Friday, June 10, 2022

វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក ដល់ពេលបិទ «ឆត្រនុយក្លេអ៊ែរ» ឬ?


(វ៉ាស៊ីនតោន)៖ នៅក្រោយសង្រ្គាមលោកលើកទី២ បិទបញ្ចប់ សហរដ្ឋអាមេរិកបានយកអាវុធនុយក្លេអ៊ែរ ដើម្បីពង្រីក «ឫទ្ធានុភាពកំញើញសត្រូវ និងធ្វើជាខែលការពារ សម្ព័ន្ធមិត្តពិសេសៗ ដែលជាទូទៅគេនាំគ្នាហៅថា «ឆត្រនុយក្លេអ៊ែរ»។ ឆត្រនុយក្លេអ៊ែរជាផ្នែកមួយនៃមធ្យោបាយរក្សាអំណាចយោធាផុតលេខ និងប្រព័ន្ធសម្ព័ន្ធមិត្តដែល ជាស្នូលដ៏សំខាន់នៃនយោបាយការបទេសអាមេរិក ជាមួយការធានាដ៏ម៉ឺងម៉ាត់ថា សហរដ្ឋអាមេរិកនឹងប្រើអាវុធនុយក្លេអ៊ែរការពារសម្ព័ន្ធមិត្តពីការវាយប្រហាររបស់សត្រូវ បើទោះជាអាមេរិកខ្លួនឯងមិនរងការវាយប្រហារក៏ដោយ។ សមាគមគ្រប់គ្រងអាវុធ (Arms Control Association) បានឱ្យដឹងថាអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥,៥៥០គ្រាប់ រីឯរុស្ស៉ីមាន ៦,២៥៧គ្រាប់ ឬអាចនិយាយបានថាអាមេរិក និងរុស្ស៉ីរួមបញ្ចូលគ្នាកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរជាង ៩០ភាគរយ នៃក្បាលគ្រាប់នុយក្លេអ៊ែរ ពិភពលោក។


ក៏ប៉ុន្តែ នៅក្នុងបរិបទដែលឥទ្ធិពលចិន កើនឡើងជាលំដាប់, សង្រ្គាមនៅអ៊ុយក្រែន រួមទាំងក្រោយសហរដ្ឋអាមេរិក បានបរាជ័យនៅអាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២១ ក្រុមមន្ត្រីអាមេរិក ក្នុងជួររដ្ឋបាលលោក ចូ បៃដិន ក៏ដូចជាក្រុមមន្ត្រីក្នុងប្រទេស ឬដែនដីដែលកំពុងស្ថិតនៅក្រោមឆត្រនុយក្លេអ៊ែរអាមេរិកដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងតៃវ៉ាន់ជាដើម បាននាំគ្នាចោទសួរដោយបើកចំហថាតើពួកគេគួរតែអភិវឌ្ឍ ឬមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនដែរឬទេ?


ខណៈពិភពលោកកំពុងសម្លឹងមើលសង្រ្គាមនៅអ៊ុយក្រែន នៅពីក្រោយឆាកឯណេះ ការរត់ប្រណាំងអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងចិន ក៏មានសន្ទុះ កាន់តែខ្លាំងឡើងដែរ។ បើតាមក្រសួងការបរទេសអាមេរិក ចិនមានភាពរីកចម្រើនទៅមុខគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍ និងបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ ហើយ បើនៅតែអាចរក្សាភាពរីកច្រើនដូចសព្វថ្ងៃ នោះឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិន អាចនឹងវ៉ាដាច់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី នៅពេលអនាគត។ បន្ថែមពីលើនេះ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកាលពីពេលថ្មីៗនេះ បាននិយាយថាកូរ៉េខាងជើងបានដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរ យ៉ុងប៊ីយុន (Yongbyon) នាំឱ្យក្រុមមន្ត្រី អាមេរិកបារម្ភថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ រីឯអ៉ីរ៉ង់ ក៏នៅតែបន្តរីកចម្រើនទៅមុខ ឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ ផងដែរ។ នេះបានន័យថាពិភពលោកប្រហែលជាមិនអាចបញ្ឈប់ប្រទេសទាំងនេះពីការផលិតអាវុធនុយក្លេអ៊ែរបានឡើយ។


ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានសន្យាថានឹងនាំសហរដ្ឋអាមេរិកឆ្ពោះទៅរកពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ ហើយនេះជាគោលនយោបាយ ដ៏យូរអង្វែងរបស់អាមេរិក ដែលត្រូវបានលើកកម្ពស់ដោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកសម័យសង្រ្គាមត្រជាក់ គឺលោក ចច ស៊ូលល៍ (George Shultz) និងលោក ហិនរី ឃីសស៊ីងហ្គឺ (Henry Kissinger)។ ជាការពិតណាស់ ជាទ្រឹស្ដី ពិភពលោកនឹងស្ថិតនៅទីតាំងមួយដ៏ល្អប្រសើរ បើគ្មានអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ ជាការអនុវត្ត អ្នកជំនាញមួយចំនួនយល់ថាអាវុធនុយក្លេអ៊ែរ ក៏អាចថែរក្សាសន្តិភាពពិភពលោកបានដែរ ដោយគេតែងតែលើកយកអ៊ុយក្រែនមកធ្វើជាឧទាហរណ៍។ នៅក្រោយ សហភាពសូវៀតដួលរលំ អ៊ុយក្រែនធ្លាប់កាន់កាប់អាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់ តែពួកគេយល់ព្រមប្រគល់ឱ្យរុស្ស៉ីវិញដើម្បីទទួលបានការសន្យាមិនឈ្លានពានពីរុស្ស៉ី និងការធានាសន្តិសុខពីសហរដ្ឋអាមេរិក និងអង់គ្លេស។


ដូច្នេះប្រសិនបើអ៊ុយក្រែនមានអាវុធនុយក្លេអ៊ែរ ថាតើរុស្ស៉ីហ៊ានបើកការឈ្លានពានដូចសព្វថ្ងៃដែរឬទេ? ហើយសំណួរបែបនេះក៏កំពុងត្រូវបានចោទសួរដូចគ្នាដែរ ចំពោះ តៃវ៉ាន់ ជប៉ុន និងកូរ៉េខាងត្បូង។ នៅក្នុងបរិបទដែលអំណាចយោធាចិនកាន់តែរីកធំ រីឯកម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាន់តែរីកចម្រើនទៅមុខដែរនោះ វាមិនត្រឹមតែបង្កការព្រួយបារម្ភដល់អាមេរិកប៉ុណ្ណោះ តែវាក៏បន្សល់ទុកការសង្ស័យដល់សម្ព័ន្ធមិត្តទាំង ៣របស់វ៉ាស៊ីនតោនផងដែរថាតើឆត្រនុយក្លេអ៊ែរអាមេរិក នៅតែអាចការពារពួកគេបានដែរឬទេ? ក្រុមអ្នកជំនាញភាគច្រើនយល់ស្របដូចគ្នាថា តៃវ៉ាន់ ជប៉ុន ឬកូរ៉េខាងត្បូង មិនអាចបន្តផ្ដេកផ្ដួលពឹងផ្អែកតែទៅលើឆត្រនុយក្លេអ៊ែរអាមេរិក ដោយមិនប្រឹងប្រែងអភិវឌ្ឍសមត្ថភាពយោធាខ្លួនឯងនោះទេ។ ពួកគេបានបកស្រាយយ៉ាងសាមញ្ញថា នៅក្នុងករណីសង្រ្គាមផ្ទុះឡើងជាមួយកូរ៉េខាងជើង ឬចិន ថាតើសហរដ្ឋអាមេរិក អាចពលីអាយុជីវិតប្រជាជនរាប់ម៉ឺននាក់របស់ខ្លួនឯង ដើម្បីការពារកូរ៉េខាងត្បូង ជប៉ុន ឬតៃវ៉ាន់ បានដែរឬក៏យ៉ាងណា? ព្រោះសព្វថ្ងៃចិន និងកូរ៉េខាងជើងត្រូវបានគេជឿជាក់ថាសុទ្ធតែមានមីស៊ីលផ្លោងអន្តរទ្វីប ICBM បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់ទឹកដីអាមេរិក។


ពួកមហាអំណាចនុយក្លេអ៊ែរដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៉ី បារាំង អង់គ្លេស ឬក៏ឥណ្ឌា និងប៉ាគីស្ថានជាដើមសុទ្ធតែធ្លាប់បានបង្ហាញពីជំហរគាំទ្រការទប់ស្កាត់ ការរីកសាយអាវុធនុយក្លេអ៊ែរ។ តែមើលទៅក្នុងចំណោមប្រទេសទាំងនេះមានតែអាមេរិក ប៉ុណ្ណោះដែលមានបំណងទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរខ្លាំងជាងគេ។ នេះមិនមែនដោយសារតែអាមេរិកចង់រក្សាសន្តិភាពពិភពលោកតែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក បើប្រទេសគ្រប់គ្នាសុទ្ធតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ថាតើមាននរណាត្រូវការឆត្រនុយក្លេអ៊ែររបស់ខ្លួនតទៀត។ និយាយឱ្យងាយស្ដាប់ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យកូរ៉េខាងត្បូង ឬជប៉ុន ឬក៏តៃវ៉ាន់ ផលិត ឬកាន់កាប់ អាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួនឡើយ តែផ្ទុយទៅវិញ អាមេរិកនឹងកាន់តែធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ និងសមត្ថភាពយោធាមិនមែននុយក្លេអ៊ែរដើម្បីឱ្យសម្ព័ន្ធមិត្ត មានភាពកក់ក្ដៅ ដែលជ្រកនៅក្រោមឆត្រនុយក្លេអ៊ែររបស់ខ្លួន សំដៅបញ្ចុះបញ្ចូលកុំឱ្យពួកគេចង់បានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន។


គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញថាអាវុធនុយក្លេអ៊ែរបស់លោក ពូទីន អាចកំញើញកុំឱ្យសហរដ្ឋអាមេរិក និង NATO លើកទ័ពចូលជួយអ៊ុយក្រែន តែ អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និង NATO បែរជាមិនអាចកំញើញកុំឱ្យរុស្ស៉ីលើកទ័ពចូលអ៊ុយក្រែនទៅវិញ។ នៅត្រង់នេះ គេអាចមើលឃើញថាឆត្រនុយក្លេអ៊ែរ អាមេរិក ហាក់ដូចជាចាញ់ប្រៀបនុយក្លេអ៊ែររុស្ស៉ី។ ក៏ប៉ុន្តែ មែនទែនទៅ បើគ្មានឆត្រនុយក្លេអ៊ែរអាមេរិក ម្ល៉េះលោក ពូទីន ក៏មិនទុកឱ្យសង្រ្គាមនៅអ៊ុយក្រែនអូសបន្លាយ មកដល់ពេលនេះដែរ។ បានន័យថាយ៉ាងហោចណាស់នុយក្លេអ៊ែរអាមេរិកអាចកំញើញកុំឱ្យលោក ពូទីន ប្រថុយប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន៕


ប្រភព៖ HOOVER INSTITUTION (ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២)

ដោយៈ Fresh News







No comments:

Post a Comment