Wednesday, July 06, 2022

ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុកទី​ស្តីការ​គណៈរដ្ឋ​មន្ត្រី​​ ជួប​ពិភាក្សា​ការងារជា​មួយ​តំ​ណាង​ប្រទេស​ផ្តល់​ជំ​នួយសម្រាប់​សាលាក្តី​ខ្មែរក្រហម​

នាព្រឹក​ថ្ងៃទី​៦ ខែ​កក្កដា ឆ្នាំ​២០២២  នៅ​ទី​ស្តី​ការគណៈរដ្ឋមន្ត្រី​ ឯកឧត្តមកិត្តិនីតិ​កោសល​បណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជាប្រធាន​​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ទ្រទ្រង់​ដំ​ណើរការ​កាត់​សេចក្តី​របស់​អង្គជំ​នុំ​ជម្រះ​វិសាម​ញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ឬហៅកាត់ថាសាលាក្តី​ខ្មែរក្រហម  បាន​ជួប​ពិភាក្សា​ការងារជាមួយ           ​បណ្តាប្រទេស​ផ្តល់​ជំ​នួយ​សំ​ខាន់​ៗ ប្រមាណ​១០ប្រទេស។ សមាសភាពនៃគណៈប្រតិភូ រួមមានៈ       អូស្ត្រា​លី សហភាពអឺរ៉ុប​ បារាំង​ ​ ជប៉ុន ស៊ុយ​អែត អង់​គ្លេស និងតំណាងទូតមួយចំនួននៅរាជធានីភ្នំពេញ​។ នៅក្នុងគណៈប្រតិភូនេះ គឺមាន​​លោកស្រី​ Alexandra Hutchison តំណាង​ប្រទេស​អូស្ត្រាលី ជាប្រធានប្រតិភូ   តំ​ណាង​ប្រទេស​ផ្តល់​ជំ​នួយ​និងជាអ្នកធ្វើ​​របាយការណ៍​ទៅ​បណ្តា​ប្រទេ​ស​ផ្តល់​ជំ​នួយ​ទៅ​ទី​ក្រុង​ញូវយ៉ក។ ដោយឡែក​លោកស្រី​ Hanna Dreifeldt គឺជា​មន្ត្រី​​ច្បាប់​ជាន់​ខ្ពស់​របស់​ការិយាល័យទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​របស់ អ.ស.ប ក៏បាន​អញ្ជើញ​ចូលរួមនៅក្នុងកិច្ចប្រជុំនេះ​ផង​ដែរ​។

ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ បាន​មាន​ប្រសាសន៍ថា រហូត​មកដល់​ពេល​នេះ​ អ.វ.ត.ក. បាន​ដំ​ណើរការ​កាត់​សេចក្តី​ប្រកប​ដោយ​ជោគ​ជ័យ​និង​ជិត​បិទបញ្ចប់​ដំ​ណើរការ​កាត់​សេចក្តី​ហើយ គឺ​គ្រោង​នឹង​បញ្ចប់​សំ​ណុំ​រឿង​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ ត្រឹមត្រីមាសទី​៤ ឆ្នាំ​២០២២នេះ។  ជំ​នួស​មុខ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន បាន​ថ្លែង​អំ​ណរគុណ​ដល់​បណ្តាប្រទេស​ផ្តក់​ជំ​នួយទាំង​អស់​ដែល​បាន​រួម​ចំ​ណែក​ផ្តល់​ថវិកាដល់ អ.វ.ត.ក. ដែល​សម្រេច​បាន​សមិទ្ធផល​ការងារ​ប្រកប​ដោយ​ជោគ​ជ័យ​ ហើយ​ដែល​ជោគ​ជ័យ​នេះ គឺជា​ជោគ​ជ័យ​រួម​ទាំង​អស់​គ្នា​ ទាំង​រាជរដ្ឋាភិបាលកម្ពុជា​អង្គការ​សហប្រជា​ជាតិ​ និង​សហគមន៍អន្តរជាតិ​ដែល​កន្លង​មក​បាន​រួម​សហការ​គ្នា​បាន​យ៉ាងល្អ​ ហើយ​ដែល​ អ.វ.ត.ក. អាច​ក្លាយ​ជា​គំរូតុលាការ​មួយ​សម្រាប់​ការ​វិនិច្ឆ័យ​ទោស​ចំ​ពោះ​ឧក្រិដ្ឋ​កម្ម​ធ្ងន់​ៗ និង​ការ​សម្លាប់​រង្គាលនាពេល​អនាគតលើឆាក​អន្តរជាតិ​ និង​ជា​ពិសេស​នៅ​ថ្នាក់​តំ​បន់។

ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​បាន​មាន​ប្រសាសន៍បន្ថែម​ថា អ.វ.ត.ក. នៅ​មាន​ការងារ​សំខាន់​ៗចំ​នួន​ពីរទៀត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​បន្ថែម​ជាមួយអង្គការសហប្រជា​ជាតិ​ សម្រាប់​អនុញ្ញាតឱ្យ អ.វ.ត.ក. អនុវត្តបន្ត​នូវ​មុខងារ​ដែល​នៅ​សេសសល់ រួម​មាន៖ ទី១)  ការគ្រប់គ្រងបណ្ណសារនៃសំណុំរឿងកាត់សេចក្តី​របស់អ.វ.ត.ក. គឺត្រូវរក្សាទុកឱ្យអនុលោមទៅតាមស្តង់ដារអន្តរជាតិ និងអនុញ្ញាតឱ្យ​សាធារ​ណ​ជន​​អាច​ចូលពិនិត្យ​មើល​និងសិក្សាបាន​យ៉ាង​ទូលំទូលាយនិងទី២) ការងារអប់រំនិងផ្សព្វផ្សាយស្តីពីសមិទ្ធផ​លរបស់អ.វ.ត.ក. គឺមានសារៈសំខាន់ដែលគប្បីជំរុញអនុវត្តឱ្យកាន់តែទូលំទូលាយដល់សាធារណជ​ន និងអ្នកស្រាវជ្រាវជាតិ-អន្តរជាតិ ព្រមទាំងលើកកម្ពស់ការងារកេរដំណែលរបស់អ.វ.ត.ក.ឱ្យកាន់តែមានលក្ខណៈរឹងមាំ ដើម្បីបន្តអប់រំដល់មនុស្សជំនាន់ក្រោយ ក្នុងគោលដៅទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា ក៏ដូចជានៅលើសកលលោក។

​          ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត​ ប៊ិន ឈិន បានប្រាប់​ទៅ​​តំ​ណាង​ប្រទេស​ផ្តល់​ជំ​នួយ​ផង​ដែរថា រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ផ្តល់​ថវិកាដល់​ អ.វ.ត.ក. នៅ​អំ​ឡុង​ពេល​អនុវត្ត​មុខងារ​សេសសល់និង​ក៏បាន​សំ​ណូម​ពរស្នើ​សុំ​ឱ្យប្រទេស​ផ្តល់​ជំ​នួយ​បន្ត​ផ្តល់​ការគាំ​ទ្រ​ដល់​អ.វ.ត.ក.ជា​បន្ត​ទៀត​ដោយ     ​​ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ បាន​សង្កាត់​ធ្ងន់​ថា​  ការ​ចូល​រួម​បន្ត​កិច្ច​សហការ​របស់​សហគមន៍អន្តរជាតិ​ក្នុង​ការ​បន្ត​ផ្តល់​ថវិកា គឺដើម្បី​ឱ្យ​ អ.វ.ត.ក. ដំ​ណើរការ​ទៅ​ដោយ​រលូន​ ជោគ​ជ័យ​និង​ប្រកប​ដោយ​កិត្តិយស។

ជាការ​ឆ្លើយ​តប​ទាំង​លោកស្រី​ Alexandra Hutchison តំ​ណាង​ប្រទេស​ផ្តល់​ជំ​នួយ​សម្រាប់​សម្រប​សម្រួល​ដឹកនាំ​កិច្ច​ប្រជុំ​ និង​លោកស្រី Hanna Dreifeldt មន្ត្រី​ច្បាប់​ជាន់​ខ្ពស់​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​របស់​អ.ស.ប. បាន​វាយតម្លៃ​ខ្ពស់​ចំ​ពោះ​ជោគ​ជ័យ​របស់​ អ.វ.ត.ក. ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​គាំ​ទ្រ​ចូល​រួម​យ៉ាង​មោះមុត និង​​​បាន​បញ្ជាក់​ថាជោគ​ជ័យ​ដែល​សម្រេច​បាន​របស់​ អ.វ.ត.ក. គឺ​ពិត​ជា​កើត​ចេញ​ពី​ការ​ជឿទុកចិត្ត​គ្នា​ និងការ​​រួម​សហការ​គ្នា​បាន​ល្អក្នុង​គ្រប់​ដំ​ណាក់​កាល​នៃ​​ដំ​ណើរការកាត់​សេចក្តី​។ ដោយសារ​តែជំ​នឿទុកចិត្ត​នេះ​ហើយ លោក​ស្រី Alexandra Hutchison បាន​បញ្ជាក់​​នូវ​គោល​ជំ​ហរយ៉ាង​ច្បាស់​លាស់​ថា បណ្តាប្រទេស​ផ្តល់​ជំ​នួយប្តេជ្ញាបន្ត​គាំទ្រ​​កិច្ច​សហការក្នុង​ដំ​ណើរការ​របស់​តុលាការដែល​នៅ​សេសសល់​នេះ ទាំង​ការ​គ្រប់​គ្រង​បណ្ណាសារ ការ​ផ្សព្វ​ផ្សាយ រួម​ទាំង​ការ​រក្សាកេរដំ​ណែល​របស់​តុលាការ ធ្វើ​យ៉ាង​ណា​ឱ្យ​ អ.វ.ត.ក. សម្រេច​បាន​ជោគ​ជ័យ​ ដោយ​ការ​បិទបញ្ចប់​កិច្ច​ការ​របស់​ខ្លួន​នៅចុង​ឆ្នាំ​២០២២នេះ ប្រកប​ដោយ​កិត្តិយស​។

ជា​ចុង​បញ្ចប់ ​ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ បានគូសបញ្ជាក់ផងដែរថា ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះគឺមិនមែនជាការសងសឹក ប៉ុន្តែគឺជាការផ្តល់ទំនុកចិត្តដល់តុលាការកាត់សេចក្តី និងបានសម្តែងនូវ​ការ​ថ្លែង​អំ​ណរគុណ​ដល់ក្រុម​កាងារ​នៃ​​បណ្តាប្រទេសផ្តល់​ជំ​នួយ​ដែល​បានជួប​ពិភាក្សាការងារ ព្រមទាំងបាន​​ប្តេជ្ញា​បន្ត​គាំ​ទ្រ​ការងារ​ដែល​នៅ​សេសសល់​របស់​ អ.វ.ត.ក.ឱ្យ​បន្ត​ដំ​ណើរការ​ដើម្បី​ឈាន​ដល់ការ​​បិទបញ្ចប់​ក្នុង​ពេល​អនាគត​ខាង​មុខ ដែល​សមិទ្ធផល​ទាំង​អស់​កើត​ចេញ​ពី​កិច្ច​សហការ​រួម​គ្នា​នេះ ធ្វើ​ឱ្យ​អ.វ.ត.ក.សម្រេច​បាន​ជោគ​ជ័យ​ដ៏ធំ​ធេង មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​៕​










No comments:

Post a Comment