Wednesday, February 02, 2022

បទវិភាគអន្តរជាតិ៖ «ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងក្លាយជាការប្រកួតកីឡាអូឡាំពិក ប្រកបដោយភាពបៃតងបំផុត»


(ប៉េកាំង)៖ ប៉ុន្មានថ្ងៃខាងមុខទៀត ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើក។ នៅកីឡាដ្ឋានប្រកួត ក្រៅពីអាចមើលឃើញព្រិលទឹកកកពណ៌ស ពណ៌បៃតងដែលជា និមិត្តរូបតំណាងឱ្យការពារបរិស្ថានអេកូឡូស៊ី ក៏បានក្លាយទៅជាពណ៌គួរឱ្យកត់សម្គាល់ របស់ការប្រកួតកីឡាអូឡាំពិករដូវរងា ដែលធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។


«ភាពបៃតង» ជាទស្សនៈសំខាន់នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលបានស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការរបស់ «របៀបវារៈអូឡាំពិកឆ្នាំ២០២០» ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ មជ្ឈដ្ឋានខាងក្រៅបានមើលឃើញថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការស្នើសុំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាកាលពីឆ្នាំ ២០១៥ ប្រទេសចិនក៏បានចាប់ផ្តើមអនុវត្តជាក់ស្តែង ដោយប្រកាន់ខ្ជាប់នូវគំនិតស្តីពី «ការរៀបចំការប្រកួតកីឡាអូឡាំពិក ប្រកបដោយភាពបែបបៃតង» ហើយបានគ្រោងវិធានការជាក់លាក់ចំនួន ១១៩ លើ ៣ វិស័យ ពោលគឺការជះឥទ្ធិពលវិជ្ជមានទៅលើបរិស្ថាន ការអភិវឌ្ឍថ្មីក្នុងតំបន់ និងស្វែងរកជីវភាពរស់នៅកាន់តែល្អបវរ។


សូមយកការធានាសន្តិសុខថាមពល ដែលជាបញ្ហាសំខាន់បំផុតធ្វើជាឧទាហរណ៍។ កីឡដ្ឋានចំនួន ២៦ ទាំងអស់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង សម្រេចបានជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នូវការផ្គត់ផ្គង់អគ្គិសនីដើរដោយថាមពល «បៃតង» ក្នុងកម្រិត ១០០ភាគរយ ពោលគឺ ប្រើប្រាស់ថាមពលអគ្គិសនី ដែលផលិតដោយថាមពលកកើតឡើងវិញ។ កម្មវិធីគំរូលើវិស័យថាមពលកកើតឡើងវិញ ដែលស្ថិតនៅក្រុង Zhang jiakou នៃខេត្ត Hebei បានកែប្រែថាមពលព្រះអាទិត្យ និងខ្យល់ក្នុងតំបន់ទៅជាថាមពលអគ្គិសនីបែបស្អាត ហើយបញ្ជូនទៅកាន់សង្កាត់ប្រកួតចំនួន ៣ របស់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដែលស្ថិតនៅក្រុងប៉េកាំង ខណ្ឌ Yanqing និងក្រុង Zhang Jiakou។


កីឡដ្ឋានកាបូនទាប ជានិមិត្តរូបមួយទៀតរបស់ «ការរៀបចំការប្រកួតកីឡាអូឡាំពិក ប្រកបដោយភាពបៃតង»។ កីឡដ្ឋានទាំងអស់នៃការប្រកួតកីឡាអូឡាំពិកក្រុងប៉េកាំង សុទ្ធតែបានសមស្របនឹងស្តង់ដារសំណង់បែបបៃតង គឺ កីឡដ្ឋាននៃកីឡាលើព្រិលទឹកកកចំនួន ៤ បានប្រើប្រាស់អង្គធាតុត្រជាក់កាបូនឌីអុកស៊ីតប្រភេទថ្មី ហើយបានសាងសង់គម្រោងគំរូ ស្តីពីការប្រើប្រាស់ថាមពលទាបបំផុត ដែលមានទំហំលើសពី ៥ ម៉ឺនម៉ែត្រការ៉េ។


ព្រមពេលជាមួយគ្នានេះ ដើម្បីសន្សំសំចៃប្រភពធនធាន ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានប្រើប្រាស់យ៉ាងពេញលេញនូវ «សម្បតិ្តបេតិកភណ្ឌ» ដែលបន្សល់ទុកដោយព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ ២០០៨ ហើយបានប្រើប្រាស់បច្ចេកវិទ្យាដ៏ជឿនលឿន ដើម្បីធ្វើឱ្យមជ្ឈមណ្ឌលកីឡាជលជាតិ «គូបទឹក» ក្លាយទៅជា «គូបទឹកកក» ពោលគឺ ប្រែពីកីឡាដ្ឋានហែលទឹក ទៅជាកីឡាដ្ឋាននៃកីឡាលើព្រិលទឹកកក។ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងបិទបញ្ចប់ កីឡដ្ឋានទាំងនេះនឹងបើកទាំងស្រុង ឱ្យសាធារណជនចូលលេងកីឡា ក្នុងន័យសម្រេចបាននូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព។


លើសពីនេះទៅទៀត ក្នុងចំណោមក្រុមរថយន្តដែលផ្តល់សេវាកម្មដល់ ការប្រកួតកីឡាអូឡាំពិករដូវរងា រថយន្តប្រើថាមពលអ៊ីដ្រូហ្សែន និងរថយន្តអគ្គិសនីសុទ្ធមានចំនួនលើសពី ៨០ ភាគរយ ដែលបានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងានីមួយៗ។


នាពេលថ្មីៗកន្លងទៅនេះ លោក Thomas Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានលើកឡើងថា គណៈកម្មាធិការត្រៀមរៀបចំការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិច និងការពារបរិស្ថាន ហើយបានធ្វើតាមពាក្យសន្យារបស់ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ស្តីពីនឹងរួមចំណែកដល់ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពរបស់ប្រទេសចិន។ ក្នុងក្រសែភ្នែករបស់លោក Juan Antonio Samaranch Jr ប្រធានគណៈកម្មការសម្របសម្រួល ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងក្លាយជាការប្រកួតកីឡាអូឡាំពិក ប្រកបដោយភាពបៃតងបំផុត។


ក្នុងពេលដ៏ខ្លីខាងមុខនេះ អត្តពលិកដែលមកពីទូទាំងពិភពលោក នឹងចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ ដល់ពេលនោះ ពិភពលោកនឹងមិនត្រឹមតែអាចទស្សនានូវភាពស្រស់ស្អាត នៃកីឡាប្រកួតប្រជែងប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើជា សាក្សីនៃការអនុវត្តជាក់ស្តែងរបស់ប្រទេសចិន ក្នុងការស្វែងរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជានឹងទទួលអារម្មណ៍យ៉ាងជ្រាលជ្រៅ ពីកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ប្រទេសចិន ក្នុងការចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចអាកាសធាតុ ទូទាំងពិភពលោកផងដែរ៕ (#CCFRComment#)

ដោយៈ Fresh News




No comments:

Post a Comment