Friday, May 27, 2022

ទស្សនៈមិត្តអ្នកអាន៖ រដ្ឋាភិបាល គិតគូរពីផលប្រយោជន៍ប្រជាជនកម្ពុជាជាធំ ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19

រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់និងក្នុងពិភពលោកនិយាយរួមបាននិងកំពុងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19។ ប្រទេសខ្លះបានប្រកាសដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន ប្រទេសខ្លះបិទទីក្រុង បិទទីប្រជុំជន ហាមការជួបជុំប្រមូលផ្តុំតាមទីសាធារណៈហាមការជួបជុំជាលក្ខណៈឯកជនពិសេសការចល័តពីតំបន់មួយទៅតំបន់មួយ និងហាមដើរហើរជាដើមបើគ្មានការចាំបាច់ ដែលវានាំឲ្យមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលនៃជំងឺ COVID-19។

វិធានការដែលរដ្ឋនីមួយៗបានដាក់ចេញ ហើយបានកំពុងអនុវត្ត គ្មានអ្វីដែលចម្លែកនោះឡើយ ក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺសកលដ៏កាចសាហាវនេះ។ ដូចគ្នានេះដែរ ការហាមឃាត់ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយ គឺជារឿងល្អបំផុតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលមិនគួរក្រុមអ្នកនយោបាយប្រឆាំងផ្កាប់មុខរិះគន់វាយប្រហារថា រដ្ឋាភិបាលកម្ពុជា អមនុស្សធម៌ក្នុងការបដិសេធពលរដ្ឋខ្លួននៅប្រទេសម៉ាឡេស៊ីមិនឲ្យវិលចូលស្រុកវិញនោះឡើយ។

អ្វីដែលជាការលើកឡើងរបស់ក្រុមប្រឆាំងផ្កាប់មុខមួយតំបស្វានេះ គេមើលយ៉ាងច្បាស់ថា គឺជាការឆ្លៀតឱកាសកេងចំណេញខាងផ្នែកនយោបាយតែប៉ុណ្ណោះ ពួកគេគ្មានចេតនាពិតប្រាកដចង់ជួយដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសម៉ាឡេស៊ីនោះឡើយ ជាពិសេសប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកជាង ១៦លាននាក់នោះដែរ។ គ្មានចេតនាពិតប្រាកដ ដោយសារថា ជំងឺឆ្លងសកលដែលកំពុងរាតត្បាតពាសពេញសកលលោក ហើយដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំង ពួកគេបែរជាសម្ងំសោយសុខធ្វើមិនដឹងមិនឮអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរក្នុងគ្រាអាសន្ននេះ បែរជាចង់ឲ្យប្រជាពលរដ្ឋកម្ពុជាឆ្លងជំងឺដ៏កាចសាហាវនេះទៅវិញ។

ពួកគេសប្បាយចិត្តណាស់ នៅពេលដែលឃើញប្រជាពលរដ្ឋខ្មែរដេកដួលលើដី ខ្សល់គ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម ពួកគេតែងយករូបភាពទាំងអស់នេះមកផ្សព្វផ្សាយតាមបណ្តាញសង្គមនិងធ្វើការអត្ថាធិប្បាយបំប៉ោង បំភ្លៃ បំផ្លើសថា ប្រជាពលរដ្ឋខ្មែរបានឆ្លងជំងឺ COVID-19 ជាច្រើននាក់។ ការផ្សព្វផ្សាយរបស់ក្រុមប្រឆាំង រួមទាំងការសរសេរបន្លាចផងនោះ បានធ្វើឲ្យមានការរើសអើងដល់ជនរងគ្រោះ ដោយសារខ្យល់គរ ឬសន្លប់បាត់ស្មារតីដោយសារប្រការណាមួយដែលមិនពាក់ព័ន្ធទាល់តែសោះនឹងជំងឺ COVID-19 ពោលគឺធ្វើឲ្យប្រជាពលរដ្ឋខ្មែរមើលមុខគ្នាលែងចំ។

យ៉ាងណាមិញ ការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជាអមនុស្សធម៌ចំពោះពលរដ្ឋខ្លួនជាង ១០០នាក់នៅម៉ាឡេស៊ី គឺជាការចោទប្រកាន់ទាំងងងើលដោយមិនឈរលើបរិបទដែលពិភពលោកកំពុងជួបគ្រោះអាសន្ន ហើយរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ រដ្ឋាភិបាលកម្ពុជា បានស្នើសុំការយោគយល់ចំពោះការចង់វិលត្រឡប់ចូលស្រុកវិញ ដោយសារថា ជំងឺឆ្លងរាតត្បាតសកលCOVID-19 ត្រូវបង្ខំឲ្យមនុស្សត្រូវនៅដាច់គ្នា ហាមឃាត់ការធ្វើដំណើរផ្សេងៗ ហើយត្រូវស្ថិតនៅទីកន្លែងមានសុវត្ថិភាព និងជាពិសេសត្រូវអនុវត្តវិធានការអនាម័យឲ្យបានខ្ជាប់ខ្ជួនតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីគេចផុតពីជំងឺឆ្លងសកលនេះ។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលម៉ាឡេស៊ី ក៏បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋខ្លួនរស់នៅប្រទេសផ្សេងៗវិលចូលស្រុកវិញដែរ ដោយរង់ចាំពេលវេលាសមស្របណាមួយទើបអនុញ្ញាតឲ្យចូល។

ករណីប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ី មិនមែនជារឿងថ្មី ឬដាច់ដោយឡែក ឬក៏ជាករណីពិសេសអ្វីឡើយ ពីព្រោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសចិន ស្ថិតក្នុងទីក្រុងវូហាន ខេត្តហ៊ឺបិយ ជាកន្លែងផ្ទុះជំងឺ COVID-19 ដំបូង ក៏ត្រូវបានរដ្ឋាភិបាលស្នើសុំឲ្យពួកគេនៅទីនោះសិនដែរ ពីព្រោះថា ស្ថានទូតខ្មែរនៅទីនោះបានត្រៀមលក្ខណៈការពារពលរដ្ឋខ្លួនរួចហើយ ពិសេសទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិនផងដែរ។ ដូចគ្នានេះដែរ និស្សិតខ្មែរដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក ក៏រដ្ឋាភិបាលស្នើសុំឲ្យពួកគេនៅទីនោះសិនដែរ ហើយត្រូវចេះការពារខ្លួនពីជំងឺឆ្លងសកលនេះ។

ជារួម រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរគ្រប់ជ្រុងជ្រោយច្បាស់លាស់លើការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកម្ពុជាផ្ទាល់ និងពិភពលោកកំពុងជួបគ្រោះអាសន្ន។ រដ្ឋាភិបាលតែងបានគិតគូរពីសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា ទោះម្នាក់ ពីរនាក់ក្តី។ ជាការពិត ពលរដ្ឋខ្មែរទោះជាម្នាក់ ឬពីរនាក់ក្តី គឺមានតម្លៃ និងមានសារៈសំខាន់សម្រាប់រដ្ឋាភិបាល និងប្រទេសជាតិ តែអំឡុងពេលវិបត្តិដែលកំពុងជួបប្រទះនេះ និងក្នុងកាលៈទេសៈដែលរដ្ឋាភិបាលកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល COVID-19 គឺស្នើសុំឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសកុំចល័តពីតំបន់មួយទៅតំបន់មួយ ក្នុងន័យការពារខ្លួនពីការឆ្លងជំងឺ COVID-19 ពិសេសស្នើសុំការយោគយល់ពីបងប្អូនខ្មែរនៅប្រទេសម៉ាឡេស៊ី ផ្អាកធ្វើដំណើរចូលមកក្នុងប្រទេសសិន រង់ចាំពេលវេលាសមស្របណាមួយ និងត្រូវស្ថិតនៅកន្លែងដើមដដែល ចៀសវាងការឆ្លងជាយថាហេតុណាមួយ ពិសេសត្រូវអនុវត្តវិធានការអនាម័យតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល៕

ដោយ៖ សុខ សុវណ្ណ


 

No comments:

Post a Comment