Friday, April 08, 2022

ពិធីបើកកិច្ចប្រជុំសាមញ្ញលើកទី ៣៥ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

កំពង់ចាម៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២២ នេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដែលមាន របៀបវារៈចំនួន ៤ចំណុច លើកយកមកពិភាក្សា ។ 


របៀបវារៈទាំង ៤ ចំណុចនោះរួមមាន ៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត។


២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រី មាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។


៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ (មេសា ឧសភាមិថុនា) ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។


៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការបង្កើតក្រុមការងារកិច្ចការពារកុមារ និងតែងតាំងមន្ត្រីអនុម័ត និងមន្ត្រីពិនិត្យបញ្ជាក់គម្រោងកិច្ចការពារកុមារ។


តាមរដ្ឋបាលខេត្តកំពង់ចាម នៅក្នុងត្រីមាសទី១នេះ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ ទាំងកម្លាំងកាយចិត្ត ដើម្បីអនុវត្តតួនាទី ភារកិច្ច ជាពិសេស ការងារកំណែទម្រង់មុខងាររដ្ឋបាលសាធារណៈ ការគាំទ្រ ការផ្ទេរមុខងាររដ្ឋបាលសាធារណៈ ទៅឲ្យរដ្ឋបាលក្រុង-ស្រុក ក្នុងរចនាសម្ព័ន្ធរបស់ខ្លួន ឲ្យមាន ដំណើរការយ៉ាងរលូនផងដែរ។ជាកិច្ចការបន្ទាន់មួយ ដែលរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ខ្លាំងនោះ គឺការប្រយុទ្ធប្រឆាំង និងចាត់វិធានការការពារ បង្ការ ទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ (COVID-19) នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក្នុងនោះ បានណែនាំ និងផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋ ឲ្យចេះរក្សាអនាម័យ សម្អាតខ្លួនប្រាណ និងលាងដៃជាប្រចាំ ការប្រើប្រាស់ម៉ាស់ ឬក្រមា នៅពេលក្អក ឬកណ្ដាស់ តាមបណ្តាឃុំ សង្កាត់ និងភូមិ ក្នុងក្រុង-ស្រុក នីមួយៗ យ៉ាងស្រាកស្រាង ជាពិសេស ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវសារាចរណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ បទ បញ្ជាការណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តឲ្យម៉ឺងម៉ាត់ ។


លើសពីនេះ ការផ្តល់សេវាសាធារៈជូនប្រជាពលរដ្ឋ តាមរយៈអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងការិយាល័យច្រកចេញចូលតែមួយ សាលាក្រុង ស្រុក និងចលនាប្រឡង ប្រណាំងឃុំ សង្កាត់ បម្រើសេវាល្អខេត្ត លើការផ្តល់សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពដល់គេហដ្ឋានប្រជាពលរដ្ឋ ដោយពួកគាត់មានការសប្បាយរីករាយ និងអបអរសាទរផងដែរនេះ ។ ជាក់ស្តែង ក្នុងត្រីមាសទី១ ឆ្នាំ ២០២២នេះ រដ្ឋបាលខេត្ត បានបន្តរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងកម្មវិធីផ្សេងៗបានល្អប្រសើរ ។ ជាពិសេសបទល្មើសព្រហ្មទណ្ឌ មានការកើនឡើង គួរឲ្យកត់សម្គាល់បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ចំនួន០៣ករណី (១២/០៩) និងសភាពការណ៍សណ្តាប់ធ្នាប់សាធារណៈក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ដែរ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២១ ចំនួន ០៤លើក (១០៨/១០៤) ៕


ចំពោះការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាស់ បានចុះអនុវត្តយ៉ាងសកម្ម ទាំងការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងធ្វើការផ្សព្វផ្សាយដល់មុខសញ្ញាប្រើប្រាស់គ្រឿងញៀនអាជីវកម្ម ប្រជាពលរដ្ឋ និង យុទ្ធនាការត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរផ្លូវគោកថ្មី ក៏ត្រូវបានអនុវត្តដូចភ្លៀងរលឹមផងដែរ និងសណ្តាប់ធ្នាប់សាធារណៈក្នុងក្រុង ស្រុក ត្រូវបាន រិតបន្តឹង និងចាត់វិធានការតាមការណែនាំរបស់ថ្នាក់ក្រសួង។ បន្ថែមពីនេះថ្នាក់ដឹកនាំខេត្ត បានយកចិត្តទុកដាក់ ក្នុងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះ ថ្នាក់ដោយគ្រោះធម្មជាតិ អគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗ ដោយបាននាំយកអំណោយសប្បុរសជននានា និងអំណោយសាខាកាកបាទក្រហមខេត្តកំពង់ចាម ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដល់ទីកន្លែង និងដល់មូលដ្ឋានផ្ទាល់តែម្តង ៕










No comments:

Post a Comment