Monday, December 27, 2021

អភិបាលខេត្តក្រចេះ ជួបសំណេះសំណាលមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ដែលធ្វើប្រតិបត្តិការក្នុងខេត្តក្រចេះ

ក្រចេះ៖  នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្ត អនុញ្ញាតឲ្យមន្រ្តីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ដុចូលជួបសំណេះសំណាលសំដែងការគួរសម្យ។


លោក វ៉ា ថន បានមានប្រសាសន៍គូសបញ្ជាក់ថា៖ សេដ្ឋកិច្ចកម្ពុជាបានទទួលរងឥទ្ធិពលពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ច ធ្លាក់ចុះដល់អត្រាទាបបំផុត បន្ទាប់ពីទទួលបានកំណើនយ៉ាងខ្លាំង ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្របជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញធនាគារជាតិនៃកម្ពុជា បានគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃវិបត្តិសុខភាព ពិភពលោកជំងឺកូវីដ-១៩ តាមរយៈការអនុវត្តនូវវិធានការ និងគោលនយោបាយផ្សេងៗដូចជា៖

-រក្សាស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ និងបង្កើនទុនបម្រុង។ 

-អនុវត្តគោលនយោបាយរូបិយវត្ថុ ដើម្បីផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ និងគាំទ្រដល់សេដ្ឋកិច្ចរូបវ័ន្ត។  

-ពង្រឹងស្ថិរភាពហិរញ្ញវត្ថុ តាមរយៈការត្រួតពិនិត្យធនាគារ ផ្អែកលើទស្សនៈអនាគត ព្រមទាំងការពង្រឹងការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យជាដើម

-អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំគោលការណ៍ឥណទានឡើងវិញដើម្បីគាំទ្រដល់ប្រជាពលរដ្ឋ និង អាជីវកម្ម ដែលរងផលប៉ះពាល់ខ្លាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងលើកកម្ពស់ប្រព័ន្ធទូទាត់បែប contactless ដែលអាចជួយសម្រួល និង ជំរុញសកម្មភាពសេដ្ឋកិច្ច ព្រមទាំងជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជាមួយគ្នាផងដែរ ។ 


លោកអភិបាលបានបន្តថា៖ វិស័យឯកជន និងប្រជាជនគឺជាដៃគូរ និងកម្លាំងនៃការកសាងអភិវឌ្ឍន៍ប្រទេសជាតិដែលមិនអាចខ្វះបាន ហើយការជោគជ័យនៃធនាគារអេស៊ីលីដា គឺជាគម្រូជោគជ័យដល់ស្ថាប័នធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់កម្ចី ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍កម្រិតជីវភាពប្រជាជន និងចូលរួមអភិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្រមតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។


លោក ក៏បានស្នើសុំដល់ធនាគា  និងស្ថាប័ន្ថមីក្រូហិរញ្ញវត្ថុទាំងអស់ សូមពិនិត្យតាមដានឲ្យបានម៉ត់ចត់ច្បាស់លាស់លើឯកសារពាក់ព័ន្ធលើការផ្តល់កម្ចី និងការសងត្រឡប់មកវិញប្រកបដោយនីតិវិធី ការយោគយល់ចចារ និងពន្យាតពេលជូនប្រជាជនជៀសវាងការប៉ះពាល់លើទ្រព្យប្រជាជន៕






No comments:

Post a Comment