Tuesday, March 29, 2022

វិភាគអន្តរជាតិ៖ តើលោក ចូ បៃដិន មានផែនការប្ដូររបបដឹកនាំរបស់លោក ពូទីន ឬ?


(វ៉ាស៊ីនតោន)៖ ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កាលពីពេលថ្មីៗនេះដែលថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនអាចបន្តកាន់អំណាចតទៅទៀត គឺជាឧទាហរណ៍មួយបង្ហាញឱ្យឃើញថាតើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដើរដល់ចំណុចណា នៅក្នុង បរិបទទីក្រុងមូស្គូ នៅតែបន្តវាយប្រហារលើអ៊ុយក្រែន។


សម្ព័ន្ធមិត្តអឺរ៉ុបខាងលិច ជាពិសេស អឺរ៉ុបខាងកើតកំពុងចោទសួរថាតើនេះជាគោលនយោបាយការបរទេសផ្លូវការរបស់សហរដ្ឋអាមេរិក ដែលជាប់ឈ្មោះ ជាជើងឯកខាងប្ដូររបបដឹកនាំនៅឯបរទេសច្រើនជាងគេនៅលើពិភពលោក ដើម្បីបណ្ដេញលោក ពូទីនចេញពីអំណាច ឬផ្លាស់ប្ដូររបបដឹកនាំនៅរុស្ស៊ី មែនដែរឬទេ? ពីព្រោះថាពួកគេបារម្ភខ្លាចក្រែងថា លោក ពូទីនទប់កំហឹងមិនបាន ហើយអាចនឹងធ្វើឱ្យសង្រ្គាមរាលដាលកាន់តែខ្លាំង។


* ខឹងពេកទើបធ្លោយមាត់?


នៅពីក្រោយការសម្រេចចិត្តមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន, លោក បៃដិន បានធ្វើសង្រ្គាមពាក្យសម្ដីដោយរិះគន់ធ្ងន់ៗលើលោក ពូទីន ក្នុងនោះ រួមមានទាំងការធ្លោយមាត់ហៅប្រធានាធិបតីរូបនេះជា «ឧក្រិដ្ឋជនសង្រ្គាម, ឃាតក និងជនផ្ដាច់ការ» ជាដើម រហូតធ្វើឱ្យវិមានក្រឹមឡាំងផ្ទុះកំហឹង ដល់ថ្នាក់ព្រមានថាទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងរុស្ស៊ី កាន់តែជិតដល់ទីបញ្ចប់។


តែទោះជាបែបនេះក្ដី សេតវិមាន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចេញមុខបញ្ជាក់ជាបន្តបន្ទាប់ថាការអត្ថាធិប្បាយរបស់ លោក បៃដិន មិនមែនចង់សំដៅ ឬក៏ជំរុញឱ្យមានការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសរុស្ស៊ីទេ ពោលគឺអំណាចដែលលោក បៃដិនចង់និយាយ នោះគឺ លោក ពូទីន មិនអាចត្រូវបានអនុញាតឱ្យប្រើអំណាចគាបសង្កត់ប្រទេសក្បែរខាង ឬតំបន់បានឡើយ។ បន្ថែមពីលើនេះសូម្បីតែ លោក បៃដិនផ្ទាល់ ក៏បានអះអាងកាលពីថ្ងៃចន្ទ ទី២៨ ខែមីនានេះដែរថាអ្វីដែលលោកបានលើកឡើងពីលោក ពូទីន គឺជាការនិយាយដោយកំហឹងផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនមែនតំណាងឱ្យគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក តែលោកក៏នឹងមិនសុំទោសចំពោះពាក្យសម្ដីទាំងនេះនោះដែរ។


បើតាមក្រុមអ្នកជំនាញ វោហារសាស្ត្ររបស់លោក បៃដិន គឺលោកចង់បញ្ជាក់ពីជំហរដាច់ណាត់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ីនៅអ៊ុយក្រែន ព្រមទាំងបង្ហាញពីសីលធម៌ជាមេដឹកនាំពិភពលោកក្នុងការការពារ «សភាវៈល្អ» ប្រឆាំងនឹងអ្វីដែលអាមេរិកតែងតែចាត់ទុកថាជា «សភាវៈអាក្រក់» និងប្រមូលសាមគ្គីភាពរវាងបណ្ដាប្រទេសលោកខាងលិច។ ប៉ុន្តែជាការពិត នៅពេលប្រឈមមុខជាមួយមហាអំណាចនុយក្លេអែរ ដូចជារុស្ស៊ី សហរដ្ឋអាមេរិកតែងតែជាជួបឧបសគ្គ និងបញ្ហាប្រឈមដ៏គ្រោះថ្នាក់ គឺហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរ។ ម្យ៉ាងវិញទៀត ការលើកឡើង របស់លោក បៃដិន អាចជាអំណោយមួយដែលទំនងជានឹងត្រូវបានលោក ពូទីន យកទៅប្រើប្រាស់ជាការឃោសនានយោបាយនៅក្នុងស្រុក ដោយ ចោទថាអាមេរិកកំពុងលូកលាន់កិច្ចការផ្ទៃក្នុងរុស្ស៊ី និងភ្ជាប់ក្រុមប្រឆាំងនឹងរូបលោកថាជា «អាយ៉ង» របស់អាមេរិក។


* អ្វីៗអាស្រ័យលើអ៊ុយក្រែន


រុស្ស៊ីកំពុងជាប់ទណ្ឌកម្មស្ទើរជុំទិសពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែនដែលបានឈានចូល ដល់ខែទី២ហើយ។ សង្រ្គាមនេះបានបង្ខំឱ្យប្រជាជនអ៊ុយក្រែនច្រើនជាង ៣.៨លាននាក់ រត់ភៀសខ្លួនចេញពីប្រទេស រីឯជនស៊ីវិលច្រើនជាង១,១០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីលោក ពូទីន ប្រកាសប្រើកម្លាំងយោធាកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមអង្គការសហប្រជាជាតិដែលរំពឹងថាចំនួន អ្នកស្លាប់អាចនឹងបន្តកើនឡើង។


លោក អូឡិច អ៉ីញ៉ាតូវ (Oleg Ignatov) ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ស្ដីពីរុស្ស៊ី មកពីអង្គការ International Crisis Group បាននិយាយថាទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អាចនឹង «ជាប់គាំង» មួយផ្នែកធំ ដរាបណាសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត។ លោកបញ្ជាក់ដូច្នេះថា «អ្វីគ្រប់យ៉ាង គឺអាស្រ័យលើអ្វីដែលកំពុង ឬនឹងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ហើយទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចនឹងមិនត្រូវបានស្ដារឡើងវិញ នោះទេ ប្រសិនបើរុស្ស៊ីកាន់កាប់ទឹកដីមួយផ្នែករបស់អ៊ុយក្រែន បើទោះជារុស្ស៊ីបញ្ឈប់សកម្មភាពក្នុងតំបន់ដុនបាស់ក៏ដោយ»។


គួរបញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីបានផ្លាស់ប្ដូរយុទ្ធសាស្ត្រយោធា ដោយងាកចេញពីការវាយយកទីក្រុងកៀវ ទៅផ្តោតជាសំខាន់ទៅលើការរំដោះទាំងស្រុង

តំបន់ដុនបាស់ នៃភាគខាងកើតប្រទេសអ៊ុយក្រែន ខណៈមន្ត្រីអ៊ុយក្រែនចោទថាលោក ពូទីន មានផែនការពុះចែកអ៊ុយក្រែនជាពីរដូចជា កូរ៉េខាងត្បូង និងកូរ៉េខាងជើង៕

ដោយៈ Fresh News






No comments:

Post a Comment