Tuesday, February 15, 2022

កិច្ចប្រជុំប្រចាំឆ្នាំស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង

កោះកុង៖  នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយបានមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម ជាមួយលោក លោកស្រី នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោក បានជម្រាបជូន លោក លោកស្រី ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត និងលោក លោកស្រីតំណាងអង្គការដៃគូ ដោយសង្ខេប អំពីគណនេយ្យភាពសង្គមដូចតទៅ គណនេយ្យភាពសង្គម គឺជាដំណើការនៃការផ្សារភ្ជាប់ទំនាក់ទំនងល្អប្រសើរ រវាងប្រជាពលរដ្ឋជាមួយនឹង រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាមធ្យោបាយមួយដែលបន្សំរវាងគោលការណ៍ទាំងឡាយ នៃអភិបាលកិច្ចដែលក្នុងនោះរាល់ការធ្វើសេចក្ដីសម្រេចចិត្ត និងការអនុវត្តសកម្មភាពជាសាធារណៈរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ គណនេយ្យភាពសង្គម គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន។ ដោយយល់ឃើញពីសារៈសំខាន់ នៃការអនុវត្តការងារគណនេយ្យភាពសង្គមនេះ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បាន អនុម័តដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ស្តីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវដល់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានអនុវត្តការងារ គណនេយ្យភាពសង្គម។ បន្ទាប់ពីបានអនុម័តនូវផែនការយុទ្ធសាស្ត្រ ស្តីពី ការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រួចមក លេខាធិការដ្ឋាន គ.ជ.អ.ប បានបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីរៀបចំឯកសារផែនការ អនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស) ដំណាក់ កាលទី១ សម្រាប់អនុវត្តរយៈពេល០៣ឆ្នាំ (២០១៦-២០១៨)។ ផែនការអនុវត្តការងារ គណនេយ្យភាពសង្គមដំណាក់កាលទី១ ត្រូវបានបញ្ចប់ការអនុវត្តនៅដំណាច់ឆ្នាំ២០១៨ កន្លងមកនេះ។ ជាមួយគ្នានេះដែរ ផែនការអនុវត្តការងារគណនេយ្យ ភាពសង្គម ដំណាក់ កាល ទី២ ២០១៩-២០២៣ ត្រូវបានដាក់ចេញ ឱ្យអនុវត្តជាបន្ត ដោយបានចូលរួមចំណែកក្នុងការផ្លាស់ប្តូរឥរិយាបថ អ្នកផ្តល់សេវាសាធារណៈឱ្យបំពេញការងាររបស់ ខ្លួនបានកាន់តែល្អប្រសើរជាងមុន។ ជាពិសោធន៍កន្លងមក ក្នុងដំណាក់កាលទី១ នៃការអនុវត្តការងារគណនេយ្យភាព សង្គម បានបង្ហាញថា ការចូលរួមរវាងប្រជាពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិសំដៅការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានភាពល្អប្រសើរ តាមរយៈការប្រើប្រាស់នូវឧបករណ៍គណនេយ្យភាពសង្គមនានា ដូចជាប័ណ្ណដាក់ពិន្ទុ ដោយសហគមន៍។ ក្នុងកាលពីដំណាក់កាលទី១ នៃការអនុវត្តការងារគណនេយ្យភាពសង្គម ខេត្តកោះកុង យើងមានស្រុកគោលដៅ ចំនួន០៥ រួមមាន ស្រុកថ្មបាំង ស្រុកបូទុមសាគរ ស្រុកគីរីសាគរ ស្រុកស្រែអំបិល ស្រុកមណ្ឌលសីមា ហើយកាលនោះ យើងមានអង្គការចំនួន០៣ជាដៃគូក្នុងការអនុវត្តការងារ រួមមាន អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍សុខភាព អង្គការសម្ព័ន្ធសុខភាពនិងអភិវឌ្ឍន៍ អង្គការអភិវឌ្ឍន៍សុខភាពគ្រួសារ។

ដោយឡែកផែនការអនុវត្តគណនេយ្យភាពសង្គម (ផ.អ.គ.ស) ដំណាក់កាលទី២ ២០១៩-២០២៣ ក៏ នៅតែបន្តលើកកម្ពស់ ពង្រឹងសកម្មភាពដែលបានអនុវត្តនៅដំណាក់ កាលទី១ និងពង្រីកតំបន់គោលដៅនៃរដ្ឋបាល ឃុំ សង្កាត់ សាលាបឋមសិក្សា មណ្ឌលសុខភាពនៅទូទាំងប្រទេស ព្រមទាំងពង្រីកវិសាលភាពតំបន់គោលដៅ និងសេវាផ្សេងៗ នៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ថែមទាំងកែលម្អនូវវិធីសាស្ត្រដើម្បីអនុវត្តផែនការ គណនេយ្យភាពសង្គមឱ្យទទួលបាននូវគុណភាព ប្រសិទ្ធភាព និងសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងដំណាក់កាលទី២។ លើសពីនេះទៅទៀត ផែនការអនុវត្តការងារគណនេយ្យភាពសង្គម ត្រៀមនឹងពង្រីកវិសាលភាពគ្រប ដណ្តប់លើសេវាមន្ទីរពេទ្យបង្អែក អនុវិទ្យាល័យ ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ សេវាគ្រប់គ្រងសំរាម និងកាក សំណល់រឹងនៅទីប្រជុំជន និងមានសេវាផ្សេងៗទៀត។ ផ្អែកតាមផែនការអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២នេះ ខេត្តកោះកុងមានតំបន់គោលដៅ បន្ថែមចំនួន០២ទៀតគឺ ក្រុងខេមរភូមិន្ទ និងស្រុកកោះកុង ដូច្នេះ ក្រុង ស្រុកទាំង០៧ នៃខេត្តកោះកុង គឺជាតំបន់គោលដៅដែលអនុវត្តការងារគណនេយ្យភាពសង្គម ហើយក៏មានអង្គការចំនួន០៣ ដដែលមកសហការគ្នា ដើម្បីអនុវត្តការងារនេះ ដោយបានផ្ដោតទៅលើការបំពេញការងារ និងការផ្តល់សេវារដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា និងមណ្ឌលសុខភាព។ ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសកម្មភាពការងារមួយចំនួនធំត្រូវបាន ផ្អាកដំណើរការដោយត្រូវនាំគ្នាមកគិតគូរដោះស្រាយតែការងារពាក់ព័ន្ធនឹងជំងឺកូរីដ-១៩ ជាក់ស្ដែងដូចជាការងារ គណនេយ្យភាពសង្គម មានសកម្មភាពមួយចំនួនក្រុមការងារមិនបានអនុវត្តបានគ្រប់សកម្មភាពដែលបានលើក ឡើងនៅក្នុងផែនការសកម្មភាពទាំងស្រុងនោះទេ។ តាមរយៈកិច្ចប្រជុំថ្ងៃនេះ ខ្ញុំសង្ឃឹមថារដ្ឋបាលក្រុង ស្រុក អង្គការសង្គមស៊ីវិល ចូលរួមផ្តល់យោបល់ តាមរយៈរបាយការណ៍ដែលនឹងត្រូវរាយការណ៍នៅពេលបន្តិចទៀតនេះ ហើយយើងនឹងពិនិត្យ ពិភាក្សាគ្នាដើម្បី រួមគ្នាអនុវត្តការងារគណនេយ្យសង្គមនេះឱ្យបានល្អប្រសើរស្របតាមផែនការយុទ្ធសាស្រ្តការងារគណនេយ្យភាពសង្គម ជាពិសេសក្រុងខេមរភូមិន្ទ និងស្រុកកោះកុងដែលជាគោលដៅថ្មីក្នុងដំណាក់កាលទី២នេះ ខ្ញុំសូមស្នើដល់ លោក លោកស្រី ទាំងអស់ដែលមានវត្តមាននៅ ក្នុងកិច្ចប្រជុំនាពេលនេះ សូមយកចិត្តទុកដាក់ស្តាប់នូវសេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក និងតំណាងអង្គការដៃគូ ជាពិសេសស្តាប់នូវបញ្ហាប្រឈមនានា ដែលជាការរាំងស្ទះដល់ដំណើរការក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ហើយយើងនឹងរួមគ្នាដោះស្រាយ និងចាប់ផ្តើមអនុវត្តការងារនេះឱ្យបានល្អប្រសើរក្នុងឆ្នាំ២០២២នេះតទៅ៕No comments:

Post a Comment