Friday, December 24, 2021

វិភាគអន្តរជាតិ៖ ហេតុអ្វីចិននៅតែបន្តលេចត្រដែតឡើង នៅលើឆាកអន្តរជាតិ?

 (សៀងហៃ)៖ ក្នុងរយៈពេលជាង ៤ ទសវត្សរ៍មកនេះ, សេដ្ឋកិច្ចរបស់ចិនអាចសម្រេចបាននូវកម្រិតរីកម្រើន និងការអភិវឌ្ឍយ៉ាងលឿនរហ័សមិនធ្លាប់មាន ហើយ មកទល់នឹងសព្វថ្ងៃនេះ សន្ទុះកំណើនសេដ្ឋកិច្ច និងការរីកចម្រើនបែបនេះត្រូវបានគេមើលឃើញថានៅតែបន្តកើតមាន។ ប៉ុន្តែសម្ពាធនយោបាយ ព្រមទាំងវិបត្តិ COVID-19 បានជំរុញឱ្យបណ្ដាប្រទេសជាច្រើន ជាពិសេសសហរដ្ឋអាមេរិក ចាប់ផ្ដើមអនុវត្តគោលនយោបាយមានលក្ខណៈជាតិនិយមកាន់តែច្រើនដែលនេះចង់ ឬមិនចង់ វានឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើសកលភាវូបនីយកម្មដោយជំនួសមកវិញនូវការបារម្ភពីសន្តិសុខជាតិក និងការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង។

នេះមិនមែនជាដំណឹងល្អឡើយសម្រាប់ចិន ដែលមានបំណងចង់ឱ្យពិភពលោកនៅតែបន្តរក្សាការបើកចំហសេដ្ឋកិច្ច ដែលជួយឱ្យទីក្រុងប៉េកាំងសម្រេចបានសមិទ្ធផល យ៉ាងសម្បើមក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ សម្រាប់ហេតុផលមួយនេះ, ចិន បាន និងកំពុងប្រឹងប្រែងភ្ជាប់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួន ជាមួយនឹងបទដ្ឋាន និងច្បាប់អន្តរជាតិ។ តែយ៉ាងណាក៏ដោយ ឥលូវ ចិនក៏ហាក់ដូចជាបានត្រៀមខ្លួនទៅហើយទៅនឹងការរឹតត្បិត និងរនាំងពាណិជ្ជកម្មនានា នៅពេលអនាគត។

តួយ៉ាង នៅក្នុងផែនការសេដ្ឋកិច្ច៥ឆ្នាំ លើកទី១៤ បានបង្ហាញយ៉ាងច្បាស់ថាចិននឹងព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើតម្រូវពីខាងក្រៅ ហើយផ្តោត
ជាសំខាន់លើការពង្រឹងសមត្ថភាពខ្លួនឯង និងពឹងផ្អែកលើតម្រូវការនៅក្នុងស្រុក នៃចំនួនប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់។ បន្ថែមពីលើនេះ ចិនក៏មានផែនការដែរក្នុង
ការបង្កើនការបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាដូចជាបញ្ញាសម្បនិម្មិត (AI), បន្ទះឈីប រួមទាំងសម្រេចឱ្យបាននូវការពឹងផ្អែកខ្លួននៅក្នុងវិស័យបច្ចេកវិទ្យាស្នូល សំខាន់ៗនានា។

ជាការពិតណាស់, អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយចំនួន បង្ហាញការព្រួយបារម្ភជាច្រើនចំពោះការបង្កើនសកម្មភាពគ្រប់គ្រងលើបណ្ដាក្រុមហ៊ុនចិន និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងនោះរួមមានទាំងការដាក់ចេញនូវច្បាប់ថ្មីៗ លើក្រុមហ៊ុនបច្ចេកវិទ្យា និងទីផ្សារហ៊ុនជាដើម។ សម្រាប់ពួកគេ ចិនបានផ្ដោតជាអាទិភាពលើកម្មវត្ថុភូមិសាស្ត្រនយោបាយ ជាជាងកសាងសេដ្ឋកិច្ចទីផ្សារ ហើយខ្លះទៀតក្នុងចំណោមពួកគេជឿថា ចិនអាចនឹងត្រឡប់ទៅរកគំរូអភិវឌ្ឍសេដ្ឋកិច្ច នៅមុនសម័យដែលអតីតមេដឹកនាំចិន លោក Deng Xiaoping ដាក់ចេញនយោបាយធ្វើកំណែទម្រង់ និងបើកចំហសេដ្ឋកិច្ចចិនទៅកាន់ពិភពលោក។

តែការភ័យខ្លាចទាំងនេះ ហាក់ដូចជាប្រតិកម្មជ្រុលហួសហេតុ។ ដ្បិតចិនប្រហែលជានឹងមិនត្រឡប់ទៅរកសម័យកាល ដែលរដ្ឋជាអ្នកគ្រប់គ្រងលើអ្វីៗគ្រប់យ៉ាងនោះទេ ឬអនុវត្តសេដ្ឋកិច្ចឯកោឡើយ។ តែផ្ទុយទៅវិញ អ្វីដែលចិននឹងធ្វើ នោះគឺបង្កើនតួនាទីរបស់រដ្ឋនៅក្នុងវិស័យសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពពឹងផ្អែកលើខ្លួនឯងដែលនេះ អាចត្រូវបានបកស្រាយថាជាការឆ្លើយតបមួយទៅនឹងការប្រែប្រួលស្ថានការណ៍សេដ្ឋកិច្ចសកលដូចសព្វថ្ងៃ ហើយការផ្លាស់ប្ដូរបែបនេះអាចនឹងកើតឡើង នៅពេលដែល ទំនាក់ទំនងចិន និងអាមេរិកមិនមានភាពល្អប្រសើរ។

នៅចំពោះមុខការប្រជែងជាមួយសហរដ្ឋអាមេរិកសឹងតែលើគ្រប់វិស័យ, ថ្នាក់ដឹកនាំចិនបានចាប់ផ្ដើមសម្លឹងឃើញការពង្រឹងតម្រូវការនៅក្នុងស្រុករយៈពេលយូរ ជាជាង ពឹងលើតម្រូវការនៅក្រៅស្រុក។ បើតាមក្រុមអ្នកជំនាញសេដ្ឋកិច្ចចិន ដូចជាលោក Zhang Jun ជានាយកមជ្ឈមណ្ឌលចិនសម្រាប់ការសិក្សាសេដ្ឋកិច្ចមានមូលដ្ឋាននៅក្នុង ទីក្រុងសៀងហៃ បណ្ដាប្រទេសដែលមានប្រជាជនច្រើនដូចជា ចិនអាចទាញយកឱកាសបានកាន់តែច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម និងតម្រូវការ ទីផ្សារនៅក្នុងស្រុក ក៏ដូចជាការបើកចំហសេដ្ឋកិច្ច។

ម្លោះហើយវាកាន់តែច្បាស់ថា ចិននឹងទទួលបានផលចំណេញពីប្រព័ន្ធបើកចំហសេដ្ឋកិច្ច និងការចូលរួមជាមួយស្ថាប័នពាណិជ្ជកម្មអន្តរជាតិនានា ដូចដែលថ្នាក់ដឹកនាំចិន កំពុងអនុវត្ត នោះគឺនឹងមិនត្រឡប់ទៅរកគំរូសេដ្ឋកិច្ចឯកោពីសេដ្ឋកិច្ចពិភពលោកនោះទេ៕

ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១)

ដោយ៖ Fresh News




No comments:

Post a Comment