Saturday, October 30, 2021

វិភាគអន្តរជាតិ៖ តើ «មីស៊ីលល្បឿនលឿនជាងសំឡេង» របស់ចិន អាចទម្លុះប្រព័ន្ធខែលមីស៊ីលអាមេរិកបានឬទេ?


(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានទទួលស្គាល់ថា ចិនបានធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង (Hypersonic missile) មួយគ្រាប់ដែលមានសមត្ថភាពបំពាក់ក្បាល គ្រាប់នុយក្លេអ៊ែរកាលពីខែសីហាកន្លងទៅនេះ។ ការទទួលស្គាល់របស់ទីក្រុងវ៉ាស៊ីនតោនធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Financial Times ដោយផ្អែកលើប្រភពដែលខ្លួនទទួល បានពីក្រុមមន្ត្រីអាមេរិកបានរាយការណ៍កាលពីដើមខែតុលានេះថា ចិនបានធ្វើតេស្ដអាវុធលឿនជាងសំឡេងពីរលើក កាលពីខែកក្កដា និងខែសីហាកន្លងទៅនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg នៅថ្ងៃពុធ ទី២៧ ខែតុលានេះ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Mark Milley ក៏បានប្រដូច ការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ចិន ស្ទើរតែដូចគ្នាទៅនឹងព្រឹត្តិការណ៍ Sputnik ផងដែរ ពោលគឺជាពេលដែលរុស្ស៊ីបាញ់បង្ហោះផ្កាយរណបជាលើកដំបូងបំផុត កាលពីឆ្នាំ១៩៥៧ ដោយបានធ្វើឱ្យទីក្រុងម៉ូស្គូ នាំមុខគេក្នុងការរត់ប្រណាំងសព្វាវុធនាសម័យសង្រ្គាមត្រជាក់នៅពេលនោះ។ ក្រុមអ្នកជំនាញយោធាភាគច្រើនយល់ថា អាវុធប្រភេទនេះត្រូវបានចិនផលិតឡើងដើម្បីទម្លុះប្រព័ន្ធខែលការពារមីស៊ីលអាមេរិក។

ក្រសួងការបរទេសចិន មិនបានបដិសេធចំពោះការធ្វើតេស្ដឡើយ ប៉ុន្តែបានបញ្ជាក់ថាខ្លួនមិនបានបាញ់សាកល្បងមីស៊ីលអ្វីនោះទេ ដោយគ្រាន់តែធ្វើការបាញ់បង្ហោះផ្កាយ រណបធម្មតាតែប៉ុណ្ណោះ។ តើមីស៊ីលល្បឿនលឿនជាងសំឡេងគឺជាអ្វី? ហើយថាតើហេតុអ្វីបានជាគេនាំគ្នាបារម្ភចំពោះការធ្វើតេស្ដរបស់ចិន ខណៈអាវុធប្រភេទនេះបានក្លាយជា ចំណុចកណ្ដាលនៃការប្រកួតប្រជែងគ្នារឹតតែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន?

*អ្វីទៅជាមីស៊ីលល្បឿនលឿនជាងសំឡេង?

«មីស៊ីលល្បឿនលឿនជាងសំឡេង» ជាទូទៅត្រូវបានគេហៅជាភាសាអង់គ្លេសថា «Hypersonic missile»។ ពាក្យថា «Hypersonic» ត្រូវបានគេយកមកពិពណ៌នាពីល្បឿន ដែលលឿនជាងសំឡេង ៥ដង។ នេះមានន័យថាអាវុធប្រភទនេះអាចហោះបានក្នុងល្បឿនយ៉ាងហោច ៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយដែលល្បឿនលឿនបែបនេះ អាចបង្កការលំបាកដល់រ៉ាដានៃប្រព័ន្ធខែលការពារមីស៊ីលក្នុងការចាប់សញ្ញា ឬក៏ស្ទាក់ចាប់ និងបំផ្លាញវាចោល។

បើតាមវិទ្យាស្ថានសិក្សាស្រាវជ្រាវរបស់សភាអាមេរិក Congressional Research Service ផ្ទុយពីមីស៊ីលបាលិស្ទីគ, មីស៊ីលល្បឿនលឿនជាងសំឡេង អាចហោះនៅរយៈកម្ពស់ ទាប ដោយមិនចាំបាច់ហោះតាមគន្លងខ្សែកោង ដែលត្រូវបានកំណត់ជាមុននោះទេ ពោលគឺវាងាយស្រួលបញ្ជា និងគ្រប់គ្រងនៅលើគន្លងផ្លូវដែលវាហោះទៅរក គោលដៅតែម្ដង។

*តើមីស៊ីលល្បឿនលឿនជាងសំឡេងមានប៉ុន្មានប្រភេទ?

វាត្រូវបានបែងចែកជាពីរប្រភេទសំខាន់បំផុត នោះគឺមីស៊ីលចង្អុលប្រាប់ ឬគេតែងហៅថាគ្រូសមីស៊ីល (cruise missile) និងមីស៊ីលហោះសំកាំង (glide vehicles)។ ជាធម្មតា នៅក្នុងការអភិវឌ្ឍមីស៊ីល គឺគេផ្ដោតសំខាន់លើបច្ចេកវិទ្យាបាញ់ចេញពីគ្រាប់រ៉ុក្កែត មុននឹងវាហោះសំកាំងទៅរកគោលដៅ ដោយសារតែមានបញ្ហាប្រឈមច្រើនក្នុងការអភិវឌ្ឍ កម្លាំងរុញគ្រាប់មីស៊ីលលឿនជាងសំឡេង។

គ្រាប់មីស៊ីលមានម៉ាស៊ីនបង្កើតកម្លាំងរុញម្យ៉ាងដែលគេស្គាល់ថា «scramjets» ដែលប្រើប្រាស់អុកស៊ីហ្សែននៅក្នុងខ្យល់ និងបង្កើតកម្លាំងរុញកំឡុងពេលហោះហើរ ដែល អនុញ្ញាតឱ្យមីស៊ីលធ្វើដំណើរក្នុងល្បឿន និងរយៈកម្ពស់ឋេរមួយ។

*តើប្រទេសណាខ្លះមានមីស៊ីលល្បឿនលឿនជាងសំឡេង?

ក្នុងពេលបច្ចុប្បន្ន, ចិន សហរដ្ឋអាមេរិក និងរុស្ស៊ីមានសមត្ថភាពជឿនលឿនជាងគេក្នុងការអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈប្រទេសជាច្រើនក្នុងនោះរួមមាន ជប៉ុន, ឥណ្ឌា, អូស្ត្រាលី, បារាំង, អាល្លឺម៉ង់ និងកូរ៉េខាងជើងកំពុងសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យានេះ ហើយក្នុងនោះទៀតសោត កូរ៉េខាងជើងកាលពីពេលថ្មីៗនេះបានអះអាងថា ខ្លួន បានធ្វើតេស្ដ «មីស៊ីលល្បឿនលឿនជាងសំឡេង» មួយគ្រាប់។

*តើអ្វីទៅជាសារៈសំខាន់នៃមីស៊ីលល្បឿនលឿនជាងសំឡេង?

បើតាមអ្នកជំនាញយោធាភាគច្រើន, «មីស៊ីលល្បឿនលឿនជាងសំឡេង » អាចធ្វើដំណើរក្នុងរយៈចម្ងាយដោយប្រព័ន្ធរ៉ាដានៃប្រព័ន្ធខែលការពារមីស៊ីលពិបាក ឬមិនអាច ចាប់សញ្ញាវាបាន។ ក្រុមមន្ត្រីអាមេរិកធ្លាប់បានឱ្យដឹងថាមីស៊ីលល្បឿនលឿនជាងសំឡេងរបស់សហរដ្ឋអាមេរិក មានលក្ខណៈខុសប្លែកពីមីស៊ីលដែលកំពុងត្រូវបានអភិវឌ្ឍ ដោយចិន និងរុស្ស៊ី ពីព្រោះថាវាត្រូវបានរចនាឡើងសម្រាប់បំពាក់ក្បាលគ្រាប់ធម្មតា ជាជាងអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ ការអះអាងបែបនេះត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រ មួយដែលអាមេរិក មិនចង់ឱ្យចិន ឬរុស្ស៊ីដឹងថាតើអាវុធរបស់ខ្លួន មាន ឬមិនមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។

ចិន និងរុស្ស៊ីបានដឹងយ៉ាងច្បាស់ថាប្រព័ន្ធខែលការពារមីស៊ីលអាមេរិក មានសមត្ថភាពខ្លាំងប៉ុនណា ដោយមីស៊ីលធម្មតារបស់ពួកគេមិនអាចមានសមត្ថភាពគ្រប់គ្រាន់បើក ការវាយប្រហារលើសហរដ្ឋអាមេរិកនោះទេ។ ដូច្នេះហើយ ទើបពួកគេកំពុងប្រឹងប្រែងអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ដែលត្រូវបានអ្នកជំនាញយោធាភាគច្រើន ជឿជាក់ថាអាចទម្លុះប្រព័ន្ធខែលការពារមីស៊ីលដែលមានស្រាប់នាពេលបច្ចុប្បន្ន៕

ប្រភព៖ Bloomberg (ថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២១)

ដោយៈ Fresh News






No comments:

Post a Comment