Wednesday, July 27, 2022

វិភាគអន្តរជាតិ៖ «សន្លឹកបៀខែរងា» របស់លោក ពូទីន

(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ហាក់ដូចជាកំពុងមានក្ដីសង្ឃឹមលើអាវុធមួយមានថាមពលខ្លាំងជាងប្រព័ន្ធមីស៊ីលដែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបបញ្ជូនឱ្យអ៊ុយក្រែនទៅទៀត នោះគឺ «ពេលវេលាមកដល់នៃរដូវរងា» ខណៈទណ្ឌកម្មលោកខាងលិច ត្រូវបានគេមើលឃើញថាមិនអាចបញ្ឈប់ ឬក៏ធ្វើឱ្យបុរសខ្លាំងរូបនេះឯកោពីពិភពលោកនោះឡើយ។


អស់រយៈពេលជាង៥ខែមកនេះ ចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក មូស្គូរំពឹង នៅក្នុងចិត្តថាការប្ដេជ្ញាចិត្តជួយអ៊ុយក្រែនរបស់លោកខាងលិច នឹងត្រូវបានបន្សាបដោយសារតែការឡើងថ្លៃប្រេង និងឧស្ម័ន ចំណីអាហារ និងអតិផរណាដែលជំរុញដោយសង្រ្គាមសព្វថ្ងៃ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីបាននាំគ្នានិយាយ ឌឺដងផ្លែផ្កាពីការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងលោកនាយករដ្ឋមន្ត្រីអ៉ីតាលី ម៉ារីយ៉ូ ដា្រហ្គី (Mario Draghi) ដោយឆ្លៀតបញ្ឈឺថាមេដឹកនាំទាំង២រូបនេះ របូតតំណែងដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ហើយថែមទាំងចោទ សួរទៀតផងថាតើ «នៅមានមេដឹកនាំលោកខាងលិចណាទៀត ដែលនឹងត្រូវចុះចេញពីតំណែង»។


លោក ពូទីន ដែលនឹងមានអាយុ ៧០ឆ្នាំ នៅខែតុលាខាងមុខនេះ ជាវ័យត្រូវសន្សំបុណ្យឱ្យបានច្រើន ក្នុងខែកក្កដានេះបានពន្យុះឱ្យអាមេរិក និងណាតូ (NATO) ចូលមកបំបាក់រុស្ស៉ីនៅលើសមរភូមិ ដោយព្រលយថាសកម្មភាពរបស់រុស្ស៉ីនៅអ៊ុយក្រែន គឺទើបតែជាការចាប់ផ្តើម ប៉ុណ្ណោះ។ តាមរយៈពាក្យមួយឃ្លានេះ វាបានបង្ហាញរួចទៅហើយថាលោក ពូទីន ត្រៀមខ្លួនជាស្រេចសម្រាប់សង្រ្គាមរយៈពេលវែង ឬសង្រ្គាម រុំារ៉ៃនៅអ៊ុយក្រែន ហើយសូម្បីតែនាយកចារកម្មអាមេរិក CIA និងជាអតីតអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ លោក វីលៀម បឺន (William Burns) ក៏យល់ឃើញដូចគ្នានេះដែរ។ «ក្ដីសង្ឃឹមរបស់លោក ពូទីន នោះគឺលោកចង់ឈ្នះនៅក្នុងសង្រ្គាមរុំារ៉ៃដ៏បំផ្លិចបំផ្លាញមួយ»។ នេះជា ការគូសបញ្ជាក់របស់លោក បឺន ក្នុងសុន្ទរកថាមួយនៅឯវេទិកាសន្តិសុខអាស្ពែន (Aspen Security Forum) កាលពីសប្ដាហ៍មុន។


នាយកចារកម្ម CIA រូបនេះបានបន្ថែមទៀតថាលោក ពូទីន ក៏កំពុងសង្ឃឹមដែរថាលោកអាច «ច្របាច់កសេដ្ឋកិច្ចអ៊ុយក្រែន» ហើយធ្វើឱ្យ ប្រជាជនអឺរ៉ុប និងមេដឹកនាំរបស់ពួកគេ ព្រមទាំងសហរដ្ឋអាមេរិក អស់ខ្យល់លែងចង់ជួយអ៊ុយក្រែនដោយខ្លួនឯង។ ពីព្រោះនៅក្នុងទស្សនៈ របស់លោក ពូទីន អាមេរិក និងអឺរ៉ុប ក៏កំពុងក្រពុលមុខនឹងបញ្ហាអតិផរណា និងការបែកបាក់នយោបាយនៅក្នុងស្រុកដូចគ្នាដែរ។ ម្លោះហើយ ជាមួយការកាត់បន្ថយលំហូរឧស្ម័ន លោក ពូទីន នឹងប្រើឱកាសនេះដើម្បីធ្វើឱ្យអឺរ៉ុបត្រូវជាប់រវល់ដោះស្រាយវិបត្តិក្នុងស្រុក និងបាក់បែក នយោបាយ ជាជាងផ្តោតលើអ៊ុយក្រែន។


តែយ៉ាងណាក៏ដោយ លោក បឺន បានអះអាងថាលោក ពូទីននឹងមិនអាចសម្រេចគោលបំណងនេះទេ។ ក៏ប៉ុន្តែ វិមានក្រឹមឡាំងមិនបានសញ្ញា ដកថយឡើយ និងថែមទាំងបានបង្ហើបពីគោលដៅថ្មីទៅវិញ។ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បាននិយាយថាទីក្រុងមូស្គូនឹង សម្រេចតាមគោលដៅទាំងអស់របស់ខ្លួន ហើយលែងផ្តោតត្រឹមតែតំបន់ដុនបាស់ទៀតហើយ តែចង់បានទឹកដីបន្ថែមនៅភាគខាងត្បូងរបស់ អ៊ុយក្រែន។


កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ដោយផ្អែកលើព័ត៌មានសម្ងាត់បានអះអាងថារុស្ស៉ីបាន និងកំពុងចាប់ផ្ដើម ដំណើរការក្រសោបយកតំបន់ដុនបាស់ទាំងមូល ព្រមទាំងទឹកដីនៅតំបន់ភាគខាងត្បូងអ៊ុយក្រែន ក្នុងនោះរួមមានទីក្រុងឃឺសុន (Kherson) និងហ្សាប៉ូរីស៊ីយ៉ា (Zaporizhzhia) ហើយរឿងបែបនេះកើតឡើងមែន នោះរុស្ស៉ីនឹងគ្រប់គ្រងជាផ្លូវការលើទឹកដីអ៊ុយក្រែនប្រហែល ១៨ភាគរយ បើធៀបទៅនឹង៤ភាគរយ នៅពេលដែលរុស្ស៉ីកាត់យកតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤។


បើតាមលោក ឡាវរ៉ូវ ប្រសិនបើលោកខាងលិចកាន់តែបញ្ជូនប្រព័ន្ធមីស៊ីល HIMARS រឹតតែច្រើនឱ្យអ៊ុយក្រែន នោះចំណង់ចង់បានទឹកដី អ៊ុយក្រែនរបស់រុស្ស៉ី ក៏កាន់តែរីកធំដែរ។ នៅត្រង់ចំណុចនេះ លោក វ្ល៉ាឌីស្លាវ ហ្សូបុក (Vladislav Zubok) ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រអន្តរជាតិ មកពីសាលកវិទ្យាល័យ London School of Economics យល់ថាការលើកឡើងរបស់លោក ឡាវរ៉ូវ គឺជាការបញ្ជូនសារមួយទៅកាន់ លោកខាងលិចថាសង្រ្គាមអូសបន្លាយកាន់តែយូរ នោះអ៊ុយក្រែននឹងបាត់បង់ទឹកដីរឹតតែច្រើន។


បណ្ដាប្រទេសនៅអឺរ៉ុបសុទ្ធតែបានប្រកាសពីមហិច្ឆតាកាត់បន្ថយជាដំណាក់កាល រហូតដល់ឈប់ពឹងផ្អែកលើឧស្ម័នរុស្ស៉ី តែអ្នកជំនាញភាគច្រើន រួមទាំងលោក ពូទីនជឿថា វាមិនមែនជារឿងអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ។ ដូច្នេះលោក ពូទីន នឹងរង់ចាំមើលថាតើអឺរ៉ុបដែលកំពុង ប្រឈមមុខនឹងអតិផរណា អាចរស់ដោយគ្មានឧស្ម័នរុស្ស៉ី និងដោះស្រាយវិបត្តិនៅក្នុងស្រុកដោយរបៀបណា? ម្យ៉ាងវិញទៀត កាន់តែសំខាន់ នោះគឺនៅខែវិច្ឆិកាខាងមុខនេះ សហរដ្ឋអាមេរិកនឹងត្រូវរៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ហើយបើគណបក្សសាធារណរដ្ឋត្រឡប់ មកគ្រប់គ្រងព្រឹទ្ធសភា ឬសភាតំណាងរាស្ត្រ ឬក៏គ្រប់គ្រងសភាទាំងពីរតែម្ដង នោះថាតើការប្ដេជ្ញាចិត្តជួយអ៊ុយក្រែនរបស់អាមេរិកនឹងនៅតែ ដដែល ដែរឬក៏យ៉ាងណា? ខណៈអ្នកសាធារណរដ្ឋតួយ៉ាងដូចជាលោក ដូណាល់ ត្រាំ និងអ្នកគាំទ្រនយោបាយ «ត្រាំនិយម» បានបរិហាររិះគន់ ចំៗចំពោះការបញ្ជូនជំនួយយោធាដ៏សម្បើមនៃរដ្ឋបាលលោក បៃដិន ឱ្យអ៊ុយក្រែន។


នេះហើយ គឺជាអ្វីដែលអ្នកគាំទ្រអ៊ុយក្រែនកំពុងព្រួយបារម្ភ។ សព្វថ្ងៃ បើគ្មានជំនួយពីលោកខាងលិច ជាពិសេសពីសហរដ្ឋអាមេរិក ម្ល៉េះអ៊ុយក្រែន ប្រាកដជាមិនអាចទប់ទល់ជាមួយកងទ័ពរុស្ស៉ី មកដល់ពេលនេះទេ ហើយប្រសិនបើលោកខាងលិចពិតជាអស់ខ្យល់មែន អ៊ុយក្រែនប្រហែលជា ត្រូវបង្ខំចិត្តទទួលយកកិច្ចព្រមព្រៀងសន្តិភាពដ៏អាក្រក់ជាមួយរុស្ស៉ីក៏ថាបាន។


គួរបញ្ជាក់ថា នៅមុនបញ្ជាឱ្យកងទ័ពរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងសារជាច្រើនដែលបង្ហើបពីមហិច្ឆតាស្ដារឋានៈជា «កំពូលមហាអំណាច» ឡើងវិញដែលរុស្ស៉ីបានបាត់បង់ នៅក្រោយសូវៀតដួលរលំក្នុងឆ្នាំ១៩៩១។ តាមរយៈមហិច្ឆតានេះឯង លោក ពូទីន បានយកការពង្រីកឥទ្ធិពល របស់ណាតូ មកកាន់ទិសខាងកើត មកធ្វើជាហេតុផលត្រឹមត្រូវមួយនៃការសម្រេចចិត្តធ្វើសង្រ្គាមនៅអ៊ុយក្រែនដែលលោកផ្ទាល់ហៅថា «ជាការសម្រេចចិត្តដោយបង្ខំ» និងកំណត់យកអ៊ុយក្រែនជាដែនឥទ្ធិពលរបស់ខ្លួន ដែលគ្មាននរណាអាចប៉ះបាន។


បច្ចុប្បន្ន រុស្ស៉ីនៅតែអាចបន្តនាំចេញប្រេង និងឧស្ម័នទៅកាន់ប្រទេសមួយចំនួនដូចជាចិន និងឥណ្ឌាជាដើមក្រោមការលក់បញ្ចុះតម្លៃ។ ដូច្នេះ ដរាបណា វិស័យថាមពលរុស្ស៉ីនៅតែមានដង្ហើម លោក ពូទីន ក៏នៅតែមានដង្ហើមធ្វើសង្រ្គាមនៅអ៊ុយក្រែនដូចគ្នាដែរ៕ ដោយៈ Fresh News



No comments:

Post a Comment