Thursday, March 03, 2022

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ » ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំពឹងថា ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមជួយជ្រោមជ្រែង ផ្តល់កិច្ចសហការ និងឧបត្ថម្ភគាំទ្រដល់ការងារវប្បធម៌ថ្មីៗបន្ថែមទៀត ដើម្បីជ្រោងសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែមានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់បន្ថែមទៀត ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងដោយឈរលើស្មារតីសហការ និងទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងដៃគូជាតិនិងអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុអភិរក្ស លើកស្ទួយតម្លៃ និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាក នៃការបិទខ្ទប់ភូមិសាស្រ្ត ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូដ-១៩ កាលពីឆ្នាំ២០២១កន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះថា «ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដែលបានចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់ការងារវប្បធម៌កន្លងមក ហើយខ្ញុំក៏សង្ឃឹមថាភាគីពាក់ព័ន្ធទាំងអស់នឹងបន្តចូលរួមជួយជ្រោមជ្រែង ផ្តល់កិច្ចសហការ និងឧបត្ថម្ភគាំទ្រដល់ការងារវប្បធម៌ថ្មីៗបន្ថែមទៀត ដើម្បីជ្រោងសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់បន្ថែមទៀតទាំងនៅលើឆាកជាតិ និងអន្តរជាតិ ស្របតាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌”»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានយកឱកាសទិវាវប្បធម៌ជាតិ លើកទី២៤នេះ ដើម្បីរំលឹកដល់គុណូបការៈព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ដែលព្រះអង្គបានលះបង់អស់ពីព្រះកាយពល ព្រះហឫទ័យ និងព្រះបញ្ញាញាណ រួមជាមួយនឹងបុព្វបុរសខ្មែរគ្រប់រូប ដែលបានបូជាលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាងក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប និងមិនអាចកាត់ថ្លៃបាន ហើយដែលបានបន្សល់ទុកមករហូតដល់បច្ចុប្បន្ន។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសសមិទ្ធផលការងារវប្បធម៌ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានជាបន្តបន្ទាប់ ព្រមទាំងកម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ ក្នុងឆ្នាំ២០២២នេះ ចំពោះដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានលាចាកលោកកន្លងទៅ និងសូមឱ្យវិញ្ញាណខន្ធលោកទាំងអស់បានទៅកាន់ទីបរមសុខ។

សម្តេចតេជោ ក៏បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តចំពោះមរតកមនុស្សរស់ និងអ្នកជំនាញផ្នែកសិល្បៈបុរាណខ្មែរទាំងអស់ ដែលកំពុងបន្តសកម្មភាពដ៏មានអត្ថន័យ និងមានតម្លៃដ៏ខ្ពង់ខ្ពស់នេះផងដែរ៕





No comments:

Post a Comment