Monday, January 31, 2022

បទវិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង នឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ឬ?

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានចេញមុខអះអាង នៅព្រឹកថ្ងៃចន្ទនេះថា មីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីគរយៈចម្ងាយមធ្យម (IRBM)។


វាជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ ២០១៧ ដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលប្រភេទ IRBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះបានចាប់ពីចម្ងាយ ៩០០គីឡូម៉ែត្រ ទៅដល់ជាង ៥,០០០គីឡូម៉ែត្រនេះ ហើយសកម្មភាពនៃការហោះហើរ របស់គ្រាប់មីស៊ីល Hwasong-12 នោះ ក៏ត្រូវបានផ្តិតយកយ៉ាងល្អិតល្អន់ផងដែរ។


អ្វីដែលសំខាន់ទៅទៀត នោះគឺការធ្វើតេស្ដមីស៊ីល Hwasong-12 ដែលជាការធ្វើតេស្ដលើកទី៧ នៅក្នុងខែមករានេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថាជា សញ្ញាមួយនៃការចាប់ផ្ដើមឡើងវិញនូវការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីគអន្តរទ្វីប ICBM របស់ទីក្រុងព្យុងយ៉ាងនាពេលអនាគតដ៏ខ្លី ខាងមុខនេះ។


ខាងក្រោមនេះជាប្រភេទមីស៊ីលដែលកូរ៉េខាងជើង បានធ្វើតេស្ដជាបន្តបន្ទាប់ នៅក្នុងខែមករានេះ៖


*មីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic missile)


កូរ៉េខាងជើង កាលពីថ្ងៃទី៥ ខែមករានេះបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង (hypersonic missile) មួយគ្រាប់ និងមួយគ្រាប់ទៀត នៅថ្ងៃទី១១ ខែដដែល ហើយដែលការធ្វើតេស្ដលើកទី២ ធ្វើឡើងដោយមានការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន។ hypersonic missile គឺជាប្រភេទអាវុធដ៏ទំនើបមួយនាពេលបច្ចុប្បន្ន ដោយវាមានសមត្ថភាពហោះសំដៅទៅរកគោលដៅ នៅរយៈកម្ពស់ទាបជាមីស៊ីលបាលីស្ទីគ ក្នុងល្បឿនលឿង ជាងសំឡេង ៥ដង ឬ ៦,២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។


*KN-23 SRBM


កាលពីថ្ងៃទី១៤ ខែមករា, កូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលបាលីស្ទីគរយៈចម្ងាយខ្លី KN-23 SRBM ចំនួន២គ្រាប់ ដោយបាញ់ចេញពីរថភ្លើងមួយគ្រឿងស្ថិតនៅ ក្បែរតំបន់ភាគខាងជើងជាប់ព្រំដែនចិន។ KN-23 SRBM គឺជាប្រភេទមីស៊ីល ដែលត្រូវបានកូរ៉េខាងជើងធ្វើតេស្ដជាលើកដំបូងបំផុតកាលពីខែឧសភា ឆ្នាំ២០១៩ ហើយកាលពីថ្ងៃទី២៧ ខែមករានេះ ទីក្រុងព្យុងយ៉ាងក៏បានធ្វើតេស្ដមីស៊ីល KN-23 ២គ្រាប់បន្ថែមទៀតផងដែរ។


*KN-24 SRBM


កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល KN-24 SRBM ចំនួន ២គ្រាប់ ចេញពីអាកាសយានដ្ឋានមួយកន្លែងនៅក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី១៧ ខែមករា។


មីស៊ីលប្រភេទនេះត្រូវបានកូរ៉េខាងជើងធ្វើតេស្ដចុងក្រោយបំផុត កាលពីខែមីនា ឆ្នាំ២០២០ ខណៈមានសេចក្ដីរាយការណ៍ថា KN-24 SRBM កំពុងស្ថិតនៅក្រោមការផលិតជាលក្ខណៈទ្រង់ទ្រាយធំ។ KN-24 ត្រូវបានគេប្រដូចទៅនឹងមីស៊ីលរបស់សហរដ្ឋអាមេរិក US MGM-140។


*មីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ពីការធ្វើតេស្ដមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ កាលពីថ្ងៃទី២៥ ខែមករា។ មីស៊ីលនេះហោះបាន ១,៨០០គីឡូម៉ែត្រ មុននឹងធ្លាក់ចំគោលដៅដែលកំណត់នៅលើកោះមួយ ស្ថិតនៅសមុទ្រនៃតំបន់ឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង។ កាលពីខែកញ្ញា ឆ្នាំ២០២១ កូរ៉េខាងជើងក៏ធ្លាប់បាញ់សាកល្បងមីស៊ីលគ្រូសមួយគ្រាប់ដែរ ហើយក្រុមអ្នកវិភាគជឿថាមីស៊ីលដែលត្រូវបានធ្វើតេស្ដកាលពីថ្ងៃទី២៥ ខែមករា គឺជាប្រភេទមីស៊ីលតែមួយនឹងមីស៊ីលកាលពីខែកញ្ញា ដែរ។


*HWASONG-12


កូរ៉េខាងជើងបានចេញមុខអះអាង នៅព្រឹកថ្ងៃចន្ទនេះថា មីស៊ីលដែលខ្លួនបានធ្វើតេស្ត កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានឈ្មោះថា វ៉ាសុង ១២ (Hwasong-12) ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម (IRBM)។ វាជាលើកដំបូងហើយ គិតចាប់តាំងពីឆ្នាំ ២០១៧ ដែលកូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលប្រភេទ IRBM ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចហោះបានចាប់ពីចម្ងាយ ៩០០គីឡូម៉ែត្រ ទៅដល់ជាង ៥,០០០គីឡូម៉ែត្រនេះ។


មីស៊ីល Hwasong-12 ត្រូវបានកូរ៉េខាងជើងធ្វើតេស្ដដោយជោគជ័យជាលើកដំបូងកាលពីខែឧសភា ឆ្នាំ២០១៧៕


ប្រភព៖ CNA (ថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២)

ដោយៈ Fresh News




No comments:

Post a Comment