 28, 2022

វិភាគអន្តរជាតិ៖ អ៊ុយក្រែន សង្រ្គាមដើរដល់ «ផ្លូវមច្ចុរាជ»?


(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីពេលថ្មីៗនេះបានបង្ហើបឱ្យដឹងថារុស្ស៉ីមានផែនការកាត់យកទឹកដីអ៊ុយក្រែននៅតំបន់ភាគខាងត្បូង និងភាគខាងកើត ដោយ ធ្វើឱ្យក្រុមអ្នកវិភាគយល់ថាប្រសិនបើទីក្រុងម៉ូស្គូ ពិតជាអាចកាត់យកទឹកដីទាំងនេះមកដាក់នៅក្រោមឧបសម្ព័ន្ធរបស់ខ្លួនបានពិតមែន នោះស្ថានការណ៍សង្រ្គាម នឹងផ្អៀងទៅខាងរុស្ស៉ីមួយទំហឹង ហើយអាចនឹងបិទផ្លូវចរចាស្វែងរកសន្តិភាពតែម្ដង។ ឬនិយាយឱ្យងាយស្ដាប់សង្រ្គាមសព្វថ្ងៃបានដើរដល់ «ផ្លូវមច្ចុរាជ» ដែលមិន អាចនឹងបកក្រោយ។


ដូច្នេះថាតើហេតុអ្វីបានវាជាបញ្ហាចោទ? ជាការពិតណាស់ ទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិករំពឹងថាការបញ្ជូនអាវុធឱ្យ អ៊ុយក្រែន អាចនឹងបញ្ចៀសជ័យជម្នះរបស់រុស្ស៉ីនៅក្នុងសង្រ្គាមសព្វថ្ងៃ។ ក៏ប៉ុន្តែបើរុស្ស៉ីអនុវត្ត «រូបមន្ត» កាត់យកទឹកដីអ៊ុយក្រែនបានដោយជោគជ័យ នោះ ទីក្រុងមូស្គូ អាចនឹងមានលេសថាសង្រ្គាមកំពុងធ្វើឡើងនៅលើទឹកដីរុស្ស៉ី ដែលតម្រូវឱ្យចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ សម្រាប់អ៊ុយក្រែន នេះគឺជា គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែងចំពោះអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យជាតិ និងអនាគតមនុស្សជំនាន់ក្រោយរបស់អ៊ុយក្រែន ម្លោះហើយទើប ទាហានអ៊ុយក្រែនពលីជីវិតជារៀងរាល់ថ្ងៃ មកដល់នឹងម៉ោងនេះ ដើម្បីធ្វើយ៉ាងណាឱ្យជាតិរស់។


អ្នកនាំពាក្យសេតវិមាន លោក ចន ឃឺប៊ី (John Kirby) កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដានេះបាននិយាយថាសហរដ្ឋអាមេរិកទទួលបានព័ត៌មានសម្ងាត់ដែលអាច បញ្ជាក់បានថារុស្ស៉ីកំពុងពិនិត្យបញ្ជាក់លើផែនការកាត់យកទឹកដីអ៊ុយក្រែនចំនួន ៤ ក្នុងនោះរួមមានតំបន់ ខឺសុន (Kherson) ហ្សាប៉ូរីសស៊ីយ៉ា (Zaporizhzhia) ដូណេតស្ក៍ (Donetsk) និងតំបន់លូហានស្កិ៍ (Luhansk)។ នៅក្រោមទស្សនៈយល់ឃើញរបស់លោក ពូទីន ច្បាស់ណាស់ការកាត់យក តំបន់ទាំង៤ មកដាក់នៅក្រោមឧបសម្ព័ន្ធរុស្ស៉ី វានឹងផ្ដល់លេសមួយឱ្យលោកការពារតំបន់ទាំងនេះ។


ម្យ៉ាងវិញទៀត ទោះជាលោកខាងលិចមិនទទួលស្គាល់ការភ្ជាប់ឧបសម្ព័ន្ធនេះក៏ដោយ ក៏រុស្ស៉ីមិនចាំបាច់ខ្វល់នោះដែរ ពីព្រោះថាយកតំបន់ទាំង៤ វាប្រៀបបាន ដូចជាយកកំាភ្លើងភ្ជង់ក្បាលលោកខាងលិច ដែលធ្វើឱ្យពួកគេកាន់តែច្របូលច្របល់ ឬស្ទាក់ស្ទើរក្នុងការបន្តបញ្ជូនអាវុធ និងផ្ដល់ការគាំទ្រផ្នែកនយោបាយ ឱ្យអ៊ុយក្រែន។ បានន័យថាលោក ពូទីននឹងយកអាវុធនុយក្លេអ៊ែរមកគំរាមការពារតំបន់ដែលរុស្ស៉ីបានកាត់យក ហើយចូរកុំភ្លេចថាទោះបីជាកំពុងផ្ដល់ជំនួយយ៉ាង ច្រើនសន្ធឹកសន្ធាប់ដល់ទីក្រុងកៀវក៏ពិតមែន តែទាំងអឺរ៉ុប និងអាមេរិកបានបញ្ជាក់ម្ដងហើយម្ដងទៀតថាការបញ្ចៀសសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរជាមួយ រុស្ស៉ី គឺជាអាទិភាពរបស់ពួកគេ ដែលនេះឯងជាហេតុផលមួយនៅពីក្រោយការចូលចិត្តសម្លុតគំរាមរបស់លោក ពូទីន។


ទាហានរុស្ស៉ី បានវាយគ្រប់គ្រងតំបន់ឃឺសុន និងហ្សាប៉ូរីស៊ីយ៉ា តាំងតែពីដើមទីនៃសង្រ្គាម ហើយនៅក្រោយដកចេញពីរដ្ឋធានីកៀវ ដើម្បីផ្ដោតលើការវាយលុក លើតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែន លោក ពូទីនបានប្រកាសពីការគ្រប់គ្រងតំបន់លូហានស្ក៍ទាំងស្រុងកាលពីដើមខែកក្កដានេះ និងកំពុងផ្ដោតលើ ការវាយកាន់កាប់តំបន់ដូណេតស៍ ដែលដំបូងឡើយធ្វើឱ្យមជ្ឈដ្ឋានខ្លះគិតថាសង្រ្គាមរបស់រុស្ស៉ីនឹងធ្វើឡើងនៅត្រឹមក្នុងតំបន់ដុនបាស់។ ប៉ុន្តែ វាមិនមែនបញ្ចប់ ត្រឹមនេះទេ ក្រោយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ទទួលស្គាល់ថាទាហានរុស្ស៉ីនឹងពង្រីកការកាន់កាប់ទឹកដីអ៊ុយក្រែនលើសពីតំបន់ដុនបាស់ រហូតដល់តំបន់ ខឺសុន ហ្សាប៉ូរីស៊ីយ៉ា និងទឹកដីអ៊ុយក្រែនមួយចំនួននៅភាគខាងលិច។


នៅឯតំបន់ឃឺសុន រុស្ស៉ីបានតាំងតែងតាំងរដ្ឋាភិបាលរណបមួយ និងចាប់ផ្ដើមរឹតត្បិតប្រព័ន្ធអ៉ិនធើណិត ព្រមទាំងដាក់ចេញបញ្ជាឱ្យប្រជាជនក្នុងតំបន់ចាយប្រាក់ រូប្លិ៍រុស្ស៉ី និងកាន់លិខិតឆ្លងដែនរុស្ស៉ី។ បើតាមលោក ឃឺប៊ី សហរដ្ឋអាមេរិកជឿថាក្នុងជំហានបន្ទាប់នៃផែនការកាត់យកទឹកដីអ៊ុយក្រែន រុស្ស៉ីនឹងរៀបចំការបោះឆ្នោត ប្រជាមតិមួយ អាចនៅពាក់កណ្ដាលខែកញ្ញាខាងមុខ ដើម្បីភ្ជាប់តំបន់ឃឺសុន ទៅក្នុងឧបសម្ព័ន្ធរុស្ស៉ីដូចករណីតំបន់គ្រីមៀ។ ដោយឡែក ជុំវិញបញ្ហានេះដែរ លោក អាឡិចហ្សាន់ឌឺ ហ្កាប៊ូអេវ (Alexander Gabuev) ជាអ្នកជំនាញម្នាក់ស្ដីពីរុស្ស៉ី មកពីវិទ្យាស្ថាន Carnegie Endowment យល់ថាប្រសិនបើរុស្ស៉ីអាចកាត់យកទឹកដី អ៊ុយក្រែនដូចដែលបានរៀបខាងលើមែន ហើយដោយដឹងថាអ៊ុយក្រែននឹងព្យាយាមដណ្ដើមទឹកដីទាំងនេះទៅវិញ លោក ពូទីន នឹងប្រកាសដាក់តំបន់ទាំងនេះ នៅក្រោមឆត្រនុយក្លេអ៊ែរ ឬអាចនឹងប្រើអាវុធនុយក្លេអ៊ែរតាក់ទិកប្រឆាំងនឹងអ៊ុយក្រែនតែម្ដង។


នៅត្រង់ចំណុចនេះ ទាំងអ៊ុយក្រែន និងលោកខាងលិច តួយ៉ាងសហរដ្ឋអាមេរិកនឹងត្រូវប្រឈមមុខនឹងស្ថានការណ៍ដ៏លំបាក។ ដ្បិត បើលោក ពូទីន ដាក់ចេញ «បន្ទាត់ក្រហមថ្មីមួយ» នោះគេនឹងត្រូវឆ្លើយសំណួរមួយដ៏លំបាក គឺបើអ៊ុយក្រែនចង់ឱ្យសហរដ្ឋអាមេរិក និងលោកខាងលិចលូកដៃធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ថាតើលោក បៃដិន និងបណ្ដាមេដឹកនាំអឺរ៉ុប ហ៊ានពលីជីវិតប្រជាជន រួមទាំងកងទ័ពរបស់ខ្លួនដើម្បីការពារអ៊ុយក្រែន ប្រឈមមុខនឹងអាវុធនុយក្លេអ៊ែររបស់លោក ពូទីន ដែរឬក៏យ៉ាងណា?


តែទោះជាបែបនេះក្ដី បើតាមលោក ហ្កាប៊ូអេវ រុស្ស៉ីនឹងមិនដំណើរការកាត់យកទឹកដីអ៊ុយក្រែនទាំង ៤ខាងលើ ភ្លាមៗនោះទេ។ ជាឧទាហរណ៍ដូចជាក្នុងតំបន់ឃឺសុន 

រុស្ស៉ី នឹងរង់ចាំរហូតដល់ទាហានរបស់ខ្លួនគ្រប់គ្រងតំបន់នេះបានទាំងស្រុងសិន ទើបប្រកាសជំហានបន្ទាប់។ ដូច្នេះអ្វីដែលលោកខាងលិចត្រូវធ្វើ គឺបង្កើនការផ្ដល់ ជំនួយឱ្យអ៊ុយក្រែន ដើម្បីរារាំងកុំឱ្យរុស្ស៉ីអនុវត្តផែនការកាត់ទឹកដីបានដោយជោគជ័យ។


គួរបញ្ជាក់ថា ក្រុមមន្ត្រីលោកខាងលិចបានបង្ហាញក្ដីសង្ឃឹមថាការបញ្ជូនអាវុធឱ្យអ៊ុយក្រែន អាចនឹងជួយបង្កើតលក្ខខណ្ឌអំណោយផលមួយ ជួយឱ្យអ៊ុយក្រែនមាន ជំហររឹងមាំ មុននឹងចរចាស្វែងរកសន្តិភាពជាមួយរុស្ស៉ី។ ប៉ុន្តែ លោក ហ្សេលេនស្គី ធ្លាប់បានសន្យាថាលោកនឹងមិនចុះកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលត្រូវ បាត់បង់ដី ជាមួយរុស្ស៉ីជាដាច់ខាត៕ ដោយៈ Fresh News



No comments:

Post a Comment