Wednesday, April 27, 2022

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាម

នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ឌិញ ទៀនហ្ស៊ុង សមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងជាលេខាបក្សរដ្ឋធានីហាណូយ បានជួបសំដែងការគួរសម និងពិភាក្សាការងារ។ 


នៅក្នុងជំនួបនេះ ឯកឧត្តម ឌិញ ទៀនហ្ស៊ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន  ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសំដែងការគួរសមនាពេលនេះ។ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី និងជូនពរសម្តេចឲ្យទទួលបាននូវភាពជោគជ័យរាល់ភារកិច្ចទាំងឡាយ។ ឯកឧត្តមក៏បានគោរពវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ជំងឺកូវី-១៩ របស់ប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យ ។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្តេចតេជោអំពីស្ថានភាព ក៏ដូចជាការទប់ស្កាត់ជំងឺ Covid-19 នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ភាពស្ថានភាពសេដ្ឋកិច្ច និងទិសដៅអភិវឌ្ឍន៍របស់រដ្ឋធានីហាណូយ និងការប្ដេជ្ញាចិត្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ រវារដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ដូចជាការពង្រីក ពង្រឹងមិត្តភាព និងការអនុវត្តឲ្យទទួលបាននូវភាពជោគជ័យ នូវរាល់សេចក្តីថ្លែងការក៏ដូចជាកិច្ចព្រមព្រៀងទាំងឡាយរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែបានព្រមព្រៀងគ្នាកន្លងមក។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណឯកឧត្តម ឌិញ ទៀនហ្ស៊ុង ចំពោះការពាំនាំនូវការផ្ដាំសួរសុខទុក្ខ ពីថ្នាក់ដឹកនាំរបស់ប្រទេសវៀតណាមជូនចំពោះសម្ដេចនៅពេលនេះ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏មានសេក្តីរីករាយជាមួយនឹងការរីកចម្រើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ សម្តេចតេជោបានមានប្រសាសន៍បន្តថា ជាការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងលើសផែនការ៥ពាន់លានដុល្លារ តែទោះជាយ៉ាងនេះក្តី យើងត្រូវតែធ្វើការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច  ពាណិជ្ជកម្ម ការកែប្រែតំបន់ដែលធ្លាប់ជាតំបន់ប្រយុទ្ធគ្នា ឱ្យទៅជាតំបន់អភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេស និងពាណិជ្ជកម្មបន្ថែមទៀត រួមជាមួយនឹងការពិនិត្យមើលអ្វី ដែលរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ អាចធ្វើការរួមគ្នាបន្តទៀត បាននៅពេលខាងមុខ៕








No comments:

Post a Comment