Thursday, March 31, 2022

វិភាគអន្តរជាតិ៖ នៅក្រោយសង្រ្គាមអ៊ុយក្រែន, រុស្ស៊ីនឹងកាន់តែបែរមករកអាស៊ី


(វ៉ាស៊ីនតោន)៖ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនហាក់ដូចជាមិនមានភាពធូរស្រាលគួរឱ្យកត់សម្គាល់នោះទេ បើទោះជារុស្ស៊ីបានសន្យាកាត់បន្ថយ សកម្មភាពយោធារបស់ខ្លួនដើម្បីបង្កើនទំនុកចិត្ត និងសម្រួលដល់កិច្ចចរចាសន្តិភាពជាមួយទីក្រុងកៀវក៏ដោយ។ ខណៈសង្រ្គាមនៅតែបន្ត អាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចក៏កាន់តែបង្កើនការដាក់សម្ពាធលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលនេះបាន និងកំពុងរុញឱ្យទំនាក់ទំនង រវាងរុស្ស៊ី និងលោកខាងលិចកាន់តែជិតដើរដល់ផ្លូវបំបែក ពិបាកនឹងបកក្រោយមកវិញ បើទោះជាសង្រ្គាមអ៊ុយក្រែនបិទបញ្ចប់ក៏ដោយ។


ដោយសារតែសង្រ្គាមអ៊ុយក្រែន ប្រទេសអឺរ៉ុបរួមមានទាំងអាល្លឺម៉ង់បានចាប់ផ្ដើមពិចារណា និងសន្យាដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗរបស់ខ្លួន ក្នុងការកាត់បន្ថយការពឹងផ្អែកលើការទិញថាមពលពីមូស្គូ ដើម្បីកុំឱ្យវិមានក្រឹមឡាំងយកវាមកប្រើជាអាវុធគំរាមពួកគេទៅថ្ងៃក្រោយ។ ប៉ុន្តែបើតាម ក្រុមអ្នកជំនាញ ក្នុងរយៈពេលខ្លី ឬមធ្យម អឺរ៉ុបមិនអាចរកអ្នកផ្គត់ផ្គង់ឧស្ម័នជំនួសរុស្ស៊ីបានឡើយ រីឯរុស្ស៊ីវិញ ក៏ដឹងច្បាស់ដែរថាអំណេះតទៅ ខ្លួនមិន អាចផ្តោតតែទៅលើការនាំចេញថាមពលទៅកាន់តែទីផ្សារអឺរ៉ុបនោះទេ ដោយមូស្គូត្រូវ «ធ្វើពិពិធកម្មទីផ្សារ» របស់ខ្លួន ហើយទីផ្សារមួយដ៏មាន សក្ដានុពលនោះគឺ «តំបន់អាស៊ី» តែម្ដង។


មែនទែនទៅ រុស្ស៊ីបានងាកមកផ្តោតខ្លាំងលើតំបន់អាស៊ី ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះរួចស្រេចទៅហើយ ពោលគឺទោះជាមិនមានសង្រ្គាម នៅអ៊ុយក្រែន ក៏រុស្ស៊ីនៅតែបែរមករកទីផ្សារអាស៊ីដែរ។ បច្ចុប្បន្ន រុស្ស៊ីបានប្រកាសដកខ្លួនចេញពី «ក្រុមប្រឹក្សាអឺរ៉ុប» ក្រោយពេលអឺរ៉ុបចូលរួមជាមួយ អាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងខ្លួន។ តែគួរឱ្យភ្ញាក់ផ្អើល នៅឯការបោះឆ្នោតនៃមហាសន្និបាតអង្គការសហប្រជាជាតិ គេសង្កេតឃើញថា ប្រទេសអាស៊ីភាគច្រើន, មជ្ឈិមបូព៌ា និងនៅអាហ្រ្វិកមិនបានថ្កោលទោស ឬចូលរួមដាក់ទណ្ឌកម្មលើរុស្ស៊ីនោះឡើយ ស្របពេលជប៉ុន និងអូស្ត្រាលី បានថ្កោលទោស និងចូលរួមក្នុងការដាក់ទណ្ឌកម្ម។


ផ្ទុយទៅវិញ មហាយក្សអាស៊ីដូចជា ចិន និងឥណ្ឌា បានបោះឆ្នោតអនុបវាទដោយមិនថ្កោលទោស ហើយក៏មិនដាក់ទណ្ឌកម្មលើរុស្ស៊ីដែរ។ ចិន និងឥណ្ឌា គឺជាសត្រូវជម្លោះព្រំដែននឹងគ្នា ហើយការមានជំហរដូចគ្នានេះមិនមែនមានន័យថាពួកគេត្រូវរ៉ូវគ្នានោះទេ តែគឺដោយសារមាន​ផលប្រយោជន៍ និងហេតុផលផ្ទាល់ខ្លួនដែលត្រូវធ្វើដូច្នេះ។


ក្រៅតែពីទំនាក់ទំនងយោធា, ចិន និងឥណ្ឌា គឺសុទ្ធសឹងតែត្រូវការប្រេង និងឧស្ម័នពីរុស្ស៊ី ហើយគួបផ្សំរុស្ស៊ីកំពុងជាប់ទណ្ឌកម្ម ប្រទេសទាំង២ នេះអាចនឹងចាប់យកឱកាសទិញប្រេង ឬឧស្ម័នពីរុស្ស៊ីក្នុងតម្លៃថោក ក្រោមការលក់បញ្ចុះតម្លៃ។ ដោយឡែក សូម្បីតែថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន សាល់ម៉ាន ក៏បានបដិសេធលើកការហៅទូរស័ព្ទជាមួយលោក ចូ បៃដិនដែរ តែបែរជាបានពិភាក្សាគ្នាជាច្រើនលើក ជាមួយលោក ពូទីន ជុំវិញការកំណត់តម្លៃនាំចេញប្រេងទៅកាន់ប្រទេសចិន ដោយគិតជាប្រាក់យ័នទៀតផង។


នៅមុនរុស្ស៊ីសម្រេចចិត្តឈ្លានពានអ៊ុយក្រែន, ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយអាស៊ីបានកើនឡើងរួចទៅហើយ ដូច្នេះនៅក្នុងបរិបទដែលអឺរ៉ុប កំពុងបង្កើនការដាក់សម្ពាធ និងទណ្ឌកម្ម ហើយលុយរូប្លិ៍របស់រុស្ស៊ីលែងត្រូវបានទទួលស្វាគមន៍ដោយប្រទេសលោកខាងលិច វានឹងកាន់តែធ្វើឱ្យរុស្ស៊ី ពង្រឹងការធ្វើសមារណកម្មជាមួយអាស៊ី ជាពិសេសគឺបង្កើនទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយចិន។ តែព្រមពេលជាមួយគ្នា រុស្ស៊ីនឹងកាន់តែ ពឹងផ្អែកលើទីផ្សារចិនរឹតតែខ្លាំង ហើយក្នុងនោះទៀតសោត ប្រព័ន្ធទូទាត់ថវិកាចិន UnionPay ATM រួមទាំងការធ្វើសមាហរណកម្មនៃប្រព័ន្ធទូទាត់ អន្តរធនាគារ Chinese Cross-Border Interbank Payment System ក៏នឹងកាន់តែត្រូវបានពន្លឿនផងដែរ។


បើនិយាយពីវិស័យថាមពលវិញ, រុស្ស៊ីបានបង្កើនការនាំចេញថាមពលទៅកាន់ប្រទេសចិន ចាប់តាំងពីការក្រសោបយកតំបន់គ្រមៀពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤ មកម្ល៉េះ និងបានឯកភាពលើការសាងសង់បំពង់បង្ហូរឧស្ម័នដោយផ្ទាល់ឆ្ពោះទៅកាន់ប្រទេសចិន ហើយខណៈអាល្លឺម៉ង់ផ្អាកគម្រោង បំពង់ឧស្ម័ន Nord Stream 2 ផងនោះ មូស្គូនឹងពន្លឿនការបញ្ចប់ការសាងសង់បំពង់ឧស្ម័នជាមួយចិនដែលទើបតែបានព្រមព្រៀងបង្កើនការទិញ ប្រេងពីក្រុមហ៊ុនរុស្ស៊ី Rosneft។


គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ការបង្កើនទំនាក់ទំនងពាណិជកម្មទ្វេភាគីជាមួយចិន នឹងក្លាយជាការត្រួសត្រាយផ្លូវមួយសម្រាប់រុស្ស៊ីក្នុងការធ្វើ សមាហរណកម្មជាមួយអាស៊ី។ តែទោះជាបែបនេះក្ដី ប្រជាជនរុស្ស៊ីប្រហែលជានឹងនៅតែចាត់ទុកខ្លួនជាមហាអំណាចអឺរ៉ុប គ្រាន់តែរដ្ឋរបស់ពួកគេ នឹងដើរតួនាទីដូចជាមហាអំណាចអាស៊ីដែរ ហើយភូមិសាស្ត្ររបស់ពួកគេនឹងកាន់តែមានទំនាក់ទំនងខ្លាំងជាមួយអនាគតអាស៊ី៕


ប្រភព៖ Foreign Policy (ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២)

ដោយៈ Fresh News



No comments:

Post a Comment