Friday, April 29, 2022

វិភាគអន្តរជាតិ៖ តើអឺរ៉ុប អាចរស់នៅដោយគ្មានឧស្ម័នរុស្ស៉ី បានដែរឬទេ?


(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឧស្ម័នរុស្ស៉ី ហ្កាសព្រំ (Gazprom) នៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថាខ្លួនបានសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ ប្រទេសប៉ូឡូញ និងប៊ុលហ្ការី បន្ទាប់ពីប្រទេសទាំង២នេះបដិសេធបង់ថ្លៃទិញឧស្ម័នជា «ប្រាក់រូប្លិ៍» ហើយវិមានក្រឹមឡាំងក៏បានព្រមានដែរថានឹងធ្វើ ដូចគ្នានេះដាក់ប្រទេសអឺរ៉ុបដទៃទៀតដែលមិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់រុស្ស៉ី។ ការសម្រេចចិត្តបែបនេះរបស់ទីក្រុងមូស្គូ ត្រូវបានគេមើលឃើញ ថានឹងកាន់តែបង្កភាពតានតឹងរវាងវិមានក្រឹមឡាំង និងអឺរ៉ុបពាក់ព័ន្ធនឹងថាមពល ព្រមទាំងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាជំរុញឱ្យបណ្ដាប្រទេសអឺរ៉ុប ត្រូវគិតគូពន្លឿនផែនការកាត់បន្ថយការពឹងផ្អែកលើការទិញឧស្ម័ន និងប្រេងពីរុស្ស៉ី។


ខាងក្រោមជាចំណុចសំខាន់ៗដែលគួរដឹងពីស្ថានភាពឧស្ម័ននៅក្នុងតំបន់អឺរ៉ុប៖


* តើរុស្ស៉ីបានធ្វើអ្វីខ្លះ?

ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៉ី ហ្កាសព្រំ (Gazprom) បានប្រកាសពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប៉ូឡូញ និងប៊ុលហ្ការី បន្ទាប់ប្រទេសទាំង២នេះ មិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍ តាមការទាមទាររបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ បើតាមមេដឹកនាំអឺរ៉ុប នៅក្នុងកិច្ចសន្យាទិញឧស្ម័នពី រុស្ស៉ី គឺតម្រូវឱ្យបង់ជាប្រាក់អឺរ៉ូប ឬប្រាក់ដុល្លារអាមេរិក ហើយមិនអាចធ្វើការកែប្រែភ្លាមៗដោយភាគីណាមួយនោះទេ។ មែនទែន ប៉ូឡូញ បានត្រៀមខ្លួនជាយូរណាស់មកហើយ ដើម្បីប្រឈមមុខនឹងការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ី ដោយបានសាងសង់ស្ថានីយទទួលឧស្ម័នដឹកតាម កប៉ាល់ ហើយថែមទាំងមានផែនការលុបចោលកិច្ចព្រមព្រៀងនាំចូលឧស្ម័នរបស់ខ្លួនជាមួយក្រុមហ៊ុន Gazprom នៅដំណាច់ឆ្នាំ២០២២នេះទៀត ផង។ រីឯ ប៊ុលហ្ការីវិញក៏បានអះអាងដែរថាបច្ចុប្បន្ន ខ្លួនមានឧស្ម័នគ្រប់គ្រាន់។


តែទោះជាបែបនេះក្ដី, ការសម្រេចចិត្តរបស់រុស្ស៉ី បាន និងកំពុងបង្កភាពច្របូកច្របល់ដល់ទីផ្សារថាមពលពិភពលោក និងភាពមិនច្បាស់លាស់ថាតើ រុស្ស៉ីអាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសអឺរ៉ុបដទៃ ឬក៏ថាតើវានឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងប៉ុនណា? វិមានក្រឹមឡាំង បានព្រមានថាខ្លួនអាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀត ប្រសិនបើប្រទេសក្នុងតំបន់អឺរ៉ុបមិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍ទេនោះ។ ប៉ុន្តែ រឿងដែលចម្លែក នោះគឺថាខណៈសេដ្ឋកិច្ចកំពុងរង្គោះរង្គើរដោយសារទណ្ឌកម្មលោកខាងលិច រុស្ស៉ីក៏ពឹងផ្អែកយ៉ាងខ្លាំងផងដែរលើចំណូលដែលបាន មកពីការលក់ប្រេង និងឧស្ម័នឱ្យអឺរ៉ុប ដើម្បីទ្រទ្រង់រដ្ឋាភិបាលរបស់ខ្លួន។


នៅក្រោមប្រព័ន្ធទូទាត់ថ្មី, វិមានក្រឹមឡាំងបាននិយាយថាអ្នកដែលទិញ ឬនាំចូលប្រេងពីរុស្ស៉ី ត្រូវតែបង្កើតកុងធនាគារមួយជាប្រាក់ដុល្លារ ឬអឺរ៉ូ នៅឯ ធនាគារធំលំដាប់ទី៣របស់រុស្ស៉ី Gazprombank និងកុងធនាគារទី២ គឺជាប្រាក់រូប្លិ៍។ បន្ទាប់មកទើប អ្នកទិញអាចបង់វិក្កយបត្រឧស្ម័ន ជាលុយអឺរ៉ូ ឬដុល្លារ ហើយទាក់ទងជាមួយធនាគារឱ្យប្ដូរទៅជាប្រាក់រូប្លិ៍។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ឌែរ ឡេយិន (Ursula von der Leyen) កាលពីថ្ងៃពុធ ទី២៧ ខែមេសានេះបានចាត់ទុកថាការទូទាត់តាមប្រាក់រូប្លិ៍ ជាទង្វើបំពានទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងជាទង្វើ ជំរិតទារលុយ ហើយថាក្រុមហ៊ុនអឺរ៉ុបនានាមិនគួរទទួលយកសំណើរបស់រុស្ស៉ីនោះទេ។


* តើលោក ពូទីនចង់បានអ្វី?

តាមរយៈបទបញ្ជារបស់លោក ពូទីន ស្ដីពីការតម្រូវឱ្យទូទាត់ជាមួយប្រាក់រូប្លិ៍ ចំពោះបណ្ដាប្រទេសដែលលោកហៅថា «ជាប្រទេសអមិត្ត», វាត្រូវបាន គេមើលឃើញថាហាក់ដូចជាការសងសឹកទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលបានកាត់ផ្ដាច់រុស្ស៉ីចេញពីប្រព័ន្ធទូទាត់សកល និងជំរុញក្រុមហ៊ុន លោកខាងលិចជាច្រើនបោះបង់ចោលជំនួញរបស់ពួកគេនៅក្នុងប្រទេសរុស្ស៉ី។ ចេតនាសេដ្ឋកិច្ចនៅពីក្រោយការទាមទារឱ្យអឺរ៉ុបបង់ប្រាក់រូប្លិ៍ មិនមាន ភាពច្បាស់លាស់ទេ ពីព្រោះក្រុមហ៊ុន Gazprom បានលក់ដល់ទៅ ៨០ភាគរយ នៃរូបិយបណ្ណបរទេសដើម្បីដូរយកប្រាក់រូប្លិ៍ រួចទៅហើយ ដែលនេះ អាចនឹងលើកស្ទួយរូបិយបណ្ណរុស្ស៉ីតិចតួចប៉ុណ្ណោះ។


ដូច្នេះវាអាចជាចេតនានយោបាយច្រើនជាង។ ពោលគឺ លោក ពូទីន ចង់ប្រើវាបង្ហាញប្រជាជនរុស្ស៉ីថារូបលោកអាចបញ្ជា ឬគ្រប់គ្រងលក្ខខណ្ឌនៃ ការនាំចេញឧស្ម័ន ហើយតាមរយៈការតម្រូវឱ្យបង់ប្រាក់តាមធនាគារ Gazprombank នោះគឺលោកចង់បង្ហាញថា អាចបង្អាក់ការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងធនាគាររុស្ស៉ី។ ម្យ៉ាងវិញទៀត ប្រសិនបើលោក ពូទីនចង់ប្រើការកាត់ផ្ដាច់ការផ្គង់ផ្គង់ឧស្ម័ន ជាលេសសងសឹកនឹងប្រទេសដែលជួយអ៊ុយក្រែន នោះមើលទៅវាក៏អាចទៅរួចដែរ។ មកទល់នឹងពេលនេះ រុស្ស៉ីនៅតែបញ្ជូនឧស្ម័នទៅកាន់ហុងគ្រី ក្រោយនាយករដ្ឋមន្ត្រីនៃប្រទេសនេះយល់ព្រមបង់ ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍តាមការទាមទាររបស់លោក ពូទីន។


* ស្ថានភាពនៃការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប?

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានលើកលែងទណ្ឌកម្មចំពោះការទិញឧស្ម័ន និងប្រេងពីរុស្ស៉ី ហើយនេះគឺជាសម្បទានមួយដែលរដ្ឋបាលលោក ចូ បៃដិនផ្ដល់ឱ្យសម្ព័ន្ធមិត្តអឺរ៉ុបដែលពឹងផ្អែកលើការទិញថាមពលពីរុស្ស៉ី។ ឧស្ម័នដែលអឺរ៉ុបទិញ មាន៤០ភាគរយមានប្រភពមកពីរុស្ស៉ី រីឯប្រេងមាន ២៥ភាគរយ ឬគិតទឹកប្រាក់ស្មើនឹង ៨៥០លានដុល្លារក្នុងមួយថ្ងៃ។ បើតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក, បណ្ដាប្រទេសមួយចំនួនធំ នៅអឺរ៉ុប មិនសប្បាយចិត្តឡើយដែលអឺរ៉ុបនៅតែបន្តទិញថាមពលពីរុស្ស៉ី ដែលអាចរកចំណូលបាន ៤៣ភាគរយ នៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនពី ការលក់ឧស្ម័ន និងប្រេង នៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២០។


ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង, គំនិតចង់ឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកលើឧស្ម័ន និងប្រេងបានកើនឡើងជាលំដាប់ តែចង់ឱ្យអឺរ៉ុបឈប់ប្រើ ឬកាត់បន្ថយការប្រើឧស្ម័ន ឬប្រេងពីរុស្ស៉ី គឺជារឿងស្មុគស្មាញបំផុត ពីព្រោះឧស្ម័នរុស្ស៉ីបានចូលរួមមិនតិចទេក្នុងកំណើនសេដ្ឋកិច្ចអឺរ៉ុប។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ការសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ក៏មិនមែនជាផលចំណេញសម្រាប់រុស្ស៉ីដូចគ្នា។ បើនិយាយពីរឿងប្រេង រុស្ស៉ីអាចលក់វាក្នុងតម្លៃថោក ហើយមើលទៅក៏មិនខ្វះអ្នកចាំទិញនោះដែរតួយ៉ាងដូចជាចិន និងឥណ្ឌាជាដើម។ តែបើនិយាយពីឧស្ម័ន វាជារឿង ដាច់ដោយឡែក។ ពោលគឺប្រព័ន្ធបំពង់ឧស្ម័នចេញពីឧបទ្វីបយ៉ាម៉ាល់ (Yamal) របស់រុស្ស៉ីទៅកាន់អឺរ៉ុប មិនតភ្ជាប់ជាមួយបំពង់ឧស្ម័នទៅកាន់ចិន នោះទេ ហើយការនាំចេញឧស្ម័នតាមកប៉ាល់ទៀតសោត គឺសមត្ថភាពរុស្ស៉ីមានកំណត់នៅឡើយ។


* តើអឺរ៉ុបអាចរស់នៅដោយគ្មានឧស្ម័នរុស្ស៉ីទាំងស្រុង ឬទេ?

សេដ្ឋកិច្ចអឺរ៉ុបនឹងជួបផលវិបាក បើគ្មានឧស្ម័នរុស្ស៉ី ទោះបីជាផលវិបាកនោះមានការប្រែប្រួលអាស្រ័យលើថាតើប្រទេសអឺរ៉ុបនីមួយៗប្រើប្រាស់ឧស្ម័ន រុស្ស៉ីកម្រិតណាក៏ដោយ។ អ្នកជំនាញសេដ្ឋកិច្ចភាគច្រើនយល់ស្របដូចគ្នា ដោយផ្អែកលើការសិក្សាស្រាវជា្រវមួយកាលពីពេលថ្មីៗនេះថាសេដ្ឋកិច្ច អឺរ៉ុបទាំងមូលអាចនឹងធ្លាក់ចូលក្នុងឱនភាព នៅក្នុងករណីរុស្ស៉ីផ្ដាច់ការផ្គត់ផ្គង់ទាំងស្រុង ឬអឺរ៉ុបឈប់ប្រើតែម្ដងក្នុងពេលភ្លាមៗ។


តួយ៉ាង អាល្លឺម៉ង់ដែលជាប្រទេសអឺរ៉ុបពឹងផ្អែកខ្លាំងជាងគេលើថាមពលទិញពីរុស្ស៉ីអាចនឹងរងគ្រោះធ្ងន់ធ្ងរជាងគេដែរ ដោយធនាគារកណ្ដាលអាល្លឺម៉ង់ បានព្យាករថាការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៉ីទាំងស្រុង មានន័យថាទិន្នផលសេដ្ឋកិច្ចអាល្លឺម៉ង់អាចខាតបង់ ៥ភាគរយ ហើយអាចនឹង ប្រឈមមុខនឹងអតិផរណាខ្ពស់បំផុតមិនធ្លាប់មាន។


* តើអឺរ៉ុបកំពុងធ្វើអ្វី ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរុស្ស៉ី?

មេដឹកនាំអឺរ៉ុបបាននិយាយថាពួកគេមិនអាចរ៉ាប់រង ឬដោះស្រាយផលវិបាកដែលបង្កឡើងដោយការធ្វើពហិការប្រើឧស្ម័នរុស្ស៉ីភ្លាមៗនោះទេ តែអាច ឈប់ប្រើជាដំណាក់កាល ហើយអាចនឹងប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ពួកគេកំពុងបញ្ជាទិញឧស្ម័ន ដែលដឹកតាមកប៉ាល់ និងឧស្ម័នដែលដឹកតាមបំពង់ឧស្ម័នពីប្រទេសផ្សេងដូចជា ន័រវែស និងអាហ្សែបៃហ្សង់ ព្រមទាំងបង្កើនល្បឿនអភិវឌ្ឍការទាញ ថាមពលពីខ្យល់ ឬព្រះអាទិត្យផងដែរ។


បន្ថែមពីលើនេះ មេដឹកនាំអឺរ៉ុបបានដាក់គោលដៅកាត់បន្ថយការប្រើឧស្ម័នរុស្ស៉ីឱ្យបានយ៉ាងហោច ២ភាគ៣ នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ ហើយ ឈប់ប្រើទាំងស្រុងនៅឆ្នាំ២០២៧។ តែគេមានតែរង់ចាំមើលថាតើអឺរ៉ុបអាចសម្រេចគោលដៅនេះបានដែរឬក៏យ៉ាងណា ព្រោះថាពួកគេនៅត្រូវ ដោះស្រាយបញ្ហាស្ថានីយទទួលឧស្ម័នដឹកតាមកប៉ាល់ជាមុនសិន។ អាលឺ្លម៉ង់មិនមានស្ថានីយនាំចូលឧស្ម័នតាមកប៉ាល់នោះទេ តែកំពុងព្យាយាម សាងសង់ស្ថានីយបែបនេះចំនួន២ ដែលអាចនឹងត្រូវប្រើពេលជាច្រើនឆ្នាំ។ ចំណែកឯ អ៉ីតាលីវិញដែលទិញឧស្ម័នពីរុស្ស៉ី ៤០ភាគរយដែរនោះ បានឈានដល់កិច្ចព្រមព្រៀងរកអ្នកផ្គត់ផ្គង់បន្ថែម ជាមួយប្រទេសអាល់ហ្សេរី, អាហ្សែរបៃហ្សង់, អង់ហ្គូឡា និងកុងហ្គូ និងកំពុងសម្លឹងមើលការបង្កើន ការទិញឧស្ម័នពីប្រទេសកាតា ស្របពេលអឺរ៉ុបត្រូវត្រៀមស្ដុកឧស្ម័នបម្រុងសម្រាប់ប្រើនៅរដូវងារខាងមុខនេះ៕


ប្រភព៖ AP (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២)

ដោយៈ Fresh News






No comments:

Post a Comment