(វ៉ាស៊ីនតោន)៖ ស្ថានការណ៍នៅឯតំបន់ព្រំដែនអ៊ុយក្រែន កាន់តែបង្កការព្រួយបារម្ភខ្លាំងឡើងពីលទ្ធភាពផ្ទុះសង្រ្គាម បន្ទាប់ពីកិច្ចសន្ទនាការទូត ជាច្រើនលើកកន្លងមកនេះ នៅតែមិនទាន់អាចបំបែកភាពជាប់គាំងបាននៅឡើយ។ បើតាមមន្ត្រីជាន់ខ្ពស់សេតវិមាន រុស្ស៊ីអាចនឹងបើក
ការឈ្លានពានលើអ៊ុយក្រែនគ្រប់ពេលវេលា រាប់ពីឥលូវរហូតដល់ថ្ងៃទី២០ ខែកុម្ភៈនេះ។
ទីក្រុងម៉ូស្គូ ក៏បានបដិសេធជាច្រើនលើកមកហើយដែរថា ខ្លួនគ្មានផែនការវាយប្រហារប្រទេសណាមួយឡើយ ហើយថាប្រទេសលោកខាងលិច កំពុងមានរោគសសៃប្រសាទ។ ប៉ុន្តែ ប្រសិនបើ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនពិតជាបញ្ជាឱ្យរថក្រោះរុស្ស៊ីសម្រុកចូលអ៊ុយក្រែនពិតមែន នោះមិនថាតែរុស្ស៊ីទេ ដែលអាចនឹងប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ច សូម្បីតែអាមេរិក និងលោក ចូ បៃដិនផ្ទាល់ក៏អាចទទួលរងការខាតបង់ធ្ងន់ ផងដែរ។
*បើរុស្ស៊ីវាយអ៊ុយក្រែន, លោក បៃដិន និងអាមេរិក ក៏រងការខាតបង់ដូចគ្នា
លោក ចូ បៃដិន បានបញ្ជាក់រួចហើយថាសហរដ្ឋអាមេរិក នឹងមិនបញ្ជូនកងទ័ពចូលទៅជួយអ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមជាមួយរុស្ស៊ីឡើយ។ អតីត ដែនដីសហភាពសូវៀតមួយនេះ មិនមែនជាសមាជិក NATO ដូច្នេះទាំងអាមេរិក និងសមាជិក NATO ផ្សេងទៀតគ្មានកាតព្វកិច្ចអ្វីតម្រូវឱ្យចូលជួយ អ៊ុយក្រែននោះដែរ។ ដូច្នេះ ជម្លោះដោយផ្ទាល់រវាងកងទ័ពអាមេរិក និងរុស្ស៊ីប្រហែលជានឹងមិនកើតឡើងទេ។
តែទោះជាយ៉ាងនេះក្ដី, លោក បៃដិន បានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់ប្រទេសមួយចំនួនដូចជាប៉ូឡូញ និងរូម៉ានី ដើម្បីពង្រឹងខ្សែការពារ តំបន់អឺរ៉ុបខាងកើត និងកំញើញរុស្ស៊ី។ នៅក្នុងករណីសង្រ្គាមផ្ទុះឡើងមែន, លោក បៃដិន និងសហរដ្ឋអាមេរិក រួមទាំងគណបក្សប្រជាធិបតេយ្យ របស់លោកក៏នឹងត្រូវទទួលរងការខាតបង់ដែរ។
វាអាចបង្កឱ្យមានការខឹងសម្បារនៅក្នុងស្រុក, ធ្វើឱ្យប៉ះពាល់ដល់ជោគវាសនានយោបាយរបស់លោក បៃដិន ក្នុងនាមជាប្រធានាធិបតីអាមេរិក ព្រមទាំងប្រជាប្រិយភាពរបស់បក្សប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាពាក់កណ្ដាលនឹងឈានចូលមកដល់នៅថ្ងៃខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ម្យ៉ាងវិញទៀត វាក៏អាចបំផ្លាញដល់ទំនុកចិត្តនៃបណ្ដាប្រទេសដទៃ ជាពិសេសសម្ពន្ធមិត្តលើសហរដ្ឋអាមេរិកផងដែរ ព្រោះថាបើមិនអាចការពារ អ៊ុយក្រែនដែលជាប្រទេសប្រជាធិបតេយ្យពីការឈ្លានពានរបស់រុស្ស៊ី ដែលលោកខាងលិចចាត់ទុកថាជាប្រទេសផ្ដាច់ការបានផងនោះ តើអាមេរិក និងលោកខាងលិច មានមុខមាត់អ្វី ដើម្បីនិយាយពីការការពារប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្ដាច់ការ។
បន្ថែមពីលើនេះ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏អាចបង្កឱ្យតម្លៃប្រេង ឬឧស្ម័នឡើងថ្លៃផងដែរ ជាពិសេសនៅតំបន់អឺរ៉ុបដែលនេះអាចនឹងធ្វើឱ្យ រដ្ឋាភិបាលរបស់ពួកគេត្រូវប្រឈមមុខនឹងការខឹងសម្បារ ឬបាតុកម្មតវ៉ាពីប្រជាជនខ្លួនឯង។
គួរបញ្ជាក់ថា ការស្ទង់មតិចុងក្រោយបំផុតចេញផ្សាយដោយសារព័ត៌មាន CNN កាលពីសប្ដាហ៍មុន បានបង្ហាញថាអត្រាគាំទ្រលោក បៃដិន បាន ធ្លាក់ចុះមកនៅត្រឹមតែ ៤១ភាគរយប៉ុណ្ណោះ។ ម្លោះហើយបើសិន ការឈ្លានពានណាមួយរបស់រុស្ស៊ីលើអ៊ុយក្រែនអាចនឹងកាន់តែបន្ថែមសម្ពាធលើ លោក បៃដិន ខណៈប្រវត្តិសាស្ត្របានបញ្ជាក់ថាប្រធានាធិបតីអាមេរិក ដែលស្ថិតនៅក្នុងវិបត្តិច្រើន តែងតែទទួលបរាជ័យនៅក្នុងការបោះឆ្នោត ពាក់កណ្ដាលអាណត្តិ នៅក្នុងអាណត្តិដំបូងរបស់ខ្លួន៕
ប្រភព៖ CNN (ថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២)
ដោយ៖ Fresh News
No comments:
Post a Comment