Tuesday, June 28, 2022

លិខិតមិត្តអ្នកអាន៖ «សមត្ថកិច្ចគួរតែ ចាត់វិធានការក្តៅទៅ លើក្រុមអតីតបុគ្គលិកណាហ្គាវើល»


នៅក្នុងការធ្វើបាតុកម្មខុសច្បាប់នាថ្ងៃច័ន្ទ ទី២៧ មិថុនា ២០២២ នេះ ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្រុមតូចនេះដឹកនាំដោយសកម្មជននយោបាយរបស់បក្សប្រឆាំង ឈឹម ស៊ីថរ ដែលត្រូវបានបញ្ឈប់ពីការងារ ក្នុងដំណាក់កាលនៃការរីករាលដាលនៃរោគរាតត្បាតកូវិដ-១៩ បាន«ចងក្រណាត់ពណ៌ខៀវ លើក្បាល»ហើយសរសេរថា «កុំយកលុយ ដូរសិទ្ធិ»។ 

ពេលស្តាប់ទៅ ពិតជាគួរឱ្យអស់សំណើចផង និងគួរឲ្យខ្មាស អៀនផង។ អស់សំណើចពីព្រោះក្រុមនេះហើយដែល បានយកលុយដូរសិទ្ធិ ពោលគឺ ពួកគេបានទទួលយកលុយពីពួកបរទេសតាមរយៈយន្តការផ្សេងមកចាយដើម្បីជាថ្នូរនឹង សិទ្ធិដើរធ្វើបាតុកម្មខុសច្បាប់ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពអនាធិបតេយ្យក្នុងរាជធានីអស់រយះពេលជិតមួយឆ្នាំកន្លងមកនេះ។

ចំណែកឯរឿងដែលគួរឲ្យខ្មាសអៀននោះគឺនៅត្រង់ថា ក្រុមនេះកំពុងប្រើសិទ្ធិខុសច្បាប់ដោយបាននិងកំពុងបង្ខំថៅកែឲ្យទទួលយកខ្លួនចូលធ្វើការងារទាំងដែលគេមិនត្រូវការ។ និយាយតាមបែបផ្សេង ក្រុមឈឹម ស៊ីថរ នេះមិនអាចរកការងារថ្មីបានធ្វើទេពីព្រោះមិនចេះធ្វើអ្វីក្រៅពីជំនាញធ្វើបាតុកម្មខុសច្បាប់ បង្កភាពរញ៉េរញ៉ៃក្នុងក្រុមហ៊ុន និងនៅតាមទី សាធារណៈ។ 

ដូច្នេះ តើនៅលើពិភពលោក យើងនេះ មានថៅកែណាដែលបានរើសយកបុគ្គលិកប្រភេទបែបនេះអោយចូលធ្វើការអោយក្រុមហ៊ុនខ្លួន? ហេតុដូច្នេះហើយបានជាពួកគេចង់ប្រើសិទ្ធិបង្ខំគេឲ្យយកខ្លួនទៅធ្វើការដោយបានហៅថានោះជា សិទ្ធិការងារ។ 

នេះមិនមែនជាសិទ្ធិការងារទេ តែជាការចាប់បង្ខំគេឲ្យយកខ្លួនចូលធ្វើការងារ។ ការប្រើសិទ្ធិខុសច្បាប់បែបនេះ ទោះបីជាធ្វើបាតុកម្មរហូតសក់ស្កូវក៏គ្មានអ្នកណាទទួលយកខ្លួនទៅធ្វើការដែរ។ កុំថាឡើយក្រុមហ៊ុនណាហ្គាវើលដ៏ ទោះបីក្រុមហ៊ុននៅទូទាំងប្រទេសខ្មែរ មិនថាជាក្រុមហ៊ុនតូច រឺធំ ក៍គេមិនទទួលយក ដែរព្រោះមនុស្សប្រភេទនេះ បើយកអោយចូលធ្វើការស្មើនឹងយកជ័រភ្នៅទៅត្បៀតក្លៀក រឺក៍ដូចជាយកគ្រាប់បែកកំណត់ ម៉ោងផ្ទុះទៅដាក់ក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។

តាំងពីដើមទីរហូតមក ដល់បច្ចុប្បន្ន  អ្នកដែលបានតាមដានព្រឹត្តិការណ៍នេះប្រាកដជាយល់ច្បាស់ណាស់អំពីគោលបំណងនិងរបៀបវារះនយោបាយរបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលមួយ ក្រុមតូចនេះ។

គោលបំណងរបស់ពួកគេមិនមែនទាមទារសិទ្ធិការងារអ្វីនោះឡើយ គឺទាមទារចង់ធ្វើប្រធានសហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដើម្បី បន្តក្រឡុកក្រុមហ៊ុន នេះដែលមានបុគ្គលិកកម្មកររាប់ពាន់នាក់កំពុងបម្រើការងារ។ 

មនុស្សដែលគេនិយាយពីសិទ្ធិ និង យល់ដឹងពីសិទ្ធិ គឺគេត្រូវយល់ពីសិទ្ធិរបស់ខ្លួននិងសិទ្ធិរបស់អ្នកដទៃ។ និយាយអំពីការងារ គឺសិទ្ធិរបស់កម្មករ និយោជិត និងសិទ្ធិរបស់និយោជក។ ភាគីទាំងពីរនេះមានសិទ្ធិដូចគ្នា ដោយម្ខាង មានសិទ្ធិជ្រើសរើសការងារ និងម្ខាងទៀត មានសិទ្ធិជ្រើសរើស បុគ្គលិកដើម្បីបម្រើ ការងារ។ សិទ្ធិរបស់ភាគីទាំងសងខាងមិនអាចត្រូវបានគេចាប់បង្ខំនោះឡើយ។ ឧទាហរណ៍ថា បាតុករ មួយក្រុមតូចនេះត្រូវគេបង្ខំឲ្យធ្វើការនៅ ក្នុងកន្លែងមួយដែលខ្លួនមិនពេញចិត្ត តែគេមិនឲ្យឈប់ពីការងារ តើពួកគេ

យល់ព្រមធ្វើដែរឬទេ? បើពួកគេអាចឆ្លើយសំណួរនេះបាន ពួកគេ នឹងយល់ថា តើពួកគេ មានសិទ្ធិឯណាមកចាប់បង្ខំថៅកែ ណាហ្គាវើលឲ្យយកពួកគេចូលធ្វើការ? 

និយាយអំពីសិទ្ធិរបស់មនុស្សទូទៅវិញ ការធ្វើបាតុកម្មរញ៉េរញ៉ៃនៅតាមដងផ្លូវសាធារណៈ ឬបិទផ្លូសាធារណៈគឺជាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ 

ដូច្នេះ ក្រុមអតីតបុគ្គលិកណាហ្គាវើល មួយក្រុមតូចដឹកនាំដោយសកម្មជន នយោបាយ ឈឹម ស៊ីថរ មិនស្គាល់សិទ្ធិ និងមិនបានគោរពសិទ្ធិអ្នកដទៃនោះឡើយ។ 

នៅពេលដែលពួកគេបំពានសិទ្ធិអ្នកដទៃ សិទ្ធិរបស់ខ្លួននឹងត្រូវចប់នៅថ្ងៃណាមួយ។ រហូតមកទល់ពេលនេះ ខ្ញុំសង្កេត ឃើញអាជ្ញាធរហាក់ ដូចជាស្លូត អត់ឪននិងអនុគ្រោះចំពោះក្រុមអាណាធិប្បតេយ្យនេះពេកហើយ។ វិធានការក្តៅក៍គួរតែពិចារណាប្រកាន់យកដែរដើម្បីរក្សា

សណ្តាប់ធ្នាប់សង្គមនិងការពារសិទ្ធិមនុស្សទូទៅដែលក្រុមនេះកំពុងបំពានរាប់ទាំងសិទ្ធិរបស់សមត្ថកិច្ ផងដែលត្រូវបានក្រុមនេះបង្កឲ្យមាន របួសនិងបាត់បង់សម្ភារៈមួយចំនួន ទៀត។ 

ដូច្នេះ តើគេគួរទុកឲ្យមនុស្សមួយក្រុមតូច នេះបង្កភាពអនាធិបតេយ្យនិងបំពានសិទ្ធិអ្នកដទៃដល់ពេលណា? 

ដោយ : និស្សិតច្បាប់ម្នាក់នៃសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ











No comments:

Post a Comment