Wednesday, April 06, 2022

វិភាគអន្តរជាតិ៖ របៀបដែលក្រុមហ៊ុនអាវុធអាមេរិក រកលុយពីសង្រ្គាម

(វ៉ាស៊ីនតោន)៖ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៣៩ហើយ និងបានបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត រីឯ សេដ្ឋកិច្ចពិភពលោកកំពុងរង្គោះរង្គើរ ខណៈកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមនេះហាក់មិនទាន់មានលទ្ធផលជាដុំភួននោះឡើយ។ ជាទូទៅ គេតែងតែនិយាយថា «គ្មាននរណាម្នាក់ឈ្នះនៅក្នុងសង្រ្គាមឡើយ»។ ប៉ុន្តែ មានឧស្សាហកម្មមួយដែលត្រូវបានគេដាក់ឈ្មោះឱ្យថា «ឧស្សាហកម្មមិនចេះជួបវិបត្តិ» នោះគឺឧស្សាហកម្មអាវុធ ដោយមិនថាពិភពលោកមានសង្រ្គាម ឬជួបវិបត្តិសេដ្ឋកិច្ចនោះទេ ការលក់អាវុធនៅតែមាន កំណើនជារៀងរាល់ឆ្នាំជានិច្ច។

មកទល់នឹងពេលនេះ អ្នកដែលគ្រប់គ្រងទីផ្សារអាវុធពិភលោក គឺសហរដ្ឋអាមេរិក ហើយបើតាមមជ្ឈដ្ឋានមួយចំនួន សង្រ្គាម ឬជម្លោះយោធា ឬក៏ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ គឺជា «ម៉ាស៊ីនបោះពុម្ភលុយ» សម្រាប់ក្រុមហ៊ុនផលិតអាវុធអាមេរិក។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក ជែម ថៃក្លេត (James Taiclet) ជានាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin កាលពីខែមករាកន្លងទៅបាននិយាយថា ការប្រកួតប្រជែងរវាងមហាអំណាចធំៗ នឹងជំរុញឱ្យមានការបង្កើនកញ្ចប់ថវិកាយោធា ហើយនឹងនាំប្រាក់ចំណូលមកឱ្យក្រុមហ៊ុន។

តួយ៉ាង ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធអាមេរិកត្រូវបានគេរាយការណ៍បានកើនឡើងជាលំដាប់ ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងមក ដោយគិតមកទល់នឹងឆ្នាំ២០២២នេះ ភាគហ៊ុនក្រុមហ៊ុន Lockheed Martin បានកើនឡើងដល់ទៅ ២៥ភាគរយ។ ភ្លាមៗ ក្រោយសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយយោធា ៣៥០លានដុល្លារឱ្យអ៊ុយក្រែន។ ក្រោយមកទៀត ថ្ងៃទី១២ ខែមីនា លោក ចូ បៃដិន បានផ្ដល់ជំនួយយោធា ២០០លានដុល្លារ និង៨០០លានដុល្លារបន្ថែមទៀត នៅថ្ងៃទី១៦ ខែមីនា ដល់ប្រទេស អ៊ុយក្រែន ដែលធ្វើឱ្យជំនួយយោធារបស់សហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែនកើនដល់ជាង ១.៣៥ពាន់លានដុល្លារ គិតចាប់តាំងពីខែកុម្ភៈមក។

លើសពីនេះទៅទៀត, នៅចំពោះមុខភាពតានតឹងភូមិសាស្ត្រនយោបាយ អាល្លឺម៉ង់ និងបណ្ដាប្រទេសអឺរ៉ុបដទៃបានប្រកាសជាបន្តបន្ទាប់ពីផែនការ បង្កើនកញ្ចប់ថវិកាយោធា ហើយចង់ ឬមិនចង់នេះនឹងជួយបង្កើតឱកាសកើបលុយដល់ក្រុមហ៊ុនអាវុធអាមេរិក។ ពោលគឺវាគ្មានអ្វីត្រូវសង្ស័យឡើយ សង្រ្គាមនៅអ៊ុយក្រែន នឹងជំរុញឱ្យបណ្ដាប្រទេសជាសមាជិក NATO ដែលមួយចំនួនប្រើប្រាស់អាវុធផលិតដោយសហរដ្ឋអាមេរិកបង្កើនកញ្ចប់ថវិកា យោធាក្នុងការទិញអាវុធមកពង្រឹងសមត្ថភាពការពារជាតិរបស់ពួកគេ។

កញ្ចប់ថវិកាយោធារបស់សហរដ្ឋអាមេរិក បានកើនឡើងរហូតក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ជាពិសេសនៅក្រោយការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ហើយចាប់តាំងពីពេលនោះមក ជំនួញអាវុធនៅជុំវិញពិភពលោកក៏មានសន្ទុះខ្លាំងមករហូតដែរ។ ប៉ុន្តែ មានមនុស្សតិច ណាស់ដែលសួរថាតើនរណាខ្លះទទួលបានផលចំណេញពីរឿងទាំងនេះ? តើសង្រ្គាមប្រឆាំងភេរវកម្មជាង ២០ឆ្នាំមកបានផ្ដល់ផលចំណេញអ្វីខ្លះដល់ប្រជាជនអាហ្វហ្កានីស្ថាន អ៉ីរ៉ាក់ ឬក៏សហរដ្ឋអាមេរិក?

ចាប់តាំងពីសង្រ្គាមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននៅឆ្នាំ២០០១ រហូតដល់លោក ចូ បៃដិនប្រកាសបិទសង្រ្គាមកាលពីឆ្នាំ២០២១ ក្រោយតាលីបង់ ឡើងកាន់អំណាចជាថ្មី, មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកបានចំណាយច្រើនជាង ១៤ទ្រីលានដុល្លារ ហើយពីមួយភាគបី ដល់ពាក់កណ្ដាល នៃកញ្ចប់ថវិកាទាំងនោះ បានហូរចូលហោរប៉ាវក្រុមហ៊ុនផលិតអាវុធអាមេរិក។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថាន Watson សម្រាប់កិច្ចការអន្តរជាតិ និងសាធារណៈនៃសកលវិទ្យាល័យ Brown University។

គួរបញ្ជាក់ថា រាប់ចាប់ពីលេខរៀងពី១ ដល់ទី៥ ក្រុមហ៊ុនដែលលក់អាវុធដាច់ជាងគេបំផុតនៅលើពិភពលោក សុទ្ធតែជាក្រុមហ៊ុនអាមេរិកក្នុងនោះរួមមានក្រុមហ៊ុន Lockheed Martin, Boeing, General Dynamics, Raytheon និងក្រុមហ៊ុន Northrop Grumman។

* ទ្រឹស្តីគំរាមកំហែង

ក្រៅតែពីសង្រ្គាម និងភាពតានតឹងភូមិសាស្ត្រនយោបាយ, «ការបង្កើតទ្រឹស្តីគំរាមកំហែង» ឧទាហរណ៍ដូចជាលើកឡើងជារឿយៗថាចិន ឬរុស្ស៊ី បង្កការគំរាមកំហែងដល់សន្តិភាព និងសណ្ដាប់ធ្នាប់ពិភពលោក ក៏ជាមធ្យោបាយមួយដែលមន្ទីរបញ្ចកោណ និងក្រុមហ៊ុនអាវុធអាមេរិក បង្កើនចំណូលផងដែរ។ ដ្បិតពួកគេបានប្រាប់ប្រជាជនអាមេរិក និងពិភពលោកថាចិន រុស្ស៊ី កូរ៉េខាងជើង ឬអ៉ីរ៉ង់សុទ្ធតែបង្កការគំរាមកំហែងដល់ សន្តិសុខជាតិ និងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

ជាក់ស្ដែង នៅក្នុងរបាយការណ៍ 2022 National Defense Strategy មន្ទីរបញ្ចកោណបានលើកឡើងពីការព្រួយបារម្ភពីអំណាចយោធាចិន ហើយថា ការប្រជែងឥទ្ធិពលរវាងកំពូលមហាអំណាច២ នោះគឺចិន និងអាមេរិកជាការគំរាមកំហែងដ៏ធំដល់សន្តិសុខអាមេរិក និងសកលលោក។ នៅម្ខាង ទ្រឹស្ដីគំរាមកំហែងគឺជាយុទ្ធសាស្ត្រដែលអាមេរិកប្រើដើម្បីប្រមូលកម្លាំងសម្ព័ន្ធមិត្តខ្ទប់ការកើនឡើងឥទ្ធិពលចិន តែនៅម្ខាងអាមេរិកក៏ប្រើវាក្នុងការ បង្កើនចំណូលឧស្សហកម្មអាវុធរបស់ខ្លួនផងដែរ។

បើតាមរបាយការណ៍ចេញផ្សាយដោយ Project On Government Oversight (POGO) ដែលជាទីភ្នាក់ងារឃ្លាំមើលឯករាជ្យមួយមានមូលដ្ឋាន ក្នុងទីក្រុងវ៉ាស៊ីនតោន, មនុស្ស ៩នាក់ ក្នុងចំណោម ១២នាក់ ដែលជាសមាជិកគណៈកម្មាការយុទ្ធសាស្ត្រការពារជាតិអាមេរិក គឺមានទំនាក់ទំនង ដោយផ្ទាល់ និងដោយប្រយោលជាមួយក្រុមហ៊ុនផលិតអាវុធអាមេរិក៕

ប្រភព៖ Asiatimes (ថ្ងៃចន្ទ ទី៥ ខែមេសា ឆ្នាំ២០២២)

ដោយ៖ Fresh News





No comments:

Post a Comment